ដៃគូ ឥណ្ឌូប៉ាស៊ីហ្វិក ពង្រឹងចំណងមិត្តភាពសន្តិសុខនៅចំពេលមានភាពតានតឹងពី PRC និងកូរ៉េខាងជើង
ទីប្រឹក្សាសន្តិសុខជាតិសម្រាប់ប្រទេសជប៉ុន ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចារួមគ្នាលើកដំបូងរបស់ខ្លួននៅខែមិថុនាឆ្នាំ 2023 ហើយបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈដែលដៃគូឥណ្ឌូប៉ាស៊ីហ្វិកពង្រឹងសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងដោយសារកូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងការឈ្លានពានដោយមិនញញើតរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបន្ថែមទៀតថា មន្ត្រីទាំងបីរូបបានពិភាក្សាគ្នាអំពី «បរិយាកាសសន្តិសុខក្នុងតំបន់ដែលមានភាពច្របូកច្របល់ និងរបៀបដែលយើងអាចធ្វើការរួមគ្នាដើម្បីបង្កើនសន្តិភាព និងស្ថិរភាព» នៅក្នុងតំបន់ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខសេដ្ឋកិច្ច។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក Sullivan លោក Takeo Akiba មកពីប្រទេសជប៉ុន និងលោក Eduardo Ano មកពីប្រទេសហ្វ៊ីលីពីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ការកសាងសម្ព័ន្ធភាពរវាងជប៉ុន និងអាមេរិក និងហ្វ៊ីលីពីន និងអាមេរិក ដែលមានរយៈពេលយូរ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់។
លោក Sullivan បានមានប្រសាសន៍ថា ក្របខ័ណ្ឌថ្មីពង្រឹងពហុសម្ព័ន្ធភាពដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមទាំងកិច្ចសហប្រិតបិត្តិការបីផ្លូវជាមួយនឹងជប៉ុន និងកូរ៉េខាងត្បូង ហើយភាពជាដៃគូនៃកិច្ចសន្ទនា Quad ជាមួយនឹងអូស្រ្តាលី ឥណ្ឌា និងជប៉ុន។
ទីប្រឹក្សាសន្តិសុខជាតិបានលើកឡើងថា ពួកគេក៏បានជួបពិភាក្សាផងដែរអំពីសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងដែនទឹកឥណ្ឌូប៉ាស៊ីហ្វិក ហើយបានព្រមព្រៀងក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យកាន់តែស៊ីជម្រៅនៅក្នុងជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។
នៅក្នុងខែធ្នូ ឆ្នាំ 2022 ប្រទេសជប៉ុនបានអនុម័តយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីមួយ ដែលអំពាវនាវឱ្យបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងរហូតដល់ 310 ពាន់លានដុល្លារដល់ឆ្នាំ 2027 រួមទាំងសម្រាប់ការអភិវឌ្ឍសមត្ថភាពប្រឆាំងការវាយប្រហារ។
ជប៉ុនក៏នឹងផ្តល់ជំនួយផ្នែកសន្តិសុខសម្រាប់យោធាដទៃទៀតផងដែរ ហើយទំនងជាផ្គត់ផ្គង់ឧបករណ៍មិនបង្កឱ្យស្លាប់មនុស្សដែលផលិតដោយជប៉ុនដូចជា រ៉ាដា អង់តែន ទូកល្បាត និងការកែលម្អផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសហ្វ៊ីលីពីនជាបេក្ខជនដែលត្រូវទទួលបានជំនួយទាំងនោះ។ The Associated Press
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។