ហ្វ៊ីលីពីនធ្វើទំនើបកម្មប៉ុស្តិ៍ប្រចាំការនៅសមុទ្រចិនខាងត្បូងចំពេលមានក្ដីបារម្ភអំពីអធិបតេយ្យភាព

លោកស្រី Maria T. Reyes
ក្រុមមន្ត្រីបានលើកឡើងថា ប្រទេសហ្វ៊ីលីពីននឹងធ្វើឱ្យប្រសើរឡើងនូវប៉ុស្តិ៍យោធានៅសមុទ្រចិនខាងត្បូង ដែលជាវិធានការដែលកើតឡើងនៅពេលដែលឆ្មាំឆ្នេរសមុទ្រចិនបន្តរំខានដល់នាវាកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន (AFP) នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល។
នាយអគ្គសេនាធិការរបស់ AFP លោកឧត្តមសេនីយ៍ Romeo Brawner Jr. កាលពីខែមករា ឆ្នាំ 2024 កន្លេងទៅនេះបានប្រកាសពីការកែលម្អផែនការសម្រាប់ថ្មប៉ប្រះទឹក និងកោះចំនួនប្រាំបួន រួមទាំងការដំឡើងប្រព័ន្ធបំប្លែងទឹកសមុទ្រទៅជាទឹកសាប និងឧបករណ៍ទំនាក់ទំនងនានា។
រដ្ឋាភិបាលហ្វ៊ីលីពីនបានកំណត់ថវិកាចំនួន 14,2 លានដុល្លារដើម្បីសាងសង់កំពង់ផែនៅលើកោះ Nanshan ដែលហ្វ៊ីលីពីនធ្វើការកាន់កាប់ និងជាកោះធំបំផុតលំដាប់ទីពីរនៅក្នុងតំបន់បន្ទាប់ពីកោះ Thitu នោះ។ ទឹកប្រាក់បន្ថែមចំនួន 23,1 លានដុល្លារនឹងចំណាយសម្រាប់ការពង្រីកផ្លូវរត់ប្រវែង 1,3 គីឡូម៉ែត្រនៅលើកោះ Thitu។
ប្រភពវីដេអូ៖ សារព័ត៌មាន REUTERS
លោកបណ្ឌិត Chester Cabalza អ្នកជំនាញផ្នែកសន្តិសុខ និងជាស្ថាបនិក និងជាប្រធាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសន្តិសុខអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «វិធានការដ៏សកម្មរបស់ហ្វ៊ីលីពីនក្នុងការពង្រឹងប៉ុស្តិ៍ប្រចាំការរបស់ខ្លួននឹងកំណត់ទីតាំងត្រឹមត្រូវរបស់ខ្លួននៅក្នុងផ្លូវទឹកដ៏តានតឹង និងមានការប្រកួតប្រជែង»។ «ដែលនេះជាការផ្តល់អំណាចដល់ហ្វ៊ីលីពីនក្នុងការធ្វើទំនើបកម្មគ្រឿងបរិក្ខារ រក្សាស្ថិរភាព និងការពារសិទ្ធិដែនសមុទ្ររបស់ខ្លួននៅក្នុងតំបន់»។
ភាពតានតឹងបានផ្ទុះឡើងរវាងហ្វ៊ីលីពីន និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការទាមទារដែនសមុទ្រ ជាពិសេសទាក់ទងនឹង Scarborough និងតំបន់ទឹករាក់ Second Thomas Shoals។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ឆ្មាំឆ្នេរសមុទ្រចិន និងនាវាកងជីវពលដែនសមុទ្របានយាយីទៅលើនាវាហ្វ៊ីលីពីនដែលកំពុងធ្វើការផ្គត់ផ្គង់សម្ភារៈឡើងវិញដល់កងទ័ពឈរជើងនៅលើនាវា BRP Sierra Madre ដែលជាប៉ុស្តិ៍ប្រចាំការរបស់កងទ័ពជើងទឹកហ្វ៊ីលីពីននៅឯតំបន់ Second Thomas Shoal។
លោក Cabalza បានលើកឡើងថា៖ «សមុទ្រចិនខាងត្បូងសម្រាប់ហ្វ៊ីលីពីន គឺជាផលប្រយោជន៍ស្នូល ចាប់តាំងពីមានការទាមទារនីត្យានុកូលរបស់ខ្លួននៅក្នុងសមុទ្រហ្វ៊ីលីពីនខាងលិច ដែលបង្កើតបានជាមូលដ្ឋានពីយុទ្ធសាស្ត្រឈានមុខមួយនៃការផ្លាស់ប្តូរមហិច្ឆិតារបស់ហ្វ៊ីលីពីនចំពោះវិស័យការពារពីខាងក្រៅ»។ «កិច្ចខិតខំប្រឹងប្រែងក្នុងការកែប្រែរូបរាងថ្មីរបស់ទីក្រុងម៉ានីលនេះ ដើម្បីសម្រេចបាននូវជំហរការពារជាយុទ្ធសាស្ត្រ បង្កើនសន្តិសុខក្នុងតំបន់ក្នុងទ្រង់ទ្រាយធំជាងនេះ»។
ប្រជាជនហ្វ៊ីលីពីនបានហៅផ្នែកនៃសមុទ្រចិនខាងត្បូងនៅក្នុងតំបន់ EEZ របស់ទីក្រុងម៉ានីលនេះថាជាសមុទ្រហ្វ៊ីលីពីនខាងលិច។
លោក Cabalza បានលើកឡើងថា ប្រទេសហ្វ៊ីលីពីនបានធ្វើទំនើបកម្មបន្តិចបន្តួចចំពោះប៉ុស្តិ៍ប្រចាំការរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការកែប្រែនេះមិនមានសារៈសំខាន់ដូចអ្វីដែលធ្វើឡើងដោយ PRC ឬរដ្ឋទាមទារផ្សេងទៀតដូចជាវៀតណាមនោះឡើយ។
ទីក្រុងប៉េកាំងបានទាមទារផ្លូវទឹកយុទ្ធសាស្រ្តស្ទើរតែទាំងស្រុងថាជាទឹកដីរបស់ខ្លួន ហើយនៅតែបន្តមិនអើពើនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលបានសម្រេចច្រានចោលការអះអាងទាំងនោះថាមិនមានមូលដ្ឋានច្បាប់នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ PRC បានបូមយកខ្សាច់ និងធ្វើយោធូបនីយកម្មជាលក្ខណៈសិប្បនិម្មិតនៅក្នុងសមុទ្រនេះ ហើយឆ្មាំឆ្នេរសមុទ្ររបស់ចិនក៏បានវាយលុក រារាំង និងតាមពីក្រោយនាវាស៊ីវិល និងយោធានៃរដ្ឋទាមទារផ្សេងទៀតផងដែរ។
លោក Cabalza បានឱ្យដឹងទៀតថា ស្ថានភាពនេះទាមទារឱ្យមានការវិនិយោគសាធារណៈយ៉ាងច្រើន និងការធ្វើទំនើបកម្មដោយទីក្រុងម៉ានីលសម្រាប់ការការពារទឹកដី និងដើម្បីបង្កើន «វត្តមានយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង»។
ហ្វ៊ីលីពីនក៏បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយដៃគូយុទ្ធសាស្ត្រ និងសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិក និងវៀតណាមផងដែរ។
លោក Cabalza បានបន្ថែមទៀតថា៖ «ហ្វ៊ីលីពីនមានសក្តានុពលដ៏ធំសម្បើមក្នុងការអភិវឌ្ឍ និងពង្រីកប៉ុស្តិ៍ប្រចាំការបច្ចុប្បន្នរបស់ខ្លួន» ទោះបីជា PRC «ធ្វើការទន្ទ្រាន និងការមិនគោរព UNCLOS» ក៏ដោយ។
Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។