គោលនយោបាយនាំចេញសម្ភារៈផ្នែកការពារជាតិ ដែលបានធ្វើវិសោធនកម្មរបស់ជប៉ុនបង្ហាញពីតួនាទីដែលកំពុងកើនឡើងក្នុងផ្នែកសន្តិសុខក្នុងតំបន់

លោក Felix Kim
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ ប្រទេសជប៉ុនថ្មីៗនេះបានធ្វើវិសោធនកម្មច្បាប់នាំចេញផ្នែកការពារជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យការនាំចេញឧបករណ៍ការពារជាតិពេញលេញដែលផលិតក្រោមអាជ្ញាបណ្ណពីបរទេស។ ក្រុមអ្នកវិភាគលើកឡើងថា យុទ្ធសាស្ត្រនេះមានការផ្លាស់ប្ដូរ ស្របពេលជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូ ក្នុងការពង្រឹងសមត្ថភាពការពារមីស៊ីលរបស់ខ្លួន គឺជាការត្រៀមខ្លួនដើម្បីកែប្រែសក្ដានុពលសន្តិសុខក្នុងតំបន់ និងពិភពលោកឡើងវិញ។
ការផ្លាស់ប្តូរគោលនយោបាយអនុញ្ញាតឱ្យជប៉ុននាំចេញមីស៊ីលបាញ់ពីដីទៅអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក ដែលនឹងជួយអាមេរិករក្សាឃ្លាំងអាវុធរបស់ខ្លួន ខណៈដែលខ្លួនបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីលសម្រាប់ការពារប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបានកត់សម្គាល់ថា វិធានការនេះនឹង «ពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ខណៈដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្ទេរអាវុធក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងជប៉ុន និងអាមេរិក និងការធានាសន្តិភាពក្នុងតំបន់។
ប្រភពវីដេអូ៖ AFP/រូបភាព GETTY
ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន ការផ្លាស់ប្ដូរគោលនយោបាយមិនអនុញ្ញាតឱ្យអាវុធផលិតក្នុងស្រុកត្រូវបានបញ្ជូនទៅកាន់ប្រទេសដែលមានសង្រ្គាមនោះទេ។
សេចក្ដីសម្រេចរបស់ទីក្រុងតូក្យូទទួលរងឥទ្ធិពលពីបំណងប្រាថ្នារបស់ខ្លួនក្នុងការគាំទ្រអ៊ុយក្រែនដោយប្រយោល ក៏ដូចជាតាមរយៈការអំពាវនាវផ្ទៃក្នុង ឱ្យបន្ធូរបន្ថយច្បាប់នាំចេញ ដើម្បីជំរុញឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន នេះបើយោងតាមលោកបណ្ឌិត Jeffrey Hornung អ្នកវិភាគផ្នែកការពារជាតិនៅ Rand Corp. បានថ្លែងប្រាប់ទស្សនាវដ្តី FORUM។
លោក Hornung បានលើកឡើងថា ច្បាប់ថ្មីនេះគ្រាន់តែជាទិដ្ឋភាពមួយនៃយុទ្ធសាស្ត្រការពារជាតិជាបន្តបន្ទាប់របស់ប្រទេសជប៉ុនប៉ុណ្ណោះ ដោយកត់សម្គាល់ពីការវិនិយោគដ៏ច្រើនរបស់ប្រទេសក្នុងការពង្រឹងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន រួមទាំងការដាក់ពង្រាយមីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ និងប្រព័ន្ធរ៉ាដា។ ការផ្តោតសំខាន់នេះឈានដល់ការពង្រឹងបណ្តាញប្រព័ន្ធលើដីនៃផ្នែកការពារដែនអាកាសជប៉ុន និងដោះស្រាយបញ្ហាភាពងាយរងគ្រោះដែលអាចកើតមាននៅក្នុងការភ្ជាប់ និងបណ្តាញទំនាក់ទំនង។
កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងប្រព័ន្ធការពារមីស៊ីលរវាងជប៉ុន និងអាមេរិកក៏កំពុងឈានទៅមុខផងដែរ។ លោក Hornung បានកត់សម្គាល់ពីកិច្ចសហការរបស់សម្ព័ន្ធមិត្តយូរអង្វែងនៅលើមីស៊ីលបាញ់ពីដីទៅអាកាសប្រភេទ SM3 Block IIA និងការផ្តួចផ្តើមថ្មីៗដូចជាឧបករណ៍ស្ទាក់ចាប់សំកាំង ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលមានល្បឿនលឿនជាងសំឡេង។
លើសពីនេះ លោកបានសង្កត់ធ្ងន់លើតួនាទីរបស់ប្រទេសជប៉ុនចំពោះបញ្ហាសន្តិសុខក្នុងតំបន់តាមរយៈការនាំចេញរ៉ាដារបស់ខ្លួនទៅកាន់ប្រទេសហ្វ៊ីលីពីន និងបានពង្រឹងការចែករំលែកព័ត៌មានជាមួយកូរ៉េខាងត្បូង ដែលជាជំហានដ៏សំខាន់នៅក្នុងស្ថាបត្យកម្មការពារជាតិដ៏ទូលំទូលាយ។
VIDEO CREDIT: U.S. ARMY/REUTERS
ទន្ទឹមនឹងនេះ លោក Hornung បានកត់សម្គាល់ពីតម្រូវការសម្រាប់ប្រទេសជប៉ុនក្នុងការបន្តដោះស្រាយបញ្ហាប្រឈមផ្នែកការពារជាតិផ្សេងទៀត ដូចជាការបង្កើនឃ្លាំងអាវុធរបស់ខ្លួន និងការជំរុញការជ្រើសរើសកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន។
ការផ្លាស់ប្តូរគោលនយោបាយនាំចេញសម្ភារៈផ្នែកការពារជាតិ ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 មានគោលបំណងបង្កើនភាពជាដៃគូសន្តិសុខរបស់ប្រទេសជប៉ុន និងធ្វើឱ្យឧស្សាហកម្មការពារជាតិក្នុងស្រុកមានភាពរស់រវើកឡើងវិញ នេះបើយោងតាមកាសែត The Nikkei ដែលជាកាសែតនៅក្នុងទីក្រុងតូក្យូ។ សមាជិកសភានឹងពិចារណាលើការនាំចេញឧបករណ៍ការពារជាតិដោយផ្អែកមូលដ្ឋានជាក់ស្ដែងតាមករណីនីមួយៗ។
លោក Hornung បានឱ្យដឹងថា តាមរយៈការផ្តល់លទ្ធភាពឱ្យឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុនទទួលបានអតិថិជនកាន់តែច្រើន ច្បាប់ស្ដីពីការនាំចេញដែលបន្ធូរបន្ថយនឹងជួយបន្ថយថ្លៃចំណាយ ដែលនឹងផ្តល់អត្ថប្រយោជន៍ផងដែរដល់ការបង្កើនកិច្ចការពារជាតិដែលបានគ្រោងទុក។
លោកបានបន្ថែមថា ការផ្លាស់ប្តូរគោលនយោបាយនេះ ក៏ជាការបង្ហាញជំហរថាប្រទេសជប៉ុនជាតួអង្គមានឥទ្ធិពលជាងនៅក្នុងផ្នែកសន្តិសុខក្នុងតំបន់ និងពិភពលោក ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពរវាងជប៉ុន និងសហរដ្ឋអាមេរិក និងតួនាទីដែលកំពុងកើនឡើងរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើងជាមួយកូរ៉េខាងជើង និងសាធារណរដ្ឋប្រជាមានិតចិន។
លោក Felix Kim គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តី FORUM ដែលធ្វើសេចក្ដីរាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។