ទស្សនៈសាកលអាស៊ីឥសាន / NEA

សម្ព័ន្ធមិត្ត និងដៃគូវិនិយោគ សហការលើប្រព័ន្ធការពារមីស៊ីល

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលមិនមែននុយក្លេអ៊ែរនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក រួមចំណែកដល់បញ្ហាសន្តិសុខទូទាំងតំបន់។ សាធារណរដ្ឋប្រជាមានិតចិន (PRC) ពឹងផ្អែកលើសមត្ថភាពដែលកំពុងកើនឡើង — រួមបញ្ចូលមីស៊ីលប៉ាលីស្ទីកអន្តរទ្វីប និងអន្តរតំបន់ រួមជាមួយនឹងសព្វាវុធប៉ាលីស្ទីករយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី — ដើម្បីអះអាងទាមទារនូវអធិបតេយ្យភាពដ៏ធំធេង។

ទន្ទឹមនឹងនេះ ការបង្កហេតុរបស់កូរ៉េខាងជើងនៅតែបន្តជាមួយកម្មវិធីអាវុធរបស់ខ្លួនដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ ដោយបង្ហាញពីចេតនាក្នុងការពង្រឹងសមត្ថភាពចែកចាយនុយក្លេអ៊ែរ នេះបើយោងតាមបញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM) ខណៈពេលដែលកំពុងអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង។

សមត្ថភាពការពារមីស៊ីល គឺជាគន្លឹះក្នុងការរារាំងការវាយប្រហារ ឬការបង្ខិតបង្ខំពីបច្ចាមិត្ដ នេះបើតាមសម្ដីរបស់លោកឧត្តមសេនីយ៍ Anthony Cotton មេបញ្ជាការ USSTRATCOM ដែលបានប្រាប់គណៈកម្មាធិការកងកម្លាំងប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក ក្នុងឆ្នាំ 2023។

បុគ្គលិកកងទ័ពអាមេរិកស្ទាក់ចាប់គោលដៅមួយដោយប្រព័ន្ធមីស៊ីល Patriot អំឡុងពេលសមយុទ្ធ Northern Edge នៅប៉ាឡូ កាលពីខែកក្កដា ឆ្នាំ 2023។
ប្រភពវីដេអូ៖ ពលបាលត្រី ZABARR JONES វរសេនីយ៍ត្រី TREVOR WILD/កងទ័ពអាមេរិក

លោកបានលើកឡើងថា ការរីកសាយនៃបច្ចេកវិទ្យាមីស៊ីលទាមទារឱ្យមានការវិនិយោគបន្តក្នុងការធ្វើសមាហរណកម្មប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

ធនធានយោធាអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានការពារដោយប្រព័ន្ធការពារមីស៊ីលដូចជា ថ្មប្រព័ន្ធ Patriot ពីដីទៅអាកាស ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់​ខ្ពស់ (THAAD) និងប្រព័ន្ធប្រយុទ្ធ Aegis ដែលប្រើប្រព័ន្ធរ៉ាដា និងផ្កាយរណបដើម្បីតាមដានការគំរាមកំហែង និងបំផ្លាញមីស៊ីល ឬរ៉ុក្កែតហោះហើរពាក់កណ្តាលផ្លូវ។

តៃវ៉ាន់ដែលបានឃើញ PRC បាញ់មីស៊ីលប៉ាលីស្ទីកពីលើកោះសំខាន់របស់ខ្លួនក្នុងឆ្នាំ 2022 កំពុងអភិវឌ្ឍទីតាំងបាញ់មីស៊ីលរាប់សិបកន្លែងសម្រាប់មីស៊ីលដែលបាញ់ពីផ្ទៃទឹកទៅអាកាសឈ្មោះ Sky Bow III របស់ខ្លួន។ សព្វាវុធ​នេះ​សំដៅ​លើ​យន្តហោះចម្បាំង ព្រម​ទាំង​មីស៊ីលប៉ាលីស្ទីក​រយៈ​ចម្ងាយ​ខ្លី និងកាំជ្រួចរយៈចម្ងាយ​ឆ្ងាយ។ តៃប៉ិដាក់ពង្រាយប្រព័ន្ធ Sky Bow ជាមួយនឹងប្រព័ន្ធ Patriot ដើម្បីបង្កើតជាឆ្អឹងខ្នងនៃការការពារដែនអាកាសរយៈកម្ពស់ទាបរបស់កោះនេះ នេះបើយោងតាមវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលជាក្រុមហ៊ុនផលិតសព្វាវុធដ៏សំខាន់របស់តៃប៉ិ។

យោធាកូរ៉េខាងត្បូង ប្រតិបត្តិការប្រព័ន្ធការពារមីស៊ីល THAAD និង Patriot ហើយបន្តអភិវឌ្ឍ និងដាក់ពង្រាយសមត្ថភាពដែលបង្កើតបានជាស្ថាបត្យកម្មការការពារដែនអាកាស និងមីស៊ីលរបស់កូរ៉េ (KAMD)។ KAMD ពហុស្រទាប់រួមបញ្ចូលឧបករណ៍ស្ទាក់ចាប់ចម្ងាយចម្រុះ និងកម្ពស់ខុសៗគ្នា ជាមួយនឹងរ៉ាដា និងការគ្រប់គ្រងប្រតិបត្តិការ។ កាសែត The Japan News បានរាយការណ៍ថា ទីក្រុងសេអ៊ូលក៏កំពុងពន្លឿនការអភិវឌ្ឍប្រព័ន្ធដែលយកគំរូតាមប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ដើម្បីចាប់ តាមដាន និងកម្ទេចគ្រាប់រ៉ុក្កែតពីកូរ៉េខាងជើង។

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានដំណើរការប្រព័ន្ធមួយនៅក្នុងខែធ្នូ ឆ្នាំ 2023 ដើម្បីចាប់ និងវាយតម្លៃការបាញ់មីស៊ីលក្នុងពេលវេលាជាក់ស្តែង។ ក្រុមមន្ត្រីបានលើកឡើងថា ប្រទេសទាំងនោះក៏បានបង្កើតផែនការសម្រាប់សមយុទ្ធយោធារយៈពេលជាច្រើនឆ្នាំដើម្បីកែលម្អការឆ្លើយតបរបស់ពួកគេចំពោះការកើនឡើងការគំរាមកំហែងដោយមីស៊ីលផងដែរនោះ។

ប្រព័ន្ធការពារមីស៊ីលបាលីស្ទិកពីជាន់របស់ទីក្រុងតូក្យូប្រើប្រាស់ឧបករណ៍ស្ទាក់ចាប់ដែលបាញ់ចេញពីនាវាបំពាក់ដោយប្រព័ន្ធប្រយុទ្ធ Aegis ដើម្បីកម្ទេចគ្រាប់មីស៊ីលនៅខាងក្រៅបរិយាកាស និងបំពាក់ប្រព័ន្ធមីស៊ីល Patriot ដើម្បីកំណត់គោលដៅគំរាមកំហែងបន្ទាប់ពីការហោះត្រឡប់មកវិញ។ ទស្សនាវដ្តី Nikkei Asia បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងណែនាំឱ្យ​ប្រើ​ឧបករណ៍ស្ទាក់ចាប់ដែលនឹងត្រូវបានធ្វើទំនើបកម្មនៅឆ្នាំ 2027 ដែលបំពេញបន្ថែមប្រព័ន្ធ Patriot ហើយអាចបាញ់ចេញពីអាវុធបាលីស្ទីកដែលហោះក្នុងល្បឿនលឿនជាងសំឡេងដែលពិបាកកំណត់គោលដៅបាន។

ទន្ទឹមនឹងនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទប់ទល់នឹងអាវុធល្បឿនលឿនជាងសំឡេង ដើម្បីស្ទាក់ចាប់អាវុធប្រភេទនេះ មុនពេលការធ្លាក់ក្នុងល្បឿនលឿនរបស់អាវុធទាំងនោះ។

បន្ទាប់ពីការត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តការពារជាតិឆ្នាំ 2023 របស់អូស្ត្រាលី ដែលបានអំពាវនាវឱ្យមានប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា ទីក្រុងកង់បេរ៉ាបានសម្រេចផ្ដល់កិច្ចសន្យាចំនួន 487 លានដុល្លារដល់ក្រុមហ៊ុនអាមេរិក Lockheed Martin សម្រាប់ដំណាក់កាលដំបូងនៃប្រព័ន្ធគ្រប់គ្រងសមរភូមិរួមគ្នា។ ទស្សនាវដ្ដីការពារជាតិអូស្ត្រាលីបានរាយការណ៍ថា គម្រោងខែលការពារមីស៊ីលនឹង «ភ្ជាប់វេទិកា និងឧបករណ៍ចាប់សញ្ញាទាំងអស់នៅទូទាំងដែនសមរភូមិចូលទៅក្នុងផ្ទៃអន្តរកម្មតែមួយ ដែលអាចតាមដានការគំរាមកំហែង សម្របសម្រួលការឆ្លើយតបរួមគ្នា និងបញ្ជូនការឆ្លើយតបនោះទៅកាន់គោលដៅ»។ «វាគឺជា ‘ឧបករណ៍ចាប់សញ្ញាគ្រប់យ៉ាង និងបាញ់បាន​ល្អបំផុត​’ ក្នុង​ទ្រង់ទ្រាយធំ»។

យោងតាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា នៅកន្លែងផ្សេងទៀតនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ឥណ្ឌាកំពុងពង្រីកប្រព័ន្ធការការពារមីស៊ីលបាលីស្ទីក ដោយមានរ៉ាដាតាមដាន និងការបង្កើនសមត្ថភាព។

នៅកោះ Guam សហរដ្ឋអាមេរិកកំពុងរៀបចំផែនការ «ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ 360 ដឺក្រេ» ដើម្បីផ្តល់ការការពារជាស្រទាប់ទប់ទល់នឹងការវាយប្រហារតាមកាំជ្រួចមីស៊ីលរយៈចម្ងាយ​ឆ្ងាយ មីស៊ីលបាលីស្ទីក និងការវាយប្រហារដែលមានល្បឿនលឿនជាងសំឡេង នេះបើយោងតាមទីភ្នាក់ងារការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។

កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅតែជាអាទិភាព ដែលសហរដ្ឋអាមេរិកបានថ្លែងនៅក្នុងការពិនិត្យឡើងវិញនូវការការពារមីស៊ីលឆ្នាំ 2022 ដោយសន្យាថានឹងធ្វើសមាហរណកម្ម និងធ្វើការជាមួយប្រទេសដែលមានគំនិតដូចគ្នា ក៏ដូចជាលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានក្នុងចំណោមដៃគូបរទេសផងដែរ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button