តំបន់អូសេអានីទស្សនៈសាកលភាពជាដៃគូអាស៊ីឥសាន / NEA

អូស្ត្រាលី ជប៉ុនកំពុងធ្វើសហប្រតិបត្តិការជាមួយគ្នាលើទំនាក់ទំនង និងសមត្ថភាពការពារជាតិក្រោមសមុទ្រ

លោក Felix Kim

អូស្ត្រាលី និងជប៉ុនកំពុងរួបរួមគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពធ្វើសង្គ្រាមក្រោមសមុទ្រ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) ពង្រីកកងនាវាមុជទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស និងធ្វើសកម្មភាពយ៉ាងគឃ្លើននៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក ដែលរំលោភលើច្បាប់អន្តរជាតិញឹកញាប់។ សេចក្តីប្រកាសនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អូស្រ្តាលីកាន់តែទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាខ្ពស់របស់ខ្លួន ដែលជាផ្នែកមួយនៃភាពជាដៃគូសន្តិសុខរបស់សម្ព័ន្ធភាពរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក (AUKUS) ជាមួយនឹងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

PRC ត្រូវបានគេព្យាករថា នឹងមាននាវាមុជទឹកចំនួន 65 គ្រឿងនៅត្រឹមឆ្នាំ 2025 និងចំនួន​ 80 គ្រឿងនៅត្រឹមឆ្នាំ 2035 នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ 2023

នាវារបស់ឆ្មាំឆ្នេរសមុទ្រជប៉ុនប្រទះឃើញកប៉ាល់ឆ្មាំឆ្នេរសមុទ្ររបស់ចិននៅជិតប្រជុំកោះ Senkaku របស់ជប៉ុនកាលពីខែមីនា ឆ្នាំ 2023 នេះ។
ប្រភពវីដេអូ៖ ទូរទស្សន៍ NIPPON/សារព័ត៌មាន Reuters

ដោយសម្លឹងមើលឃើញពីការពង្រីក និងទំនើបកម្មសមត្ថភាពក្រោមសមុទ្រយ៉ាងឆាប់រហ័សរបស់ទីក្រុងប៉េកាំង ក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិរបស់អូស្រាលី និងទីភ្នាក់ងារលទ្ធកម្ម បច្ចេកវិទ្យា និងភស្តុភារ (ATLA) របស់ជប៉ុនបានផ្តើមគ្រោងសិក្សាស្រាវជ្រាវដើម្បីបង្កើនសមត្ថភាពផ្នែកយុទ្ធសាស្រ្តនៅក្នុងទំនាក់ទំនង និងអន្តរប្រតិបត្តិក្រោមសមុទ្ររវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារ ATLA បានប្រកាសកាលពីចុងខែមករា ឆ្នាំ 2024 ថា ជាពិសេស ទីភ្នាក់ងារទាំងនោះ «មានគោលបំណងបង្កើតបច្ចេកវិទ្យាទំនាក់ទំនងតាមសំឡេងនៅក្រោមទឹក ដើម្បីសហការគ្នារវាងយានគ្មានមនុស្សបើកនៅក្រោមទឹក»។

សេចក្តីរាយការណ៍របស់កាសែត Yomiuri Shimbun របស់ជប៉ុនបានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលមានរយៈពេលបួនឆ្នាំនេះ ស្នើសុំឱ្យមានការកែលម្អកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមើលឃើញពីការអភិវឌ្ឍផ្នែកដែនសមុទ្រដ៏ខ្លាំងក្លារបស់ PRC។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី និងជប៉ុនបានជួបគ្នានៅក្រោយកិច្ចប្រជុំកំពូលស្ដីពីការការពារជាតិក្នុងកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរីកាលពីខែមិថុនា 2023 ហើយបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន រួមទាំងសង្គ្រាមក្រោមសមុទ្រផងដែរ។

ប្រទេសទាំងនេះមានទំនាក់ទំនងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាលើវិស័យការពារជាតិកាន់តែរឹងមាំ ដែលត្រូវបានគាំទ្រដោយភាពជាដៃគូយុទ្ធសាស្ត្រពិសេសរបស់ពួកគេ ហើយបានធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ 2022។

មន្រ្តីដដែលនោះបានថ្លែងទៀតថា គម្រោងថ្មីនោះគឺជាគម្រោងទីមួយស្ថិតក្រោមក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ ការធ្វើតេស្ត និងការវាយតម្លៃទ្វេភាគី ដែលបានសម្រេចចុងក្រោយកាលពីខែមិថុនា ឆ្នាំ 2023។ លោកស្រីបណ្ឌិត Tanya Monro ប្រធានអ្នកវិទ្យាសាស្រ្តផ្នែកវិស័យការពារជាតិរបស់អូស្រ្តាលីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយមានភាពជាដៃគូ យើងសម្រេចលទ្ធផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមិនអាចសម្រេចបានតែម្នាក់ឯងបាន»។ «គម្រោងនេះនឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាស្រាវជ្រាវរួមគ្នានាពេលអនាគតស្តីពីស្វ័យភាពមនុស្សយន្ត និងកិច្ចសហការគ្នា ក្នុងគោលបំណងផ្តល់នូវសមត្ថភាពកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ផលប្រយោជន៍មិនស៊ីមេទ្រី»។

ប្រទេសទាំងពីរបានថ្កោលទោសទៅលើសកម្មភាពដែនសមុទ្រនាពេលថ្មីៗរបស់ PRC។

កាលពីខែវិច្ឆិកា ឆ្នាំ 2023 នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានមានប្រសាសន៍ថា នាវាចម្បាំងចិនមួយគ្រឿងបានធ្វើសកម្មភាពដែល «គ្រោះថ្នាក់ គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ» ដោយប្រើសូណាររបស់ខ្លួននៅជិតនាវានៃកងទ័ពជើងទឹកអូស្ត្រាលី (RAN) នៅក្នុងដែនទឹកអន្តរជាតិពីប្រទេសជប៉ុន ដោយបានធ្វើឱ្យអ្នកមុជទឹករបស់ RAN ចំនួនបួននាក់រងរបួសពេលកំពុងដោះអ៊ួននេសាទចេញពីស្លាបចក្រនាវារបស់ពួកគេ។ កាលពីខែមេសា ឆ្នាំ 2023 នាវាឆ្មាំឆ្នេរសមុទ្រចិនបានយាយីនាវានេសាទជប៉ុនពីរគ្រឿងនៅជិតប្រជុំកោះ Senkaku របស់ប្រទេសជប៉ុន ហើយអស់រយៈពេលជាង 3 ថ្ងៃបានព្រងើយកន្តើយនឹងបទបញ្ជារបស់ទីក្រុងតូក្យូ ឱ្យធ្វើការចាកចេញពីដែនទឹករបស់ខ្លួន។ ទីក្រុងប៉េកាំងបានលើកឡើងថា ខ្លួននឹងបន្តបញ្ជូននាវាទៅជិតប្រជុំកោះពេញមួយឆ្នាំ 2024 និងកំពុងតែគំរាមកំហែងដល់ការធ្វើអធិការកិច្ចនាវានេសាទជប៉ុននៅក្នុងតំបន់ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Japan Times។

អូស្រ្តាលី និងជប៉ុនបានបង្កើតប្រព័ន្ធសង្គ្រាមនៅក្រោមសមុទ្រក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងយានក្រោមទឹកស្វយ័តខ្នាតធំ Ghost Shark ដែលត្រូវបានផលិតដោយ Anduril Australia និងយានក្រោមទឹកស្វយ័ត OZZ-5 ដែលត្រូវបានផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries នៅប្រទេសជប៉ុន។

ការបោះពុម្ពផ្សាយរបស់ InnovationAus.com បានរាយការណ៍ឱ្យដឹងថា កិច្ចសហប្រតិបត្តិការចុងក្រោយបង្អស់របស់ប្រទេសទាំងពីគឺជាការបំពេញបន្ថែមលើគម្រោងស្តីពីប្រព័ន្ធស្វយ័តមនុស្សយន្តក្រោមសមុទ្ររបស់ AUKUS។ គម្រោង ដែលជាផ្នែកមួយនៃការផ្តោតសំខាន់របស់ភាពជាដៃគូត្រីភាគីស្តីពីការបង្កើនសមត្ថភាពយោធាកម្រិតខ្ពស់ នឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងប្រព័ន្ធរាវរករបស់អូស្រ្តាលីលើយន្តហោះ P-8A Poseidon និងពោងចាប់សញ្ញាក្រោមសមុទ្រ ដើម្បីតាមដានការគំរាមកំហែងពីនាវាមុជទឹក។

លោក Felix Kim គឺជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​​


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button