វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

ប្រជាជនកូរ៉េខាងជើងមានភាពអត់ឃ្លាននៅចំពេលការចំណាយលើវិស័យយោធារបស់របបនេះ ដែលជាកិច្ចព្រមព្រៀងសព្វាវុធជាមួយនឹងរុស្ស៊ី

បុគ្គលិកទស្សនាវដ្តី FORUM

មេដឹកនាំផ្តាច់ការនៃប្រទេសឯកោមួយនេះបានថ្លែងកាលពីចុងខែមករាឆ្នាំ 2024 កន្លងទៅនេះថា សេដ្ឋកិច្ចជនបទរបស់កូរ៉េខាងជើងកំពុងស្ថិតក្នុង «ស្ថានភាពដ៏អាក្រក់» ដោយទទួលស្គាល់ថា «ភាពបរាជ័យមិនបានផ្តល់ឱ្យប្រជាជនដោយពេញចិត្តនៅក្នុងតំបន់មូលដ្ឋាននូវតម្រូវការរស់នៅជាមូលដ្ឋានរួមទាំងគ្រឿងទេស គ្រឿងបរិភោគ និងទំនិញប្រើប្រាស់» នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Korean Central News Agency ដែលគ្រប់គ្រងដោយរដ្ឋ។

ប៉ុន្មានថ្ងៃក្រោយពីការទទួលស្គាល់របស់លោក Kim Jong Un អ្នកការទូតកូរ៉េខាងជើងបានជួបប្រជុំនៅទីក្រុងព្យុងយ៉ាងជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន (PRC)។ លោក Kim កំពុងព្យាយាមពង្រឹងទំនាក់ទំនងរបបរបស់គាត់ជាមួយនឹងទីក្រុងប៉េកាំង បន្ទាប់ពីបង្កើនទំនាក់ទំនងជាមួយនឹងទីក្រុងមូស្គូ តាមរយៈការផ្ទេរអាវុធទៅឱ្យរុស្ស៊ី សម្រាប់សង្គ្រាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន។

អ្នករស់នៅជនបទមួយចំនួនក្នុងចំណោម 9,66 លាន់នាក់របស់កូរ៉េជើងកំពុងជួបប្រទះភាពអត់ឃ្លាន ខណៈដែលលោក Kim សង្កត់ធ្ងន់លើការបង្កើនសមត្ថភាពផ្នែកយោធោដ៏មានតម្លៃថ្លៃទៅវិញ ហើយរបបរបស់លោកនៅតែបន្តដោយពឹងផ្អែកលើបក្សកុម្មុយនិស្ត​ចិន ក្រោមការដឹកនាំដោយអគ្គលេខាធិការបក្ស លោក Xi Jinping។ PRC គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង និងជាដៃគូពាណិជ្ជកម្មដ៏ឈានមុខ ដែលផ្តល់អាហារ និងថាមពលរបស់ខ្លួនដ៏ច្រើន។

បើយោងតាមអ្នកសិក្សាស្រាវជ្រាវនៅឯសកលវិទ្យាល័យ Vienna University of Economics and Business នៅក្នុងប្រទេសអូទ្រីសបានឱ្យដឹងថា ការប៉ាន់ប្រមាណប្រហែល 60 ភាគរយនៃជនជាតិកូរ៉េ ឬស្មើនឹងពលរដ្ឋចំនួន 15 លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រខ្លាំងគិតត្រឹមឆ្នាំ 2020 និងមិនអាចទ្រទ្រង់តម្រូវការមូលដ្ឋាន​មានដូចជា ស្បៀង ទីជម្រក ទឹកផឹក ការអប់រំ និងការថែទាំផ្នែកវេជ្ជសាស្រ្តបានឡើយ។

គណៈប្រតិភូរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានមានប្រសាសន៍កាលពីខែតុលា ឆ្នាំ 2023 ថា របបរបស់លោក Kim បានដឹកជញ្ជូនសព្វាវុធ និងគ្រាប់បែកជាង 1 000 កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ី ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឱ្យនាំចេញសព្វាអាវុធរបស់កូរ៉េខាងជើង។

ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ 2024 ថា សេដ្ឋកិច្ចដែលបានគ្រោងទុកជាកណ្តាលរបស់ប្រទេសកូរ៉េខាងជើងមានតម្លៃ 24,5 ពាន់លានដុល្លារក្នុងឆ្នាំ 2022។ សេចក្ដីរាយការណ៍របស់កាសែត The New York Times បានឱ្យដឹងថា បន្ទាប់ពីការផ្ទេរសព្វាវុធទាំងនោះ ទីក្រុងមូស្គូបានបញ្ចេញទឹកប្រាក់ចំនួន 9 លានដុល្លារនៅក្នុងធនធានដែលបានបង្កករបស់កូរ៉េខាងជើង ហើយក៏អាចជួយក្រុងព្យុងយ៉ាងឱ្យរួចផុតពីទណ្ឌកម្មផ្នែកសេដ្ឋកិច្ចតាមរយៈការផ្តល់លទ្ធភាពប្រើប្រាស់បណ្តាញធនាគារអន្តរជាតិផងដែរ។

ប្រាក់ទូទាត់ពីប្រទេសរុស្ស៊ីស្មើនឹងចំនួនតិចជាង 1 ដុល្លារក្នុងអ្នករស់នៅជនបទម្នាក់នៅកូរ៉េខាងជើង។ របបនេះមានគោលបំណងប្រើប្រាស់ប្រាក់នេះ ដើម្បីទិញប្រេងឆៅ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត The Times។

ដោយសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងត្រូវបានបំផ្លិចបំផ្លាញដោយការដាក់ទណ្ឌកម្មអន្តរជាតិលើកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់របបនេះ ព្រមទាំងតាមរយៈជំងឺរាតត្បាតកូវីដ 19 នាពេលថ្មីៗនេះ គណបក្សកាន់អំណាចបានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការមួយ ដើម្បីព្យាយាមអភិវឌ្ឍតំបន់ជនបទដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ និងអសន្តិសុខស្បៀងនៅទូទាំងតំបន់នោះ។ ទន្ទឹងគ្នានេះដែរ ការចំណាយថវិកាលើវិស័យយោធាមានចំនួនជិត 16% នៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងជើង (GDP) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ហើយបានតំណាងឱ្យ 26% នៃ GDP នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សេចក្តីរាយការណ៍ពីវិទ្យុអាស៊ីសេរីបានឱ្យដឹងថា សេដ្ឋកិច្ចបានធ្លាក់ចុះជាលើកទីបីជាប់ៗគ្នាក្នុងឆ្នាំ 2022 ហើយឧស្សាហកម្មផលិតរបស់ប្រទេសនេះបានធ្លាក់ចុះបន្តិចម្តងៗក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។

កូរ៉េខាងជើងទទួលរងគ្រោះទុរ្ភិក្សដ៏មហន្តរាយនៅក្នុងទសវត្សរ៍ឆ្នាំ 1990 ដោយនៅក្នុងអំឡុងពេលនោះ មនុស្សប្រមាណ 600 000 នាក់ ដល់ 1 លាននាក់បានស្លាប់។ កង្វះស្បៀងរុំារ៉ៃគឺដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវរបស់របបនេះអស់រាប់ទសវត្សរ៍មកហើយ។

ស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅមជ្ឈមណ្ឌល Stimson​ ទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានរាយការណ៍កាលពីឆ្នាំ 2023 ថា៖ «និយាយឱ្យសាមញ្ញាទៅ កូរ៉េខាងជើងជិតដល់ពេលជួបគ្រោះទុរ្ភិក្សហើយ»។

កម្រិតកើនឡើងនៃអសន្តិសុខស្បៀងត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ខែកុម្ភៈ ឆ្នាំ 2024 ដោយក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលដោយផ្អែកលើបទសម្ភាសជាមួយជនផ្តាច់ខ្លួនជនជាតិកូរ៉េខាងជើងចំនួនជាង 6 300 នាក់។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកឆ្លើយតបភាគច្រើនដែលបានតាំងទីលំនៅជាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះបានថ្លែងប្រាប់ថា ពួកគេមិនដែលបានទទួលរបបអាហាររបស់រដ្ឋាភិបាលនៅភាគខាងជើង ហើយពឹងផ្អែកលើទីផ្សារបណ្តោះអាសន្ន ដើម្បីរកប្រាក់ដើម្បីរស់។ អ្នកខ្លះបានលើកឡើងថា ចំនួនជិត 70% នៃប្រាក់ចំណូលគ្រួសាររបស់ពួកគេបានមកពីប្រភពមិនផ្លូវការ។

រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម លោក Kim Yung-ho បានមានប្រសាសន៍ថា៖ «យើងអាចបញ្ជាក់ថាលំនៅឋាន បរិយាកាសផ្នែកវេជ្ជសាស្រ្ត និងអប់រំរបស់អ្នករស់នៅកូរ៉េខាងជើងនៅតែស្ថិតក្នុងកម្រិតខ្វះការអភិវឌ្ឍនៅឡើយ ហើយការធ្វើទីផ្សារនៅតែបន្តក្នុងទិដ្ឋភាពជាច្រើននៃជីវភាពរស់នៅរបស់ពួកគេ ដើម្បីតែការរស់ប៉ុណ្ណោះ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button