តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូ

ភាពជាដៃគូការពារជាតិរវាងសិង្ហបុរី និងថៃមានសារៈសំខាន់ចំពោះសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក

Tom Abke

ដោយត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងកំពុងវិវត្តន៍ជាមួយនឹងបរិយាកាសសន្តិសុខនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ភាពជាដៃគូការពារជាតិរវាងសិង្ហបុរី និងថៃគឺស្ថិតក្នុងចំណោមផ្នែកដ៏រឹងមាំ និងទូលំទូលាយបំផុតនៅក្នុងតំបន់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាឱ្យ​បាននូវផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី និងសមយុទ្ធយោធាទៀងទាត់នានា។

លោកបណ្ឌិត Collin Koh អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសិក្សាអន្តរជាតិនៃសាលា S. Rajaratnam នៅសិង្ហបុរីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ដោយមានសមភាគីបរទេសសំខាន់ៗមួយក្តាប់តូចប៉ុណ្ណោះ ដែលធ្វើឱ្យ SAF [កងកម្លាំងប្រដាប់អាវុធសិង្ហបុរី] បានរក្សាកម្មវិធីហ្វឹកហ្វឺនរួមគ្នាដែលពាក់ព័ន្ធនឹងសមាសធាតុប្រយុទ្ធ»។ «ប្រទេសថៃគឺជាគំរូដ៏ល្អមួយ ដូចដែលបានបង្ហាញនៅក្នុងសមយុទ្ធសង្គ្រាមធម្មតា រួមទាំងការបាញ់គ្រាប់មីស៊ីលពិតផងដែរ។ ដូច្នេះហើយ ទំនាក់ទំនងនេះបញ្ចូលធាតុរារាំងបន្ថែមទៀតដល់ជំហរការពារជាតិរបស់សិង្ហបុរី»។

សាធារណរដ្ឋសិង្ហបុរី បុគ្គលិកថៃ និងសហរដ្ឋអាមេរិកចូលរួមនៅក្នុងសមយុទ្ធ Cope Tiger ចាប់ពីឆ្នាំ 2011 ដល់ឆ្នាំ 2023 នេះ។ ការធ្វើសមយុទ្ធលើកទី 27 ជាថ្មី ដើម្បីបង្កើនការត្រៀមខ្លួន និងអន្តរប្រតិបត្តិត្រូវបានធ្វើឡើងនៅខែមីនា ឆ្នាំ 2023។
ប្រភព៖ កងទ័ពអាកាសសហរដ្ឋអាមេរិក

លោក Koh បានបន្ថែមទៀតថា ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ភាពជាដៃគូទ្វេភាគីបានបម្រើជា «របាំងការពារ» ប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនិស្តនៅក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លួនបានព្យាយាមទប់ស្កាត់ និងការពារប្រឆាំងនឹងការគំរាមកំហែងជាប់លាប់ ដូចជាចោរកម្មសមុទ្រ និងការប្លន់នៅក្នុងច្រកសមុទ្រ និងដើម្បីពង្រឹងអន្តរប្រតិបត្តិលើវិស័យការពារជាតិ ដើម្បីជាត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀតនៅក្នុងតំបន់។

នៅពាក់កណ្តាលខែមករា ឆ្នាំ 2024 ដំណើរទស្សនកិច្ចរបស់នាយឧត្តមនាវី លោក Adoong Pan-iam មេបញ្ជាការនៃកងទ័ពជើងទឹកថៃ ទៅកាន់ប្រទេសសិង្ហបុរីបានគូសបញ្ជាក់ពីទំនាក់ទំនងកំពុងតែរីកចម្រើនរវាងកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ។ ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានលើកឡើងថា ការចូលរួមបែបនេះរួមជាមួយ «ដំណើរទស្សនកិច្ចកម្រិតខ្ពស់ ការផ្លាស់ប្តូរប្រកបដោយវិជ្ជាជីវៈ វគ្គសិក្សា និងសមយុទ្ធទ្វេភាគីដូចជាសមយុទ្ធ Singsiam… បានបង្កើនវិជ្ជាជីវនិយម និងការយល់ដឹងពីគ្នារវាងបុគ្គលិកនៃកងទ័ពជើងទឹកទាំងពីរ»។

សមយុទ្ធ Singsiam គឺជាសមយុទ្ធកងទ័ពជើងទឹកទ្វេភាគីត្រូវបានធ្វើឡើងចំនួនពីរដងក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ 1981 មកម្ល៉េះ។ ការធ្វើសមយុទ្ធនាពេលថ្មីបំផុតរបស់ខ្លួនកាលពីខែមីនា ឆ្នាំ 2022 រួមបញ្ចូលទាំងនាវាចម្បាំងហ្វ្រេហ្គាតពីកងទ័ពជើងទឹកនីមួយៗ រួមជាមួយនឹងនាវា និងឧទ្ធម្ភាគចក្រដទៃទៀត ធ្វើសមយុទ្ធសន្តិសុខដែនសមុទ្រ និងបាញ់គ្រាប់មីស៊ីលពិតនៅច្រកសមុទ្រម៉ាឡាកា និងសមុទ្រ Andaman។

កាលពីខែធ្នូ ឆ្នាំ 2023 កងទ័ពសិង្ហបុរី និងថៃបានធ្វើសមយុទ្ធ Kocha Singa ប្រចាំឆ្នាំលើកទី 23 ដែលបង្ហាញអំពីសមយុទ្ធបាញ់គ្រាប់ពិតនៅឯ Multi-Mission Range Complex របស់ប្រទេសសិង្ហបុរី និងសមុយុទ្ធហ្វឹកហ្វឺនកម្រិតកងវរសេនាតូចរួមបញ្ចូលគ្នានៅឯទីតាំងហ្វឹកហ្វឺន Murai Urban នៅក្នុងសិង្ហបុរីផងដែរ។

ទន្ទឹមនឹងនេះដែរ សមយុទ្ធ Cope Tiger ប្រចាំឆ្នាំបង្ហាញអំពីកងទ័ពអាកាសនៃប្រទេសទាំងពីររួមគ្នាជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក។ សមយុទ្ធលើកទី 27 ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ 2023 មានការចូលរួមពីបុគ្គលិកចំនួនជាង 2 000 នាក់ និងធនធានប្រហែល 70 ប្រភេទ រួមទាំងយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រប្រយុទ្ធ យានគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋាននៅលើដីគោក។ មន្រ្តីនោះបានលើកឡើងទៀតថា សមយុទ្ធនេះត្រៀមកងកម្លាំង ដើម្បីរៀបចំផែនការ និងអនុវត្តប្រតិបត្តិការប្រយុទ្ធតាមផ្លូវអាកាសទ្រង់ទ្រាយធំសម្រាប់បេសកកម្មការពារ និងការវាយប្រហារតាមដែនអាកាស។

កងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងថៃក៏ចូលរួមជាមួយបុគ្គលិកឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក្នុងការល្បាតច្រកសមុទ្រម៉ាឡាកាផងដែរ។ បើយោងតាម MINDEF បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការការពារច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី រួមមានការល្បាតតាមដែនអាកាស និងដែនសមុទ្រ និងការចែករំលែកព័ត៌មានសម្ងាត់។

«វាជាការចាំបាច់ក្នុងការរក្សាភាពជាដៃគូបែបចាស់នេះ» លោក Koh បានថ្លែងប្រាប់ទៀតអំពីការចូលរួមផ្នែកការពារជាតិរវាងសិង្ហបុរី និងថៃ ដែលលោកបានកំណត់ថាជា «យុថ្កានៃការទូតផ្នែកការពារជាតិក្នុងតំបន់… ជាពិសេសដោយសារតែពួកគេជំរុញគំនិតផ្តួចផ្តើមដ៏សំខាន់បន្ថែមទៀតទាក់ទងនឹងវិសាលភាព និងភាពស៊ីជម្រៅ — ជាពិសេសអន្តរប្រតិបត្តិពីផ្នែកយោធាទៅផ្នែកយោធាគឺជាអ្វីដែលមិនងាយទទួលបាននៅក្នុងគំនិតផ្តួចផ្តើមពហុភាគីក្នុងទំហំទ្រង់ទ្រាយកាន់តែធំ»។

Tom Abke គឺជាអ្នកឆ្លើយឆ្លងព័ត៌មាននៅទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button