តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូ

ទីក្រុងហាណូយ ទីក្រុងម៉ានីលបង្កើនការយល់ដឹងអំពីដែនសមុទ្រ កិច្ចសហប្រតិបត្តិការសមុទ្រចិនខាងត្បូង

Maria T. Reyes

អ្នកវិភាគបានលើកឡើងថា ជំហានថ្មីៗរបស់ហ្វ៊ីលីពីន និងវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាចពង្រីកការយល់ដឹងអំពីដែនសមុទ្រ និងជួយធានាឱ្យមានសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅសមុទ្រចិនខាងត្បូងនៅចំពេលដែលទីក្រុងប៉េកាំងធ្វើយោធូបនីយកម្មលើផ្លូវទឹកជាយុទ្ធសាស្ត្រ។

ប្រជាជាតិអាស៊ីអាគ្នេយ៍បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ និងដើម្បី «លើកកម្ពស់ភាពជឿជាក់ ទំនុកចិត្ត ព្រមទាំងការយល់ដឹងតាមរយៈកិច្ចសន្ទនា និងសកម្មភាពសហប្រតិបត្តិការ»។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. ទៅកាន់ទីក្រុងហាណូយកាលពីចុងខែមករា ឆ្នាំ 2024 នេះ។

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ស្វាគមន៍ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. នៅទីក្រុងហាណូយកាលពីខែមករា ឆ្នាំ 2024។ ប្រជាជាតិទាំងពីរបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងទប់ស្កាត់ឧប្បត្តិហេតុក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។
ប្រភពវីដេអូ៖ សារព័ត៌មាន REUTERS

ក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh លោក Marcos បានមានប្រសាសន៍ថា ប្រទេសរបស់លោកប្តេជ្ញាចិត្តធ្វើជាដៃគូជាមួយវៀតណាមដែលជា «រដ្ឋមានផ្នត់គំនិតដូចគ្នា»។

លោកបានមានប្រសាសន៍ទៀតថា៖ «ក្នុងនាមជាប្រទេសដែនសមុទ្រ យើងចែករំលែកការវាយតម្លៃស្រដៀងគ្នាចំពោះស្ថានភាពបច្ចុប្បន្ននៃបរិយាកាសក្នុងតំបន់របស់យើងជាមួយនឹងប្រទេសដែនសមុទ្រផ្សេងទៀត»។ «ប្រទេសរបស់យើងមានតួនាទីដ៏សំខាន់ក្នុងការបង្កើតសុន្ទរកថាស្តីពីសន្តិសុខក្នុងតំបន់ និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់»។

ប្រទេស​ទាំង​នោះ​បាន​ប្រជែង​គ្នា​ទាមទារ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរទៅដោយ​ធនធាន​ ដែលក៏ជា​ផ្លូវ​ពាណិជ្ជកម្ម​សកល​ដ៏​សំខាន់ផងដែរ។ ប្រទេសទាំងពីរមានការប្រឈមមុខដ៏តានតឹងជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងសមុទ្រនោះ ដែលទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុង ដែលជាការជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលសម្រេចថាការទាមទារនេះមិនមានមូលដ្ឋានផ្លូវច្បាប់ឡើយ។

លោក Marcos បានកត់សម្គាល់ឃើញថា វៀតណាមគឺជា «ដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វ៊ីលីពីន» នៅអាស៊ីអាគ្នេយ៍ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដែនសមុទ្រគឺជាមូលដ្ឋានគ្រឹះទៅរកទំនាក់ទំនងនេះ។

លោក Don McLain Gill អ្នកវិភាគភូមិសាស្ត្រនយោបាយដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា អនុស្សរណៈនៃការយោគយល់គ្នានាពេលថ្មីៗនេះរបស់ប្រទេសទាំងពីរអាច «ត្រួសត្រាយផ្លូវសម្រាប់ការកសាងទំនុកចិត្ត ការយល់ដឹងអំពីដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរប្រតិបត្តិកាន់តែរឹងមាំ ដោយមិនត្រឹមតែធ្វើឱ្យមានស្ថិរភាពលក្ខខណ្ឌនៅតាមព្រំដែនសមុទ្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្តានុពលរួមចំណែកក្នុងការធានាថា សមុទ្រចិនខាងត្បូងទាំងមូលនៅតែបើកចំហ និងផ្អែកលើច្បាប់នៅចំពេលដែលចិនមានក្តីប្រាថ្នាចង់បិទសមុទ្រនេះ ហើយបានធ្វើយោធូបនីយកម្មដោយមិនមានភាពស៊ីមេទ្រី»។

លោកបានលើកឡើងថា៖ «ពីទស្សនវិស័យរបស់ទីក្រុងម៉ានីល នេះគឺជាការតំណាងឱ្យបំណងប្រាថ្នាប្រកបដោយភាពជាប់លាប់ និងបុរេសកម្មដោយរដ្ឋបាលរបស់លោក Marcos Jr. ដើម្បីបំបែកចេញពីភាពជាប់គាំងដ៏យូរអង្វែងដែលយើងបានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែទីក្រុងប៉េកាំងមិនមានឆន្ទៈក្នុងការសហការ ដើម្បីសន្តិភាពនៃដែនសមុទ្រ»។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្នុងនោះមានទីក្រុងហាណូយ និងទីក្រុងម៉ានីលជាសមាជិក និង PRC បានចរចាអំពីក្រមសីលធម៌សម្រាប់សមុទ្រចិនខាងត្បូងអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកវិភាគអះអាងថា ទីក្រុងប៉េកាំងកំពុងពន្យារពេលដំណើរការនេះ ដោយសារបារម្ភថា កិច្ចព្រមព្រៀងបែបនេះអាចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទាមទារដែនសមុទ្ររបស់ខ្លួន។

កិច្ចព្រមព្រៀងរវាងហ្វ៊ីលីពីន និងវៀតណាមខិតជិតដល់ក្រមប្រតិបត្តិទ្វេភាគី។ នៅចុងឆ្នាំ 2023 លោក Marcos បានលើកឡើងពីការពិភាក្សារបស់ទីក្រុងម៉ានីលជាមួយម៉ាឡេស៊ី និងវៀតណាមទាក់ទងនឹងក្រមប្រតិបត្តិដាច់ដោយឡែក។ លោក​បាន​មាន​ប្រសាសន៍​អំពី​កិច្ច​ព្រម​ព្រៀង​ជាមួយ​ទីក្រុង​ហាណូយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​យើង​អាច​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​ឱ្យបាន​លឿន​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន»។

លោក Gill បានលើកឡើងទៀតថា កិច្ចព្រមព្រៀងជាមួយនឹងប្រទេសវៀតណាមគឺជា «ជំហានដ៏អស្ចារ្យមួយឆ្ពោះទៅរកគោលដៅនោះ ហើយប្រហែលជាយើងអាចធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងលក្ខណៈបែបនេះនាពេលអនាគតរវាងប្រទេសហ្វ៊ីលីពីន និងម៉ាឡេស៊ីផងដែរ»។

លោកបានបន្ថែមទៀតថា៖ «មានចក្ខុវិស័យរួមគ្នានៅក្នុងបណ្តាប្រទេសអាស៊ានឆ្ពោះទៅរក្សាសន្តិភាពផ្អែកលើច្បាប់អន្តរជាតិនៅក្នុងដែនសមុទ្ររបស់អាស៊ីអាគ្នេយ៍»។ «ដូច្នេះ គោលដៅរួមនេះបានដើរតួនាទីជាមូលដ្ឋានគ្រឹះវិជ្ជមានសម្រាប់ភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី រួមជាមួយនឹងអវត្តមាននៃមហិច្ឆតាវាតទីនិយម»។

Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button