ទស្សនៈសាកលលក្ខណៈពិសេសអាស៊ីឥសាន / NEA

ភាពជាដៃគូ ដ៏ជាប់លាប់ នៅក្នុង លំហអ៊ីនធឺណិត

កិច្ចសហប្រតិបត្តិការការពារដែនឌីជីថលពីអ៊ុយក្រែន ទៅ ឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នៅពេលដែលកងកម្លាំងស្វ័យការពារជើងគោកជប៉ុន លោកឧត្តមសេនីយ៍ឯក Hiroe Jiro បានទៅកាន់ប្រទេសអ៊ុយក្រែននៅឆ្នាំ 2020 កិច្ចការពារសន្តិសុខលំហអ៊ីនធឺណិតដ៏ល្អរបស់ប្រទេសនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល។ វាមានរយៈពេលប្រាំមួយឆ្នាំមកហើយ បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានដណ្តើមយកតំបន់គ្រីមៀរ និងបានឈ្លានពានភាគខាងកើតប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមការវាយលុកតាមអ៊ីនធឺណិតអស់រយៈពេលជាច្រើនឆ្នាំរហូតមក។ ការវាយប្រហារតាមអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ដែលបានផ្តោតលើគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសអ៊ុយក្រែន បានផ្ដាច់បណ្ដាញអគ្គិសនី និងបញ្ចេញមេរោគយ៉ាងច្រើន។ កម្មវិធីដ៏រំខានបានបំផ្លាញប្រព័ន្ធកុំព្យូទ័រនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ថាមពល និងរដ្ឋាភិបាលរបស់អ៊ុយក្រែន នៅពេលដែលវារីករាលដាលពាសពេញពិភពលោក។

លោកឧត្ដមសេនីយ៍ឯក Hiroe ដែលជាមេបញ្ជាការបញ្ជាការបណ្តុះបណ្តាល ការវាយតម្លៃ ស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានរំពឹងទុកថា នឹងមានការបំផ្លិចបំផ្លាញ។ លោកឧត្ដមសេនីយ៍ឯក​បានមានប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​បាន​ឃើញ​ថា​កងកម្លាំង​អ៊ុយក្រែន​បាន​បង្កើត​វិធានការ​ការពារសន្ដិសុខ​អ៊ីនធឺណិត​ពេញលេញ​រួច​ហើយ»។ «អង្គភាពរដ្ឋាភិបាល និងយោធាបានបង្កើតវិធានការ… ហើយបន្ទាប់មកបានបែងចែកប្រទេសទាំងមូលទៅជាតំបន់តូចៗ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងបណ្តាញ និងប្រព័ន្ធ
នីមួយៗបាន។ វា​ហាក់​ដូច​ជា​ល្អ​ខ្លាំង​ណាស់»។

ការពន្យល់ដែលសមភាគីអ៊ុយក្រែនរបស់លោកឧត្ដមសេនីយ៍ឯក Hiroe បានផ្តល់ឱ្យសម្រាប់សមិទ្ធិផលរបស់ពួកគេ៖ ភាពជាដៃគូ។ លោកឧត្ដមសេនីយ៍ឯក Hiroe បានប្រាប់ទស្សនិកជននៅឯសន្និសីទ និងតាំងពិព័រណ៍កងកម្លាំងដីគោគតំបន់ប៉ាស៊ីហ្វិក (LANPAC) នៅរដ្ឋ Hawaii ក្នុងខែឧសភា ឆ្នាំ 2023 ថា ប្រទេសអ៊ុយក្រែនបានបង្កើតប្រព័ន្ធការពារសន្ដិសុខអ៊ីនធឺណិតកម្រិតខ្ពស់របស់ខ្លួន និងពង្រឹងភាពធន់នៃប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ដោយមានជំនួយពីដៃគូអន្តរជាតិ រួមទាំងបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ 

ឧទាហរណ៍ មូលនិធិបរធនបាលកិច្ចរបស់អង្គការណាតូសម្រាប់ការការពារសន្ដិសុខអ៊ីនធឺណិតសម្រាប់ប្រទេសអ៊ុយក្រែន បានផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការបង្កើតមន្ទីរពិសោធន៍ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុសន្ដិសុខអ៊ីនធឺណិត។ កិច្ចសន្ទនាទ្វេភាគីតាមអ៊ីនធឺណិតរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ 2017 ដោយភ្ជាប់អ៊ុយក្រែនជាមួយក្រសួងការពារជាតិអាមេរិក ក្រសួងថាមពល និងរតនាគាររបស់អាមេរិក ដើម្បីពង្រឹងផែនការឆ្លើយតបជាតិ សន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងការចែករំលែកព័ត៌មាន។ លោកឧត្ដមសេនីយ៍ឯក Hiroe បានថ្លែងថា អ៊ុយក្រែនក៏បានទទួលជំនួយពីឧស្សាហកម្មអាមេរិកនៅក្នុងការពង្រឹងបណ្តាញផងដែរ។ លោកឧត្ដមសេនីយ៍ឯក Hiroe បានបន្តទៀតថា៖ «កងកម្លាំងអ៊ុយក្រែនហាក់ដូចជាអាចវាយប្រហារត្រឡប់មកវិញ [ពី] ការវាយប្រហារដែលពួកគេបានរងគ្រោះនៅក្នុងឆ្នាំ 2014»។ «នោះ​គឺ​ត្រូវអរគុណ​ដល់​ប្រទេសសមាជិកនៃអង្គការណាតូ និង​ឧស្សាហកម្ម​អាមេរិក»។

បុគ្គលិករបស់បញ្ជាការ Cyber របស់អាមេរិកធ្វើការនៅក្នុងមជ្ឈមណ្ឌល Cyber Center និងមជ្ឈមណ្ឌលប្រតិបត្តិការរួមនៅ Fort Meade រដ្ឋ Maryland។
JOSEF COLE/បញ្ជាការ Cyber របស់អាមេរិក

ការការពារឆ្ពោះទៅមុខ

ទីបញ្ជាការ​សុវត្ថិភាពអ៊ីនធឺណិតអាមេរិក (USCYBERCOM) បានដាក់ពង្រាយក្រុមការងារនៅទូទាំងពិភពលោកក្នុងប្រតិបត្តិការ Hunt Forward ដែលជាបេសកកម្មការពារដែលត្រូវបានធ្វើឡើងតាមសំណើរបស់បណ្តាប្រទេសជាដៃគូដើម្បីចាប់បានសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតទៅលើបណ្តាញប្រទេសម្ចាស់ផ្ទះ។ លោក​ឧត្តមសេនីយ៍ឯកកងទ័ពសហរដ្ឋអាមេរិក William Hartman ដែលជា​មេបញ្ជាការរង​នៃទីបញ្ជាការ ​USCYBERCOM និងជាអតីតមេបញ្ជាការ​កងកម្លាំង​បេសកកម្ម​អ៊ីនធឺណិត​ជាតិ (CNMF) ដែលមានបុគ្គលិកទទួលបានការបណ្តុះបណ្តាលពិសេស និងការពារបណ្តាញព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិកពីការវាយប្រហារតាមអ៊ីនធឺណិត បានពន្យល់ថា គោលដៅគឺដើម្បីធ្វើឱ្យសម្ព័ន្ធមិត្ត និងដៃគូក្លាយជាគោលដៅកាន់តែពិបាកសម្រាប់តួអង្គអាក្រក់។ ឧត្តមសេនីយ៍ទោបាននិយាយក្នុងអំឡុងពេលពិភាក្សា LANPAC ស្តីពីសង្គ្រាមអ៊ីនធឺណិត និងព័ត៌មានថា៖ «យើងកំពុងកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសដែលមានគំនិតដូចគ្នានៅជុំវិញពិភពលោក»។ «នៅចុងបញ្ចប់ វានឹងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូអាចការពារខ្លួនបានកាន់តែប្រសើរឡើង»។

ក្រុមការងារ Hunt Forward បានដាក់ពង្រាយក្នុងបេសកកម្មយ៉ាងហោចណាស់ចំនួន 47 នៅក្នុងប្រទេសច្រើនជាង 20 ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយធ្វើការជាមួយប្រទេសជាដៃគូ ដើម្បីស្វែងរក និងការពារប្រឆាំងនឹងការគំរាមកំហែង។ លោកឧត្តមសេនីយ៍ទោ Hartman បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងទទួលបានព័ត៌មាននៅក្នុងលំហបរទេស យើងចែករំលែកភ្លាមៗជាមួយអ្នកណាដែលយើងអាចធ្វើបាន ដើម្បីធានាថាអង្គភាពច្រើនបំផុតត្រូវបានការពារ»។

នៅខែមករា ឆ្នាំ 2022 ប្រតិបត្តិការ Hunt Forward នៅក្នុងប្រទេសអ៊ុយក្រែនរួមមានបុគ្គលិកចំនួន 40 នាក់ និងជាការដាក់ពង្រាយលើកទីបីរបស់ CNMF ទៅកាន់ប្រទេសនេះ។ នៅពេលនោះ ទាហានរុស្ស៊ីកំពុងប្រមូលផ្តុំគ្នានៅតាមព្រំដែនអ៊ុយក្រែន ដើម្បីរៀបចំសម្រាប់ការលុកលុយដោយមិនញញើតដែលកើតឡើងនៅខែបន្ទាប់។ ក្រុមការងារអាមេរិកបានធ្វើការជាមួយសមភាគីអ៊ុយក្រែន ដើម្បីបើកបង្ហាញពីការប៉ុនប៉ងវាយប្រហារដែលកាន់តែមានលក្ខណៈសម្ងាត់របស់រុស្ស៊ី។ លោកឧត្តមសេនីយ៍ទោ Hartman បានថ្លែងថា៖ «ក្រុមការងារនេះនឹងដាក់ពង្រាយនៅពាក់កណ្តាលខែមករាខណៈពេលដែលយើងចាប់ផ្តើមមើលឃើញការវាយប្រហារបំផ្លាញទិន្នន័យរបស់រុស្ស៊ីមួយចំនួនសំដៅលើបណ្តាញរបស់អ៊ុយក្រែន» ដោយសំដៅទៅលើការវាយប្រហារតាមអ៊ីនធឺណិតមួយដែលបំផ្លាញទិន្នន័យដែលបានរក្សាទុកនៅលើបណ្តាញមួយ។ «ក្រុម​នេះ​អាច​គាំទ្រ​ដៃគូ​អ៊ុយក្រែន​ភ្លាមៗ​ចំពោះការ​ដោះស្រាយ​បញ្ហាបណ្តាញ. … យើងអាចប្រមូលសូចនាករនៃការវាយប្រហារលុកលុយបាន។ យើង​អាច​ប្រមូល​កម្មវិធី​មេរោគដែល​រុស្ស៊ី​បាន​ប្រើ​ក្នុង​ប្រទេស​អ៊ុយក្រែន»។ ជំហានបន្ទាប់គឺការចែករំលែកព័ត៌មាននោះជាមួយរដ្ឋាភិបាល និងឧស្សាហកម្មឯកជន ដែលជាវិធានការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រព័ន្ធការពារដ៏សំខាន់។

លោឧត្តមសេនីយ៍ទោ Hartman បានថ្លែងបន្ថែមថា៖ «ការគំរាមកំហែងដល់ប្រជាជនអ៊ុយក្រែនពីប្រទេសរុស្ស៊ីគឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា»។ «ការគំរាមកំហែងពីគ្រប់ទីកន្លែង … ពីប្រទេសចិន ជាទូទៅគឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា។ ដូច្នេះ សមត្ថភាពក្នុងការចែករំលែកគឺមានសារៈសំខាន់ខ្លាំងណាស់»។

កិច្ចខិតខំប្រឹងប្រែងនៃកងកម្លាំងការពារលំហអ៊ីនធឺណិតបានបន្ត បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ ដោយសារឧស្សាហកម្មឯកជន រដ្ឋាភិបាលបរទេស និងដៃគូផ្សេងទៀតបានផ្ដល់ជំនួយផ្នែកសន្តិសុខតាមអ៊ីនធឺណិតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសនេះ សហរដ្ឋអាមេរិកបានវិភាគ និងបញ្ជូនព័ត៌មានដែលពាក់ព័ន្ធបំផុតអំពីចំណុចខ្សោយប្រព័ន្ធឌីជីថលដែលអ៊ុយក្រែនត្រូវដោះស្រាយ។

លោកឧត្តមសេនីយ៍ទោ Hartman បានពន្យល់ថា៖ «ភាពជាដៃគូគឺសំខាន់បំផុត»។ «យើងបានចែករំលែកសូចនាករនៃការវាយប្រហារចំនួនច្រើនជាង 5 000 ពីអ៊ុយក្រែនមកយើង ឬពីយើងត្រឡប់ទៅអ៊ុយក្រែនវិញ ដើម្បីខិតខំឱ្យអស់ពីលទ្ធភាពរបស់យើង ដើម្បីធានាថា សហរដ្ឋអាមេរិក ដៃគូរបស់យើង និងសម្ព័ន្ធមិត្តរបស់យើងត្រូវបានការពារប្រឆាំងនឹងការវាយប្រហារដែលរុស្ស៊ីកំពុងធ្វើទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែក៏ដើម្បីធានាថាបណ្តាញរបស់អ៊ុយក្រែនគឺមានភាពពិបាកបំផុតក្នុងការឱ្យរុស្ស៊ីបន្តការវាយប្រហារ និងការកេងប្រវ័ញ្ច»។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ CNMF ត្រូវបានអញ្ជើញឱ្យធ្វើប្រតិបត្តិការ Hunt Forward នៅក្នុងប្រទេសអាល់បានី ដោយចាប់ដៃគូជាមួយទីភ្នាក់ងារជាតិសម្រាប់សង្គមព័ត៌មានរបស់ប្រទេសអេស្តូនី ក្នុងភាពជាដៃគូជាមួយបុគ្គលិកអ៊ីនធឺណិតនៅមូលដ្ឋាន ឡេតូនី ដោយធ្វើការជាមួយស្ថាប័នឆ្លើយតបឧប្បត្តិហេតុសន្តិសុខរបស់ប្រទេសកាណាដា និងឡេតូនី លីទុយអានី រួមជាមួយកងកម្លាំងការពារប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេស និងនៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់រាប់សិបប្រទេសនៅអាមេរិកឡាទីន និងការាបៀន។

ក្រុមនេះក៏ធ្វើបេសកកម្ម Hunt Forward ជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកផងដែរ នេះបើយោងតាមរបាយការណ៍ឆ្នាំ 2021 «សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធឺណិតរបស់សម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក» ពីមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខសកល (CGSR) នៅមន្ទីរពិសោធន៍ជាតិ Lawrence Livermore ដែលជាស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍នៅរដ្ឋកាលីហ្វ័រញ៉ា ដែលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះសន្តិសុខជាតិ។ របាយការណ៍នេះបានកត់សម្គាល់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកទទួលយកវិធីសាស្រ្តដែលអាចបត់បែនបាន នៅពេលដែលបានផ្តល់សិទ្ធិចូលប្រើបណ្តាញដៃគូដោយផ្អែកលើការអនុគ្រោះរបស់សម្ព័ន្ធមិត្តសម្រាប់ការបង្ហាញជាសាធារណៈនូវកិច្ចសហប្រតិបត្តិការតាមអ៊ីនធឺណិត។

អ្នក​ជំនាញ​បានលើកឡើងថា ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត​ចម្បង​របស់​តំបន់​នេះគឺចេញមកពីសាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ដោយមាន​ប្រទេសកូរ៉េ​ខាង​ជើង រុស្ស៊ី និង​អ៊ីរ៉ង់តាមពីក្រោយ។ CGSR ដកស្រង់យកសកម្មភាពតាមអ៊ីនធឺណិតមួយចំនួនដែលឧបត្ថម្ភដោយ PRC ដែលពាក់ព័ន្ធនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ការជ្រៀតជ្រែកការបោះឆ្នោត ការលួចកម្មសិទ្ធិបញ្ញា និងការប៉ុនប៉ងក្នុងឧបាយកលនយោបាយនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក។ ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងថានឹងធ្វើការសងសឹកបានធ្វើឱ្យប្រទេសមួយចំនួនមានការស្ទាក់ស្ទើរក្នុងការចងក្រងជាសាធារណៈនូវសកម្មភាពតាមអ៊ីនធឺណិតដ៏អាក្រក់របស់ PRC ឬដើម្បីអនុវត្តគោលនយោបាយសន្តិសុខតាមអ៊ីនធឺណិតដោយកម្លាំងបាយ។ CGSR បានព្រមានថា ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក «មិនមានពេលវេលាសម្រាប់ភាពទំនេរអ្វីនោះទេ»។ «ផលវិបាកនៃការរង់ចាំដំណោះស្រាយសុវត្ថិភាពតាមអ៊ីនធឺណិតផ្នែកការទូត ផ្តល់លទ្ធផលអវិជ្ជមានដល់អត្ថប្រយោជន៍នៃការស្វែងរកមូលដ្ឋានរួមគ្នាក្នុងរយៈពេលខ្លី។» របាយការណ៍នេះបានកត់សម្គាល់ថា គោលដៅដែលអាចសម្រេចបានគឺសម្រាប់សម្ព័ន្ធមិត្ត និងដៃគូដើម្បីឈានទៅដល់កម្រិតនៃកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតដែលបង្ហាញដល់សត្រូវឱ្យឃើញថា «ដើម្បីផ្តួលនរណាម្នាក់ក្នុងចំណោមពួកយើង អ្នកត្រូវតែផ្តួលយើងទាំងអស់គ្នាសិន»។  

នៅឯ LANPAC លោកស្រីឧត្តមសេនីយ៍ឯក Maria Barrett អគ្គបញ្ជាការនៃបញ្ជាការអ៊ិនធឺណិតរបស់កងទ័ពអាមេរិកបានគូសបញ្ជាក់ពីការតភ្ជាប់រវាងសង្គ្រាមអ៊ីនធឺណិត និងព័ត៌មាន ហើយតួនាទីកិច្ចសហប្រតិបត្តិការអន្តរជាតិអាចដើរតួក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានដែលត្រូវបានយកមកប្រើជាអាវុធនោះ។ លោកស្រីបានឱ្យដឹងថា កងកម្លាំងដែលធ្វើការរួមគ្នាដើម្បីយល់ពីមូលដ្ឋាននៃឥទ្ធិពលបង្ខូចកេរ្តិ៍ឈ្មោះពីបរទេសថាមានប្រភពមកពីណា និងរបៀបដែលវាកាន់កាប់ មិនត្រឹមតែមានភាពធន់នឹងសង្គ្រាមព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតក្នុងលទ្ធភាពល្អប្រសើរជាងមុនក្នុងការប្រឆាំងនឹងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះផងដែរ។ «ភាពជាដៃគូដែលយើងអភិវឌ្ឍត្រូវតែស្ថិតស្ថេរ ហើយត្រូវតែពិតប្រាកដ … ដើម្បីបដិសេធ និងបន្ទាបប្រសិទ្ធភាពនៃការគំរាមកំហែងដល់អធិបតេយ្យភាពទឹកដីជាមួយនឹងអ្វីដែលយើងកំពុងធ្វើនេះ។»

បុគ្គលិកអូស្ត្រាលី និងអាមេរិកចូលរួមក្នុងសមយុទ្ធ Cyber Flag 23-1 នៅរដ្ឋ Virginia។ ចក្របាលទោ លោក JON DASBACH/កងទ័ពជើងទឹកអាមេរិក

ការធ្វើសមាហរណកម្មកម្រិតខ្ពស់

យោងតាមលោក James Lewis អនុប្រធានជាន់ខ្ពស់ និងជានាយកកម្មវិធីយុទ្ធសាស្ត្របច្ចេកវិទ្យានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឱ្យដឹងថា អ៊ុយក្រែនគឺជាជម្លោះធំទីមួយរបស់ពិភពលោកដែលពាក់ព័ន្ធនឹងប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ។ ការការពារតាមអ៊ីនធឺណិតដែលរួមបញ្ចូលគ្នារវាងស្ថាប័នជាតិ បរទេស រដ្ឋាភិបាល និងឯកជន អនុញ្ញាតឱ្យអ៊ុយក្រែនត្រួតពិនិត្យការវាយប្រហារ ទប់ស្កាត់តួអង្គអាក្រក់ និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះ។ លោក Lewis បានសរសេរ «មេរៀន» នៅក្នុងឯកសារត្រួតពិនិត្យឡើងវិញឆ្នាំ 2022 ដែលបោះពុម្ពផ្សាយដោយស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅអាមេរិក «គឺដើម្បីបង្កើតទំនាក់ទំនង និងរួមបញ្ចូលដៃគូរតាមរយៈសកម្មភាពដែលលើសពីការប្រជុំ និងសិក្ខាសាលា ដើម្បីរួមបញ្ចូលការធ្វើផែនការ និងសមយុទ្ធឱ្យបានល្អមុនពេលមានការវាយប្រហារណាមួយ។»

សមយុទ្ធ Cyber Flag ប្រចាំឆ្នាំរបស់ USCYBERCOM ជាការផ្តល់ឱកាសបែបនេះ។ សមយុទ្ធ Cyber Flag 23-1 ដែលត្រូវបានធ្វើឡើងនៅរដ្ឋ Virginia នៅចុងឆ្នាំ 2022 និងផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក នាំមកនូវសម្ព័ន្ធមិត្ត និងដៃគូសម្រាប់ «ការហ្វឹកហាត់ដោយដៃលើក្តារចុច» ជាក់ស្តែងក្នុងការស្វែងរក កំណត់អត្តសញ្ញាណ និងកាត់បន្ថយវត្តមានរបស់សត្រូវនៅលើបណ្តាញឌីជីថល។ ដោយត្រូវបានរចនាឡើងដើម្បីពង្រឹងការត្រៀមខ្លួន និងអន្តរប្រតិបត្តិការក្នុងវិស័យការពារតាមប្រព័ន្ធអ៊ីនធឺណិត សមយុទ្ធ Cyber Flag 23-1 រួមមានអ្នកជំនាញជាង 250 នាក់មកពីប្រទេសអូស្ត្រាលី បារាំង ជប៉ុន នូវែលសេឡង់ សិង្ហបុរី កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងបញ្ជាការតាមអ៊ីនធឺណិតរបស់កងទ័ពជើងទឹក និងកងម៉ារីនអាមេរិក។ បន្ថែមពីលើសិក្ខាសាលាផ្ដោតលើកម្មវត្ថុរយៈពេលពីរថ្ងៃ និងការធ្វើ
សេណារីយ៉ូក្នុងកិច្ចពិភាក្សា ដែលព្រឹត្តិការណ៍នេះរួមមានការសង្ខេប ការពិភាក្សាស្ដីពីការសម្របសម្រួល និងវគ្គផ្សេងៗស្តីពីអ៊ីនធឺណិតនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលជាលើកទីមួយហើយដែលព្រឹត្តិការណ៍នេះបានសង្កត់ធ្ងន់លើតំបន់។

សមយុទ្ធ Balikatan ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងហ្វ៊ីលីពីនបានចាប់ផ្តើមសមយុទ្ធការពារតាមអ៊ីនធឺណិត (CYDEX) នៅក្នុងខែមេសា ឆ្នាំ 2023។ អ្នកជំនាញខាងលំហអ៊ីនធឺណិតមកពីកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន និងយោធាសហរដ្ឋអាមេរិកបានប្រើប្រាស់វេទិកាអន្តរកម្មមួយនៅឯ Camp Aguinaldo នៅខាងក្រៅទីក្រុងម៉ានីល ដើម្បីការពារបណ្តាញយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីតួអង្គអាក្រក់ដែលក្លែងធ្វើសកម្មភាពនៅក្នុងលំហអ៊ីនធឺណិត។ ក្នុងចំណោមបញ្ហាប្រឈមនានា គឺការយល់ដឹងអំពីនីតិវិធីប្រើប្រាស់ដោយដៃគូ និងវិធីសាស្រ្តរួមបញ្ចូលគ្នាទៅក្នុងការការពារលំហអ៊ីនធឺណិតដោយជោគជ័យ។ វរនាវីទោនៃកងទ័ពជើងទឹកហ្វ៊ីលីពីន លោក Reynan Carrido បានថ្លែងប្រាប់ទៅកាន់ទស្សនាវដ្តី FORUM ក្នុងអំឡុងពេលសមយុទ្ធ Balikatan ថា៖ «ប្រទេសផ្សេងទៀតដែលចូលរួមក្នុងសមត្ថភាពសង្គ្រាមតាមអ៊ីនធឺណិតប្រភេទនេះ ពួកគេអាចធ្វើឱ្យមនុស្សពិការបានដោយមិនចាំបាច់បាញ់កាំភ្លើងនោះឡើយ»។ «អ៊ិនធឺណិតអាច​ត្រូវ​បាន​ប្រើ​ជា​ទម្រង់​នៃ​សង្រ្គាម​ដែល​អាច​ធ្វើ​ឱ្យសេដ្ឋកិច្ច​របស់​រដ្ឋ​មួយ​ទៀត​ត្រូវបានខូច​ខាត។ សេណារីយ៉ូនៅក្នុង [CYDEX] មាននៅក្នុងពិភពលោកបច្ចុប្បន្ន ហើយចាំបាច់ត្រូវតែដោះស្រាយ»។

ភាពជាដៃគូសន្តិសុខតាមអ៊ីនធឺណិតផ្សេងទៀតកំពុងមានភាពចាស់ទុំនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ យោធារបស់ប្រទេសថៃបានចូលរួមជាមួយសហរដ្ឋអាមេរិកអស់រយៈពេលប្រាំឆ្នាំ ដើម្បីផ្តល់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតក្នុងអំឡុងពេលសមយុទ្ធពហុភាគី Cobra Gold។ សមយុទ្ធតាមអ៊ីនធឺណិតនៅខែមីនា ឆ្នាំ 2023 នៅ Camp Red Horse របស់ប្រទេសថៃក៏មានប្រទេសចូលរួមមកពីប្រទេសអូស្ត្រាលី ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។ សមយុទ្ធនាពេលថ្មីៗនេះបានផ្តោតលើការការពារបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ លោកវរសេនីយ៍ទោ Jason Silves ដែលជាប្រធានសមយុទ្ធបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា ការហ្វឹកហ្វឺននេះជំរុញការសម្រេចចិត្តដែលអាចបង្កើនប្រសិទ្ធភាព។ គាត់​បាន​លើកឡើង​ថា៖ «និយាយដោយស្មោះត្រង់មានសំណួរដែលយើងត្រូវសួរ និងដោះស្រាយឥឡូវនេះនៅក្នុងសមយុទ្ធនានា. … នៅ​ពេលដែល​ជម្លោះ​កើត​ឡើង យើង​នឹង​មាន​បេសកកម្ម​នោះ»។

ប្រជាជាតិនានានៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះក៏កំពុងបង្កើតក្របខ័ណ្ឌរួមគ្នាសម្រាប់ការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតផងដែរ។ អូស្ត្រាលី ចក្រភពអង់គ្លេស និងអាមេរិកបានសន្យានឹងរួមគ្នាដើម្បីការពារប្រព័ន្ធទំនាក់ទំនង និងប្រតិបត្តិការសំខាន់ៗ។ ដៃគូកិច្ចសន្ទនាសន្តិសុខចតុភាគី អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិកបានប្តេជ្ញាចិត្តក្នុងការសហការ និងការចែករំលែកព័ត៌មាននៅក្នុងដែនអ៊ីនធឺណិត។ ប្រទេសទាំងបួនកំពុងបង្កើតប្រព័ន្ធមួយដើម្បីចែករំលែករបាយការណ៍ភ្លាមៗអំពីការវាយប្រហារតាមអ៊ីនធឺណិត និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នៅ LANPAC អ្នកជំនាញការពារតាមអ៊ីនធឺណិតក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃប្រជាជាតិនានាដែលកំពុងអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួម មុនពេលដែលតួអង្គព្យាបាទកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធ ឬប្រើប្រាស់ឧបករណ៍តាមអ៊ីនធឺណិតដើម្បីប្រើប្រាស់និទានកថាមិនពិតឱ្យទៅជាអាវុធ។ ប្មេបញ្ជា​ការរង​នៃទីបញ្ជាការ USCYBERCOM លោក Hartman បានលើកឡើងថា៖ «ប្រសិនបើយើង​រួម​គ្នា​នឹង​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ការ​គំរាម​កំហែង ដែលមិនត្រឹមតែនៅក្នុងកម្រិតតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ វានឹងចាប់យកភាពជាដៃគូ… ក្នុងចំណោមមនុស្សដែលមានទេពកោសល្យដែលមកពីគ្រប់ប្រទេសរបស់យើង»។ «ពេលវេលា​ដើម្បី​ដោះស្រាយទៅនឹង​ការ​គំរាម​កំហែង និង​ធ្វើ​ការ​ជាមួយ​គ្នា​គឺ​ឥឡូវ​នេះ»។  


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button