ឥណ្ឌូណេស៊ី និងសិង្ហបុរី ពង្រឹងទំនាក់ទំនងឧស្សាហកម្មការពារជាតិឱ្យកាន់តែជិតស្និទ្ធ
Gusty Da Costa
មន្ត្រី និងអ្នកវិភាគបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយូរអង្វែងរវាងឥណ្ឌូណេស៊ី និងសិង្ហបុរី គឺជាគន្លឹះក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងច្រកសមុទ្រម៉ាឡាកាដ៏មមាញឹក និងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ សមត្ថភាពង្រឹងបន្ថែមនៅក្នុងឧស្សាហកម្មការពារជាតិ រួមជាមួយនឹងតម្រូវការសន្តិសុខទៅវិញទៅមក អាចជំរុញឱ្យមានការសហការគ្នាក្នុងវិស័យការពារជាតិកាន់តែច្រើន ដោយសារតែកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមថ្មីៗ។
ក្រសួងការពារជាតិសិង្ហបុរីបានថ្លែងថា ស្ថាប័នការពារជាតិរបស់ប្រទេសបានធ្វើការយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់រួមគ្នា ហើយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ «ធ្វើអន្តរកម្មជាទៀងទាត់តាមរយៈសមយុទ្ធយោធា ដំណើរទស្សនកិច្ចដោយមន្ដ្រីជាន់ខ្ពស់ ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមវគ្គបណ្តុះបណ្តាលនៅទូទាំងសេវាកម្មទាំងបី និងគ្រប់កម្រិត»។
ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងពីរដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ 2023 ឥណ្ឌូណេស៊ី និងសិង្ហបុរីចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាសម្រាប់គោលបំណងការពារជាតិ។ កិច្ចព្រមព្រៀងផ្តល់ផ្លូវទៅកាន់គម្រោងរួមដែលមានសក្តានុពល នេះបើយោងតាម Beni Sukadis អ្នកវិភាគនៅវិទ្យាស្ថាឥណ្ឌូណេស៊ីសម្រាប់ការសិក្សាផ្នែកសន្តិសុខ និងយុទ្ធសាស្ត្របានប្រាប់ទស្សនាវដ្តី FORUM។
កងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី បានទិញអាវុធពីក្រុមហ៊ុនការពារជាតិសិង្ហបុរីជាច្រើនឆ្នាំមកហើយ រួមមានកាំភ្លើងយន្ត កាំភ្លើងបាញ់គ្រាប់បែកដៃ និងកាំភ្លើងធំ។
ឧទាហរណ៍ កាំភ្លើងធំ FH-2000 ដែលជាកាំភ្លើងធំបាញ់គ្រាប់ទំហំ 155 មីលីម៉ែត្រ ដែលបង្កើតឡើងដោយក្រុមហ៊ុន ST Engineering របស់ប្រទេសសិង្ហបុរី អាចបាញ់គ្រាប់កាំភ្លើងធំស្តង់ដាររហូតដល់ចម្ងាយ 30 គីឡូម៉ែត្រ និងគ្រាប់កាំភ្លើងធំមានរ៉ុក្កែតជំនួយបានដល់ចម្ងាយជាង 40 គីឡូម៉ែត្រ ក្នុងល្បឿនពីរទៅបីគ្រាប់ក្នុងមួយនាទី។ សព្វាវុធដែលអាចអូសដោយរថយន្តយោធា បានបង្កើនសមត្ថភាពបាញ់កាំភ្លើងធំគាំទ្រក្នុងរយៈចម្ងាយឆ្ងាយរបស់កងទ័ពឥណ្ឌូណេស៊ី។
កាំភ្លើងយន្តធុនស្រាល Ultimax 100 ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន ST Engineering ដែលជាសម្ភារៈសំខាន់នៃក្រុមអ្នកមុជទឹកយុទ្ធសាស្ត្រ Kopaska របស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី និងក្រុមកងកម្លាំងពិសេស Kopassus របស់កងទ័ពឥណ្ឌូណេស៊ី។ បើយោងតាមអ្នកវិភាគផ្នែកការពារជាតិ Alman Helvas Ali បញ្ជាក់ថា ក្រុមហ៊ុនការពារជាតិឥណ្ឌូណេស៊ី PT Pindad មានអាជ្ញាបណ្ណ ដើម្បីផលិតកាំភ្លើងនៅឥណ្ឌូនេស៊ី។
ក្រុមហ៊ុន PT Pindad ក៏ទទួលបានអាជ្ញាបណ្ណក្នុងការផលិតក្នុងប្រទេសផលិតផលរបស់ក្រុមហ៊ុន ST Engineering ចំនួនពីរផ្សេងទៀតផងដែរ៖ កាំភ្លើងយន្តធុនធ្ងន់ STK 50 និងកាំភ្លើងបាញ់គ្រាប់បែកដៃស្វ័យប្រវត្តិ STK 40។
លោក Teuku Rezasyah សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Padjadjaran របស់ប្រទេសឥណ្ឌូណេស៊ីបានប្រាប់ទស្សនាវដ្តី FORUM ថា តំបន់ដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីគឺការអភិវឌ្ឍ និងអន្តរប្រតិបត្តិការលើប្រព័ន្ធរ៉ាដា។ លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងបែបនេះអាចបង្កើនការឃ្លាំមើល និងការឈ្លបយកការណ៍រួមរបស់ប្រទេសទាំងពីរនៅក្នុងច្រកសមុទ្រម៉ាឡាកា និងអាចនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅសមុទ្រចិនខាងត្បូងរបស់ប្រទេសរៀងៗខ្លួនផងដែរ។
លោក Rezasyah បាននិយាយថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធរ៉ាដារួមគ្នាមួយក៏អាចសមស្របក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលលើកទឹកចិត្តដល់ការផ្ទេរបច្ចេកវិទ្យា ការបណ្តាក់ទុនរួមគ្នា ព្រមទាំងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នាក្នុងចំណោមរដ្ឋសមាជិក។
លោក Sukadis បាននិយាយថា មធ្យោបាយមួយទៀតសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីគឺការកសាងកម្លាំងរបស់ប្រទេសសិង្ហបុរីក្នុងការថែទាំ ការជួសជុលនិងថែទាំទ្រង់ទ្រាយធំ (MRO) សម្រាប់សម្ភារៈការពារជាតិ។ លោកបានមានប្រសាសន៍ថា «ដោយសារប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌល MRO និងដោយឥណ្ឌូណេស៊ីដែលត្រូវការការថែទាំសម្ភារៈការពារជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល MRO អាចផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ»។
យោងតាមលោក Dave Laksono សមាជិកសភាឥណ្ឌូណេស៊ីនៅក្នុងគណៈកម្មការសភាទី 1 ដែលទទួលខុសត្រូវលើវិស័យការពារជាតិ និងកិច្ចការបរទេសបានឱ្យដឹងថា កិច្ចសហការឆ្លងឧស្សាហកម្មបែបនេះកំពុងកើនឡើង។
លោកបានប្រាប់ទស្សនាវដ្តី FORUM ថា ៖ «កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិស្នូលរវាងប្រទេសទាំងពីរ ពោលគឺ បច្ចេកវិទ្យា និងធនធានមនុស្ស គឺជាផ្នែកដ៏សំខាន់បំផុត»។ «ដើម្បីសម្រេចបាននូវការការពារជាតិដ៏រឹងមាំ ជំហានដំបូងដែលរដ្ឋាភិបាលត្រូវអនុវត្តគឺធ្វើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ជាមួយប្រទេសក្នុងអាស៊ាន»។
Gusty Da Costa គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។