សមយុទ្ធ Keen Edge 24 ពង្រឹងជំនាញវិស័យការពារជាតិអូស្រ្តាលី ជប៉ុន និងសហរដ្ឋអាមេរិក។
បុគ្គលិកទស្សនាវដ្តី FORUM
កងកម្លាំងការពារជាតិអូស្រ្តាលី (ADF), កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (JGSDF) និងបុគ្គលិកយោធាសហរដ្ឋអាមេរិកបានពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា កែលម្អនីតិវិធីបញ្ជាការ ព្រមទាំងត្រួតពិនិត្យ និងបង្កើនអន្តរប្រតិបត្តិក្នុងអំឡុងពេលសមយុទ្ធ Keen Edge 24។ អ្នកចូលរួមក្នុងសមយុទ្ធនៅប៉ុស្តិ៍បញ្ជការកាលពីដើមខែកុម្ភៈ ឆ្នាំ 2024 ដែលជាផ្នែកនៃស៊េរីសមយុទ្ធទ្វេភាគីប្រចាំឆ្នាំដែលឆ្លាស់គ្នាជាមួយនឹងសមយុទ្ធហ្វឹកហ្វឺនលើទីលាន Keen Sword ដោយបានប្រើគំរូនិម្មិតតាមកុំព្យូទ័រ ដើម្បីហាត់សមឆ្លើយតបទៅនឹងវិបត្តិ ឬភាពអាសន្ន។
កងទ័ពប្រហែលចំនួន 1 350 នាក់មកពីកងទ័ពលោកខាងលិចរបស់ JGSDF និងកងកម្លាំងបេសកកម្មម៉ារីនទី III (III MEF) របស់កងម៉ារីនសហរដ្ឋអាមេរិកបានអនុវត្តបទបញ្ជា និងត្រួតពិនិត្យសណ្ឋានដីដែនសមុទ្រនៅក្នុងជួរកោះលើកទីមួយ ក្នុងគោលបំណងបង្កើនការសម្របសម្រួលទ្វេភាគី និងអនុវត្តយុទ្ធសាស្ត្រកម្លាំងតូច តែមានប្រសិទ្ធភាព ដើម្បីការពារដែនទឹក។
ដោយប្រើទីតាំងកណ្តាលសម្រាប់ការសម្របសម្រួលទ្វេភាគីនៅកោះអូគីណាវ៉ា និងប្រជុំកោះសំខាន់ៗរបស់ប្រទេសជប៉ុន អ្នកចូលរួមបានត្រាប់ធ្វើសមកាលកម្មផ្នែកដឹកជញ្ជូន ការបាញ់ និងការធ្វើសមយុទ្ធ។
លោកឧត្តមសេនីយ៍ឯក Roger Turner ដែលជាមេបញ្ជាការនៃ III MEF បានប្រសាសន៍ថា៖ «កងទ័ពលោកខាងលិច និងទំនាក់ទំនងទ្វេភាគីរបស់ III MEF កំណត់ចំណុលគោលសម្រាប់វិស័យការពារជាតិទៅវិញទៅមក»។ «សមយុទ្ធនេះនឹងពង្រឹងការសម្របសម្រួលរួមគ្នា សម្រាប់ប្រតិបត្តិការដោយពហុដែនដ៏ស្មុគស្មាញនេះ»។
នៅខាងក្រៅទីក្រុងតូក្យូ កងពលតូចកាំភ្លើងធំការពារដែនអាកាសលើកទី 38 របស់កងទ័ពសហរដ្ឋអាមេរិកបានធ្វើការហាត់សមក្នុងបេសកកម្មការពារដែនអាកាស និងមីស៊ីលដែលរួមបញ្ចូលគ្នា ដែលជាផ្នែកមួយនៃសមយុទ្ធនៅប៉ុស្តិ៍បញ្ជាការ។
លោកវីរសេនីយ៍ឯក Neal Lape ដែលជាមេបញ្ជាការនៃកងពលតូចបានលើកឡើងថា៖ «គោលបំណងនៃសមយុទ្ធនេះគឺដើម្បីធ្វើនវានុវត្តន៍ និងពិសោធដោយមានភាពបន្ទាន់ និងការផ្តោត»។ «យើងធ្វើសមយុទ្ធជាប្រចាំពេញមួយឆ្នាំ ហើយកំពុងធ្វើការឥតឈប់ឈរដើម្បីបង្កើត កែលម្អ និងប្រើប្រាស់សមត្ថភាពថ្មីដែលដោះស្រាយបញ្ហាប្រឈមផ្នែកការពារដែនអាកាស ធ្វើឱ្យប្រសើរឡើងគ្រប់ពេល»។
យោងតាមបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានឱ្យដឹងថា សមយុទ្ធ Keen Edge ចុងក្រោយបំផុតបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងបញ្ជាការដ្ឋានអវកាសអាមេរិក (USSPACECOM) និងបញ្ជាការដ្ឋានអ៊ីនធឺណិតអាមេរិក ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការពហុដែនដែលចាំបាច់សម្រាប់សមយុទ្ធ ឬប្រតិបត្តិការជាទ្រង់ទ្រាយធំ។
USSPACECOM បានលើកឡើងថា បរិយាកាសហ្វឹកហ្វឺនជាក់ស្តែងអនុញ្ញាតឱ្យ «កងកម្លាំងចម្រុះ និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូធ្វើសមកាលកម្ម និងរួមបញ្ចូលសមត្ថភាព ដោយធានាថា យើងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទៅវិញទៅមក» នៅក្នុងតំបន់។
អ្នកចូលរួមក្នុងសមយុទ្ធ Keen Edge 24 ក៏បានធ្វើតេស្តនូវទស្សនទានសន្តិសុខអ៊ីនធឺណិតអំពីការមិនផ្តល់ជំនឿទុកចិត្តរបស់ក្រសួងការពារជាតិអាមេរិក។ វិធីសាស្រ្តនេះសន្មតថា គ្រប់បណ្តាញកុំព្យូទ័រទាំងអស់ត្រូវបានកែប្រែទម្រង់ ហើយទាមទារការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការអនុញ្ញាតជាប្រចាំ ដើម្បី «រារាំង និងធ្វើឱ្យបច្ចាមិត្តខកចិត្ត»។
បុគ្គលិកអូស្ត្រាលីបានដាក់ពង្រាយទៅកាន់កោះហាវ៉ៃ និងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងសមយុទ្ធ Keen Edge ជាលើកដំបូង។ ADF ក៏ជាអ្នកចូលរួមលើកដំបូងនៅក្នុងសមយុទ្ធ Yama Sakura ដែលបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ 2023 ផងដែរ។
លោកឧត្តមសេនីយ៍ឯក Greg Bilton កងទ័ពអូស្រ្តាលី ដែលជាប្រធានប្រតិបត្តិការរួមរបស់ ADF បានថ្លែងថា៖ «ទំនាក់ទំនងរវាងអូស្ត្រាលី និងជប៉ុនត្រូវបានគាំទ្រតាមរយៈការចូលរួម និងការសហការលើគ្រប់ទិដ្ឋភាពនៃវិស័យការពារជាតិ ហើយយើងកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខយ៉ាងសកម្ម»។ «បន្ទាប់ពីការធ្វើសមយុទ្ធ Yama Sakura នៅចុងឆ្នាំ 2023 រួចមក ការចូលរួមរបស់អូស្ត្រាលីក្នុងការធ្វើសមយុទ្ធ Keen Edge ជាមួយដៃគូពីរក្នុងបណ្តាដៃគូសំខាន់បំផុតរបស់យើងនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសន្តិសុខក្នុងតំបន់»។
សមយុទ្ធ Keen Edge ធ្វើឡើងបន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹករវាងជប៉ុន និងអាមេរិកជាច្រើនលើក។
សមយុទ្ធនៅសមុទ្រហ្វ៊ីលីពីននៅចុងខែធ្នូ ឆ្នាំ 2023 និងដើមខែមករា ឆ្នាំ 2024 រួមបញ្ចូលទាំងឧទ្ធម្ភាគចក្រពិឃាត JS Ise របស់កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន (JMSDF) នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Carl Vinson និង USS Theodore Roosevelt និងនាវាពិឃាត និងនាវាចម្បាំងបំពាក់ដោយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក។ សមយុទ្ធនេះពាក់ព័ន្ធនឹងការហ្វឹកហ្វឺនការពារដែនអាកាស ការឃ្លាំមើលដែនសមុទ្រ សមយុទ្ធឆ្លងកាត់នាវា និងសមយុទ្ធយុទ្ធសាស្ត្រ «ដើម្បីជំរុញសមត្ថភាពប្រយុទ្ធទំនើបទាន់សម័យតែមួយគត់»។នេះបើតាមការលើកឡើងដោយកងនាវាចរណ៍ទី 7 របស់សហរដ្ឋអាមេរិក។
អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងសមុទ្រចិនខាងត្បូងផងដែរកាលពីដើមខែកុម្ភៈកន្លងទៅនេះ។ យោងតាមក្រសួងការពារជាតិអូស្រ្តាលី បានឱ្យដឹងថា នាវាចម្បាំងហ្រ្វេហ្គាត HMAS Warramunga របស់កងទ័ពជើងទឹកអូស្រ្តាលីបានចូលរួមជាមួយនឹងនាវាពិឃាត JS Sazanami នៃ JMSDF និងនាវាពិឃាត USS John Finn ដែលបំពាក់ដោយប្រព័ន្ធមីស៊ីលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកព្រមទាំងកប៉ាល់ប្រយុទ្ធតាមតំបន់ USS Gabrielle Gifford។
«យើងជឿជាក់ថា តាមរយៈសមយុទ្ធត្រីភាគីនេះ យើងអាចអភិវឌ្ឍសមត្ថភាពផ្នែកយុទ្ធសាស្ត្ររបស់យើង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកអូស្រ្តាលី ក៏ដូចជាបង្ហាញអំពីឆន្ទៈដ៏រឹងមាំរបស់ពួកគេ និងសមត្ថភាពក្នុងការបង្កើតបរិយាកាសសន្តិសុខដែលមិនអត់ឱនឱ្យបានចំពោះការផ្លាស់ប្តូរជាឯកតោភាគីទៅលើស្ថានភាពបច្ចុប្បន្នដោយប្រើកងកម្លាំង» នេះបើតាម វរនាវីទោនៃ JMSDF។ លោក Masayuki Ban បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។