តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIP

ហ្វ៊ីលីពីន វៀតណាមកំពុងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង

The Associated Press

ហ្វ៊ីលីពីន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងខែមករា ឆ្នាំ 2024 នេះ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេនៅក្នុងសម្ព័ន្ធភាពដែលកំពុងកើនឡើងដែលទំនងជាមិនការយល់ព្រមពីសាធារណរដ្ឋប្រជាមានិតចិន (PRC) នោះទេ។

ទីក្រុងប៉េកាំងបានទាមទារផ្លូវទឹកជាយុទ្ធសាស្រ្តស្ទើរតែទាំងអស់ដែលជាការផ្គើនទៅនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលសម្រេចថា ការទាមទារនេះមិនមានមូលដ្ឋានច្បាប់ឡើយ។

កិច្ចព្រមព្រៀងនោះ រួមជាមួយនឹងកិច្ចពិភាក្សាស្តីពីការបង្កើនការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូលើការហ្វឹកហ្វឺនរវាងយោធាហ្វ៊ីលីពីន និងវៀតណាម ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វ៊ីលីពីនទៅកាន់ទីក្រុងហាណូយ។

ហ្វ៊ីលីពីន និងវៀតណាម ម្នាក់ៗបានប្រឈមមុខដាក់គ្នាយ៉ាងតានតឹងជាមួយនឹង PRC នៅឯផ្ទៃសមុទ្រ ដែលជាផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល។ ការប្រឈមមុខដាក់គ្នារវាងកប៉ាល់ចិន និងហ្វ៊ីលីពីនកាន់ខ្លាំងឡើងក្នុងឆ្នាំ 2023។

នៅទីក្រុងហាណូយ លោក Marcos បានលើកឡើងពីក្តីកង្វល់ជុំវិញបញ្ហាជម្លោះដ៏រុំារ៉ៃនេះ ហើយក៏បានលើកឡើងអំពីសកម្មភាពកាន់តែគឃ្លើនពីឆ្មាំឆ្នេរសមុទ្ររបស់ចិនផងដែរ។

លោកបានថ្លែងប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា៖ «នៅតែបន្តមាន…សកម្មភាពឯកតោភាគី និងខុសច្បាប់ដែលរំលោភលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់យើង ហើយធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរនៅក្នុងសមុទ្រចិនខាងត្បូង»។

លោក Marcos បានលើកឡើងអំពីការវាយប្រហារដោយកាណុងបាញ់ទឹកពីឆ្មាំឆ្នេរសមុទ្រចិន ដែលបានបំផ្លាញនាវាហ្វ៊ីលីពីនកាលពីខែធ្នូ នៅជិត Second Thomas Shoal និងជាឧប្បត្តិហេតុស្រដៀងគ្នានៅ Scarborough Shoal នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វ៊ីលីពីនផងដែរ។

កាលពីខែធ្នូ ឆ្នាំ 2023 ឆ្មាំឆ្នេរសមុទ្រចិនបានបាញ់កាណុងបាញ់ទឹកទៅលើនាវាហ្វ៊ីលីពីននៅជិត Scarborough Shoal ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីលក្នុងសមុទ្រចិនខាងត្បូង។
ប្រភពវីដេអូ៖ VIRAL PRESS/សារព័ត៌មាន Reuters

លោក Marcos បានមានប្រសាសន៍ទៀតថា៖ «យើងមានភាពរឹងមាំក្នុងការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់យើងប្រឆាំងនឹងរាល់ការបង្កហេតុទាំងឡាយ»។ «ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះ យើងក៏កំពុងព្យាយាមដោះស្រាយបញ្ហាទាំងនេះជាមួយចិនតាមរយៈកិច្ចសន្ទនា និងការប្រឹក្សាយោបល់ដោយសន្តិវិធី ក្នុងនាមជារដ្ឋអធិបត្យេយភាពទាំងពីរដោយស្មើមុខមាត់នឹងគ្នា»។

មន្ត្រីហ្វ៊ីលីពីន និងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ និងគ្រប់គ្រងឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង និងពង្រឹងការសម្របសម្រួលលើបញ្ហាដែនសមុទ្រ ដើម្បីលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្ត។

លោក Marcos បានលើកឡើងទៀតថា៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រនោះ «មានគោលបំណងបង្កើតភាពជាដៃគូដ៏ទូលំទូលាយរវាងឆ្មាំឆ្នេរសមុទ្ររបស់យើងលើការកសាងសមត្ថភាព ការហ្វឹកហ្វឺន និងការផ្លាស់ប្តូររវាងបុគ្គលិក និងនាវា ដើម្បីបង្កើនប្រតិបត្តិការសម្រាប់អន្តរប្រតិបត្តិរវាងប្រទេសទាំងពីរ។​

លោកបានថ្លែងទៀតថា ទីក្រុងម៉ានីលចាប់អារម្មណ៍លើការដាក់សំណើរួមជាមួយទីក្រុងហាណូយទៅកាន់គណៈកម្មការរបស់អង្គការសហប្រជាជាតិដែលដោះស្រាយបញ្ហាព្រំដែននៃតំបន់ទឹករាក់របស់រដ្ឋជាប់ឆ្នេរសមុទ្រ។

ប្រទេស​ទាំង​នោះ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឱ្យវៀតណាម​ផ្គត់​ផ្គង់​អង្ករ​ដល់​ហ្វ៊ីលីពីន​ចាប់ពី 1,5 ​លាន ​ទៅ​ 2 លាន​តោន​ក្នុង​មួយ​ឆ្នាំៗផងដែរ។ វៀតណាមមានចំណែកចំនួន 85% សម្រាប់ការនាំចូលអង្កររបស់ហ្វ៊ីលីពីន ហើយប្រទេសទាំងពីរនេះបានឯកភាពគ្នាបង្កើតក្របខ័ណ្ឌ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។

លោក Marcos ក៏បានជួបលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម ដែលគ្រប់គ្រងក្រុមហ៊ុនរថយន្តអគ្គិសនី (EV) VinFast ផងដែរ។

ក្រុមហ៊ុន VinFast បានប្រកាសក្រោយពីកិច្ចប្រជុំថា ខ្លួននឹងបើកដំណើការបណ្តាញអាជីវកម្ម EV នៅក្នុងប្រទេសហ្វ៊ីលីពីនក្នុងឆ្នាំ 2024 ដែលជាផ្នែកមួយនៃគោលដៅរបស់ខ្លួនក្នុងការលក់រថយន្ត EV នៅក្នុងទីផ្សារចំនួន 50 នៅទូទាំងពិភពលោក។ ក្រុមហ៊ុន VinFast ក៏បានលើកឡើងផងដែរថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button