ទស្សនៈសាកលលក្ខណៈពិសេសវិវាទ/ភាពតានតឹង

សកម្មភាពដ៏ឈ្លាសវៃ

កងនាវាស្រមោលជួយដល់រុស្ស៊ីគេចពីទណ្ឌកម្មប្រេង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

កង្វះខាតនៃកប៉ាល់ដឹកប្រេងទំនើប ដែលមានបំណងដឹកប្រេងរបស់រុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មបានបង្កឱ្យលេចឡើងនូវវត្តមានរបស់កងនាវា «ស្រមោល» ដែលមាននាវាជាង 600 គ្រឿងចាស់ៗពួកគេដែលដឹកជញ្ជូនប្រេងឆៅ និងចម្រាញ់ទៅកាន់ប្រទេសទទួល។ នាវារត់គេចពីការរកឃើញដោយបិទបាំងភាពជាម្ចាស់របស់ពួកគេ ដែលបិទឧបករណ៍ប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) ការផ្ទេរទំនិញនៅសមុទ្រ និង «ការក្លែងបន្លំ» ឬការផ្សាយសញ្ញាបញ្ជូនបំភ្លៃ ដែលបន្លំទីតាំងរបស់នាវា។

រុស្សីគឺជាប្រទេសនាំចេញប្រេងធំជាងគេបង្អស់ទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយទីក្រុងមូស្គូ និងទីក្រុងរីយ៉ាដ ព្យាយាមរក្សាតម្លៃប្រេងឱ្យខ្ពស់ នេះបើតាមសេចក្ដីរាយការណ៍កាលពីខែកក្កដា ឆ្នាំ 2023 របស់សារព័ត៌មាន Reuters។ 

បស្ចិមប្រទេស និងប្រទេសផ្សេងទៀតបានហាមឃាត់ ឬដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់វិមានក្រឹមឡាំងមកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022។ គោលដៅ​គឺ​ដើម្បី​កាត់ផ្តាច់​ហិរញ្ញប្បទាន​សម្រាប់​សង្គ្រាម​ដែល​មិនបាន​បង្កហេតុ​របស់​វិមាន​ក្រឹមឡាំង ខណៈ​ដែល​អនុញ្ញាតឱ្យ​ប្រេង​រុស្ស៊ី​ហូរ​ទៅកាន់​កំពង់ផែ​អន្តរជាតិ។ ការដាក់កម្រិតតម្លៃគឺជា «ឧបករណ៍ថ្មីនៃជំនាញការទូតផ្នែកសេដ្ឋកិច្ច ដែលត្រូវបានរចនាឡើង ដើម្បីសម្រេចបាននូវគោលដៅពីរដែលហាក់ដូចជាផ្ទុយគ្នា» នេះបើយោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ហើយអ្នកសង្កេតការណ៍យល់ស្របថា វិធានការទាំងនេះបានមានប្រសិទ្ធភាព។

កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានហាមប្រាមការនាំចូលប្រេងពីរុស្ស៊ីដោយផ្ទាល់ ហើយសហភាពអឺរ៉ុបហាមឃាត់ការនាំចូលពីសមុទ្រលើផលិតផលប្រេងឆៅ និងប្រេងចម្រាញ់ពីរុស្ស៊ី។ អូស្ត្រាលី សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មធំៗចំនួនប្រាំពីរ បានដាក់កម្រិតតម្លៃលើការដឹកជញ្ជូនតាមដែនសមុទ្រនៃប្រេងឆៅរុស្ស៊ី និងផលិតផលប្រេងផ្សេងទៀតនៅទូទាំងពិភពលោក។ ទោះបីជាមានភាពស្របច្បាប់ចំពោះការដឹកប្រេងរបស់កប៉ាល់រុស្ស៊ីក៏ដោយ ការដាក់កម្រិតតម្លៃបានហាមឃាត់ក្រុមហ៊ុនធានារ៉ាប់រង ដែលភាគច្រើននៃក្រុមហ៊ុនទាំងនោះមានប្រភពពីលោកខាងលិច ពីការធានារ៉ាប់រងលើនាវាដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលលក់ក្នុងតម្លៃខ្ពស់បំផុត ដែលមានតម្លៃ 60 ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ និង 45 ដុល្លារក្នុងមួយបារ៉ែលសម្រាប់ផលិតផលប្រេងឥន្ធនៈ «មិនទាន់ចម្រាញ់» ដូចជាឥន្ធនៈ និងប្រេងម៉ាស៊ូត និង 100 ដុល្លារក្នុងមួយបារ៉ែលសម្រាប់ផលិតផលប្រេងឥន្ធនៈដែល «ចម្រាញ់រួច» (CPP) ដូចជាប្រេងសាំង ឥន្ធនៈយន្តហោះ និងប្រេងកាតមិនទាន់ចម្រាញ់ដែលជាប្រេងប្រើសម្រាប់ផលិតប្លាស្ទិក។​ ដោយគ្មានការធានារ៉ាប់រង នាវាទំាងនោះមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងកំពង់ផែសំខាន់ៗនោះទេ នេះបើយោងតាមសេចក្ដីរាយការណ៍ការណ៍កាលពីខែឧសភា ឆ្នាំ 2023 របស់កាសែត The New York Times។

ការរឹតបន្តឹងអន្តរជាតិបាននាំឱ្យរុស្ស៊ីទទួលយកកងនាវានៃកប៉ាល់ចាស់ៗដើម្បីដឹកជញ្ជូនប្រេង ឬផ្ទេរទំនិញរបស់ពួកគេនៅដែនសមុទ្រទៅកាន់នាវាដែលកំពុងរង់ចាំ ដែលភ្ជាប់ទៅនឹងសាធារណរដ្ឋប្រជាមានិតចិន (PRC) និងទីតាំងឆ្ងាយៗផ្សេងទៀត ដោយមានបំណងចម្លងដោយអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ដើម្បីគេចចេញ ពីទណ្ឌកម្មអន្តរជាតិ។ វិធីសាស្រ្តបែបសម្ងាត់ជារឿយៗបានបង្កឱ្យមានបញ្ហាប្រឈមក្នុងការត្រួតពិនិត្យការដឹកជញ្ជូនប្រេងតាមនាវា។ «បរិមាណទំនិញដែលមានគោលដៅមិនច្បាស់លាស់បានកើនឡើង។ ប្រេងរបស់រុស្ស៊ី ដែលធ្លាប់ត្រូវបានត្រួតពិនិត្យយ៉ាងងាយស្រួល ឥឡូវនេះកំពុងត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែលមិនច្បាស់លាស់» នេះបើយោងតាមសេចក្ដីរាយការណ៍កាលពីខែមករា ឆ្នាំ 2023 របស់កាសែត The Economist។

អ្នកជំនាញផ្នែកឧស្សាហកម្មដឹកជញ្ជូនបានព្រមានថា ផែនការទាំងនេះបង្កើនហានិភ័យនៃគ្រោះមហន្តរាយដល់មនុស្ស និងបរិស្ថានយ៉ាងខ្លាំង ដោយសារតែភាពចាស់ និងការថែទាំមិនគ្រប់គ្រាន់នៃនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រក និងកំពង់ផែដែលមានការកកស្ទះ។ ការភ័យខ្លាចទាំងនេះបានក្លាយជាការពិតនៅក្នុងឧសភា ឆ្នាំ 2023 នៅពេលនាវាដឹកប្រេងឥន្ធនៈ Pablo បានផ្ទុះឆេះនៅក្នុងសមុទ្រចិនខាងត្បូងក្បែរឆ្នេរសមុទ្រម៉ាឡេស៊ី។ បុគ្គលិកចំនួនបីនាក់នៅលើកប៉ាល់ដែលបានចុះបញ្ជីនៅប្រទេសហ្កាបុងត្រូវបានគេរាយការណ៍ថា មានមនុស្សបាត់ខ្លួនហើយសន្មតថាបានស្លាប់បាត់ ហើយលទ្ធផលអាចកាន់តែអាក្រក់ជាងនេះ។ យោងតាមសេចក្ដីរាយការណ៍របស់កាសែត The Straits Times ក្នុងប្រទេសសិង្ហបុរីបានឱ្យដឹងថា សមាជិកនាវិកចំនួនម្ភៃប្រាំនាក់ត្រូវបានជួយសង្គ្រោះចេញពីនាវាដឹកប្រេង Pablo ដែលទិន្នន័យតាមដានបានបង្ហាញថា នាវានេះបានផ្ទេរប្រេងឆៅខាប់របស់អ៊ីរ៉ង់ចេញនៅខេត្ត Shandong របស់ PRC ស្ទើរតែគ្មានសល់ នៅពេលដែលជាន់របស់នាវានេះផ្ទុះ ដូច្នេះមិនបណ្តាលឱ្យមានការធ្លាយប្រេងច្រើននោះទេ។

ប៉ុន្មានខែបន្ទាប់ពីការផ្ទុះឆេះ Splash247.com ដែលជាភ្នាក់ងារផ្តល់ព័ត៌មានដែនសមុទ្របានរាយការណ៍នៅក្នុងខែមិថុនាឆ្នាំ 2023 ថា នាវាដឹកប្រេងឥន្ធនៈ Pablo នៅតែបោះយុថ្កានៅសមុទ្រ ដោយនាវានេះបានខូចខាតដោយរកមិនឃើញនាវិក អត្តសញ្ញាណម្ចាស់ ឬក្រុមហ៊ុនធានារ៉ាប់រងឡើយ។ 

មន្រ្តីដឹកជញ្ជូននៅដែនសមុទ្របានថ្លែងឱ្យដឹងថា ឧបទ្ទវេហតុទាំងនោះគឺលទ្ធផលនៃការខិតខំប្រឹងប្រែង ដែលមិនអាចជៀសផុតពីការដាក់ទណ្ឌកម្មប្រេងនោះឡើយ។ លោក Richard Matthews ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន EA Gibson ដែលជាឈ្មួញកប៉ាល់អន្តរជាតិ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN កាលពីខែមីនា ឆ្នាំ 2023 ថា «នាវាចាស់ៗទាំងអស់នេះរបស់អ្នកប្រហែលជាមិនត្រូវបានរក្សាឱ្យស្របតាមស្តង់ដានៃនាវាទាំងនេះទេ»។ «លទ្ធភាពនៃការលេចធ្លាយប្រេង ឬឧបទ្ទវហេតុដ៏ធំមួយកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅពេលដែលកងនាវានេះមានចំនួនកើនឡើង»។

រោងចក្រចម្រាញ់ប្រេងនៅទីក្រុង Omsk ប្រទេសរុស្ស៊ី សារព័ត៌មាន REUTERS

កងនាវាសម្ងាត់

ការលុបបំបាត់អឺរ៉ុបជាទីផ្សារប្រេងចម្បងរបស់រុស្ស៊ីបានផ្លាស់ប្តូររបៀបដែលប្រទេសនេះធ្វើអាជីវកម្ម។ រុស្ស៊ីត្រូវស្វែងរកអតិថិជនថ្មី ដែលមានបំណងចង់ទិញប្រេង និងវិធីសាស្រ្តសន្សំសំចៃក្នុងការដឹកជញ្ជូនប្រេងនោះ។ មិនមានបំពង់បង្ហូរទៅកាន់កំពង់ផែឆ្ងាយៗនៅក្នុងប្រទេសចិន ឬប្រទេសជាអិតថិជនថ្មីៗដទៃទៀត និងកងនាវានៅលើនាវាដឹកប្រេងរបស់រុស្ស៊ីអាចដឹកចេញប្រេងឆៅបានតិចជាង 20% តាមដែនសមុទ្ររបស់ខ្លួន នេះបើយោងតាមវិទ្យុ National Public Radio ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ឱ្យដឹងកាលពីខែមករា ឆ្នាំ 2023។ រុស្ស៊ីត្រូវការកប៉ាល់ជាច្រើនបន្ថែមទៀត។

ក្រុមនាវាដឹកប្រេងដ៏ចំណាស់មួយក្រុមដែលបានពិពណ៌នាដោយកាសែត The New York Times ជា «កប៉ាល់ចម្រុះជាច្រើន ដែលលាក់ទីតាំង និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីគេចផុតការត្រួតពិនិត្យពីរដ្ឋាភិបាល និងដៃគូអាជីវកម្ម» ត្រូវបាននាំចូលមកជួយក្នុងការដឹកជញ្ជូនទំនិញរបស់រុស្ស៊ី។ កប៉ាល់របស់ «កងនាវាសម្ងាត់» ជាច្រើនទាំងនេះបានដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។ ទន្ទឹមនឹងនេះដែរ នាវាដែលគ្រប់គ្រងដោយអ៊ីរ៉ុបភាគច្រើនដែលឥឡូវនេះត្រូវបាន​ហាមឃាត់មិនឱ្យដឹកប្រេងរុស្ស៊ីទៅកាន់កំពង់ផែអឺរ៉ុបត្រូវបានលក់ទៅឱ្យក្រុមហ៊ុនមជ្ឈិមបូព៌ា និងអាស៊ីហើយត្រូវបានគេស្គាល់ថា «កងនាវាស្រមោល»។ សារព័ត៍មាន CNN បានរាយការណ៍ថា រុស្ស៊ីបានប្រើប្រាស់ប្រភពក្នុងការដឹកជញ្ជូនទាំងពីរ ដែលក្រុមអ្នកអង្កេតការណ៍ផ្នែកឧស្សាហកម្មប៉ាន់ស្មាន់ថា មានប្រហែល 10% នៃនាវាដឹកប្រេងដ៏ធំបំផុតនៅលើពិភពលោក។ ជារួម និងជាទូទៅគេហៅថា កងនាវាស្រមោល ប្រភេទនាវាទាំងពីរនេះជួយឱ្យរុស្ស៊ីរួចផុតពីការដាក់ទណ្ឌកម្ម ហើយដឹកជញ្ជូនប្រេងរបស់ខ្លួនដោយមិនប្រើប្រាស់នាវាដឹកជញ្ជូនរបស់លោកខាងលិច។

ក្រុមហ៊ុនវិភាគ Kpler បានប្រាប់សារព័ត៌មាន CNN ថា ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា និង PRC ក្នុងត្រីមាសទីមួយ ឆ្នាំ 2023 បានបង្កើតកំណត់ត្រាខ្ពស់នៅពេលដែលប្រទេសទាំងពីរបានទិញប្រេងនោះក្នុងតម្លៃបញ្ចុះតម្លៃក្រោយការឈ្លានពាន។ ក្រុមហ៊ុនវិភាគ Kpler បានរាយការណ៍ទៀតថា ទីផ្សារអឺរ៉ុបដែលធ្លាប់ដំឡើងជិតពីរភាគបីនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានធ្លាក់ចុះមកត្រឹមតែ 8% ប៉ុណ្ណោះ។ លោក Matt Smith ដែលជាអ្នកវិភាគរបស់ Kpler បានប្រាប់ Insider ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ 2023 ថា៖ «ទាំងប្រទេសចិន និឥណ្ឌាកំពុងទាញយកផលប្រយោជន៍ពីការបញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ី ដោយទទួលបានអត្ថប្រយោជន៍ពីការដាក់ទណ្ឌកម្មលើធនធានរុស្ស៊ីពីប្រទេសដទៃទៀត»។

កងនាវាស្រមោលជំរុញឱ្យមានការផ្លាស់ប្តូរ។ យោងតាមក្រុមហ៊ុន FreightWaves ដែលតាមដានទីផ្សារដឹកជញ្ជូនពិភពលោកបានរាយការណ៍ក្នុងខែកុម្ភៈ ឆ្នាំ 2023 ថា ការរឹតបន្តឹងលើប្រេងរុស្ស៊ីបានបង្កើនតម្លៃ និងអាយុកាលរបស់កប៉ាល់ដឹកប្រេងចាស់ៗដែលមានម្ចាស់ និងបញ្ជីឈ្មោះគួរឱ្យសង្ស័យ ដែលប្រតិបត្តិការនៅខាងក្រៅបណ្តាញធានារ៉ាប់រង ហិរញ្ញវត្ថុ និងការដឹកជញ្ជូនរបស់លោកខាងលិច។ កាសែត The Washington Post បានរាយការណ៍ក្នុងខែនោះថា កងនាវាស្រមោលបង្ហាញពីឆន្ទៈក្នុងការដឹកជញ្ជូនប្រេងដោយគ្មានការធានារ៉ាប់រងពីក្រុមហ៊ុនផ្តល់សេវាធំៗ។ នាវាដឹកប្រេងត្រូវបានចុះបញ្ជី ឬ «ដោតទុង» ប្រទេសជាច្រើន ដែលជាទូទៅបំផុតគឺប្រទេសប៉ាណាម៉ា លីបេរីយ៉ា និងប្រជុំកោះ Marshall នេះបើយោងតាមក្រុមហ៊ុន Vortexa ដែលធ្វើការវិភាគ និងតាមដានប្រេងតាមសមុទ្រនៅលើពិភពលោក។

ក្រុមហ៊ុន FreightWaves បានរាយការណ៍ថា នាវាដឹកប្រេងត្រូវបានចាត់ទុកថាមានអាយុកាលចាស់ បន្ទាប់ពីប្រើអស់រយៈពេលប្រហែល 15 ឆ្នាំ។ ពីមុន នាវាចាស់ៗជាច្រើ​នត្រូវបានលក់សម្រាប់សំណល់កែច្នៃឡើងវិញ។ ប៉ុន្តែ​ការ​លេច​ចេញ​នៃ​កង​នាវាដែលជៀសផុតពី​ទណ្ឌកម្ម ដែល​ក្នុង​នោះ​កប៉ាល់​ដែល​មាន​អាយុ​កាលជា​មធ្យម 20 ឆ្នាំ កំពុង​ផ្លាស់​ប្តូរការលក់នាវាចាស់ៗទាំងនោះ។ ឧទាហរណ៍ នាវាដឹកប្រេង Pablo ត្រូវ
បា​នផលិតឡើងនៅក្នុងឆ្នាំ 1997។ កងនាវានៃនាវាដែលបានបន្តប្រើនេះ «អាចត្រូវបានគេមើលឃើញថា ជាសំណល់ថ្មី» នេះបើតាមលោក Svein Moxnes Harfjeld នាយកប្រតិបត្តិនៃក្រុមហ៊ុន DHT Holdings ដែលជាម្ចាស់នាវាដឹកប្រេងឆៅបានថ្លែងប្រាប់ក្រុមហ៊ុន FreightWaves។

ការផ្លាស់ប្តូរលំនាំ

កាសែត The Economist បានរាយការណ៍ថា៖ «ប្រព័ន្ធថាមពលសកលកាន់តែរីករាលដាល បែងចែកគ្នា និងមានគ្រោះថ្នាក់»។ ការដាក់ទណ្ឌកម្ម និងការកំណត់តម្លៃបានផ្លាស់ប្តូរយ៉ាងខ្លាំងនូវលំនាំដឹកជញ្ជូន។ សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមេសា ឆ្នាំ 2023 ថា ការធ្វើដំណើរដ៏វែងឆ្ងាយ និងមានតម្លៃថ្លៃ គឺជារឿងធម្មតានាពេលបច្ចុប្បន្ននេះ មិនត្រឹមតែសម្រាប់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកផ្គត់ផ្គង់ថាមពលចម្បងៗផ្សេងទៀត។ ជាមួយនឹងការនាំយកចេញប្រេងឆៅរបស់ខ្លួន រុស្ស៊ីកំពុងតែដឹកជញ្ជូន ផលិតផលប្រេងដែលចម្រាញ់រួច (CPP) ទៅកាន់ប្រទេសប្រេស៊ីល ប្រទេសម៉ារ៉ុក ប្រទេសនីហ្សេរីយ៉ា និងប្រទេសតួកគី ខណៈអាស៊ី មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិកដឹកជញ្ជូនឥន្ធនៈកាន់តែច្រើន ដូចជាប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប។ សារព័ត៌មាន Reuters បានរាយការណ៍ទៀតថា មានការផ្លាស់ចេញទីពីទ្វីបអាហ្រ្វិក និងមេឌីទែរ៉ាណេ ដោយសារការផ្គត់ផ្គង់របស់រុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ ឥឡូវនេះក្រុមហ៊ុននាំចេញអាស៊ីកំពុងបញ្ជូនឥន្ធនៈទៅកាន់ប្រទេសសិង្ហបុរីម្រាប់ការស្តុកទុក។ កាសែត The Economist បានរាយការណ៍ថា៖ «អ្នកចំណូលថ្មីដ៏អាថ៌កំបាំង» នៅក្នុងទីក្រុងឌូបៃ និងហុងកុងកំពុងជួញដូរ និងធានាទិញប្រេងរុស្ស៊ី ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មុនពេលការដាក់ទណ្ឌកម្ម។

ទន្ទឹមនឹងនេះដែរ តម្លៃប្រេងសកលមិនបានផ្លាស់ប្តូរខ្លាំងនោះទេក្នុងឆ្នាំបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន នេះបើយោតាមលោក Ben Cahill បុគ្គលិកជាន់ខ្ពស់ និងអ្នកជំនាញផ្នែកសន្តិសុខថាមពលនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់ EsadeGeo ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសកលកាលពីខែមីនា ឆ្នាំ 2023។ លោក Cahill បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរប្រព្រឹត្តទៅបានរលូន»។ «បម្រាមរបស់ EU និងការកំណត់តម្លៃប្រេងនៅទីបំផុតមានគោលដៅចំនួនពីរយ៉ាង៖ ដើម្បីរក្សាទីផ្សារផ្គត់ផ្គង់ឱ្យបានល្អ និងដកហូតប្រាក់ចំណូលពីប្រទេសរុស្ស៊ី។ ក្នុងលក្ខខណ្ឌទាំងនោះ វាបានដំណើការរួចទៅហើយ»។

លោក David Wech ប្រធានសេដ្ឋកិច្ចវិទូរបស់ក្រុមហ៊ុន Vortexa បានថ្លែងនៅក្នុងសិក្ខាសាលាតាមអនឡាញមួយក្នុងខែនោះថា ដោយមានខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែយូរ បរិមាណប្រេងនៅសមុទ្រនាខែកុម្ភៈ ឆ្នាំ 2023 កើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើមសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ កាសែត The Economist បានរាយការណ៍ថា កប៉ាល់ដែលពីមុនបានដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់អឺរ៉ុបក្នុងរយៈពេលមួយសប្តាហ៍ ឬតិចជាងនេះ តែឥឡូវនេះចំណាយពេលរហូតដល់ 45 ថ្ងៃនៅសមុទ្រក្នុងការដឹកជញ្ជូនប្រេងទៅកាន់កំពង់ផែឆ្ញាយៗ។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បានឱ្យដឹងថា វាអាចចំណាយពេល 18 ថ្ងៃសម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងការដឹកជញ្ជូន CPP ទៅកាន់អឺរ៉ុប។ ទន្ទឹមគ្នានេះដែរ ការបំភាយកាបូន ដែលរួមចំណែកដល់បម្រែបម្រួលអាកាសធាតុមានការកើនឡើង នៅពេលនាវាដឹកប្រេងធ្វើដំណើរតាមផ្លូវកាន់តែឆ្ងាយ។

ការស្វែងរកម្ចាស់នាវាដឹកប្រេងនៃកងនាវាស្រមោលគឺជារឿងដ៏ពិបាក។ អាជ្ញាធរ និងអ្នកវិភាគផ្នែកដឹកជញ្ជូនបានសួរនាំអំពីនាវាដែលកំពុងដឹកប្រេងរបស់រុស្ស៊ីកាន់តែខ្លាំងឡើង នេះបើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលសិក្សាការការពារកម្រិតខ្ពស់ (C4ADS) ដែលជាក្រុមស្រាវជ្រាវមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោកស្រី Margaux Garcia អ្នកវិភាគជាមួយនឹងក្រុមវិភាគការគំរាមកំហែងដែលឧបត្ថម្ភដោយរដ្ឋរបស់ C4ADS បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ជាទូទៅ ពួកគេកំពុងស្វែងរកលំនាំនៃអាកប្បកិរិយាគួរឱ្យសង្ស័យ តម្រុយថ្មីៗអំពីអ្នកគេចវេសពីការដាក់ទណ្ឌកម្ម ដែលមិនស្គាល់អត្តសញ្ញាណ ឬព័ត៌មានលម្អិតបន្ថែមអំពីម្ចាស់អត្ថប្រយោជន៍នៃកប៉ាល់ដែលគេស្គាល់ [និង] កងនាវាដែលមានបញ្ហា»។

នាវាដឹកប្រេងឥន្ទនៈ Pablo បានឆេះ ក្រោយពីការផ្ទុះនៅក្នុងសមុទ្រចិនខាងត្បូងកាលពីខែឧសភា ឆ្នាំ 2023។ ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ី

លោកស្រី Garcia បានកត់សម្គាល់ឃើញថា ក្រុមហ៊ុនដឹកជញ្ជូនប្រេងរុស្ស៊ីខុសគ្នាពីក្រុមហ៊ុនទាំងឡាយ ដែលកំពុងដឹកប្រេងឱ្យរបបដែលរងទណ្ឌកម្មផ្សេងទៀត ដោយសារតែប្រេងរុស្ស៊ីអាចដឹកជញ្ជូនបានដោយស្របច្បាប់ ប្រសិនបើក្រុមហ៊ុនទាំងនោះគោរពតាមបទប្បញ្ញត្តិ។ ដូច្នេះ វាមានកន្លែងច្រើនទៀតសម្រាប់ការបដិសេធ ដែលអាចជឿបាន ប្រសិនបើអាជ្ញាធរឡើងលើកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី។

ក្រុមហ៊ុនដឹកជញ្ជូនដែលមានទំនួលខុសត្រូវព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះរបស់ឧស្សាហកម្មនេះ ដែលមាននាវាចាសៗជាច្រើនដែលកំពុងធ្វើដំណើរតាមផ្លូវសមុទ្រ។ សារព័ត៌មាន Seatrade Maritime News ដែលជាគេហទំព័រស្តីពីការដឹកជញ្ជូនអន្តរជាតិមួយបានបញ្ចេញទស្សនៈនៅថ្ងៃបន្ទាប់ពីនាវាដឹកប្រេងឥន្ធនៈ Pablo បានផ្ទុះឡើងថា៖ «តើមានឆន្ទៈណាមួយដើម្បីបញ្ឈប់ភាពអនាធិបតេយ្យដែលកំពុងរីករាលដាលនេះ ឬតើវាទាំងអស់ត្រូវបានបាត់បង់នៅក្នុងការជជែកវែកញែកផ្នែកច្បាប់ដែលគួរឱ្យធុញទ្រាន់អំពីអធិបតេយ្យភាព និងសេរីភាពនៃដែនសមុទ្រដែរឬទេ?»។ «តើការឆ្លើយតបដ៏រឹងមាំ ជាអន្តរជាតិ និងភ្លាមៗនៅឯណា ដែលនឹងបញ្ឈប់រឿងនេះ [ពី] ការក្លាយជារឿងអាស្រូវអន្តរជាតិកាន់តែធ្ងន់ធ្ងរដែលនឹងលេចធ្លាយទៅដល់ការដឹកជញ្ជូនទៅកាន់ពិភពលោកផ្សេងទៀត?»

ថ្វីត្បិតតែបញ្ហាប្រឈមដែលរដ្ឋាភិបាល និងឧស្សាហកម្មដឹកជញ្ជូនប្រឈមក្នុងការពង្រឹងការអនុវត្តដោយការបំពានទណ្ឌកម្មក៏ដោយ ក៏វាមានសញ្ញាលើកទឹកចិត្តផងដែរ។ លោក Wally Adeyemo អនុរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិកបានថ្លែងប្រាប់កាសែត The New York Times កាលពីខែឧសភាឆ្នាំ 2023 ថា៖ «ការកំណត់តម្លៃរបស់រុស្ស៊ីកំពុងដំណើរការ និងដំណើរការបានយ៉ាងល្អ»។ «ប្រាក់ដែលពួកគេកំពុងចំណាយលើការកសាងប្រព័ន្ធអេកូឡូស៊ីនេះដើម្បីគាំទ្រដល់ពាណិជ្ជកម្មថាមពលរបស់ពួកគេគឺជាប្រាក់ដែលពួកគេមិនអាចចំណាយលើការបង្កើតមីស៊ីល ឬទិញរថក្រោះ»។  


ការបោកបញ្ឆោតនៅដែនសមុទ្រអន្តរជាតិ

កប៉ាល់នៃកងនាវាស្រមោលប្រើការបោកបញ្ឆោតផ្សេងៗ ដើម្បីបិទបាំងភាពជាម្ចាស់កម្មសិទ្ធិ ប្រភពដើម និងតម្លៃនៃទំនិញប្រេង និងទីតាំងរបស់ពួកគេ។

ទង់ជាតិសម្រាប់ភាពងាយស្រួល បង្ហាញអំពីប្រទេសដែលកប៉ាល់របស់ពាណិជ្ជករត្រូវបានចុះបញ្ជី។ កប៉ាល់អាចចុះបញ្ជីជាមួយនឹងរដ្ឋដែលមានបទប្បញ្ញត្តិស្តីពីការងារ បរិស្ថាន ឬអធិការកិច្ចតិចតួច។ ម្ចាស់កប៉ាល់មួយចំនួនផ្លាស់ប្តូរការចុះបញ្ជីម្តងហើយម្តងទៀត ដែលធ្វើឱ្យវាមានការលំបាកក្នុងការតាមដានប្រវត្តិរបស់នាវា។

លោក Armen Azizian អ្នកវិភាគរបស់ក្រុមហ៊ុន Vortexa ដែលតាមដានប្រេងតាមសមុទ្រសកលបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា ការផ្ទេរដោយគ្មានការគ្រប់គ្រងនៅសមុទ្រ អាចបិទបាំងប្រភពដើមរបស់ទំនិញនេះ។ លោក Azizian បានមានប្រសាសន៍ទៀតថា៖ «អ្នកបន្ថែមវិធានការមួយផ្សេងទៀតរវាងអ្នកទិញ និងអ្នកលក់»។ «អ្នកមានអ្នកសម្របសម្រួលដែលពាក់ព័ន្ធ»។

ការអនុវត្តគណនេយ្យ ដែលបោកបញ្ឆោតទាក់ទងនឹងការចំណាយលើការដឹកជញ្ជូន ថ្លៃសេវាគយ ការធានារ៉ាប់រង និងទំនិញធ្វើឱ្យពិបាកក្នុងការគណនាថា តើអ្នកទិញបានបង់ប្រាក់ប៉ុន្មានសម្រាប់ការដឹកជញ្ជូនប្រេង និងថា តើការកំណត់តម្លៃខ្ពស់បំផុតត្រូវបានរួចផុតដែរឬទេ។

ការបិទប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) របស់កប៉ាល់ និងការក្លែងបន្លំ ការលាក់ខ្លួន ឬការរៀបចំទីតាំងកប៉ាល់តាមប្រព័ន្ធអេឡិចត្រូនិក។ ឧបករណ៍ទទួលសញ្ញាវិទ្យុនៃ AIS ប្រើឧបករណ៍លើដី និងផ្កាយរណប ដើម្បីកំណត់ទីតាំងកប៉ាល់សម្រាប់នាវា និងនិយតករផ្សេងទៀត។ ការក្លែងបន្លំពាក់ព័ន្ធនឹងការបញ្ចេញសញ្ញាក្លែងក្លាយអំពីទីតាំងរបស់នាវា។ ក្នុងឧទាហរណ៍មួយ រូបភាពពីផ្កាយរណបបានជួយបង្ហាញឱ្យឃើញនូវកប៉ាល់ដឹកប្រេងឆៅរបស់រុស្សី ដែលហាក់ដូចជាស្ថិតនៅក្នុងសមុទ្រជប៉ុន តាមពិតទៅមានចម្ងាយជាង 400 គីឡូម៉ែត្រ ដែលកំពុងផ្ទេរចេញនៅកំពង់ផែចិន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button