ការរីកសាយអាវុធអាស៊ីឥសាន / NEA

របាយការណ៍របស់អង្គការសហប្រជាជាតិ៖ កូរ៉េខាងជើងកំពុងផ្តល់ហិរញ្ញប្បទានដល់កម្មវិធីសព្វាវុធរបស់ខ្លួនតាមរយៈឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

បញ្ជាការយុទ្ធសាស្ត្ររបស់អាមេរិក

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានលើកឡើងថា កូរ៉េខាងជើងបានលួចលុយរាប់ពាន់លានដុល្លារតាមការវាយប្រហារតាមអ៊ីនធឺណិត ដើម្បីផ្តល់មូលនិធិដល់អាវុធប្រល័យលោករបស់របបនេះ។ អង្គការសហប្រជាជាតិបានរកឃើញការវាយប្រហារតាមអ៊ីនធឺណិតដែលត្រូវបានសង្ស័យថាជារបស់កូរ៉េខាងជើងចំនួន 58 ករណីនៅចន្លោះឆ្នាំ 2017 ដល់ឆ្នាំ 2023 ដែលមានតម្លៃប្រហែល 3 ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន Associated Press (AP) បានរាយការណ៍នៅក្នុង ខែកុម្ភៈ ឆ្នាំ 2024។ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមអ្នកលួចចូលប្រព័ន្ធរាយការណ៍ទៅអង្គការចារកម្មបរទេសចម្បងរបស់ទីក្រុងព្យុងយ៉ាង បន្តធ្វើការវាយប្រហារតាមអ៊ីនធឺណិត។

របាយការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងបានបង្ហាញយុទ្ធសាស្រ្តថ្មីដើម្បីទប់ទល់នឹងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង។ វិធីសាស្រ្តរបស់ទីក្រុងសេអ៊ូលគឺផ្អែកលើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសដែលបានចេញផ្សាយនៅខែមិថុនា ឆ្នាំ 2023 ហើយធ្វើតាមការបង្កើតក្រុមការងារត្រីភាគី ខែវិច្ឆិកា ឆ្នាំ 2023 ជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។ យុទ្ធសាស្រ្តថ្មីនេះផ្តោតការយកចិត្តទុកដាក់កាន់តែច្បាស់លើការពង្រឹងសមត្ថភាពទប់ស្កាត់ និងការវាយប្រហារ។

ក្រុមហ៊ុនសុសវែរយក្ស Microsoft បានលើកឡើងថា ខ្លួនបានរំខានដល់ការប៉ុនប៉ងរបស់កូរ៉េខាងជើង និងប្រទេសផ្សេងទៀត រួមមានប្រទេសអ៊ីរ៉ង់ សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីផងដែរ ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពបង្កើត ដើម្បីជ្រៀតជ្រែកទៅបណ្តាញនានា។ សារព័ត៌មាន BBC បានរាយការណ៍ថា មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ទៅកាន់ចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្រុមអ្នកលួចចូលប្រព័ន្ធរបស់កូរ៉េខាងជើងបានជ្រៀតជ្រែកអ៊ីមែលមួយរបស់ជំនួយការរបស់លោក។

លោកស្រី Kim So Jeong នាយិកាផ្នែកសិក្សាសន្តិសុខថ្មីនៅវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានប្រាប់សារព័ត៌មាន NK News ថា៖ «យុទ្ធសាស្រ្តដែលបានកែសម្រួលនេះបង្ហាញយ៉ាងច្បាស់នូវយុទ្ធសាស្រ្តឆ្លើយតបសកម្មកម្រិតជាតិ ដើម្បីដោះស្រាយបញ្ហាដែលអង្គការចាត់តាំងអន្តរជាតិ និងអង្គការចាំងតាំងលួចចូលប្រព័ន្ធដែលឧបត្ថម្ភដោយរដ្ឋ ដែលបង្កការគំរាមកំហែងដល់សន្តិសុខតាមអ៊ីនធឺណិតរបស់កូរ៉េខាងត្បូង និងការវាយប្រហារតាមអ៊ីនធឺណិតដោយគំនិតព្យាបាទរបស់កូរ៉េខាងជើង»។ យុទ្ធសាស្ត្រនេះក៏អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូ រួមទាំងរដ្ឋសមាជិកណាតូ និងបណ្ដាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង។

លោកស្រី Kim បានលើកឡើងថា៖ «ការព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះដោយឯករាជ្យមានដែនកំណត់របស់វា»។ «កិច្ចសហការយ៉ាងសកម្មជាមួយសហគមន៍ពិភពលោកមានភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងវិវត្តដែលបង្ហាញឡើងតាមរយៈសកម្មភាពតាមអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើង»។

ការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រួមទាំងអាវុធ និង AI ត្រូវបានរារាំងជាយូរមកហើយដោយទណ្ឌកម្មអន្តរជាតិ។ ជារឿយៗ ក្រុមលួចចូលប្រព័ន្ធធ្វើការលួចលុយជារូបភាពរូបិយប័ណ្ណគ្រីបតូ ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបច្ចេកវិទ្យា AI និងម៉ាស៊ីនសិក្សា រួមទាំងការប្រើប្រាស់យោធាដូចជាការលេងល្បែងសង្គ្រាម និងការឈ្លបយកការណ៍ ក៏ដូចជាដើម្បីកែលម្អសុវត្ថិភាពម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលជាការប្រើប្រាស់បែបស៊ីវិល ដែលអ្នកវិភាគសន្តិសុខព្រមានថាអាចផ្ទេរទៅជាការប្រើប្រាស់បែបយោធា។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា រ៉េអាក់ទ័រទឹកចំពោះសមាសធាតុស្រាលមួយនៅឯបរិវេណនុយក្លេអ៊ែរដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើងនៅ Yongbyon «ហាក់ដូចជាកំពុងដំណើរការ» នេះបើតាមទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍។ មន្ត្រីកូរ៉េខាងត្បូងសង្ស័យថា ទីក្រុងព្យុងយ៉ាងអាចប្រើប្រាស់រ៉េអាក់ទ័រ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោក Hyuk Kim អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Middlebury នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិសម្រាប់ការសិក្សាអំពីការមិនរីកសាយនៃអាវុធបានលើកឡើងថា ប្រទេសកូរ៉េខាងជើងបានសហការជាមួយ PRC ក្នុងការអភិវឌ្ឍ AI សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការស្រាវជ្រាវសុវត្ថិភាពនុយក្លេអ៊ែរ។

លោកបានសរសេរនៅក្នុងអត្ថបទប្រចាំខែមករា ឆ្នាំ 2024 សម្រាប់ 38 North ដែលជាការបោះពុម្ភផ្សាយរបស់មជ្ឈមណ្ឌល Stimson ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលមានខ្លឹមសារដូចតទៅ៖ «កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កូរ៉េខាងជើងជាមួយបញ្ញាវន្តបរទេស បង្កឱ្យមានការព្រួយបារម្ភចំពោះរបបទណ្ឌកម្មនេះ» «លើសពីនេះ ការបំប្លែងបច្ចេកវិទ្យា AI សម្រាប់គោលបំណងស៊ីវិលទៅជាការអនុវត្ដផ្នែកយោធា បង្កឱ្យមានហានិភ័យយ៉ាងខ្លាំង ជាពិសេសនៅក្នុងបរិយាកាសនៃការប្រើប្រាស់កុំព្យូទ័រលើក្លោដ ដែលរារាំងតម្រូវការផ្នែកហាដវែរឯកទេស»។

យុទ្ធសាស្ត្រអ៊ីនធឺណិតថ្មីរបស់កូរ៉េខាងត្បូង គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ការិយាល័យសន្តិសុខជាតិ សេវាស៊ើបការណ៍សម្ងាត់ជាតិ ទីភ្នាក់ងារប៉ូលិសជាតិ និងក្រសួងការបរទេស ក្រសួងការពារជាតិ ព្រមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ផែនការរួមមានការបង្កើតប្រព័ន្ធឆ្លើយតបរហ័ស និងគាំទ្រនវានុវត្តន៍នៅក្នុងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត។ បន្ថែមពីលើភាពជាដៃគូជាមួយជប៉ុន និងសហរដ្ឋអាមេរិក ថ្មីៗនេះ ទីក្រុងសេអ៊ូលបានចាប់ផ្តើមភាពជាដៃគូជាមួយចក្រភពអង់គ្លេស ហើយនឹងព្យាយាមធ្វើការជាមួយប្រទេសដទៃទៀតនៃអង្គការណាតូផងដែរ។

លោក Lim Jong-in សាស្ត្រាចារ្យផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅសាកលវិទ្យាល័យកូរ៉េ និងជាទីប្រឹក្សាពិសេសរបស់ Yoon បានប្រាប់ NK News ថា៖ «កាលពីមុន វិធីសាស្រ្តរបស់យើងចំពោះផ្នែកសន្តិសុខតាមអ៊ីនធឺណិតត្រូវបានការពារជាចម្បងពីទស្សនៈវិស័យសន្តិសុខ»។ លោកបានមានប្រសាសន៍ថា យុទ្ធសាស្ត្រដែលបានកែប្រែនេះ «ស្របតាមទិសដៅរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសមត្ថភាពវាយលុក និងប្រកាន់យកនូវជំហរវាយលុក»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button