ចក្ខុវិស័យរួមធ្វើឱ្យឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ដែលមានការភ្ជាប់ទំនាក់ទំនង វិបុលភាព ភាពធន់ សុវត្ថិភាព
បុគ្គលិកទស្សនាវដ្តី FORUM
ការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការ នេះបើតាមការសិក្សាថ្មីៗបានបង្ហាញឡើង។ ក្រុមមន្ត្រីបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូបានឈានដល់កម្រិតដែលធ្វើឱ្យតំបន់ និងសហរដ្ឋអាមេរិកកាន់តែមានវិបុលភាព និងមានសុវត្ថិភាពជាងពេលណាៗទាំងអស់។
ចាប់តាំងពីការចាប់ផ្តើមយុទ្ធសាស្រ្តរបស់ខ្លួនមក សហរដ្ឋអាមេរិកបានធ្វើភាវរូបនីយកម្ម និងកំណត់ចំណុចគោលថ្មីសម្រាប់អន្តរកម្មក្នុងតំបន់។ អ្នកបង្កើតគោលនយោបាយ អ្នកការទូត និងមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក បានជួបជាមួយសមភាគីឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមនានា ដូចជាការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុជាដើម។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងបង្កើតដៃគូរដ្ឋឥណ្ឌូប៉ាស៊ីហ្វិកជាមួយសមភាគីអឺរ៉ុបផងដែរ។ សេតវិមានបានថ្លែងនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2024 ថា៖ «ថ្ងៃនេះ យើងមើលឃើញពីការទទួលស្គាល់ទាំងនៅអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកថា ឱកាស និងបញ្ហាប្រឈមនៅក្នុងតំបន់មួយប៉ះពាល់ដោយផ្ទាល់ទៅដល់តំបន់មួយផ្សេងទៀត»។
វិទ្យាស្ថាន AidData ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសកលរបស់មហាវិទ្យាល័យ William & Mary ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើការតាមដានតម្លៃសេដ្ឋកិច្ចនៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីឆ្នាំ 2012 ដល់ ឆ្នាំ 2022។ ខាងមន្ទីរពិសោធន៍បានរាយការណ៍ក្នុងខែកុម្ភៈ ឆ្នាំ 2024 ថា តាមការវាយតម្លៃទិន្នន័យពីសេដ្ឋកិច្ចក្នុងតំបន់ចំនួន 46 បានបង្ហាញថា ពាណិជ្ជកម្ម ជំនួយ ការផ្ទេរប្រាក់ និងការវិនិយោគដោយផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកមានចំនួនសរុប 24,5 ទ្រីលានដុល្លារ និងកើនឡើង 18% ក្នុងរយៈពេលនោះ។ លោកស្រី Samantha Custer នាយកផ្នែកវិភាគគោលនយោបាយរបស់វិទ្យាស្ថាន AidData បានលើកឡើងថា សេដ្ឋកិច្ចកោះប៉ាស៊ីហ្វិកគឺស្ថិតក្នុងចំណោមអ្នកទទួលផលដ៏ធំបំផុតសម្រាប់មនុស្សម្នាក់ៗ។ លោកស្រីបានឱ្យដឹងទៀតថា លើសពីការវិនិយោគរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិកកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់ ហើយអង្គការសប្បុរសធម៌ឯកជនក៏បានចូលរួមចំណែកយ៉ាងច្រើនផងដែរ។
ការស្រាវជ្រាវរបស់វិទ្យាស្ថាន AidData បង្ហាញថា សហរដ្ឋអាមេរិកបានវិវត្តពីអ្នកផ្តល់ជំនួយទៅជាដៃគូវិនិយោគនៅក្នុងតំបន់។
ក្នុងចំណោមអង្គភាពរបស់សហរដ្ឋអាមេរិកដែលកំពុងអនុវត្តយុទ្ធសាស្ត្រ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងការពារជាតិ និងរដ្ឋ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ និងទីភ្នាក់ងារពាណិជ្ជកម្មនិងអភិវឌ្ឍន៍។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា៖ «សហរដ្ឋអាមេរិកបន្តបង្ហាញពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការពង្រឹងសមត្ថភាព និងភាពធន់របស់តំបន់ក្នុងការដោះស្រាយបញ្ហាប្រឈម និងឱកាសនៅក្នុងសតវត្សរ៍ទី 21 ហើយបង្ហាញថាយើងអាចកសាងអនាគតដ៏ល្អប្រសើរជាមួយគ្នា»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរថា នៅឥណ្ឌូប៉ាស៊ីហ្វិកមានចំនួនប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង 60% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងតំបន់នេះបានកើនឡើងលើសពី 2 ទ្រីលានដុល្លារក្នុងឆ្នាំ 2022។
នាយឧត្តមនាវី លោក John Aquilino មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានហៅតំបន់នេះថាជាកម្រិតតំបន់ដែលមានផលវិបាកបំផុតក្នុងពិភពលោក។ លោកបានថ្លែងនៅក្នុងសន្និសីទវេទិកាប៉ាស៊ីហ្វិកនៅហាវ៉ៃ ក្នុងខែមករា ឆ្នាំ 2024 ថា៖ «ដូច្នេះ យើងត្រូវតែដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ហើយយើងត្រូវយល់ថា សម្រាប់សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់យើង យើងនឹងមិនដោះស្រាយបញ្ហានេះតែម្នាក់ឯងនោះឡើយ ហើយការដោះស្រាយនេះនឹងប្រើគ្រប់ទម្រង់នៃអំណាចនៃរដ្ឋាភិបាលរបស់យើង»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។