ការរីកសាយអាវុធទស្សនៈសាកលអាស៊ីឥសាន / NEA

ជប៉ុនបង្កើនសមត្ថភាពឃ្លាំមើល ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង

Marc Jacob Prosser

ការដាក់ពង្រាយផ្កាយរណបចារកម្មនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង បានធ្វើឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់ប្រទេសជប៉ុន និងដៃគូរបស់ខ្លួន ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានពណ៌នាការបាញ់បង្ហោះនេះថា «ជាការរំលោភយ៉ាងច្បាស់ក្រឡែតលើដំណោះស្រាយដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ»។

បន្ទាប់ពីការបាញ់បង្ហោះរបស់ទីក្រុងព្យុងយ៉ាង ជប៉ុនបានបញ្ជូនផ្កាយរណបឃ្លាំមើលទៅកាន់គន្លងគោចរនៅពាក់កណ្តាលខែមករា ឆ្នាំ 2024។ ទីក្រុងតូក្យូក៏កំពុងចូលរួមក្នុងសមយុទ្ធការពារជាតិជាមួយដៃគូក្នុងតំបន់ និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ។

គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបឃ្លាំមើលរបស់ជប៉ុន ត្រូវបានបបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima កាលពីខែមករា ឆ្នាំ 2024។
ប្រភពវីដេអូ៖ សារព័ត៌មាន KYODO/សារព័ត៌មាន Reuters

ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 បន្ទាប់ពីការប៉ុនប៉ងបរាជ័យចំនួនពីរលើក និងស្របគ្នាជាមួយនឹងការកើនឡើងនៃវោហាសាស្ត្រពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ លោក Kim បានអំពាវនាវឱ្យប្រទេសឯកោរបស់លោកពង្រីកសមត្ថភាពយោធារបស់ខ្លួន រួមទាំងផ្កាយរណប អាវុធនុយក្លេអ៊ែរ និងឧបករណ៍ប្រយុទ្ធស្វយ័ត។

លោក Stephen Nagy សាស្ត្រាចារ្យផ្នែកនយោបាយ និងការសិក្សាអន្តរជាតិនៅសកលវិទ្យាល័យ International Christian University នៃទីក្រុងតូក្យូ បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ខណៈពេលដែលសមត្ថភាពផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងទំនងជាមានកម្រិត ពួកវាជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការបង្រួបបង្រួម និងពង្រឹងសមត្ថភាពមីស៊ីល [អន្តរទ្វីប] ICBM»។ «យានបង្ហោះផ្កាយរណបចារកម្ម សមត្ថភាពរុករក និងបច្ចេកវិទ្យា គឺជាទិដ្ឋភាពសំខាន់ៗនៃបច្ចេកវិទ្យា ICBM»។

យោងតាមលោក Hirohito Ogi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគំនិតផ្តួចផ្តើមអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានភូគព្ភសាស្ត្រនៅ International House of Japan ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ខ្លួនក្នុងប្រតិបត្តិការសមត្ថភាពមីស៊ីលរបស់ខ្លួននៅក្នុងមជ្ឈដ្ឋានសង្រ្គាម។

លោកបានថ្លែងប្រាប់ ទស្សនាវដ្តី FORUM ថា៖ «ទោះបីជាយើងមិនដឹងថា តើកូរ៉េខាងជើងពិតជាអាចដំណើរការផ្កាយរណបបានដល់កម្រិតណាក៏ដោយ យើងត្រូវរក្សាការប្រុងប្រយ័ត្នចំពោះសមត្ថភាពដែលពាក់ព័ន្ធនៅក្នុងបរិបទនៃការគំរាមកំហែងក្នុងការប្រយុទ្ធក្នុងសង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសនេះ»។

មន្ត្រីផ្នែកចារកម្មរបស់កូរ៉េខាងត្បូងបានលើកឡើងថា រុស្ស៊ីទំនងជាកំពុងជួយដល់កម្មវិធីផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបង្កឱ្យមានអស្ថិរភាពដល់សក្ដានុពលភូមិសាស្ត្រនយោបាយក្នុងតំបន់។ ដៃគូឥណ្ឌូប៉ាស៊ីហ្វិក រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានថ្លែងថា ទីក្រុងព្យុងយ៉ាងកំពុងស្វែងរកបច្ចេកវិទ្យាយោធាពីទីក្រុងមូស្គូ ជាថ្នូរនឹងការផ្គត់ផ្គង់សព្វាវុធសាមញ្ញសម្រាប់សង្គ្រាមដែលមិនបង្កហេតុរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ការឆ្លើយតបរបស់ប្រទេសជប៉ុនរួមមានការពង្រីកការឆ្លើយតប និងសមត្ថភាពឃ្លាំមើល រួមទាំងការបាញ់បង្ហោះផ្កាយរណបប្រមូលព័ត៌មានអុបទិកទី​ 8 ថ្មីៗនេះពីមជ្ឈមណ្ឌលអវកាស Tanegashima។ នៅខែនោះ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាជើងទឹក ដែលរួមមាននាវាផ្ទុកយន្តហោះ USS Carl Vinson របស់អាមេរិក ដែលផ្តោតលើការឆ្លើយតបទៅនឹងការគំរាមកំហែងប្រើមីស៊ីលរបស់កូរ៉េខាងជើង។ ប្រទេសទាំងនេះ​ក៏​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ចែកចាយព័ត៌មាន​តាម​ពេលវេលា​ជាក់ស្តែង​ ដើម្បី​តាមដាន​សកម្មភាព​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង។

ជាការពិត ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង អាចនឹងមិនសម្រេចដូចបំណង នេះបើយោងតាមកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដែលបានចូលនិវត្តន៍ លោកឧត្តមសេនីយ៍ទោ Nozomu Yoshitomi បានថ្លែងប្រាប់ទស្សនាវដ្តី FORUM។ សមត្ថភាពរបស់ផ្កាយរណបទំនងជាអន់ជាង ឬល្អបំផុត ស្រដៀងទៅនឹងផ្កាយរណបឃ្លាំមើលពាណិជ្ជកម្មដែរ។ ដោយសារប្រទេសកូរ៉េខាងជើងអាចទិញរូបភាពផ្កាយរណបឃ្លាំមើលពីប្រទេសរុស្ស៊ីរួចហើយ ផ្កាយរណបរបស់ប្រទេសនេះនឹងទទួលបានអត្ថប្រយោជន៍មានកម្រិត។

លោក Yoshitomi សាស្ត្រាចារ្យផ្នែកគ្រប់គ្រងហានិភ័យនៅមហាវិទ្យាល័យ Nihon University បានមានប្រសាសន៍ថា៖ «តាមរបៀបនេះ សកម្មភាពយោធារបស់កូរ៉េខាងជើងមានប្រយោជន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងសកម្មភាពសហប្រតិបត្តិការបន្ថែមលើការចែករំលែកព័ត៌មាន ការការពារមីស៊ីល និងផ្សេងៗទៀត»។

ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតត្រូវបានគូសបញ្ជាក់នៅក្នុងខែធ្នូ ឆ្នាំ 2023 នៅពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ហើយបានប្រកាសពីគំនិតផ្តួចផ្តើមដើម្បីទប់ទល់នឹងកម្មវិធីមីស៊ីលបាលីស្ទីក និងអវកាសរបស់កូរ៉េខាងជើង ក៏ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់តាមរយៈរូបិយបណ្ណគ្រីបតូ។

លោក Marc Jacob Prosser គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តី FORUM ដែលរាយការណ៍ចេញពីទីក្រុងតូក្យូ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button