ទស្សនៈសាកលអាស៊ីឥសាន / NEA

ការបាញ់បង្ហោះរ៉ុក្កែតរបស់ជប៉ុន ដែលជាការចុះចតលើឋានព្រះចន្ទ គឺជាការបង្កើនមហិច្ឆតាផ្នែកអវកាស

លោក Felix Kim

ប្រទេសជប៉ុនបានលើកកម្ពស់ស្ថានភាពរបស់ខ្លួនក្នុងនាមជាប្រទេសរុករកនៅទីអាវកាសតាមរយៈការបាញ់បង្ហោះរ៉ុក្កែត H3 ជំនាន់ក្រោយរបស់ខ្លួននៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ 2024 ហើយដោយក្លាយជាប្រទេសទីប្រាំ ដែលបានធ្វើការចុះចតនៅឋានព្រះចន្ទដោយជោគជ័យកាលពីមួយខែមុន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជប៉ុន រួមទាំងវិស័យការពារជាតិ ដោយបង្ហាញពីសមត្ថភាពផ្នែកបច្ចេកវិទ្យា និងរួមចំណែកដល់ការរារាំងនៅក្នុងលំហអវកាស។

យាន Smart Lander របស់ប្រទេសជប៉ុនសម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ ត្រូវបានមើលឃើញមុនពេលបាញ់បង្ហោះ និងនៅលើផ្ទៃព្រះចន្ទនៅចុងខែមករា ឆ្នាំ 2024។ ប្រទេសជប៉ុនក៏បានបាញ់បង្ហោះរ៉ុក្កែត H3 ពីមជ្ឈមណ្ឌលអវកាស Tanegashima ផងដែរកាលពីខែកុម្ភៈ។
ប្រភពវីដេអូ៖ ទូរទស្សន៍ NIPPON/សារព័ត៌មាន Reuters

រ៉ុក្កែត H3 បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ចម្ងាយប្រហែល 1 000 គីឡូម៉ែត្រ នៅភាគនិរតីទីក្រុងតូក្យូ ហើយបានដាក់ផ្កាយរណបពីរចូលទៅក្នុងគន្លងតារាវិថី។ យានបាញ់បង្ហោះនេះត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងក្រុមហ៊ុន Mitsubishi Heavy Industries (MHI)។ ការហោះហើរសាកល្បងអាចអនុញ្ញាតឱ្យកម្មវិធីនេះបន្តទៅប្រតិបត្តិការពាណិជ្ជកម្ម។

លោក Masayuki Eguchi ដែលជាប្រធានផ្នែកការពារជាតិ និងអវកាសរបស់ក្រុមហ៊ុនបានប្រាប់កាសែត Nikkei Asia របស់ប្រទេសជប៉ុនថា ក្រុមហ៊ុន MHI អាចផលិតរ៉ុក្កែត H3 ដល់ទៅប្រាំមួយក្នុងមួយឆ្នាំ ប៉ុន្តែគ្រោងនឹងបង្កើនសមត្ថភាពផលិតកម្មប្រចាំឆ្នាំដល់ចំនួន 10។

បេសកកម្ម H3 បានកើតឡើងបន្ទាប់ពីការចុះចតនៅឋានព្រះចន្ទដោយយាន Smart Lander for Investigating Moon (SLIM) របស់ប្រទេសជប៉ុនកាលពីចុងខែមករា។ យោងតាម JAXA បានឱ្យដឹងថា បន្ទាប់ពីការលំបាកដំបូងក្នុងការបង្កើតថាមពលដោយផ្ទាំងសូឡារបស់ខ្លួន យាន SLIM បានបញ្ជូនរូបភាព និងទិន្នន័យ ហើយបេសកកម្មទៅឋានព្រះចន្ទជាច្រើនទៀតត្រូវបានគ្រោងទុក។

SLIM ក៏មានផ្ទុករ៉ូបូត SORA-Q ដែលជារ៉ូបូតចុះចតនៅឋានព្រះចន្ទដែលបង្កើតដោយក្រុមហ៊ុន MHI និងក្រុមហ៊ុន Takara Tomy ដែលជាក្រុមហ៊ុនផលិតសម្ភារៈក្មេងលេង Transformer ដ៏ពេញនិយម។

លោកបណ្ឌិត Jeffrey Hornung អ្នកវិភាគវិស័យការពារជាតិនៅក្រុមហ៊ុន Rand Corp. បានប្រាប់ទស្សនាវដ្តី FORUM ថា ប្រទេសជប៉ុន «បានក្លាយជាតួអង្គសំខាន់មួយក្នុងវិស័យអវកាស»។ «នេះ​គឺជាវិស័យដ៏ល្អសម្រាប់​ប្រទេស​ជប៉ុន ព្រោះ​វាមានលក្ខណៈស៊ីវិល។ វា​មិន​ប៉ះពាល់​លើផ្នែក​យោធា​ណា​មួយ​ ដែលប្រទេស​ជប៉ុន​មាន​ការ​រឹតត្បិតនោះទេ។ វិស័យឯកជនបានចូលរួមយ៉ាងខ្លាំង ដោយមានមានក្រុមហ៊ុនទើបតែចាប់ផ្តើមមួយចំនួន ហើយដូច្នេះខ្ញុំគិតថាវាសំខាន់»។

លោក Hornung បានពន្យល់បន្តថា ប្រទេសជប៉ុនក៏កំពុងផ្តោតលើសមត្ថភាពការយល់ដឹងអំពីស្ថានភាពអវកាស ដើម្បីការពារធនធាននៅក្នុងអវកាសរបស់ខ្លួន និងដៃគូរបស់ខ្លួននៅទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ពីការវាយប្រហារប្រឆាំងផ្កាយរណបដែលអាចកើតមានឡើង និងកម្ទេចកម្ទីនៅក្នុងអវកាសដ៏គ្រោះថ្នាក់។

លោកបានថ្លែងថា៖ «ការយល់ដឹងអំពីស្ថានភាពអវកាសមានអត្ថប្រយោជន៍ក្នុងវិស័យការពារជាតិ ពីព្រោះអ្នកអាចធ្វើអ្វីៗទាំងអស់ដែលអ្នកចង់ធ្វើ ហើយគ្រាន់តែតាមដានពីទីតាំងដែលបច្ចាមិត្ដរបស់អ្នកស្ថិតនៅជាការស្រេច ប៉ុន្តែមិនមានពាក់ព័ន្ធនឹងសមត្ថភាពកម្ទេចនោះទេ»។

ទោះបីជាទីភ្នាក់ងាររុករកអវកាសជប៉ុនសហការជាមួយស្ថាប័នការពារជាតិ និងស្រាវជ្រាវ ដើម្បីបង្កើតបច្ចេកវិទ្យាមានមុខងារពីរក៏ដោយ ក៏ទីក្រុងតូក្យូប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីលពហុភាគី ដែលព្យាយាមការពារការរីកសាយបច្ចេកវិទ្យាមីស៊ីលដែលមានសមត្ថភាពបញ្ជូនអាវុធប្រល័យលោកផងដែរ។ ប៉ុន្តែ ជោគជ័យរបស់ H3 និង SLIM បង្ហាញពីសក្តានុពលនៃសមត្ថភាពរ៉ុក្កែតដែលមានមុខងារពីរ។

លោក Hornung បាននិយាយថា៖ «នេះគឺជារឿងសំខាន់ ប្រសិនបើប្រទេសជប៉ុន យកចិត្តទុកដាក់ចំពោះខ្សែសង្វាក់ពិឃាត» ដោយសំដៅលើគោលគំនិតមានលក្ខណៈដំណាក់កាល ដែលចាត់ថ្នាក់ប្រតិបត្តិការវាយប្រហារយោធា ដោយផ្អែកលើដំណាក់កាលនៃការវាយប្រហារ ដើម្បីទប់ស្កាត់ការគំរាមកំហែងបែបនេះ។

លោក​បាន​បន្ត​ថា​៖ «​ខ្លួនត្រូវ​តែ​មាន​សមត្ថភាព​ដ៏ទំនើប​ខ្លាំង​ពី​ដើម​ដល់​ចប់»។ «ហើយសមត្ថភាពមួយក្នុងចំណោមនោះគឺជាសមត្ថភាពបាញ់បង្ហោះរ៉ុក្កែត»។

លោក Felix Kim គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button