ការស្ទង់មតិលើជនភៀសខ្លួនបង្ហាញពីគុណភាពជីវិតកាន់តែអាក្រក់នៅកូរ៉េខាងជើង
វិទ្យុអាស៊ីសេរី
ការស្ទង់មតិលើជនភៀសខ្លួនកូរ៉េខាងជើងជាង 6 300 នាក់ បង្ហាញស្ថានភាពជីវភាពដ៏កម្សត់នៅក្នុងប្រទេសដាច់ស្រយាល៖ ស្បៀងអាហារកាន់តែខ្វះខាត ចំពេលដែលសេដ្ឋកិច្ចចុះខ្សោយ និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់។
អ្នកសម្ភាសន៍បាននិយាយថា ស្ត្រីដើរតួនាទីកាន់តែខ្ពស់នៅក្នុងគ្រួសារ និងសង្គម – មិនមែនដោយសារការយល់ដឹងខ្ពស់អំពីសមភាពនោះទេ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ផ្នែកសេដ្ឋកិច្ច។
របាយការណ៍ចងក្រងរវាងឆ្នាំ 2013 និង 2022 ដោយក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បង្ហាញថា គុណភាពជីវិតកាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឡើងកាន់អំណាចក្នុងឆ្នាំ 2011 បន្ទាប់ពីការស្លាប់របស់ឪពុកគាត់។
Han Songmi ដែលមានអាយុ 19 ឆ្នាំនៅពេលដែលនាងបានរត់គេចខ្លួនក្នុងឆ្នាំ 2011 គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង 30 000 នាក់ដែលបានភៀសខ្លួនពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
អ្នកនាងបន្តថា «អាជ្ញាធរកំពុងបង្ក្រាបក្មេងៗ ដោយសារសម្លៀកបំពាក់និងម៉ូដសក់របស់ពួកគេ»។ «ក្មេងៗនឹងនិយាយប្រាប់គ្នាថា ‘យើងមិនអាចធ្វើដូចនេះបានទេ’ ប៉ុន្តែយើងមិនអាចនិយាយបែបនេះនៅចំពោះមុខមនុស្សពេញវ័យបានទេ។ មនុស្សពេញវ័យតែងតែនិយាយថា ‘ប្រយ័ត្នឪពុកម្តាយរបស់ឯងអាចត្រូវគេចាប់ខ្លួនដោយសារតែឯង»។
ការស្ទង់មតិបានរកឃើញថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់។ នៅក្នុងទសវត្សរ៍ឆ្នាំ 1990 ប្រជាជនពឹងផ្អែកលើការផ្តល់ស្បៀងអាហាររបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលដែលសហភាពសូវៀតដួលរលំ ហើយជំនួយពីទីក្រុងមូស្គូបានបាត់បង់ ភាពអត់ឃ្លានដែលកើតឡើងក្រោយមកបានសម្លាប់មនុស្សរហូតដល់ 2 លាននាក់។
ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិដែលបានភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងចន្លោះពីឆ្នាំ 2016 និងឆ្នាំ 2020 អ្នកឆ្លើយតបច្រើនជាង 72% បាននិយាយថាពួកគេមិនដែលបានទទួលការផ្ដល់ស្បៀងអាហារទេ។ ប្រព័ន្ធប្រទេសនេះមានគោលដៅផ្តល់លទ្ធភាពបែងចែកស្បៀងអាហារតាមរយៈការងារដែលកំណត់ដោយរដ្ឋាភិបាល និងប្រាក់ឈ្នួលដែលអាចប្រើដើម្បីទិញស្បៀងអាហារដែលបានបញ្ចុះតម្លៃ។ តាមពិតទៅ ការងារបែបនេះបានផ្តល់ការគាំទ្រតិចតួចណាស់។
ក្នុងចំណោមអ្នកដែលបានភៀសខ្លួនមុនឆ្នាំ 2000 មានអ្នកភៀសខ្លួនច្រើនជាងមួយភាគបីបាននិយាយថា ពួកគេមិនបានទទួលស្បៀងអាហារ ឬប្រាក់ឈ្នួលនៅកន្លែងធ្វើការផ្លូវការរបស់ពួកគេ។ ប្រហែលជាពាក់កណ្តាលអ្នកដែលបានភៀសខ្លួននៅចន្លោះឆ្នាំ 2016 និង 2020 បាននិយាយអំពីរឿងនេះដូចគ្នា។
ស្ត្រីបានចាប់ផ្តើមទិញនិងលក់ទំនិញដូចជាបន្លែ និងអាហារវេចខ្ចប់ដែលរត់ពន្ធពីប្រទេសចិន។ អ្នកឆ្លើយតបច្រើនជាង 70% បាននិយាយថា ពួកគេត្រូវតែពឹងផ្អែកលើការលក់ទំនិញបែបនេះ ដើម្បីរស់រានមានជីវិត បន្ទាប់ពីលោក Kim ឡើងកាន់អំណាច។
ខណៈពេលដែលប្រជាជនធ្វើអាជីវកម្មបន្ទាប់បន្សំដើម្បីរស់រានមានជីវិត មេដឹកនាំរបបនេះប្រើប្រាស់ឋានៈរបស់ពួកគេដើម្បីកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច ដោយទាមទារភាគរយលើប្រាក់ចំណេញពីអាជីវកម្មទាំងនោះ ឬដោយការទាមទារសំណូក។
ក្នុងចំណោមអ្នកឆ្លើយតបដែលបានភៀសខ្លួនចាប់តាំងពីលោក Kim ឡើងកាន់អំណាច មាន 41% បាននិយាយថា ពួកគេរងការឆក់ប្លន់បែបនេះច្រើនជាង 30% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលបានភៀសខ្លួនចន្លោះឆ្នាំ 2016 និង 2020 មានច្រើនជាង 54% បាននិយាយថាពួកគេបានបង់ប្រាក់សំណូក។
Lee Hyun-Seung ដែលបានរត់គេចពីប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ 2014 ហើយបានរស់នៅសហរដ្ឋអាមេរិកបាននិយាយថា៖ «នៅពេលដែលការបង្រ្កាបរបស់អាជ្ញាធរកាន់តែខ្លាំង ប្រជាជនគ្មានជម្រើសអ្វីក្រៅពីធ្វើការសូកប៉ាន់ ដែលជាការងារដែលពួកគេកំពុងធ្វើដើម្បីចិញ្ចឹមជីវិត»។ អ្នកនាងមិនត្រូវបានសម្ភាសន៍សម្រាប់ការស្ទង់មតិទេ។
អ្នកនាងបានពន្យល់ទៀតថា៖ «ដោយសារយើងមិនមានសេរីភាពសេដ្ឋកិច្ច អ្នកដែលធ្វើសកម្មភាពសេដ្ឋកិច្ចមិនអាចទទួលបានការការពារផ្លូវច្បាប់ឡើយ»។ «នោះហើយជាមូលហេតុដែលយើងត្រូវសូកប៉ាន់ហើយទទួលការការពារ ឬជៀសវាងការដាក់ទណ្ឌកម្មពីអ្នកកាន់អំណាច»។
ការគាំទ្ររបបនេះបានធ្លាក់ចុះ។ ក្នុងចំណោមអ្នកឆ្លើយតបដែលបានភៀសខ្លួនមុនឆ្នាំ 2011 មានប្រហែល 30% បាននិយាយថា ពួកគេមានអារម្មណ៍អវិជ្ជមានទៅកាន់របបនេះ។ អារម្មណ៍អវិជ្ជមាននេះបានកើនឡើងដល់ 53% ក្នុងចំណោមអ្នកភៀសខ្លួនចាប់ពីឆ្នាំ 2012 មក។ ក្នុងចំណោមអ្នកដែលបានភៀសខ្លួនចន្លោះឆ្នាំ 2016 និង 2020 អត្រាអារម្មណ៍អវិជ្ជមានគឺលើសពី 56%។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។