តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

បក្សកុម្មុយនិស្តចិន (CCP) បង្កើតច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ទំនោរ​របស់​អគ្គលេខាធិកា​បក្ស​កុម្មុយនិស្ត​ចិន (CCP) លោក Xi Jinping លើ​អនុសញ្ញា​អន្តរជាតិ​គាំទ្រដល់​គោល​បំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ដែល​ជារឿយៗធ្វើឱ្យខូច​ប្រយោជន៍​ដល់​រដ្ឋ​ដទៃទៀត។ អ្នកវិភាគលើកឡើងថា យុទ្ធសាស្ត្រ «នីត្យានុកូលភាព» ដោយឯកតោភាគីទាំងនេះស្ថិតក្នុងចំណោមបច្ចេកទេសតំបន់ប្រទាញប្រទង់របស់ CCP ក្នុងការស្វែងរកអនុត្តរភាពសកល។

CCP បង្កើនការប្រើប្រាស់យុទ្ធសាស្ត្រនីត្យានុកូលភាពដើម្បីទទួលបានអានុភាពនៅក្នុងដែនទឹកឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ បណ្តាញដឹកជញ្ជូនសំខាន់ៗចំពោះពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខ សុទ្ធតែធ្វើការឆ្លងកាត់ផ្លូវទឹកទាំងនោះ ហើយ CCP ក៏ទាមទារដែនសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសផ្សេងទៀតផងដែរ។ នៅក្រោមច្បាប់អន្តរជាតិ ប្រជាជាតិមួយមានសិទ្ធិអធិបតេយ្យភាពផ្តាច់មុខចំពោះធនធានធម្មជាតិ ដូចជាត្រី ប្រេង និងឧស្ម័ន និងរ៉ែ នៅក្នុងតំបន់ EEZ របស់ខ្លួន។

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនបានបើកកាត់ពីមុខនាវាពិឃាត USS Chung-Hoon ដែលបំពាក់ដោយប្រព័ន្ធចាប់មីស៊ីលរបស់កងទ័ពជើងទឹកអាមេរិក ខណៈដែលនាវានេះធ្វើការល្បាតជាប្រចាំនៅច្រកសមុទ្រតៃវ៉ាន់ក្នុងខែមិថុនា ឆ្នាំ 2023។
ប្រភពវីដេអូ៖ អនុសេនីយ៍ J.G. ABIGAIL RUSSELL/កងទ័ពជើងទឹកអាមេរិក

លោក Xi និង CCP មិនអើពើ ឬបកស្រាយច្បាប់ដែលផ្ទុយនឹងគោលដៅរបស់ពួកគេ ដើម្បីបង្ខិតបង្ខំដោយមិនចាំបាច់ប្រើមធ្យោបាយសង្រ្គាមបែបចាស់នោះឡើយ។ លោក Jill Goldenziel សាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិនៅមហាវិទ្យាល័យព័ត៌មាន និងលំហអ៊ីនធឺណិតនៃសាកលវិទ្យាល័យការពារជាតិ បានសរសេរក្នុងទិនានុប្បវត្តិច្បាប់ Cornell Review នៅខែកញ្ញាឆ្នាំ 2021 ថា៖ «ការកើនឡើងនៃការប្រើប្រាស់នីត្យានុកូលកម្មអាចអភិរក្សធនធានយោធា បង្ការការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងជួយសង្គ្រោះជីវិតជនស៊ីវិល និងសមាជិកកងកម្លាំងប្រដាប់អាវុធ»។ «ច្បាប់​ជា​អាវុធដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែ​​ជា​អាវុធដ៏មានឥទ្ធិពល​ដែល​បន្សល់​ទុក​សាកសព​តិចជាងនៅ​សមរភូមិ»។

ដោយពឹងផ្អែកលើច្បាប់ដ៏ចម្រូងចម្រាសរបស់ប្រទេសចិន និងការបកស្រាយដោយខ្លួនឯងទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលលោក Xi អះអាងថា PRC មានសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកចិនដីគោក និងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែល CCP អះអាងថាជាផ្នែកមួយនៃ PRC ហើយគំរាមដាក់បញ្ចូលដោយកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជាតិជាច្រើនអះអាងថា UNCLOS បញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រដែលមានទទឹងរហូតដល់ 400 គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាជាដែនទឹកអន្តរជាតិ ហើយហេតុដូច្នេះ វាជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់ និងជាសកលសម្រាប់នាវា។

កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានជំរុញយ៉ាងខ្លាំងក្លានូវការទាមទាររបស់ CCP រួមទាំងការដាក់ពង្រាយនាវាប្រដាប់អាវុធ ដើម្បីប្រឈមមុខនឹងនាវារបស់ប្រទេសផ្សេងទៀតនៅក្នុងច្រកសមុទ្រនេះ។ នៅពេលដែលនាវាកងទ័ពជើងទឹករបស់ចិនបានឆ្លងកាត់ក្បាលនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកដែលកំពុងធ្វើការឆ្លងកាត់ជាប្រចាំនៅក្នុងខែមិថុនា ឆ្នាំ 2023 ការជួបប្រទះគ្នានេះបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។ មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងថា ការធ្វើចលនាបន្លាស់ទី​ដោយមិនមានការប្រុងប្រយ័ត្នបានរំលោភលើ «ច្បាប់ផ្លូវស្ដីពីការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ»។

នៅ​ខែមករា ឆ្នាំ 2024 ទីក្រុងប៉េកាំងបានខឹងសម្បាទៅលើតៃវ៉ាន់ នៅពេលដែលតៃវ៉ាន់បានផ្លាស់ប្តូរផ្លូវអាកាសពាណិជ្ជកម្មដើម្បីឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រនេះ ដែលបានបម្រើជាព្រំដែនមិនផ្លូវការជាយូរមកហើយរវាងចិនដីគោក និងតៃវ៉ាន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា CCP បានថ្លែងថា ខ្លួនមិនទទួលស្គាល់បន្ទាត់ចំណុចកណ្ដាលនោះទេ។ មន្ត្រីតៃវ៉ាន់ម្នាក់បានលើកឡើងថា ផ្លូវថ្មីនេះបានមើលរំលងសុវត្ថិភាពជើងហោះហើរ មិនគោរពតៃវ៉ាន់ និងព្យាយាម «បង្ហាញសព្វមុខ» នូវអាកាសចរណ៍ស៊ីវិលសម្រាប់គោលបំណងនយោបាយ ឬយោធា។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងរបាយការណ៍ឆ្នាំ 2023 របស់ខ្លួនទៅកាន់សភាសហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍផ្នែកយោធា និងសន្តិសុខនៅក្នុង PRC ថា៖ «ពេញមួយឆ្នាំ 2022 ដែល PLA បានបង្កើនសកម្មភាពបង្កហេតុនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ ដើម្បីរួមបញ្ចូលការបាញ់មីស៊ីលបាលីស្ទីកកាត់ពីលើតៃវ៉ាន់ បង្កើនការហោះហើរយ៉ាងក្រាស់ក្រែលចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ និងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់»។

នាយឧត្តមសេនីយទោ លោក Sun Li-fang អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងថា សកម្មភាពរបស់ PRC អាចមានឥទ្ធិពលធ្វើឱ្យមានភាពបំផ្លិចបំផ្លាញ នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ 2024។ លោក Sun បានលើកឡើងថា៖ «សកម្មភាពមិនសមហេតុមិនសមផលដោយឯកតោភាគីណាមួយអាចបង្កើនភាពតានតឹង និងបំផ្លាញស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់បានយ៉ាងងាយ»។

ការទាមទាររបស់ PRC ចំពោះសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដោយផ្អែកលើផែនទីដែលត្រូវបានច្រានចោលក្នុងកម្រិតទូលំទូលាយ បានបង្កឱ្យមានជម្លោះជាមួយព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន តៃវ៉ាន់ និងវៀតណាម ដែលលើកឡើងថា នាវាចិនបានឈ្លានពាននៅក្នុងតំបន់ EEZ របស់ពួកគេ។

រដ្ឋាភិបាលទីក្រុងហាណូយបានទាមទារម្តងហើយម្តងទៀតឱ្យទីក្រុងប៉េកាំងដកនាវាស្រាវជ្រាវចិន នាវាឆ្មាំឆ្នេរសមុទ្រ និងទូកនេសាទចេញពីតំបន់ EEZ របស់ប្រទេសវៀតណាម នេះបើតាម Reuters រាយការណ៍បន្ទាប់ពីមានការចូលលុកលុយកាលពី ខែឧសភា ឆ្នាំ 2023។ លោក Ray Powell ដែលដឹកនាំគម្រោង Myoushu របស់សាកលវិទ្យាល័យ Stanford នៅសមុទ្រចិនខាងត្បូង បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា ការឈ្លានពានរបស់ CCP ចូលទៅក្នុងដែនទឹកវៀតណាម «ក្លាយជាទម្លាប់»។

ហ្វ៊ីលីពីន និងវៀតណាម ដែលមានការទាមទារទឹកដីត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង បានព្រមព្រៀងគ្នាក្នុងខែមករា ឆ្នាំ 2024 ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ និងខិតខំដោះស្រាយជម្លោះដោយសន្តិវិធី។ ការអះអាងកាន់តែខ្លាំងឡើងរបស់ CCP លេចឡើងជុំវិញកិច្ចព្រមព្រៀងនេះ។ ប្រធានាធិបតីហ្វ៊ីលីពីនលោក Ferdinand Marcos Jr. បានលើកឡើងមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានថ្លែងថា៖ «យើងមានភាពរឹងមាំក្នុងការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់យើងប្រឆាំងនឹងការបង្កហេតុណាមួយ»។

នាវាឆ្មាំឆ្នេរសមុទ្រចិន និងទូករបស់យោធាប្រតិព័ន្ធបានរំខាននាវាហ្វ៊ីលីពីននៅក្នុងតំបន់ EEZ របស់ទីក្រុងម៉ានីល ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងដែលប្រជាជនហ្វ៊ីលីពីនហៅថាជាសមុទ្រហ្វ៊ីលីពីនខាងលិច។ ចាប់តាំងពីដើមឆ្នាំ 2023 មក នាវាឆ្មាំឆ្នេរសមុទ្រចិនបានមកជល់​ នឹងបានបាញ់កាណុងបាញ់ទឹក ហើយបានបាញ់ឡាស៊ែរកម្រិតយោធានៅនាវាហ្វ៊ីលីពីនក្នុងការប៉ុនប៉ងទប់ស្កាត់បេសកកម្មផ្គត់ផ្គង់សម្ភារៈឡើងវិញទៅកាន់ប៉ុស្តិ៍ប្រចាំការយោធាហ្វ៊ីលីពីននៅ Second Thomas Shoal។ ចំនួននាវាចិនដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងនេះបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ 2023 បើយោងតាមការរាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ 2024។

CCP បន្តមិនអើពើនឹងសេចក្តីសម្រេចឆ្នាំ 2016 របស់តុលាការអន្តរជាតិដែលថាការទាមទាររបស់ទីក្រុងប៉េកាំងអំពី «សិទ្ធិជាប្រវត្តិសាស្ត្រ» នៅក្នុងសមុទ្រចិនខាងត្បូងគឺវិសមិតជាមួយ UNCLOS។

ទីក្រុងតូក្យូក៏បានថ្កោលទោសចំពោះការឈ្លានពានរបស់នាវាចិនចូលទៅក្នុងដែនទឹករបស់ជប៉ុននៅក្នុងសមុទ្រចិនខាងកើត។ នៅខែធ្នូ ឆ្នាំ 2023 ឆ្មាំឆ្នេរសមុទ្រជប៉ុនបានប៉ះទង្គិចជាមួយនាវាឆ្មាំឆ្នេរសមុទ្រចិនដែលចូលទៅជិតទូកនេសាទជប៉ុននៅជិតប្រជុំកោះ Senkaku របស់ប្រទេសជប៉ុនដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

នៅក្នុងការប្រឈមមុខគ្នាបែបនេះ CCP ពឹងផ្អែកលើនីត្យានុកូលកម្ម – ការបង្កើតច្បាប់ ឬជ្រើសរើសការបកស្រាយបទដ្ឋានអន្តរជាតិដែលមានស្រាប់ – ដើម្បីបង្កើតសំណុំរឿងរបស់ខ្លួន។ នាយឧត្តមនាវី លោក John Aquilino មេបញ្ជាការ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​រដ្ឋ​ហាវ៉ៃ​ក្នុង​ខែ​មករា ឆ្នាំ​ 2024 ថា៖ «នៅពេលដែលមានអ្វីមួយកើតឡើងដែលធ្វើឱ្យពួកគេមិនចូលចិត្ត ពួកគេមានទំនោរនឹងចាត់វិធានការ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button