តំបន់អូសេអានីទស្សនៈសាកលផ្នែកផ្សេងៗ

‘គោលបំណងសម្រាប់ដំណើរការប្រកបដោយភាពរលូន’

ប្រធានផ្នែកបច្ចេកវិទ្យានៃក្រសួងការពារជាតិអូស្ត្រាលីសង្កេតឃើញថា វិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការមានសារៈសំខាន់សម្រាប់ស្ថិរភាព សន្តិភាព

បុគ្គលិករបស់ទស្សនាវដ្តី FORUM

រូបថតដោយក្រសួងការពារជាតិអូស្ត្រាលី

ក្រសួងការពារជាតិប្រទេសអូស្ត្រាលីផ្តល់អាទិភាពដល់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់សកល និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ បណ្ឌិត Nigel McGinty ស្ថិតនៅជួរមុខគេក្នុងតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យាសម្រាប់យុទ្ធសាស្រ្តវិទ្យាសាស្ត្រ ទំនាក់ទំនង និងការចូលរួមអន្តរជាតិរបស់ក្រសួង។ McGinty សមាជិកក្រុមវាគ្មិននៅក្នុងសន្និសីទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប្រតិបត្តិការប៉ាស៊ីហ្វិក (POST) ឆ្នាំ 2023 នៅរដ្ឋហាវ៉ៃក្នុងខែមីនា បានថ្លែងប្រាប់ទស្សនាវដ្តី FORUM អំពីបេសកកម្មរបស់គាត់ក្នុងការបង្កើតបរិយាកាស ដែលលើកទឹកចិត្តដល់គំនិតដើម និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ កិច្ចសន្ទនាត្រូវបានកែសម្រួល ដើម្បីឱ្យត្រូវតាមទម្រង់របស់ទស្សនាវដ្តី FORUM។

តេឡេស្កុប DSTG Space Awareness Telescope វាយតម្លៃ និងតាមដានផ្កាយរណប និងកម្ទេចកម្ទីក្នុងទីអវកាស ហើយវាក៏ត្រូវបានប្រើប្រាស់សម្រាប់ការធ្វើតេស្តហាដវែរ ការអភិវឌ្ឍក្បួនដោះស្រាយ និងការស្រាវជ្រាវរួមគ្នាជាមួយអង្គការនានាក្នុងប្រទេសអូស្ត្រាលី និងកន្លែងផ្សេងទៀត។

តើភារកិច្ចរបស់អ្នកមានអ្វីខ្លះ ហើយអ្នកសង្ឃឹមថា នឹងសម្រេចបានអ្វី?

តួនាទីរបស់ខ្ញុំគឺបង្កើត និងដឹកនាំយុទ្ធសាស្ត្រវិទ្យាសាស្ត្រសម្រាប់អង្គភាព – វិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យា នៅពេលដែលវិស័យទាំងនេះត្រូវបានប្រើចំពោះវិស័យការពារជាតិ និងសន្តិសុខ។ តើ​ប្រទេស​អូស្ត្រាលី​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ណា ហើយ​គោល​ដៅ​របស់​យើងគឺជាអ្វី? សម្រាប់អ្នកដែលមិនធ្វើការនៅក្នុងវិស័យទាំងនេះ យើងត្រូវពន្យល់អំពីសារៈសំខាន់របស់វិស័យទាំងនេះចំពោះមូលដ្ឋានគ្រឹះនៃភារកិច្ចរបស់វិស័យការពារជាតិអូស្ត្រាលី — តែងតែពន្យល់បង្ហាញអំពីគោលដៅដែលយើងត្រូវឆ្ពោះទៅរក ក្នុងលក្ខណៈច្បាស់លាស់ និងមានភាពទាក់ទាញ។

ផ្នែកអន្តរជាតិមានសារៈសំខាន់សម្រាប់ក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ [DSTG]។ យើងមានបំណងសម្រេចបាននូវលទ្ធផល តាមរយៈភាពជាដៃគូអន្តរជាតិ ហើយការជួយបង្កើតទំនាក់ទំនងទាំងនោះ ដែលជាផ្នែកមួយនៃតួនាទីរបស់ខ្ញុំ។ ភាគច្រើនវាកើតឡើងដោយសារមនុស្ស និងទំនាក់ទំនងល្អ។ យើងមានភាពជាដៃគូរឹងមាំជាមួយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន សិង្ហបុរី សាធារណរដ្ឋកូរ៉េ បារាំង និងស៊ុយអែត។ ភាពជាដៃគូទូលំទូលាយជាមួយប្រទេសដែលផ្ដល់គុណតម្លៃដូចគ្នាគឺចាំបាច់ណាស់។ យើង​អាច​សម្រេច​បាន​តែ​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់សកលរួម​គ្នា។ ខ្ញុំមានក្រុមដែលធ្វើការជាមួយខ្ញុំ ជួយក្នុងការដឹកនាំ និងសម្របសម្រួលការងារដែល DSTG ធ្វើឡើងដោយមានការសហការគ្នា។

យើងចង់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើសមត្ថភាពជំនាន់ក្រោយ។ នោះហើយជាបញ្ហាប្រឈមរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបញ្ចប់តួនាទីនេះ ខ្ញុំចង់និយាយថា ពួកយើងបានជួយធ្វើឱ្យវាកាន់តែធំ កាន់តែប្រសើរ និងខ្លាំងជាងមុននៅក្នុងប្រទេសអូស្ត្រាលី។

តើមានតម្លៃក្នុងការដោះស្រាយបញ្ហាប្រឈមពហុភាគី ខុសពីប្រទេសនីមួយៗ ដែលខិតខំធ្វើនវានុវត្តន៍ និងការអភិវឌ្ឍដោយឯកតោភាគីដែរឬទេ?

វាអាចមានតម្លៃជាងក្នុងការធ្វើការងារជាពហុភាគី ប៉ុន្តែវាក៏អាចចំណាយពេលច្រើនផងដែរ។ បើប្រៀបធៀបទៅ ឧបមាថា អ្នកមានគ្នាបី ឬបួននាក់នៅក្នុងបន្ទប់មួយ កំពុងព្យាយាមរចនាអ្វីមួយ។ អ្នកគ្រប់គ្នាកំពុងព្យាយាមយកគំនិតរបស់ពួកគេដាក់ទៅក្នុងគម្រោងនេះ ត្រូវដែរទេ? ជម្រើសមួយទៀត ដើម្បីបង្កើតសន្ទុះ គឺមានមនុស្សម្នាក់ចាប់ផ្តើមសកម្មភាព ហើយបន្ទាប់មកអ្នកផ្សេងទៀតចូលរួម និងបន្ថែមពីលើសកម្មភាពនោះ។ គម្រោងវិវឌ្ឍទៅតាមពេលវេលា។ អ្នកទទួលបានគំរូពីមនុស្សម្នាក់ ឬពីប្រទេសមួយ ហើយបន្ទាប់មកអ្នកផ្សេងទៀតចូលរួមជាមួយវា។ យើងត្រូវតែបើកចំហ ដើម្បីនាំយកអ្នកសហការមកចូលរួមទាំងអស់គ្នា។

គម្រោងសហការត្រូវបំពេញតម្រូវការរបស់ប្រទេសជាដៃគូទាំងអស់ និយាយឱ្យងាយយល់ គឺរបៀបសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធកម្លាំង។ គម្រោងនេះត្រូវវិវឌ្ឍដោយប្រើទស្សនៈការរចនារួមគ្នា។ ខ្ញុំគិតថានេះជាវិធីល្អក្នុងការអភិវឌ្ឍ ហើយវាអាចកើតឡើងយ៉ាងឆាប់រហ័ស។ បើមិនដូច្នោះទេ ប្រសិនបើអ្នកមានភាគីពាក់ព័ន្ធជាច្រើនដែលផ្តល់តម្រូវការ អ្នកនឹងជាប់គាំងនៅក្នុងប្រព័ន្ធដែលស្មុគស្មាញខ្លាំងតែម្ដង។ ហើយយើងត្រូវដោះស្រាយបញ្ហាដែលកើតមានឡើង។

ភាពជាដៃគូជាមួយមនុស្សគ្រប់រូប ដែលធ្វើការរួមគ្នាក្នុងមាគ៌ាអន្តរកម្ម និងវិវឌ្ឍគឺជាអនាគត។ ឧទាហរណ៍មួយគឺកម្មវិធីសហប្រតិបត្តិការបច្ចេកទេសដែលអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកសហការចូលរួមក្នុងគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលដឹកនាំដោយយុទ្ធសាស្ត្រ។ វាជាវេទិកាសម្រាប់ផ្លាស់ប្តូរគំនិត និងជំនាញដើម្បីពង្រីកស្នាដៃស្រាវជ្រាវ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ខណៈពេលដែលជៀសវាងការងារជាន់គ្នា និងកែលម្អអន្តរប្រតិបត្តិការ។

ឧបករណ៍ចាប់សញ្ញា single-photon avalanche ដែលបង្កើតឡើងដោយ DSTG អាចរកឃើញវត្ថុក្នុងស្ថានភាពមានពន្លឺតិច និងមានសក្តានុពលស្កែនជម្រៅមហាសមុទ្រស្វែងរកនាវាមុជទឹករបស់សត្រូវ និងមីនសមុទ្រ។

តើការចែករំលែកព័ត៌មានអាចបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិដែរឬទេ?

ខ្ញុំយល់ថា ប្រទេសទាំងអស់ត្រូវតែការពាររតនសម្បត្តិរបស់ខ្លួន។ ប៉ុន្តែ មូលដ្ឋានសំខាន់នៃគោលការណ៍វិទ្យាសាស្ត្រគឺការបោះពុម្ពផ្សាយអំពីការស្រាវជ្រាវ និងការពិនិត្យការស្រាវជ្រាវឡើងវិញពីអ្នកវិទ្យាសាស្ត្រផ្សេងទៀត – ដោយបើកដំណើរការឱ្យមាន​វិទ្យាសាស្ត្របើកចំហ។ យើងត្រូវក្លាយជាការការពារនៅពេលក្រោយនៅក្នុងវដ្តអភិវឌ្ឍន៍ នៅពេលដែលយើងចាប់ផ្តើមគិតអំពីការអនុវត្ត ហើយប្រសិនបើបច្ចេកវិទ្យា ឬរបកគំហើញវិទ្យាសាស្ត្រ នឹងទទួលបានអត្ថប្រយោជន៍ក្នុងសមត្ថភាពយោធា។

 ក្នុងចំណោមក្រសួងការពារជាតិរបស់យើង ដើម្បីឱ្យពួកយើងពិតជាមានពេលវេលាសហការ ប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍ កាន់តែរលូន យើងត្រូវតែមានសេរីភាពកាន់តែច្រើនជាមួយនឹងព័ត៌មានរបស់យើង។ 

ចំណុចនេះត្រូវតែទទួលបានការគាំទ្រតាមរយៈការជឿទុកចិត្ត។ យើង​មកពី​ប្រទេស​ផ្សេង​គ្នា ប៉ុន្តែ​យើង​មាន​គុណតម្លៃ និង​ជំនឿ​របស់​យើងដូចគ្នា។ នៅក្នុងវិស័យអន្តរជាតិ កិច្ចការដែលយើងកំពុងឃើញនៅពេលនេះ គឺមានភាពរហ័សរហួនជាងមុន ដែលជាការជំរុញកាន់តែខ្លាំងដោយភាគីទាំងអស់ ឱ្យធ្វើកិច្ចការងារបន្ថែមទៀត។ ហើយនោះពិតជាល្អខ្លាំងណាស់។

អ្នកបាននិយាយថា នវានុវត្តន៍គឺជាសកម្មភាពច្នៃប្រឌិតមួយ ប៉ុន្តែក៏ត្រូវតែកើតឡើងយ៉ាងឆាប់រហ័សផងដែរ។ តើវាអាចមានជម្លោះដែរឬទេ?

ខ្ញុំមិនគិតដូច្នោះទេ។ សូមចាំថា សិល្បករដ៏អស្ចារ្យមួយចំនួនដែលយើងមាន គឺបង្កើតស្នាដៃដ៏អស្ចារ្យបានឆាប់រហ័ស។ វាមិនចាំបាច់ចំណាយពេល 10 ឆ្នាំ ដើម្បីអភិវឌ្ឍ និងប្រើប្រាស់ផលិតផលមួយនោះទេ។ សង្គ្រាមលោកលើកទី II មិនបានចំណាយពេលយូរនោះទេ ហើយចូរមើលពីអ្វីគ្រប់យ៉ាងដែលត្រូវបានស្រមៃ និងបង្កើតនៅក្នុងពេលវេលានោះចុះ។ យើង​គិតអំពីការ​អភិវឌ្ឍ​ដែល​អាច​អនុវត្ត​បាន ប៉ុន្តែ​ក៏​ត្រូវ​មើល​ពី​របៀប​ធ្វើការងារ​ឱ្យ​បាន​លឿន​ដែរ។ យើងបានធ្វើការងារនោះ ដោយចាប់ផ្តើមឡើងពីរថយន្តម៉ូដែល T និងទៅរថយន្ត Rolls Royce បន្តបន្ទាប់មក។ មានផ្នែក​មួយ​ទៀត​នៃ​ការងារនេះ។ ខ្ញុំគិតថាយើងចាប់បានក្នុងរយៈពេលអភិវឌ្ឍន៍ 10 ឆ្នាំ ដែលយើងគណនាប៉ារ៉ាម៉ែត្រផ្សេងគ្នាទាំងអស់ ដែលយើងត្រូវការអ្វីជាក់លាក់មួយ ដើម្បីផ្ដោតធ្វើ ខុសពីការអង្គុយធ្វើការតាមវិធីសហការគ្នាមួយ ដើម្បីយល់អំពីធាតុផ្សំនៃការរចនារួមគ្នា។ តើអ្នកដឹងទេ តើយើងអាចធ្វើការងារអ្វីខ្លះបានលឿនជាងមុន? តើយើងអាចសម្រេចបាន ឧទាហរណ៍ 90% នៃការងារដែលយើងកំពុងធ្វើដែរឬទេ? អ្នកដឹងទេ យើងប្រហែលជាអាចធ្វើបានក្នុងពេលមួយសប្តាហ៍។ ប៉ុន្តែ 100% នឹងចំណាយរយៈពេលប្រាំឆ្នាំ។

ការ​ការពារ​គឺ​ជា​វិធីសាស្ត្របែបបុរាណ បើនិយាយពីរបៀប​ដែលកិច្ចការនេះពិនិត្យមើលលើ​ការ​អភិវឌ្ឍ​សមត្ថភាព។ ប៉ុន្តែវិធីសាស្រ្តបែបបុរាណនេះអាចមានភាពយឺតយ៉ាវ និងថ្លៃខ្លាំង។ ដូច្នេះ យើងត្រូវមើលពីរបៀបដែលយើងអាចបង្កើនល្បឿនការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីផ្តល់នូវអត្ថប្រយោជន៍សមត្ថភាព ជាពិសេសសម្រាប់ប្រទេសអូស្ត្រាលី ឬប្រទេសតូចមួយ។ តើយើងអាចទទួលបានអត្ថប្រយោជន៍អស៊ីមេទ្រ តាមរយៈបច្ចេកវិទ្យា និងសមត្ថភាពដែលមានឥទ្ធិពលកើនឡើងទ្វេដងមួយចំនួនដោយរបៀបណា?

យើងត្រូវរិះរកវិធីថ្មី ដើម្បីរួមគ្នា និងកំណត់នូវគោលដៅដែលយើងអាចសម្រេចបានយ៉ាងឆាប់រហ័ស ហើយបន្តធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនោះតាមពេលវេលា ផ្ទុយពីការព្យាយាមបង្កើតរថយន្ត Rolls Royce ជាលើកដំបូង។ និយាយឱ្យចំទៅ ចំណុចសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងពិភពលោកដ៏អស្ចារ្យដែលយើងរស់នៅគឺផ្ដោតលើភាពប្រសើរឡើងជាបន្តបន្ទាប់។ ដូច្នេះ យើងត្រូវតែអាចទទួលបានសមត្ថភាពការផ្លាស់ប្ដូរខ្លះ ហើយបន្ទាប់មកកែលម្អជាបន្តបន្ទាប់។ នោះ​ជាគោលគំនិត​ដែល​ខ្ញុំ​កំពុងជំរុញឱ្យមានការគាំទ្រជាពិសេស។

តើមានការប្រាស្រ័យទាក់ទងកាន់តែច្រើនឥឡូវនេះរវាងរដ្ឋាភិបាល — ជាពិសេសវិស័យការការពារ និងឧស្សាហកម្មឯកជនដែរឬទេ?

នោះហើយជាគោលបំណងរបស់សន្និសីទ [POST]។ តើ​មាន​ការ​តភ្ជាប់ច្រើន​ជាងមុនដែរឬទេនៅពេល​នេះ? តើមានការសង្កត់ធ្ងន់បន្ថែមទៀតលើការព្យាយាមធ្វើឱ្យឧស្សាហកម្មឯកជនធ្វើការជាមួយរដ្ឋាភិបាល ជាមួយក្រសួងការពារជាតិ ដើម្បីដោះស្រាយបញ្ហាដែរឬទេ? ប្រាកដណាស់។ នៅឆ្នាំ 2016 ក្រសួងការពារជាតិរបស់យើងបានផ្លាស់ប្ដូរទិសដៅ។ យើងបានធ្វើការប្តេជ្ញាចិត្តថា ឧស្សាហកម្មគឺជាមូលដ្ឋានគ្រឹះនៃសមត្ថភាព ហើយវាមានន័យថា យើងនៅក្នុងភាពជាដៃគូជាមួយឧស្សាហកម្ម។ នោះ​គឺ​នៅលើសកម្មភាព​វិស័យការពារជាតិទាំងស្រុង ប៉ុន្តែ​វិស័យនេះក៏​រួម​បញ្ចូល​ទាំង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍផងដែរ។ ដូចនេះ វាសំខាន់ណាស់។ ក្នុងឆ្នាំ 2016 អូស្ត្រាលីបានវិនិយោគលើនវានុវត្តន៍តាមរយៈការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍វិស័យការពារជាតិ និងមូលនិធិបច្ចេកវិទ្យាជំនាន់ក្រោយ។ យើងអាចលើកកម្ពស់សមត្ថភាពតាមរយៈកម្មវិធីដើម្បីឧបត្ថម្ភ និងបង្កើតឧស្សាហកម្មតូចៗ ក្រុមហ៊ុនតូចៗ។ សហគ្រាស SME [សហគ្រាសខ្នាតតូច និងមធ្យម] ភ្ជាប់អ្នកស្រាវជ្រាវជាមួយដៃគូពាណិជ្ជកម្ម ដើម្បីរកមើលឱកាសដែលអាចកើតមាន។ ក្រុមហ៊ុនកំពុងត្រូវបានបង្កើតឡើងនៅលើគំរូអាជីវកម្មនោះ។ យើងមកដល់ទីនេះ ព្រោះក្រុមហ៊ុនបានបង្កើតប្រព័ន្ធនវានុវត្តន៍ដ៏ពិសេស។ កម្មវិធីបង្កើនល្បឿនសមត្ថភាពយុទ្ធសាស្ត្រកម្រិតខ្ពស់គឺជាការបដិវត្តបន្ទាប់នៅក្នុងប្រព័ន្ធនវានុវត្តន៍ការពារជាតិរបស់អូស្ត្រាលី ។

តើបញ្ហាប្រឈមធំបំផុតរបស់អ្នកគឺជាអ្វី?

វា​ជា​ការងារដែលមានចំណាយខ្ពស់ ហើយ​ថវិកាមិនដែលគ្មានបញ្ហានោះ​ឡើយ។ ប៉ុន្តែ បញ្ហាប្រឈមដ៏ធំបំផុតគឺការស្វែងរកមនុស្សដែលអាចបំពេញបេសកកម្ម មនុស្សដែលអាចយល់អំពីអ្វីដែលយើងត្រូវការ ដើម្បីសម្រេចបាន ហើយបញ្ចូលវាជាមួយនឹងសិល្បៈបច្ចេកវិទ្យា។ នវានុវត្តន៍គឺជាដំណើការច្នៃប្រឌិត។ វាអាស្រ័យលើប្រភេទមនុស្សពិសេសដែលអាចពន្យល់បង្ហាញនូវចក្ខុវិស័យមួយ ហើយបន្ទាប់មកចាប់ផ្តើមធ្វើការស្របតាមនោះ។ ទីភ្នាក់ងារ DARPA [ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់នៃទីភ្នាក់ងារការពារ] ក៏ធ្វើការងារដូចគ្នាផងដែរ។

ប្រសិនបើអ្នកអាចជំរុញចក្ខុវិស័យ អ្នកអាចទទួលបានមនុស្សមកចូលរួមក្នុងក្រុម រៀបចំហិរញ្ញវត្ថុ រៀបចំក្រុមហ៊ុន ទទួលយកបុគ្គលិកយោធា អ្នកវិទ្យាសាស្ត្រ។ នេះគឺជាការតភ្ជាប់។ តើ​ផ្លូវ​ណា​ខ្លះ​ដែល​យើង​អាច​ប្រើប្រាស់​បាន? ប្រសិនបើបេសកកម្មងាយយល់ និងច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នា ហើយអ្នកមានមនុស្សដែលសមស្របនឹងតួនាទី នោះអ្វីៗនឹងដំណើការ ហើយចាប់ផ្តើមឆ្ពោះទៅមុខ។ អ្នកអាចចាប់ផ្តើមបង្កើតកម្មវិធី។

ប្រទេសអូស្ត្រាលីកំពុងវិនិយោគលើវិស័យនវានុវត្តន៍។ ប្រព័ន្ធអូស្ត្រាលីបានរីកចម្រើនគ្រប់គ្រាន់ ដើម្បីស្រូបយកបានកាន់តែច្រើន ហើយឥឡូវនេះមានប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលមានភាពចាស់ទុំជាងមុន។

តើសន្និសីទដូចជា POST មានតម្លៃដែរឬទេ?

ពិតណាស់។ យើងត្រូវមានព្រឹត្តិការណ៍បែបនេះបន្ថែមទៀត។ យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ឱ្យ​បាន​ច្រើន​ជាង​នេះ។ បច្ចេកវិទ្យាអនុញ្ញាតឱ្យយើងជួបគ្នាជាទៀងទាត់ ហើយបានធ្វើឱ្យពិភពលោកកាន់តែជិតស្និទ្ធិជាងមុន។ ប៉ុន្តែ ការជួបគ្នាផ្ទាល់ និងការកសាងទំនាក់ទំនងគឺជាការចាំបាច់។ ការសន្ទនាទាំងនេះជួយសម្រួលដល់ដំណើរការបង្កើត MOU [អនុស្សរណៈនៃការយោគយល់] និងការរៀបចំគម្រោង។ ខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយសហសេវិកមកពីមន្ទីរបញ្ចកោណ ដោយផ្ទាល់តាមរយៈព្រឹត្តិការណ៍ដូចជា POST និងព្រឹត្តិការណ៍និម្មិត ច្រើនជាងខ្ញុំធ្លាប់បានធ្វើមុនការរាតត្បាតជំងឺកូវីដ-19 ទៅទៀត។ 

ជំងឺកូវីដ-19 បានបង្ខំយើងឱ្យប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន ពីព្រោះអ្នកមិនអាចជួបដោយផ្ទាល់គ្រប់ពេលនោះទេ។ មុនពេលការរាតត្បាតជំងឺ យើងជួបជុំគ្នាពីរបីដងក្នុងមួយឆ្នាំនៅក្នុងបន្ទប់ប្រជុំ ហើយនិយាយគ្នាអំពីឱកាស។ បន្ទាប់​មក យើង​ក៏​ត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន ហើយ​ទៅ​ធ្វើ​ការងាររៀងៗខ្លួន។ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ ព្រឹត្តិការណ៍ជាច្រើនដូចជាសន្និសីទនេះមិនបានកើតឡើងទេ។ ដូច្នេះ យើងត្រូវរកវិធីថ្មី ដើម្បីទាក់ទងគ្នា។ យើងបានឃើញតម្លៃការពិភាក្សាញឹកញាប់ ហើយឥឡូវនេះយើងកាន់តែបើកចំហស្វាគមន៍ការពិភាក្សាទាំងនោះ។ ដើម្បីធ្វើឱ្យភាពជាដៃគូអន្តរជាតិរឹងមាំ និងប្រកបដោយផលិតភាព មានន័យថា យើងត្រូវភ្ជាប់ព្រឹត្តិការណ៍ដូចជា POST ជាមួយនឹងការចូលរួមតាមអ៊ីនធឺណិត។ ខ្ញុំអាចនិយាយបានថា ការប្រជុំបែបនិម្មិតគឺដូចជាព្រឹកបន្តិចហើយសម្រាប់ខ្ញុំនៅប្រទេសអូស្ត្រាលី។ វិទ្យាសាស្ត្រមិនអាចដោះស្រាយបញ្ហាដែលបណ្ដាលមកពីល្វែងម៉ោងខុសគ្នានៅឡើយទេ។

តើយើងនឹងធ្វើដំណើរទៅទីណា?

បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងផ្លាស់ប្តូរវិស័យយោធា។ ស្វ័​យភាព, AI, កុំព្យូទ័រកង់ទិច, ប្រព័ន្ធម៉ាស៊ីនល្បឿនលឿន​ជាង​សំឡេង និងការតភ្ជាប់កម្រិតខ្ពស់ជាមូលដ្ឋាននៃការផ្លាស់ប្តូរនេះ។ អ្វីគ្រប់យ៉ាងហាក់ដូចជាអាចសម្រេចបាន និងគួរឱ្យខ្លាចដូចក្នុងពេលតែមួយ។ ពិភពលោកគឺខុសគ្នា ហើយនេះត្រូវតែត្រូវបានគ្រប់គ្រងដោយភាពជាដៃគូ។ ហើយទោះបីជាសម្ព័ន្ធមិត្ត និងដៃគូកំពុងប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរឡើងក៏ដោយ ដូច្នេះផ្នែកផ្សេងទៀតរបស់ពិភពលោកក៏កំពុងប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរដូចគ្នា។ យើងត្រូវធ្វើការងារតាមបែបការិយាធិបតេយ្យតិចជាងមុន និងមានផលិតភាពកាន់តែច្រើន ដោយមានតម្លាភាពជាងមុន។ គោលបំណងគឺភាពរលូន។  


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button