ការប្រកាន់ខ្ជាប់នូវបទដ្ឋាន អន្តរជាតិ
សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូលើកកម្ពស់សុវត្ថិភាពផ្លូវអាកាស ចំពេលមានការស្ទាក់ចាប់ដោយព្រហើនឥតកោតក្រែង របស់ទីក្រុងប៉េកាំង
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ខាងមន្ត្រីបានលើកឡើងថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនរំដោះប្រជាជន (PLAAF) បានស្ទាក់ចាប់យន្តហោះរបស់កងកម្លាំងប្រដាប់អាវុធកាណាដាប្រភេទ CP-140 Aurora ជាច្រើនដងនៅក្នុងដែនអាកាសអន្តរជាតិក្នុងខែតុលា ឆ្នាំ 2023 ក្នុងលក្ខណៈ «គ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន» ប៉ុន្តែនេះក៏ជាឧទាហរណ៍មួយទៀតនៃការមិនយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងសុវត្ថិភាពអាកាសយានិកផងដែរ។
សកម្មភាពដែលមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈបែបនេះ ប្រថុយនឹងការប៉ះទង្គិចគ្នានៅកណ្តាលអាកាស និងកាន់តែអាក្រក់ទៅៗ។ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិថ្លែងពន្យល់ថា ការស្ទាក់ចាប់ដែលមិនមានលក្ខណៈស្តង់ដាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំជាងមុនដោយ
សាធារណរដ្ឋប្រជាមានិតចិន (PRC) ដើម្បីអះអាងការគ្រប់គ្រងដែនសមត្ថកិច្ច
ហួសហេតុនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសលើសមុទ្រចិនខាងត្បូង។
ឧត្តមសេនីយ៍ទោ លោក Iain Huddleston នៃកងទ័ពអាកាសកាណាដា បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះល្បាតផងដែរនោះ នៅពេលដែលយន្តហោះចម្បាំង PLAAF ប្រដាប់ដោយមីស៊ីលពីអាកាសទៅអាកាសបានចូលមកជិតក្នុងចម្ងាយ 5 ម៉ែត្រថា៖ «យើងមានភាពរឹងមាំនៅក្នុងដែនអាកាសអន្តរជាតិ»។ យន្តហោះប្រភេទ CP-140 Aurora ស្ថិតលើការល្បាតជាប្រចាំ ដើម្បីត្រួតពិនិត្យផ្លូវដឹកជញ្ជូននៅសមុទ្រចិនខាងកើត ចំពោះការរំលោភលើទណ្ឌកម្មប្រេងអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង។ លោក Huddleston បានលើកឡើងថា៖ «ឧប្បត្តិហេតុចុងក្រោយនោះគឺជាការស្ទាក់ចាប់ដែលគ្មានវិជ្ជាជីវៈ។ … វាគឺជាការឈ្លានពានយ៉ាងខ្លាំង»។
យោងតាមសារព័ត៌មាន CBC News ដែលជាសេវាកម្មព័ត៌មានសាធារណៈរបស់ប្រទេសកាណាដាបានរាយការណ៍ថា អនុសេនីយ៍ឯក លោក Rob Watt ដែលជាអនុព័ន្ធកងទ័ពជើងទឹកកាណាដាប្រចាំនៅប្រទេសជប៉ុនក៏បានស្ថិតនៅលើនោះផងដែរ។
ការស្ទាក់ចាប់គ្មានស្តង់ដាទៅលើយន្តហោះរបស់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូដោយ PLAAF របស់ចិនគឺកាន់តែញឹកញាប់ឡើង។ ការស្ទាក់ចាប់យ៉ាងជិតបែបនេះ ត្រូវបានធ្វើឡើងយូរជាងការចាំបាច់ ដើម្បីកំណត់អត្តសញ្ញាណយន្តហោះ បង្កើតបានជាទម្រង់នៃការយាយីតំបន់ប្រទាញប្រទង់ ដែលបង្កើតហានិភ័យដែលមិនគួរឱ្យកើតមានសម្រាប់ក្រុមនាវិក ក៏ដូចជាយន្តហោះភាគីទីបីនៅក្នុងបរិវេណនោះផងដែរ។
មួយថ្ងៃបន្ទាប់ពីឧប្បត្តិហេតុកាណាដា មន្ត្រីការពារជាតិអាមេរិកបានលើកឡើងថា ពួកគេបានចងក្រងឯកសារជាង 180 ករណីបែបនេះអំពីអាកប្បកិរិយា «បង្ខិតបង្ខំ និងប្រថុយប្រថាន» ដោយអាកាសយានិកយោធាចិនប្រឆាំងនឹងយន្តហោះអាមេរិកនៅលើសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ចាប់តាំងពីឆ្នាំ 2021 ច្រើនជាងចំនួនសរុបក្នុងអំឡុងពេលទសវត្សរ៍មុន។ លោក Ely Ratner រដ្ឋលេខាធិការនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកសម្រាប់កិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 17 ខែតុលា ថា៖ «នោះគឺជិត 200 ករណី ដែលប្រតិបត្តិកររបស់ PLA បានធ្វើសមយុទ្ធដោយមិនមានការកោតក្រែង បញ្ចេញបំណែកអាលុយមីញ៉ូមតូចៗ ឬបាញ់ផ្កាភ្លើង ឬហោះចូលទៅក្បែរយន្តហោះអាមេរិកយ៉ាងលឿន ឬកៀកខ្លាំងពេក ដែលទាំងអស់ជាផ្នែកនៃការព្យាយាមជ្រៀតជ្រែកដល់សមត្ថភាពរបស់កងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រតិបត្តិការដោយសុវត្ថិភាពនៅកន្លែងនានា ដែលជាកន្លែងដែលយើង និងគ្រប់ប្រទេសក្នុងពិភពលោកមានសិទ្ធិគ្រប់បែបយ៉ាងដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ»។ «ហើយនៅពេលដែលអ្នកគិតអំពីករណីស្ទាក់ចាប់ដោយបង្ខិតបង្ខំ និងប្រកបដោយគ្រោះថ្នាក់របស់ PLA ដើម្បីប្រឆាំងនឹងរដ្ឋផ្សេងទៀតនោះ ចំនួននៃករណីទាំងនោះកើនឡើងដល់ជិត 300 ករណីក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះដែលជាករណីប្រឆាំងនឹងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងយន្តហោះដៃគូ»។
មន្ត្រីសហរដ្ឋអាមេរិកបានចេញផ្សាយរូបភាព និងវីដេអូដែលទើបនឹងបានបង្ហាញជាសាធារណៈថ្មីៗនេះពីអ្នកបើកយន្តហោះចម្បាំង PLAAF ដែលព្យាយាមបំភិតបំភ័យអ្នកបើកយន្តហោះយោធាអាមេរិកនៅក្នុងដែនអាកាសអន្តរជាតិ ក្នុងករណីខ្លះហោះហើរក្នុងចន្លោះ 7 ម៉ែត្រនៃយន្តហោះ។ លោក Ratner បានលើកឡើងថា៖ «វាជាយុទ្ធនាការបែបមជ្ឈការ និងរួបរួមព្រមព្រៀង ដើម្បីអនុវត្តអាកប្បកិរិយាប្រកបដោយគ្រោះថ្នាក់ទាំងនេះ ដើម្បីបង្ខិតបង្ខំឱ្យមានការផ្លាស់ប្តូរសកម្មភាពប្រតិបត្តិការស្របច្បាប់របស់សហរដ្ឋអាមេរិក»។
ប្រជាជាតិទាំងអស់អាចធ្វើប្រតិបត្តិការតាមផ្លូវអាកាស រួមទាំងសកម្មភាពឃ្លាំមើលស្របច្បាប់នៅក្នុងដែនអាកាសអន្តរជាតិ ក្នុងគោលបំណងស្វែងយល់ពីបរិយាកាសប្រតិបត្តិការ រក្សាការត្រៀមខ្លួន លើកកម្ពស់សេរីភាពនាវាចរណ៍ ព្រមទាំងកំណត់អត្តសញ្ញាណ និងកាត់បន្ថយការគំរាមកំហែង នេះបើយោងតាមអ្នកជំនាញផ្នែកច្បាប់។ ការស្ទាក់ចាប់មិនមានស្តង់ដាជាញឹកញាប់របស់ PLAAF រារាំង និងរំលោភលើសេរីភាពនាវាចរណ៍។
កងទ័ពជើងទឹកអាមេរិក លោកឧត្តមនាវី John Aquilino មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក (USINDOPACOM) បានថ្លែងនៅសន្និសីទសារព័ត៌មានថា PLAAF «អាច និងត្រូវតែបញ្ឈប់អាកប្បកិរិយានេះ គឺបញ្ឈប់ទាំងស្រុង»។
យ៉ាងណាក៏ដោយ មួយសប្តាហ៍ក្រោយមក អ្នកបើកយន្តហោះ PLAAF J-11 បានហោះហើរប្រកបដោយដ៏គ្រោះថ្នាក់កាត់យន្តហោះ B-52 របស់កងទ័ពអាកាសអាមេរិក ដែលធ្វើប្រតិបត្តិការស្របច្បាប់ និងជាប្រចាំនៅសមុទ្រចិនខាងត្បូងនោះ។ USINDOPACOM បានលើកឡើងដោយកត់សម្គាល់ថា អ្នកបើកយន្តហោះរបស់ PLAAF ហាក់ដូចជាមិនដឹងថា គេមកកៀកដែលអាចបណ្តាលឱ្យបុកទង្គិចគ្នានោះទេ។ អ្នកបើកយន្តហោះយោធាចិន «បានហោះហើរក្នុងលក្ខណៈគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ បានបង្ហាញពីភាពទន់ខ្សោយនៃសមត្ថភាពរបស់អ្នកបើកបរដោយចូលកៀកដោយល្បឿនលើសកំណត់ដែលមិនអាចគ្រប់គ្រងបាន ដោយហោះហើរខាងក្រោម ពីមុខ និងក្នុងចម្ងាយ 10 ហ្វីតពី B-52 ដែលធ្វើឱ្យយន្តហោះទាំងពីរនេះងាយនឹងមានគ្រោះថ្នាក់ដោយការប៉ះទង្គិច»។
បន្ថែមពីលើការបង្កើតលក្ខខណ្ឌមិនមានសុវត្ថិភាព និងបង្កើនហានិភ័យចំពោះយន្តហោះ ដែលកំពុងដំណើរការដោយស្របច្បាប់ PLAAF ធ្វើការស្ទាក់ចាប់នេះគឺផ្ទុយពីអនុសាសន៍អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1947 ដើម្បីផ្តល់ការណែនាំសម្រាប់ប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃយន្តហោះនៅក្នុងដែនអាកាសអន្តរជាតិ រួមទាំង ការស្ទាក់ចាប់យន្តហោះស៊ីវិលដោយយន្តហោះរដ្ឋ។ អនុសាសន៍នេះរួមបញ្ចូលទាំងការរក្សាចម្ងាយឱ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិច។ វិជ្ជាជីវៈត្រូវបានកំណត់លក្ខណៈដោយការធ្វើសកម្មភាពដែលមិនបង្កហេតុ និងជំនាញបើកយន្តហោះត្រឹមត្រូវ ដែលជៀសវាងពីសកម្មភាព សម្តី ឬកាយវិការដែលឈ្លានពានហួសហេតុ។ PRC គឺជារដ្ឋសមាជិកនៃក្រុមប្រឹក្សា ICAO ដែលគ្រប់គ្រងអង្គការនេះ។
ទោះបីជាច្បាប់របស់ ICAO មិនគ្រប់គ្រងការប៉ះទង្គិចគ្នាតាមផ្លូវអាកាសរបស់យោធាក៏ដោយ ក៏ពួកគេបម្រើជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីអាកប្បកិរិយាធម្មតា និងសុវត្ថិភាពទូទាំងពិភពលោក។ ការស្ទាក់ចាប់របស់ PRCគឺផ្ទុយទៅនឹងអនុស្សរណៈនៃការយោគយល់ដែលខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ 2014 ដើម្បីដំណើរការក្នុងលក្ខណៈដែលស្របតាមអនុសញ្ញា ICAO និងគោលការពាក់ព័ន្ធក្នុងអំឡុងពេលការប៉ះទង្គិចគ្នាតាមអាកាស។
សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនបន្តលើកកម្ពស់តម្រូវការសម្រាប់ប្រទេសទាំងអស់ឱ្យគោរពតាមស្តង់ដាដែលទទួលស្គាល់ជាអន្តរជាតិសម្រាប់ការស្ទាក់ចាប់ពីលើអាកាស ដើម្បីធានាសុវត្ថិភាពបុគ្គលិក និងធនធាន និងរក្សាសិទ្ធិរបស់ប្រទេសនីមួយៗក្នុងប្រតិបត្តិការក្នុងដែនអាកាសអន្តរជាតិ រួមទាំងការឃ្លាំមើលផ្លូវច្បាប់ និងរក្សាសេរីភាពនៃការធ្វើនាវាចរណ៍។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។