ភាពជាដៃគូអាស៊ីឥសាន / NEA

ជប៉ុន និងអង្គការណាតូធ្វើការពិភាក្សាគ្នាលើការបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ សម្រាប់ចែករំលែកព័ត៌មានសន្តិសុខ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអង្គការណាតូកំពុងបន្តរួមជាមួយនឹងការចរចា ដើម្បីបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍សម្រាប់ការចែករំលែកព័ត៌មានសន្តិសុខយ៉ាងឆាប់រហ័សលើការគំរាមកំហែងដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការព័ត៌មានមិនពិត រួមទាំងការគំរាមកំហែងពីសាធារណៈរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីផងដែរ។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei បានរាយការណ៍កាលពីពាក់កណ្តាល ខែមករា ឆ្នាំ 2024 ថាឧបករណ៍ទំនាក់ទំនងនេះអាចយកគំរូបានចំពោះប្រព័ន្ធដែលប្រើដោយសម្ព័ន្ធសន្តិសុខ 31 ប្រទេស ដែលអាចប្រើដើម្បីចែករំលែកព័ត៌មានពីទីតាំងដាច់ស្រយាល។

ប្រទេសជប៉ុន ដែលជាដៃគូមួយក្នុងចំណោមដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួនបួនរបស់អង្គការណាតូ រួមជាមួយអូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់ ពឹងផ្អែកលើការពិភាក្សាទល់មុខគ្នាជាមួយសម្ព័ន្ធភាពលើបញ្ហាសម្ងាត់ពិបាកដោះស្រាយ។

អង្គការណាតូបានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន គឺជាគន្លឹះក្នុងការដោះស្រាយបរិយាកាសសន្តិសុខពិភពលោកដែលកាន់តែស្មុគស្មាញ រួមទាំងការឈ្លានពានខុសច្បាប់របស់រុស្ស៊ីលើអ៊ុយក្រែន ការកសាងកម្លាំងយោធា និងសកម្មភាពឈ្លានពានរបស់ PRC និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ ដែលជាកន្លែងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជប៉ុន​បាន​កំពុង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយអង្គការណាតូអស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ជប៉ុនបានតែងតាំងឯកអគ្គរដ្ឋទូតដំបូងរបស់ខ្លួនប្រចាំអង្គការណាតូក្នុងឆ្នាំ 2019 ហើយបីឆ្នាំក្រោយមក លោក Fumio Kishida បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានជួបជាមួយលោក Kishida នៅទីក្រុងតូក្យូក្នុង ខែមករា ឆ្នាំ 2023 កន្លងមកនេះផងដែរ។ ប្រទេសជប៉ុនបានចូលរួមក្នុងសមយុទ្ធការពារតាមអ៊ីនធឺណិតរបស់អង្គការណាតូ ហើយកងកម្លាំង​ការពាររបស់ប្រទេសនេះបានចូលរួមក្នុងប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះក្នុងភាពអាសន្នជាអន្តរជាតិលើកដំបូងរបស់ខ្លួនជាមួយអង្គការណាតូ​ តាមរយៈការផ្ដល់សម្ភារៈផ្គត់ផ្គង់តាមការហោះហើរទៅកាន់ប្រទេសតួកគី បន្ទាប់ពីការរញ្ជួយដីកាលពី ខែកុម្ភៈ ឆ្នាំ 2023។

អង្គការណាតូ និងជប៉ុនក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកម្មវិធីភាពជាដៃគូជាលក្ខណៈបុគ្គលនៅក្នុង ខែកក្កដា ឆ្នាំ 2023។ ប្រការនោះនឹងពង្រីកឱកាស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យចំនួន 16 រួមទាំងការការពារតាមអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ និងជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។

តាមរយៈការបើកការចែករំលែកព័ត៌មានសម្ងាត់យ៉ាងឆាប់រហ័ស ខ្សែទូរសព្ទទាន់ហេតុការណ៍អាចមានប្រយោជន៍ដោយពិចារណាលើកាលៈទេសៈហានិភ័យដែលកំពុងកើនពីការវាយប្រហារតាមអ៊ីនធឺណិត និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត ជាពិសេសពី PRC។

PRC បង្ហាញនូវ «ចារកម្មដែលប្រើអ៊ីនធឺណិតដ៏ស្មុគ្រស្មាញ និងជាប់លាប់ និងការគំរាមកំហែងវាយប្រហារចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធា និងសំខាន់ៗ» នេះបើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានរាយការណ៍នៅក្នុងខែតុលា ឆ្នាំ 2023។ លើសពីនេះ ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានរកឃើញថាក្រុមអ្នកលួចចូលប្រព័ន្ធពីយោធាចិនបានកែប្រែទម្រង់នៃបណ្តាញការពារជាតិរបស់ប្រទេសជប៉ុន នេះបើយោងតាមកាសែត The Washington Post ដែលបានរាយការណ៍កាលពី ខែសីហា ឆ្នាំ 2023។

សារព័ត៌មាន Associated Press បានរាយការណ៍ថា ប្រទេសជប៉ុន និង PRC បានយល់ព្រមបង្កើត​ខ្សែ​ទូរសព្ទ​ទាន់​ហេតុការណ៍នៅក្នុងឆ្នាំ 2018 ហើយរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេបានបើកសម្ពោធប្រព័ន្ធនេះនៅក្នុងខែឧសភា ឆ្នាំ 2023។ ខ្សែទូរសព្ទទាន់ហេតុការណ៍នេះ ត្រូវបានគ្រោងឡើងជាវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើនការជឿទុកចិត្ត និងជៀសវាងការយល់ច្រឡំ និងជម្លោះ រួមទាំងនៅសមុទ្រចិនខាងកើត ដែលទីក្រុងតូក្យូបានចោទប្រកាន់នាវាចិនពីការឈ្លានពានខុសច្បាប់ចូលទៅក្នុងដែនទឹកជុំវិញប្រជុំកោះ Senkaku របស់ប្រទេសជប៉ុននោះ។

លោក Kishida បានថ្លែងបន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការ ខែកក្កដា ឆ្នាំ 2023 ជាមួយសម្ព័ន្ធភាពថា៖ «ប្រទេសជប៉ុន និងអង្គការណាតូចែករំលែកការយល់ដឹងថាការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង ឬការបង្ខិតបង្ខំនឹងមិនត្រូវបានអត់ឱនឱ្យ​នោះឡើយ ដោយមិនគិតពីកន្លែងដែលបញ្ហានេះកើតឡើងនៅក្នុងពិភពលោកនោះទេ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button