ស្របពេលដែលមានការបង្ខិតបង្ខំពីសាធារណរដ្ឋប្រជាមានិតចិន (PRC) នោះ ច្បាប់ទំនាក់ទំនងតៃវ៉ាន់បានធ្វើការគាំទ្រសន្តិភាព ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់
បុគ្គលិករបស់ទស្សនាវដ្តី FORUM
សារដែលបានថ្លែងឡើងក្នុងអំឡុងពេលជំនួបប្រជុំទល់មុខគ្នារវាងមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន (PRC) នាពេលថ្មីៗនេះគឺមិនបានផ្លាស់ប្តូរនោះទេ៖ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ «ចិនតែមួយ» យូរអង្វែងរបស់ខ្លួន ដែលដឹកនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ (TRA)។
លោក Michael Chase ជំនួយការអនុរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកសម្រាប់ប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី បានពោលអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកអន្តរជាតិគន្លឹះសម្រាប់ពាណិជ្ជកម្មពិភពលោក ក្នុងអំឡុងពេលជួបសំណេះសំណាលកាលពីខែមករា ឆ្នាំ 2024 នៅវ៉ាស៊ីនតោនឌីស៊ី ជាមួយលោកឧត្តមសេនីយ៍ទោ Song Yanchao អនុប្រធានគណៈកម្មការយោធាមជ្ឈិមរបស់ PRC សម្រាប់កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។
គោលនយោបាយចិនតែមួយមិនមានការផ្លាស់ប្តូរចាប់តាំងពីឆ្នាំ 1979 មកម៉្លេះ ខណៈពេលដែលសហរដ្ឋអាមេរិកបានទទួលស្គាល់ PRC ថាជា «រដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន» ប៉ុន្តែមិនបានប្រកាន់ជំហរលើស្ថានភាពរបស់តៃវ៉ាន់នោះទេ។
ច្បាប់ TRA ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយតៃវ៉ាន់ បានប្រារព្ធខួបលើកទី 45 របស់ខ្លួននៅថ្ងៃទី 10 ខែមេសា។ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ TRA ហើយប្រធានាធិបតីកាន់តំណែងនៅពេលនោះគឺ លោក Jimmy Carter បានចុះហត្ថលេខាលើច្បាប់នេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួននឹងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយ PRC។ ច្បាប់នេះបានអនុញ្ញាតឱ្យទំនាក់ទំនងការទូតសេដ្ឋកិច្ច និងការទូតក្រៅផ្លូវការរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ការឈ្លានពាន និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកោះដែលគ្រប់គ្រងដោយខ្លួនឯង នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងជា «ក្ដីបារម្ភយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក»។
ច្បាប់នេះផ្តល់ការធានាដល់តៃវ៉ាន់ និងមានបំណងរារាំង PRC មិនឱ្យឈ្លានពានកោះនេះ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន និងគំរាមកំហែងក្នុងការដាក់បញ្ចូលជារបស់ខ្លួនផងដែរនោះ។ ច្បាប់នេះបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យមាន «ឧបករណ៍ការពារជាតិ និងសេវាការពារជាតិ» សម្រាប់តៃវ៉ាន់ ដើម្បី «រក្សាសមត្ថភាពគ្រប់គ្រាន់ដោយខ្លួនឯង»។ សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយខាងយោធារហូតដល់ 2 ពាន់លានដុល្លារក្នុងមួយឆ្នាំដល់តៃវ៉ាន់រហូតដល់ឆ្នាំ 2027 ក្រោមច្បាប់ស្ដីពីការផ្តល់សិទ្ធិការពារជាតិឆ្នាំ 2023។
ច្បាប់ TRA ក៏ត្រូវបានបង្កើតឡើង «ដើម្បីធ្វើឱ្យច្បាស់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិនគឺផ្អែកលើការរំពឹងទុកថាអនាគតរបស់តៃវ៉ាន់នឹងត្រូវបានកំណត់ដោយមធ្យោបាយសន្តិភាព»។ ទោះបីជាសហរដ្ឋអាមេរិកផ្តល់ជំនួយផ្នែកយោធាដល់កោះតៃវ៉ាន់ក៏ដោយ អ្នកវិភាគកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោនប្រកាន់ខ្ជាប់នូវគោលនយោបាយមួយដែលខ្លួនហៅថា ភាពស្រពិចស្រពិលជាយុទ្ធសាស្រ្ត ដោយពិចារណាថាតើខ្លួននឹងធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងករណីមានការវាយប្រហារទៅកោះដែរឬយ៉ាងណានោះ។
ការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងក្នុងការគំរាមសម្លុតតៃវ៉ាន់ រួមមានយុទ្ធសាស្ត្រតំបន់ប្រទាញប្រទង់ ដូចជាការដាក់ពង្រាយយន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជន (PLA) នៅក្បែរកោះ បាញ់មីស៊ីលប៉ាលីស្ទីករំលងពីលើកោះតៃវ៉ាន់ និងធ្វើសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះផងដែរ។ ជាឧទាហរណ៍ នៅក្នុងខែកុម្ភៈ ឆ្នាំ 2024 ក្រសួងការពារជាតិរបស់តៃវ៉ាន់បានថ្លែងថា យន្តហោះ PLA ចំនួន 14 គ្រឿងបានធ្វើ «ការហោះល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិននៅជុំវិញកោះ នេះបើយោងតាមសារព័ត៌មាន Reuters។ ការប៉ុនប៉ងបង្ខិតបង្ខំរបស់បក្សកុម្មុយនិស្តចិន (CCP) ក៏រួមបញ្ចូលផងដែរនូវការហាមឃាត់លើការនាំចូលផលិតផល និងអាហារសមុទ្រពីតៃវ៉ាន់ និងការបង្ហោះបាឡុងឈ្លបយកការណ៍នៅក្បែរកោះមុនការបោះឆ្នោតនៅទីនោះ។
ក្រុមអ្នកវិភាគបានលើកឡើងថាច្បាប់ TRA រំពឹងថានឹងមានការប៉ុនប៉ងបែបនេះពី CCP។ ច្បាប់នេះចែងថាជំនួយផ្នែកយោធារបស់សហរដ្ឋអាមេរិកមានគោលបំណងជួយតៃវ៉ាន់ឱ្យ «ទប់ទល់នឹងការបង្ខិតបង្ខំ ឬទម្រង់នៃការបង្ខិតបង្ខំផ្សេងទៀតដែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ឬប្រព័ន្ធសង្គម ឬសេដ្ឋកិច្ច» របស់ប្រជាជនតៃវ៉ាន់។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។