តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPទស្សនៈសាកលអាស៊ីឥសាន / NEA

ជំនួយរបស់ចិនរងការប៉ះពាល់ដោយការវាយប្រហាររបស់ក្រុម Houthi លើកប៉ាល់ដែលប៉ុនប៉ងឆ្លងកាត់សមុទ្រក្រហម

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ទោះបីជាមិនមែនជាគោលដៅរបស់ក្រុមឧទ្ទាម Houthi ក៏ដោយក៏ពាណិជ្ជករចិនទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធលើនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ហើយខ្លាចវិបត្តិលើផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកអាចមានផលប៉ះពាល់រយៈពេលយូរ។

អ្នកជំនួញជនជាតិចិនម្នាក់បានលើកឡើងថា ថ្លៃដឹកជញ្ជូនកុងតឺន័រទៅកាន់អឺរ៉ុបបានកើនឡើងពីប្រហែល 3 000 ដុល្លារក្នុងខែធ្នូ ឆ្នាំ 2023 ដល់ 7 000 ដុល្លារក្នុងខែមករា ឆ្នាំ 2024 ខណៈដែលក្រុម Houthi ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់បានវាយលុកកប៉ាល់នៅក្នុងផ្លូវយុទ្ធសាស្ត្ររវាងសមុទ្រក្រហម និងសមុទ្រអារ៉ាប់ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters។ ក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅយេម៉ែនបានអះអាងថា ពួកគេនឹងវាយប្រហារតែនាវាមកពីប្រទេសដែលគាំទ្រសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមឧទ្ទាមហាម៉ាសប៉ុណ្ណោះ ដែលមិនរាប់បញ្ចូលសាធារណរដ្ឋប្រជាមានិតចិន (PRC) ប៉ុន្តែអ្នកនាំចេញ និងអ្នកផលិតរបស់ចិនប្រឈមនឹងការឡើងថ្លៃដឹកជញ្ជូន និងអត្រាធានារ៉ាប់រងក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ឬ នៅជុំវិញច្រកសមុទ្រតូចចង្អៀត និងកាន់តែមានគ្រោះថ្នាក់។

សមាជិកនាវិកធ្វើប្រតិបត្តិការហោះហើរនៅលើនាវា USS Dwight D. Eisenhower របស់កងទ័ពជើងទឹកអាមេរិកក្នុងខែមករា ឆ្នាំ 2024 ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកឧទ្ទាមប្រឆាំងនឹងនាវានៅក្នុងសមុទ្រក្រហម។
ប្រភពវីដេអូ៖ ចក្របាលត្រី KALVIN KES/កងទ័ពជើងទឹកអាមេរិក

ភាពរាំងស្ទះនៃការដឹកជញ្ជូនកើតឡើងនៅពេលដែល PRC ដែលជាប្រទេសពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ប្រជែងជាមួយនឹងប្រាក់ចំណេញតិចតួច និងបន្តប៉ះពាល់ពីការរឹតបន្តឹងនៃ COVID-19។ អរិភាព​នៅ​ច្រក​សមុទ្រ​ក្រហម និង​សមុទ្រ​ក្រហម​ភាគ​ខាង​ត្បូង​ក៏​បាន​ដក​ហូត​ក្រុមហ៊ុន​ចិន​នូវ​ការ​ចូល​ទៅ​វិនិយោគ​ដោយ​សុវត្ថិភាព​នៅ​តាម​បណ្តោយ និង​ក្បែរ​ព្រែកជីកស៊ុយអេនៅ​ចុង​ខាង​ជើង​សមុទ្រ។ ទន្ទឹមនឹងនេះដែរ PRC ប្រឈមមុខនឹងការដួលរលំផ្នែកអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះ ការថយចុះចំនួនប្រជាជន និងកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters នៅក្នុងខែមករាឆ្នាំ 2024។

ការដឹកជញ្ជូនសកលត្រូវទទួលរងផលប៉ះពាល់ស្រដៀងគ្នាដោយការវាយប្រហារ។ នាវាដឹកកុងតឺន័រ នាវាផ្ទុកទំនិញច្រើន និងនាវាដឹកប្រេង ដែលជាធម្មតាឆ្លងកាត់តាមសមុទ្រក្រហម ដែលជាផ្លូវសមុទ្រជិតបំផុតរវាងអាស៊ី និងអឺរ៉ុប ឥឡូវនេះកំពុងធ្វើដំណើរវាងប្រហែល 6 000 គីឡូម៉ែត្រជុំវិញអាហ្វ្រិកខាងត្បូង ដែលអាចចំណាយពេលដល់ទៅពីរសប្តាហ៍។ សារព័ត៌មាន The Associated Press បានរាយការណ៍ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងដឹកនាំគំនិតផ្តួចផ្តើមពហុជាតិសាសន៍ ដើម្បីទប់ទល់នឹងការវាយលុក ដោយកំណត់គោលដៅលើអាវុធរបស់ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដោយប្រើប្រាស់មីស៊ីល Tomahawk និងយន្តហោះចម្បាំង ដើម្បីបំផ្លាញទីតាំងផ្ទុកមីស៊ីល យន្តហោះដ្រូន និងឧបករណ៍បាញ់បង្ហោះរបស់ពួកឧទ្ទាម។ សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវផងដែរ​ឱ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ចុះបញ្ចូល​របប​ក្រុង​តេហេរ៉ង់ (Tehran) ឱ្យ​គ្រប់គ្រង​ក្រុម​សកម្មប្រយុទ្ធ។

កាសែត Financial Times បានរាយការណ៍កាលពីខែមករាថា PRC បានអំពាវនាវដល់ «ភាគីពាក់ព័ន្ធទាំងអស់» ឱ្យ «ធានាសុវត្ថិភាពនៃការធ្វើនាវាចរនៅក្នុងសមុទ្រក្រហម»។ ប៉ុន្តែ​ទី​ក្រុង​ប៉េកាំង​មិន​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ភាគី​ណាមួយ​ឡើយ។

អ្នកវិភាគលើកឡើងថា PRC មានការព្រួយបារម្ភថា ពាណិជ្ជករអឺរ៉ុបនឹងបង្កើតទំនាក់ទំនងនៅក្នុងប្រទេសដែលនៅជិតផ្ទះ ភាគច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការដឹកជញ្ជូន។ លោក Marco Castelli ស្ថាបនិកក្រុមហ៊ុន IC Trade ដែលនាំចេញគ្រឿងបន្លាស់មេកានិករបស់ចិនទៅកាន់អឺរ៉ុបបានថ្លែងប្រាប់សារព័ត៌មាន Reuters ថា៖ «[ក្រុមហ៊ុន] មួយចំនួនក៏អាចពិចារណាផ្លាស់ប្តូរផលិតកម្មបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា ដែលចំណាយពេលមួយសប្តាហ៍តិចជាងការធ្វើដំណើរទៅកាន់អឺរ៉ុប។ «ក្រុមហ៊ុនត្រូវវាយតម្លៃអ្វីគ្រប់យ៉ាងឡើងវិញ»។

ការបង្វែរទិសដៅរំលឹកឡើងវិញនូវការផ្អាកបណ្តោះអាសន្ននៃចរាចរណ៍តាមសមុទ្រ និងផ្លូវវាងដែលមានតម្លៃថ្លៃ បន្ទាប់ពី Ever Given ដែលជាកប៉ាល់ដឹកកុងតឺន័រដ៏ធំបានជាប់គាំង និងស្ទះព្រែកជីក Suez នៅផ្នែកខាងលើនៃសមុទ្រក្រហមក្នុងប្រទេសអេហ្ស៊ីបរយៈពេលប្រាំមួយថ្ងៃកាលពីក្នុងខែមីនា ឆ្នាំ 2021។ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដើម្បីទប់ទល់នឹងការរំខានបែបនេះ នេះបើយោងតាមសេចក្ដីរាយការណ៍នៅក្នុងខែមករា ឆ្នាំ 2024 របស់ទស្សនាវដ្តី Forbes។ PRC និងបណ្តាប្រទេសនៅ​ប៉ែកអឺរ៉ុបបានទូទាត់សំណងដោយផ្នែកសម្រាប់ការកកស្ទះតាមរយៈការដឹកជញ្ជូនទំនិញតាមរថភ្លើង។

អេហ្ស៊ីប អ៊ីរ៉ង់ និងយេម៉ែន ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់មួយ ផ្លូវមួយ (OBOR) របស់អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Xi Jinping។ ប៉ុន្តែ PRC មិនបានធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមឧទ្ទាម Houthi ដែលបិទបញ្ចប់គោលដៅ ដែលគេអះអាងថាជាគោលដៅរបស់ OBOR ក្នុងការភ្ជាប់ទំនាក់ទំនងប្រទេសសមាជិកតាមរយៈការវិនិយោគ និងផ្លូវពាណិជ្ជកម្មនោះទេ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន Reuters។

លោក Yin Gang អ្នកជំនាញចិននៅមជ្ឈិមបូព៌ាបានឱ្យដឹងថា ក្ដីរំខាននៃផ្លូវពាណិជ្ជកម្មបានបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើន។ លោក Yin បាន​ថ្លែងប្រាប់​កាសែត Financial Times ថា​៖ «​ផ្លូវ​ដឹកជញ្ជូនតាម​សមុទ្រ​ក្រហម​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​កប៉ាល់​ពាណិជ្ជករ​ចិន​»។ លោក​បាន​បន្ត​ថា​៖ «​ទោះ​បី​ជា​ការ​នាំ​ចេញ​ពី​ប្រទេស​ដូច​ជា​ប្រទេស​ចិន​អាច​នឹង​មាន​សុវត្ថិភាព​ក៏​ដោយ ថ្លៃ​ដឹក​ជញ្ជូន​បាន​កើន​ឡើង។ … វាគឺជារឿងដ៏អាក្រក់មួយសម្រាប់ប្រទេសចិន»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button