វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

អាទិភាពលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនត្រូវបានគូសបញ្ជាក់ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ

Marc Jacob Prosser

ក្រុមអ្នកវិភាគបានលើកឡើងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានឹងបន្តកំណត់អាទិភាពលើវិស័យការពារជាតិរបស់ប្រទេសជប៉ុន រួមទាំងការគំរាមកំហែងពីខាងក្រៅ ពីប្រទេសកូរ៉េខាងជើង និងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) និងបញ្ហាប្រឈមផ្ទៃក្នុងដូចជាធនធានមនុស្ស និងការធ្វើទំនើប​កម្មផ្នែកបច្ចេកវិទ្យា។

ទីក្រុងតូក្យូកំពុងអភិវឌ្ឍការក្សាសន្ដិសុខ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងអ្នកឈ្លានពាន ខណៈគាំទ្រដល់ភាពជឿនលឿននៃផ្នែកការពារជាតិក្នុងស្រុក។ យោងតាមលោក Hirohito Ogi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគំនិតផ្តួចផ្តើមអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានភូគព្ភសាស្ត្រនៅ International House of Japan ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូបានលើកឡើងថា ឆ្នាំ 2024 នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសជប៉ុន ខណៈដែលជប៉ុន​កំពុង​ត្រៀម​ដាក់​ពង្រាយ​សមត្ថភាព​ការពារជាតិ​ដែល​បាន​សន្យា​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ការពារជាតិ​ក្នុង​ឆ្នាំ 2022 កន្លងមកនោះ។

អ្នកបើកយន្តហោះសាកល្បងរបស់កងកម្លាំងស្វ័យការពារអាកាសជប៉ុនវាយតម្លៃសម្ថភាពរបស់យន្តហោះនៅក្នុងលក្ខខណ្ឌមានសម្ពាធខ្ពស់ដើម្បីជួយដល់ការអភិវឌ្ឍវិស័យការពារជាតិ។
ប្រភពវីដេអូ៖ ទូរទស្សន៍ NIPPON/សារព័ត៌មាន Reuters

លោកបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «ខណៈពេលដែល R&D [ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍] និងលទ្ធកម្មកំពុងបន្តជាបន្តបន្ទាប់នូវសកម្មភាពចាត់ចែងថវិកាចាំបាច់ វានឹងត្រូវការពេលពីរទៅបីឆ្នាំដើម្បី​ចេញជាលទ្ធផលពីការស្រាវជ្រាវ​និងអភិវឌ្ឍន៍​ទាំងនោះ»។ «ទន្ទឹមនឹងនោះ ជប៉ុនត្រូវបង្កើតគំនិតពីរបៀបដំណើរការសមត្ថភាពទាំងនោះ»។

កិច្ចខិតខំប្រឹងប្រែងទាំងនោះរួមមានគោលលទ្ធិប្រតិបត្តិការថ្មី ការបង្កើតទីស្នាក់ការកណ្តាលដើម្បីប្រតិបត្តិការរួមដែលបានគ្រោងទុក និងការពិនិត្យឡើងវិញនូវយន្តការសហប្រតិបត្តិការបញ្ជាការទ្វេភាគីជាមួយកងកម្លាំងសហរដ្ឋអាមេរិក។

លោក Nozomu Yoshitomi ឧត្តមសេនីយឯកចូលនិវត្តន៍ជាមួយកងកម្លាំងស្វ័យការពារជើងគោកជប៉ុន រំពឹងថាទីក្រុងតូក្យូនឹងផ្តោតលើការអភិវឌ្ឍផ្នត់គំនិតដែលរួមបញ្ចូលការចូលរួមពីក្រសួង និងទីភ្នាក់ងារលើសពីក្រសួងការពារជាតិ។​

លោក Yoshitomi សាស្ត្រាចារ្យនៅមហាវិទ្យាល័យគ្រប់គ្រងហានិភ័យនៃសាកលវិទ្យាល័យ Nihon បានប្រាប់ ទស្សនាវដ្តី FORUM ថា៖ «រាល់គោលនយោបាយការពារមិនត្រឹមតែទាក់ទងនឹង MOD ប៉ុណ្ណោះទេ។ ដូច្នេះហើយ វិធីសាស្រ្ត និងផ្នត់គំនិតរបស់រដ្ឋាភិបាលជុំវិញគោលនយោបាយការពារជាតិចាំបាច់ត្រូវមានការអភិវឌ្ឍបន្ថែមទៀត» «នេះគឺជាការងារដែលកំពុងដំណើរការ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត»។

លោកបន្តថា ការណ៍នេះនឹងមានសារៈសំខាន់ជាពិសេសទាក់ទងនឹងការជ្រើសរើសបុគ្គលិក រួមទាំងគំនិតផ្តួចផ្តើមដើម្បីលើកទឹកចិត្តស្ត្រី និងមនុស្សវ័យក្មេងកាន់តែច្រើនឱ្យចូលរួមកងកម្លាំងស្វ័យការពារជប៉ុន។ វាក៏មានបញ្ហាប្រឈមក្នុងការពង្រីកម្លាំងបម្រុងលើសពីចំនួន 60 000 នាក់នាពេលបច្ចុប្បន្ននេះផងដែរ។ លោក Yoshitomi បានពន្យល់បន្តថា សង្គ្រាម​នៅ​អ៊ុយក្រែន​បានបង្ហាញពី​សារៈសំខាន់​របស់ទាហាន​បម្រុងនៅ​ក្នុង​ជម្លោះ​និង​វិបត្តិ​នានា។ ទាហានបម្រុងក៏មានសារៈសំខាន់ណាស់ក្នុងការសង្គ្រោះ និងការឆ្លើយតបគ្រោះមហន្តរាយ រួមទាំងការរញ្ជួយដីផងដែរ។

ឧត្តមនាវីទោចូលនិវត្តន៍នៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនលោក Yasuhiro Kawakami បានប្រាប់ទស្សនាវដ្តី FORUM ថា ទន្ទឹមនឹងការពង្រឹងបុគ្គលិកការពារជាតិ អាទិភាពស្នូលត្រូវតែរួមបញ្ចូលការពង្រីកសមត្ថភាពដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍផងដែរ។

នាយកកម្មវិធីសិក្សាសន្ដិសុខរបស់ស្ថាប័នស្រាវជ្រាវមូនិធិសន្តិភាព Sasakawa លោក Kawakami ថ្លែងថា៖ «ការអភិវឌ្ឍ និងការដាក់ពង្រាយសម្ភារៈការពារជាតិ​ក្រោមផ្ទៃទឹក ដូចជាផែនការដែលបានប្រកាសនាពេលថ្មីៗនេះសម្រាប់យានជ្រមុជទឹកស្វយ័ត ឬយានយន្តដ្រូនក្រោមផ្ទៃទឹក គឺជាតម្រូវការចាំបាច់សម្រាប់ប្រទេសជប៉ុនក្នុងការដោះស្រាយយ៉ាងសកម្មចំពោះការផ្លាស់ប្ដូរស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

សមត្ថភាពទប់ស្កាត់នៅក្នុងតំបន់នៅតែជាអាទិភាពចម្បង នេះយោងទៅតាមលោក Stephen Nagy សាស្ត្រាចារ្យផ្នែកនយោបាយ និងការសិក្សាអន្តរជាតិនៅសកលវិទ្យាល័យ International Christian University នៃទីក្រុងតូក្យូ។ លោកបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថាជម្លោះដែលអាចកើតមានទាក់ទងនឹងកូរ៉េខាងជើង ច្រកសមុទ្រតៃវ៉ាន់ និងជម្លោះទឹកដីនៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង ត្រូវតែមានការយកមកពិចារណា។

លោក Nagy បាននិយាយថា៖ «ប្រទេសជប៉ុនក៏នឹងត្រូវពិចារណានិងពិភាក្សាផងដែរថាតើសមត្ថភាពប្រឆាំងការវាយប្រហារតបវិញណាខ្លះ ដែលនឹងត្រូវ​វិនិយោគដើម្បីកាត់បន្ថយការបង្កហេតុ»។ «សមត្ថភាពទាំងនេះរួមបញ្ចូលទាំងសមត្ថភាពរូបវន្តដូចជាមីស៊ីល Tomahawk ជាដើម ប៉ុន្តែទំនងជានឹងផ្តោតលើការបន្តអភិវឌ្ឍសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតទូទៅផងដែរ»។

លោកមានប្រសាសន៍ថា «អំណាចទន់» គឺជាអាទិភាពសម្រាប់ប្រទេសជប៉ុន រួមបញ្ចូលទាំងផ្នែកការទូតដោយមានការសម្របសម្រួល ការខិតខំប្រឹងប្រែងដើម្បីធ្វើអន្តរជាតូបនីយកម្ម បញ្ហានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតាមរយៈវេទិកាដូចជា ក្រុមប្រទេសទាំងប្រាំពីរនិងអង្គការណាតូ និងការបន្តការគាំទ្រសន្តិសុខនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ រួមទាំងប្រទេសហ្វ៊ីលីពីន។

លោក Marc Jacob Prosser គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តី FORUM ដែលរាយការណ៍ចេញពីទីក្រុងតូក្យូ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button