ការលាតត្រដាង ចារកម្មរបស់ CCP
របៀបដែលទីក្រុងប៉េកាំងលួចបច្ចេកវិទ្យា និងការសម្ងាត់ផ្នែកឧស្សាហកម្ម និងយោធា
បុគ្គលិករបស់ទស្សនាវដ្តី FORUM
បាឡុងរយៈកម្ពស់ខ្ពស់ដែលអាចមើលឃើញយ៉ាងច្បាស់កំពុងឆ្លងកាត់ទ្វីបអាមេរិកនៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ 2023 មុនពេលយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់ប្រព័ន្ធឃ្លាំមើល ហើយបានជូនដំណឹងដល់ប្រទេសនានាអំពីវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងលើចារកម្មរបស់ CCP។
PRC បានដាក់ពង្រាយបច្ចេកវិទ្យាឃ្លាំមើលប្រភេទនេះជាសកល មុនពេលធ្វើចារកិច្ចលើគូប្រជែងផ្នែកយុទ្ធសាស្រ្ត ដោយរំលោភច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសរាប់សិបប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាឡុងស្រដៀងគ្នានេះរបស់ចិន បានធ្វើប្រតិបត្តិការលើតំបន់អាស៊ីបូព៌ា អឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី Patrick S. Ryder ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក។ លោក Ryder បានលើកឡើងក្នុងសេចក្តីសង្ខេបព័ត៌មានកាលពីខែកុម្ភៈ ឆ្នាំ 2023 ថា៖ «នេះគឺអ្វីដែលយើងវាយតម្លៃថា ជាផ្នែកនៃកម្មវិធីបាឡុងឃ្លាំមើលរបស់ចិនដ៏ធំមួយ»។
ទោះបីជាយ៉ាងនេះក្តី បាឡុងចារកម្មតំណាងឱ្យផ្នែកតូចមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងរបស់ទីក្រុងប៉េកាំងក្រោមការដឹកនាំរបស់អគ្គលេខាបក្ស CCP លោក Xi Jinping ក្នុងការបង្កើតមិនមែនត្រឹមតែកម្លាំងយោធាដ៏លេចធ្លោរបស់ពិភពលោកប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងកម្លាំងសេដ្ឋកិច្ច សង្គម និងនយោបាយដ៏លេចធ្លោរបស់ខ្លួនផងដែរ។ រដ្ឋាភិបាលរបស់លោក Xi មានឆន្ទៈក្នុងការប្រើប្រាស់រាល់មធ្យោបាយដែលចាំបាច់ ដើម្បីតាមឱ្យទាន់គូប្រជែងរបស់ខ្លួន និងធ្វើទំនើបកម្មយោធារបស់ខ្លួន ដោយមានគោលដៅដែលបានចែងថា គ្រប់គ្រងទីលានប្រកួតប្រជែង និងសេដ្ឋកិច្ចពិភពលោក។
លោក Christopher Wray នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនាខែមករា ឆ្នាំ 2022 ថា៖ «ប្រទេសចិនអាចជាប្រទេសដំបូងគេបង្អស់ដែលរួមបញ្ចូលគ្នានូវមហិច្ឆតាផ្តាច់ការបែបនេះជាមួយនឹងសមត្ថភាពបច្ចេកទេសទំនើបៗ។ វាដូចជាសុបិន្តអាក្រក់នៃការឃ្លាំមើលប្រទេសអាល្លឺម៉ង់ខាងកើតត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យានៃតំបន់ Silicon Valley»។ អស់រយៈពេលប្រហែល 40 ឆ្នាំនៅពាក់កណ្តាលដល់ចុងសតវត្សរ៍ទី 20 ជនជាតិអាល្លឺម៉ង់ខាងកើតបានទទួលរងនូវការឃ្លាំមើលជាទ្រង់ទ្រាយធំដោយភ្នាក់ងារប៉ូលិសដែលរក្សាឯកសារសម្ងាត់នៃមនុស្សរាប់លាននាក់។
ដើម្បីទាញយកព័ត៌មានឧស្សាហកម្ម និងយោធាសំខាន់ៗពីក្រុមហ៊ុនសាជីវកម្ម រដ្ឋាភិបាល យោធា និងសាកលវិទ្យាល័យនានា CCP ប្រើបច្ចេកទេសជាច្រើន ដែលបានមកពីវិធីសាស្ត្រសាមញ្ញៗ ដូចជាអ្នកស៊ើបយកការណ៍ ការល្បួងយកការណ៍ ការគំរាមរកផលប្រយោជន៍ និងការស៊ីសំណូក ចំពោះវិធីសាស្រ្តសម័យទំនើបដែលពឹងផ្អែកលើការលួចចូលប្រព័ន្ធតាមអ៊ីនធឺណិត និងការប្រមូលទិន្នន័យដោយសម្ងាត់។ ក្រៅពីប្រើប្រាស់ភ្នាក់ងាររដ្ឋាភិបាល និងអង្គការ ព្រមទាំងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ, CCP ក៏ជ្រើសរើសសមាជិកនៃជនភៀសខ្លួនចិន រួមទាំងសហគ្រិន អ្នកស្រាវជ្រាវ និងនិស្សិត ព្រមទាំងជនបរទេសតាមរយៈវិទ្យាស្ថានខុងជឺរបស់ខ្លួន ដែលខ្លួនផ្សព្វផ្សាយថាជាមជ្ឈមណ្ឌលវប្បធម៌ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។
ការលួចយកការសម្ងាត់ផ្នែកយោធា និងពាណិជ្ជកម្មមិនត្រឹមតែផ្តល់ផលចំណេញច្រើនប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រទៀតផង។ លោក Nick Marro អ្នកវិភាគមកពីក្រុមហ៊ុន Economist Intelligence Unit ដែលជាផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសកល The Economist Group បានថ្លែងប្រាប់សារព័ត៌មាន BBC កាលពីខែមករា ឆ្នាំ 2023 ថា វាអនុញ្ញាតឱ្យប្រទេសនានា «បង្កើនខ្សែសង្វាក់តម្លៃពិភពលោកយ៉ាងឆាប់រហ័ស និងដោយគ្មានការចំណាយទាំងពេលវេលានិងប្រាក់ ដោយការពឹងផ្អែកទាំងស្រុងលើសមត្ថភាពក្នុងប្រទេសនីមួយៗ»។ ជាឧទាហរណ៍ បុគ្គលដែលមានទំនាក់ទំនងនឹងអង្គភាពពាណិជ្ជកម្មដែលភ្ជាប់ជាមួយនឹងរដ្ឋរបស់ចិនបានជីកយកគ្រាប់ពូជដែលបានកែប្រែហ្សែនពីកសិដ្ឋានរបស់សហរដ្ឋអាមេរិក ដើម្បីជៀសវាងការចំណាយប្រាក់រាប់ពាន់លានដុល្លារលើការស្រាវជ្រាវ និងការអភិវឌ្ឍរយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមលោក Wray។
ការលួចយកបច្ចេកវិទ្យាយោធា
យុទ្ធវិធីស្រដៀងគ្នានៅក្នុងទីលានយោធាហាក់ដូចជាបាននាំឱ្យទទួលបានអត្ថប្រយោជន៍មិនយុត្តិធម៌។ ការបង្កើតយន្តហោះចម្បាំងបំបាំងកាយ J-20 របស់យោធាចិនគឺជាឧទាហរណ៍ច្បាស់លាស់ជាងគេមួយ។ យោងតាមអ្នកវិភាគលើវិស័យអាកាសចរណ៍បានឱ្យដឹងថា
ភា្នក់ងារសម្ងាត់របស់ CCP បានលួចយកបច្ចេកវិទ្យាសំខាន់ៗតាមរយៈការលួចចូលទៅក្នុងម៉ាស៊ីនមេរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់នៅមន្ទីរបញ្ចកោណកាលពីឆ្នាំ 2007 ឆ្នាំ 2009 និងឆ្នាំ 2011។ CCP
ក៏បានទទួលយន្តហោះ F-117 របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់នៅប្រទេសស៊ែប៊ីក្នុងឆ្នាំ 1999 ដែលអាចផ្តល់លទ្ធភាពឱ្យទីក្រុងប៉េកាំងក្នុងការអនុវត្តវិស្វកម្មបញ្ច្រាស ដើម្បីសិក្សាសមត្ថភាពយន្តហោះបំបាំងកាយបានដែលអាចកើតមានឡើង។ ការបង្កើតយន្តហោះចម្បាំង J-20 បានចាប់ផ្តើមប្រហែលនៅក្នុងឆ្នាំ 2006 ហើយយន្តហោះចម្បាំងនោះបានយកមកប្រើប្រាស់នៅក្នុងឆ្នាំ 2017។ នៅពេលដែលការហោះហើរសាកល្បងបានកើនឡើងក្នុងឆ្នាំ 2015 របាយការណ៍ព័ត៌មានបានរៀបរាប់លម្អិតអំពីភាពស្រដៀងគ្នាដែលគួរឱ្យកត់សម្គាល់រវាងយន្តហោះរបស់ចិន និងយន្តហោះចម្បាំង F-22 Raptor ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់សហរដ្ឋអាមេរិក។
លោក James Anderson អតីតអនុរដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិកសម្រាប់គោលនយោបាយបានថ្លែងប្រាប់វេទិការ Fox News Digital កាលពីខែមីនា ឆ្នាំ 2023 ថា៖ «អ្វីដែលយើងបានដឹងគឺថាដោយសារតែកិច្ចខិតខំប្រឹងប្រែងបែបចារកម្ម យន្តហោះចម្បាំង J-20 របស់ [ចិន] មានភាពទំនើបលើសពីសមត្ថភាពដែលវាគួរមាន ហើយនោះគឺជាចំណុចសំខាន់ដែលយើងចង់លើកឡើង»។ «ពួកគេបានចំណេញច្រើនពីការលួចរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពួកគេបានប្រើប្រាស់វាបានល្អ ហើយពួកគេបានបង្កើតយន្តចម្បាំងជំនាន់ទីប្រាំដ៏ទំនើប។
លោក Anderson បានលើកឡើងទៀតថា៖ «វាសន្សំសំចៃទាំងពេលវេលា និងប្រាក់សម្រាប់ចិន។ ដោយហេតុនេះហើយ យើងបញ្ចប់ការឧបត្ថម្ភធនមួយផ្នែកនៃថវិកាស្រាវជ្រាវ និងអភិវឌ្ឍរបស់ពួកគេ ដោយសារពួកគេកំពុងលួចការសម្ងាត់ខ្លះបានដោយជោគជ័យ»។ «នៅទីបំផុត ប្រការនេះធ្វើឱ្យបុរស និងស្រ្តីប្រឈមនឹងហានិភ័យកាន់តែខ្លាំងនៅលើសមរភូមិ»។
ខណៈពេលដែលវាជាការលំបាក ក្នុងការគណនាតម្លៃហិរញ្ញវត្ថុនៃការធ្វើចារកិច្ចរបស់រដ្ឋាភិបាលចិនលើគូប្រជែងយុទ្ធសាស្ត្រ «វាច្បាស់ណាស់ថា ប្រទេសចិនកំពុងកាត់បន្ថយអត្ថប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបច្ចេកវិទ្យាអវកាសយ៉ាងឆាប់រហ័ស» នេះបើតាមការលើកឡើងរបស់លោក Anderson។
លើសពីនេះទៀត លោក Nick Eftimiades មន្ត្រីស៊ើបការណ៍សហរដ្ឋអាមេរិកចូលនិវត្តន៍បានសរសេរនៅក្នុងអត្ថបទមួយនាខែតុលា ឆ្នាំ 2020 សម្រាប់ Breaking Defense ដែលជាទស្សនាវដ្តីឌីជីថលស្តីពីយុទ្ធសាស្រ្តការពារជាតិ នយោបាយ និងបច្ចេកវិទ្យាបានថ្លែងឱ្យដឹងថា៖ «ចារកម្មរបស់ចិនប៉ះពាល់ដល់ភាពពឹងផ្អែករបស់សហរដ្ឋអាមេរិកលើសមត្ថភាពអវកាសសម្រាប់ការទំនាក់ទំនង កម្លាំងសេដ្ឋកិច្ច សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងភាពធន់ ព្រមទាំងសមត្ថភាពរបស់យើងក្នុងការព្យាករអំណាចយោធាជាសកល»។
ប៉ន្តែលោក Anderson បានមានប្រសាសន៍ថា៖ «ដោយខ្វះការប្រយុទ្ធជាក់ស្តែង» វាមានការលំបាកដើម្បីដឹងអំពីរបៀបដែលយន្តហោះចម្បាំង J-20 ប្រៀបធៀបជាមួយនឹងយន្តហោះចម្បាំង Raptor។ កាសែតសន្តិសុខអន្តរជាតិបានចោទសួរអំពីសមត្ថភាពរបស់យន្តហោះចម្បាំងចិននៅក្នុងអត្ថបទក្នុងឆ្នាំ 2019 ដែលមានចំណងជើងថា៖ «ហេតុអ្វីបានជាចិនមិនទាន់មានសមត្ថភាពតាមទាន់នៅឡើយ៖ ឧត្តមភាពយោធា-បច្ចេកវិទ្យា និងដែនកំណត់នៃការចម្លងតាម វិស្វកម្មបញ្ច្រាស និងចារកម្មតាមអ៊ីនធឺណិត»។ អ្នកស្រាវជ្រាវបានរកឃើញថា៖ «ការសង្ស័យខ្លាំងនៅតែបន្តមានថា តើប្រតិបត្តិការរបស់យន្តហោះចម្បាំង J-20 ដូចគ្នានឹងយន្តហោះចម្បាំង F-22 ដែរឬទេ។ តាមការពិត ប្រភពអនាមិកពីប្រទេសចិនបានបង្ហើបប្រាប់ថា CCP បានប្រញាប់ប្រញាល់ដាក់ឱ្យប្រើប្រាស់យន្តហោះចម្បាំង J-20 ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមានគម្លាតសមត្ថភាពដែលធ្វើឱ្យវាមានសមត្ថភាពមិនដល់យន្តហោះចម្បាំង F-22 ក៏ដោយ។ ការសិក្សានេះបានសន្និដ្ឋានថា៖ «ភាពលំបាកបស់ប្រទេសចិនក្នុងការបង្កើតម៉ាស៊ីនយន្តហោះក្នុងប្រទេសខ្លួនឯងបានចោទសួរអំពីទ្រឹស្តីដែលថា ប្រទេសចិនបានបិទគម្លាតបច្ចេកវិទ្យាយោធាជាមួយនឹងសហរដ្ឋអាមេរិកទាក់ទងនឹងយន្តហោះចម្បាំងជំនាន់ទីប្រាំ។ ប្រហែលជាសំខាន់ជាងនេះទៅទៀត វាក៏បង្ហាញផងដែរថា គុណសម្បត្តិនៃការចម្លងតាមដែលចិនសម្រចបាន គឺមានកម្រិតកំណត់ ដោយជៀសមិនរួច»។
CCP បានចម្លង ឬធ្វើវិស្វកម្មបញ្រ្ចាសបច្ចេកវិទ្យាជាច្រើនពីយោធាផ្សេងៗទៀត។ ក្រុមហ៊ុន Rostec Corp ដែលជាក្រុមហ៊ុនការពារជាតិរុស្ស៊ីបានចោទប្រកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ 2019 ពីបទចម្លងម៉ាស៊ីនយន្តហោះ យន្តហោះ Sukhoi យន្តហោះដែលមានមូលដ្ឋាននៅលើនាវាផ្ទុក ប្រព័ន្ធការពារដែនអាកាស មីស៊ីលការពារដែនអាកាសចល័ត និងប្រព័ន្ធបាញ់ពីផ្ទៃដីទៅអាកាសក្នុងរយៈចម្ងាយមធ្យម ក្នុងចំណោមបច្ចេកវិទ្យាផ្សេងទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់ Nikkei Asian Review។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្កើតក្រុមហ៊ុន Rostec ក្នុងឆ្នាំ 2007។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលចិនបន្តកំណត់គោលដៅលើរុស្ស៊ី ដើម្បីទទួលបានបច្ចេកវិទ្យាយោធាសម្ងាត់ នេះបើយោងតាមរបាយការណ៍កាលពីខែឧសភា ឆ្នាំ 2022 ដោយក្រុមហ៊ុន Check Point ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតរអ៊ីស្រាអែល-អាមេរិក។ កាសែត The New York Times បានរាយការណ៍ឱ្យដឹងថា ការប្រើការបន្លំ និងការលួចចូលប្រព័ន្ធ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ CCP បានព្យាយាមជ្រៀតចូលវិទ្យាស្ថានរុស្ស៊ីសម្រាប់ការស្រាវជ្រាវអំពីទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប រ៉ាដា និងបច្ចេកវិទ្យាសង្គ្រាមតាមប្រព័ន្ធអេឡិចត្រូនិក។
ការគំរាមកំហែងផ្នែកសន្តិសុខសេដ្ឋកិច្ច
កាលពីខែកក្កដា ឆ្នាំ 2022 មន្ត្រីស៊ើបការណ៍កំពូលរបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានព្រមានអ្នកដឹកនាំអាជីវកម្ម ជាពិសេសនៅក្នុងប្រទេសលោកខាងលិច អំពីការគំរាមកំហែង «ដ៏ធំសម្បើម» របស់ CCP ចំពោះសេដ្ឋកិច្ច និងសន្តិសុខជាតិ។ លោក Wary ថ្លែងប្រាប់នាយកប្រតិបត្តិអាជីវកម្ម និងសាកលវិទ្យាល័យដែលបានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍អំពីចេតនារបស់ CCP ដើម្បីគ្រប់គ្រងឧស្សាហកម្មសំខាន់ៗ នេះបើយោងតាមសារព័ត៌មាន BBC។ លោក Wray បានមានប្រសាសន៍ទៀតថា៖ CCP បង្កឱ្យមាន «ការគំរាមកំហែងកាន់តែខ្លាំងដល់អាជីវកម្មលោកខាងលិចជាងអ្វីដែលអ្នកជំនួញដែលមានបទពិសោធន៍ជាច្រើន បានយល់ដឹងទៅទៀត»។ លោកបានលើកឡើងបន្ថែមទៀត ដោយយោងតាមសារព័ត៌មាន BBC ថា CCP កំពុងធ្វើចារកម្មលើក្រុមហ៊ុនទូទាំងពិភពលោក «ពីទីក្រុងធំទៅទីប្រជុំជនតូចៗ ពីក្រុមហ៊ុនកំពូលទាំង 100 ដែលបានចុះផ្សាយដោយទស្សនាវដ្តី Fortune ចុះទៅអាជីវកម្មទើបចាប់ផ្តើមថ្មី ក្រុមបុគ្គលដែលផ្តោតលើអ្វីគ្រប់យ៉ាងទាក់ទងពីវិស័យអាកាសចរណ៍រហូតដល់ AI [បញ្ញាសិប្បនិម្មិត] ដល់ឱសថ»។ ការសិក្សារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឆ្នាំ 2018 បានកំណត់ថា ការលួចយកការសម្ងាត់ផ្នែកពាណិជ្ជកម្មរបស់ PRC អាចធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់រហូតដល់ 540 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
លោក Eftimiades បានសរសេរនៅក្នុង Breaking Defense ថា៖ «ប្រតិបត្តិការស៊ើបការណ៍របស់ចិន គឺជាលើកដំបូងហើយក្នុងសម័យទំនើបនេះ ដែលប្រើប្រាស់សង្គមទាំងមូលជាមូលដ្ឋានគ្រឹះ»។ «ដោយសារតែរឿងនេះ យុទ្ធសាស្ត្រចារកម្មរបស់ប្រទេសចិន ពេលខ្លះគ្មានសិល្បៈនោះទេ ដោយប្រតិបត្តិការតិចតួចក្នុងវិធីសាស្ត្របច្ចេកទេសចារកម្មស្តង់ដារ (ទំនាក់ទំនងដែលបានអ៊ិនគ្រីប កន្លែងណាត់ជួបសម្ងាត់ជាដើម) ជំនួសមកវិញ ដោយពឹងផ្អែកលើប្រតិបត្តិការចារកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងប្រភេទនៃនិទណ្ឌភាពដែលមានភ្ជាប់មកជាមួយភាពខ្វះខាតក្នុងការដាក់ពិន័យឱ្យបានខ្លាំង សម្រាប់ពេលដែលភ្នាក់ងារចិនត្រូវបានរកឃើញ»។
អ្នកជំនាញបានអះអាងថា CCP បង្ខំ និងគំរាមកំហែងដល់ពលរដ្ឋរបស់ខ្លួន អង្គភាព ពាណិជ្ជកម្ម និងជនបរទេស ព្រមទាំងអ្នកសិក្សាជនជាតិចិន ក៏ដូចជាអ្នកស្រាវជ្រាវបរទេស ក្នុងការរួមចំណែកដល់បណ្តាញប្រមូលព័ត៌មានអំពីការស៊ើបការណ៍របស់ខ្លួន។ យោងតាមលោក Eftimiades បានឱ្យដឹងថា CCP ខិតខំប្រឹងប្រែងដំណើរការយ៉ាងហោចណាស់កម្មវិធី 500 ដែលខ្លួនហៅថា កម្មវិធីទេពកោសល្យ ដើម្បីចុះឈ្មោះអ្នកសិក្សា និងអ្នកមានវិជ្ជាជីវៈផ្នែកអាជីវកម្មពីលោកខាងលិច។ លោកបានសរសេរក្នុងសំណេរទៀតថា ភ្នាក់ងារសម្ងាត់ភាគច្រើនធ្វើការនៅក្រោមការិយាល័យស៊ើបការណ៍រួមរបស់គណៈកម្មាធិការយោធាកណ្តាលរបស់ CCP ក្រសួងសន្តិសុខរដ្ឋ ដែលជាទីភ្នាក់ងារស៊ើបការណ៍ស៊ីវិលរបស់ CCP ឬសម្រាប់សហគ្រាសក្រោមការគ្រប់គ្រង់របស់រដ្ឋ។
ទោះជាយ៉ាងណា វីធីសាស្រ្តសង្គមទាំងមូលរបស់ CCP គឺគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនប៉ុណ្ណោះ។ ខ្លួនក៏បានដាក់ពង្រាយចារកម្មតាមអ៊ីនធឺណិតដើម្បី «បោកប្រាស់និងលួចជាទ្រង់ទ្រាយធំ» នេះបើយោងតាមការលើកឡើងរបស់លោក Wray។ លោកបានថ្លែងប្រាប់សារព័ត៌មាន NBC News ថា៖ «ទំហំនៃកម្មវិធីលួចចូលប្រព័ន្ធរបស់ពួកគេ និងចំនួនទិន្នន័យផ្ទាល់ខ្លួន និងក្រុមហ៊ុនសាជីវកម្មដែលក្រុមអ្នកលួចចូលប្រព័ន្ធរបស់ពួកគេបានលួច គឺមានទំហំធំជាងគ្រប់ប្រទេសផ្សេងទៀតបានរួមបញ្ចូលគ្នា»។
កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងកម្មវិធីរបស់ CCP ជាធម្មតាមិនទទួលបានជោគជ័យឡើយ។ ទោះបីជារដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2015 ដោយសន្យាថា នឹងមិនចូលរួមក្នុង «ការលួចកម្មសិទ្ធិបញ្ញាដែលអាចបើកដំណើរការអ៊ីនធឺណិតបាន រួមទាំងការសម្ងាត់ពាណិជ្ជកម្ម ឬព័ត៌មានអាជីវកម្មសម្ងាត់ផ្សេងទៀតដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម» តាមការចោទប្រកាន់ CCP បានរំលោភលើកិច្ចព្រមព្រៀងនេះក្នុងរយៈពេលមួយឆ្នាំ។
សារព័ត៌មាន BBC បានរាយការណ៍ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានសម្ងាត់អំពីការគំរាមកំហែងតាមអ៊ីនធឺណិតរបស់ CCP ជាមួយនឹងសម្ព័ន្ធមិត្ត និងប្រទេសដៃគូចំនួន 37 ប្រទេស នេះបើយោងតាមលោក Ken McCallum ប្រធានផ្នែកនៃទីភ្នាក់ងារ MI5 ដែលជាសេវាសន្តិសុខរបស់ចក្រភពអង់គ្លេស។ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត តាមរយៈការតាមដានដានឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានភ្ជាប់ការវាយប្រហារតាមអ៊ីនធឺណិតជាច្រើនទៅកាន់ក្រុមអ្នកលួចចូលប្រព័ន្ធដែលមានទំនាក់ទំនងយ៉ាងច្បាស់លាស់ជាមួយនឹងទីក្រុងប៉េកាំង នេះបើយោងតាមកាសែត The New York Times។ ក្នុងឆ្នាំ 2020 សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមអ្នកលួចចូលប្រព័ន្ធ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលបានជ្រៀតចូលអាជីវកម្មជាង 100 ស្ថាប័ន អង្គការមិនរកប្រាក់ចំណេញ និងទីភ្នាក់ងាររដ្ឋាភិបាលនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយលួចកម្មសិទ្ធិបញ្ញា និងព័ត៌មានស៊ើបការណ៍សម្ងាត់។ យោងតាមកាសែត The New York Times បានឱ្យដឹងថា ក្រុមអ្នកលួចចូលប្រព័ន្ធមានទំនាក់ទំនងទៅនឹងក្រុម APT41 ដែលជាក្រុមដែលមានទំនាក់ទំនងជាមួយនឹង CCP។ ការកាត់ទោសរបស់ពួកគេបានបន្តរហូតដល់ពាក់កណ្តាលឆ្នាំ 2023។
CCP ក៏បានផ្តោតលើសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះផងដែរ។ យោងតាមសេចក្តីរាយការណ៍របស់កាសែត The New York Times បានឱ្យដឹងថា ពីមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសចិន ក្រុមអ្នកលួចចូលប្រព័ន្ធដែលមានឈ្មោះថា Mustang Panda បានវាយប្រហារទៅលើស្ថាប័ននៅក្នុងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងតៃវ៉ាន់ ក្នុងចំណោមកន្លែងផ្សេងទៀត នេះបើយោងតាមក្រុមហ៊ុនសន្តិសុខសហរដ្ឋអាមេរិក Cisco Talos។ ទន្ទឹមនឹងនេះដែរ ក្រុម Bronze Butler ដែលមានមូលដ្ឋាននៅប្រទេសចិនបានព្យាយាមលួចកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុនពីឆ្នាំ 2012 ដល់ឆ្នាំ 2017 នេះបើយោងតាមក្រុមហ៊ុន SecureWorks ដែលជាក្រុមហ៊ុនសន្តិសុខព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុម Bronze Butler បានប្រើប្រាស់ចំណុចខ្សោយផ្នែកសុសវែរ និងភាពងាយរងគ្រោះផ្នែកសន្តិសុខនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីក្លែងបន្លំជាអង្គភាពដែលអាចទុកចិត្តបាន និងទទួលបានព័ត៌មានរសើប នេះបើយោងតាមក្រុមហ៊ុនដដែលនោះ។
លោក Ray Wang ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Constellation Research ដែលជាទីប្រឹក្សាដែលមានមូលដ្ឋាននៅតំបន់ Silicon Valley បានថ្លែងប្រាប់សារព័ត៌មាន BBC ថា PRC ត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅលើវិស័យបច្ចេកវិទ្យាសំខាន់ៗនៅក្នុងកិច្ចខិតខំប្រឹងប្រែងខាងចារកម្មរបស់ខ្លួន រួមទាំងឧបករណ៍អវកាស និងអាកាសចរណ៍ ការផលិតឱសថ ជីវវិស្វកម្ម និងបច្ចេកវិទ្យាណាណូ ដើម្បីផលិតសម្ភារសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងទៀតដូចជាឱសថ វាយនភណ្ឌ និងរថយន្ត។ ចារកម្មរបស់ CCP ផ្តល់អាទិភាពដល់បច្ចេកវិទ្យាដែលស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន ដូចជាគោលនយោបាយឧស្សាហកម្ម Made in China 2025 ដែលជាផែនការរយៈពេលប្រាំឆ្នាំ និងឯកសារគោលនយោបាយផ្សេងទៀតរបស់ខ្លួនដែលកំណត់ចំណុចខ្សោយនៅក្នុងវិស័យបច្ចេកវិទ្យា សហគ្រាសពាណិជ្ជកម្ម និងយោធា។ ចំណុចនោះឆ្លុះបញ្ចាំងពី «ភាពស៊ីសង្វាក់គ្នាវាងគោលដៅរួម និងប្រតិបត្តិការសម្ងាត់របស់ប្រទេសចិន» នេះបើយោងតាមលោក Eftimiades ដែលបានវិភាគជិត 600 ករណីអំពីកិច្ចខិតខំប្រឹងប្រែងប្រមូលព័ត៌មានសម្ងាត់ដែលត្រូវបានដាក់ទណ្ឌកម្ម CCP នៅក្នុងការសិក្សានាឆ្នាំ 2020 ដែលមានចំណងជើងថា៖ «ស៊េរីស្តីពីចារកម្មចិនអំពីផ្នែកប្រតិបត្តិការ និងយុទ្ធសាស្ត្រ»។
ចារកម្មគឺជាសង្គ្រាម
ក្នុងន័យជាច្រើនទៀត ចារកម្មគឺជាសមាសធាតុនៃសង្គ្រាមដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យប៉ះពាល់ដល់វិបុលភាពសេដ្ឋកិច្ចរបស់សត្រូវ។ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ការលួចការសម្ងាត់ពាណិជ្ជកម្មនៅទីបំផុតកាត់បន្ថយផលិតផលក្នុងស្រុកសរុប និងបណ្តាលឱ្យបាត់បង់ការងារនៅក្នុងប្រទេសគោលដៅ។ ការលួចព័ត៌មានអាជីវកម្មម្ចាស់កម្មសិទ្ធិ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ប្រកួតប្រជែងមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញភាពរុងរឿងផ្នែកសេដ្ឋកិច្ចរបស់គូប្រជែងផងដែរ។
សម្ព័ន្ធមិត្ត និងដៃគូត្រូវតែចាត់វិធានការណ៍បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងចារកម្មរបស់ CCP។ ទោះបីជាប្រទេសនានាបានសាកល្បងគំនិតផ្តួចផ្តើមស្ដីពីគោលនយោបាយការបរទេស និងការចរចាគោលនយោបាយពាណិជ្ជកម្មកាន់តែតឹងតែងក៏ដោយ វិធានការបែបនេះនៅតែមិនគ្រប់គ្រាន់ក្នុងការរារាំងយុទ្ធនាការចារកម្មសកលរបស់ CCP។ ជាលទ្ធផល ប្រទេសដែលមានគំនិតដូចគ្នាកំពុងព្យាយាមពង្រីកការសហការជាអន្តរជាតិ ហើយទាញយកផលប្រយោជន៍ និងពង្រីកសម្ព័ន្ធភាពដើម្បីពង្រឹងបទដ្ឋានអន្តរជាតិ និងបង្កើនការអនុវត្តតាមច្បាប់ដែលមានស្រាប់។ ប៉ុន្តែនៅមានការងារជាច្រើនទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានរារាំងការប៉ុនប៉ងកម្រិតខ្ពស់របស់ CCP ចំពោះអំពើចោរកម្ម និងការបង្កើនការកាត់ទោស។ ជាឧទាហរណ៍ នៅខែមករា ឆ្នាំ 2023 សហរដ្ឋអាមេរិកបានកាត់ទោសលោក Zheng Xiaoqing ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទលួចព័ត៌មានពីនិយោជករបស់គាត់គឺក្រុមហ៊ុន General Electric (GE) Power ដែលទាក់ទងនឹងការរចនា និងផលិតទួរប៊ីនឧស្ម័ន និងចំហាយទឹក រួមទាំងស្លាបចក្រ និងទ្រនាប់ដែលមានម្ចាស់កម្មសិទ្ធិ។
យោងតាមលោក Wray បានឱ្យដឹងថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធនឹង PRC ជារៀងរាល់ 10 ម៉ោងម្តង ហើយឥឡូវនេះមានករណីជាង 2 000 ករណីកំពុងដំណើរការ។ សហរដ្ឋអាមេរិកក៏បានកាត់ទោសជនជាតិចិនលោក Xu Yanjun កាលពីខែវិច្ឆិកា ឆ្នាំ 2022 ឱ្យជាប់ពន្ធនាគាររយៈពេល 20 ឆ្នាំពីបទគ្រោងលួចការសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនអាកាសចរណ៍ និងអវកាសរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE ផងដែរ។ លោក Xu ដែលត្រូវបានគេរាយការណ៍ថាជាមន្ត្រីចារកម្មចិនដំបូងគេបង្អស់ ដែលត្រូវបានធ្វើបត្យាប័នឱ្យទៅសហរដ្ឋអាមេរិកដើម្បីធ្វើការកាត់ក្តី បានលួចព័ត៌មានដោយលាក់បាំងព័ត៌មាននេះនៅក្នុងការសរសេរកូដអំពីឯកសារទិន្នន័យផ្សេងទៀត ហើយបញ្ជូនវាទៅឱ្យ PRC។ លោក Alan Kohler ដែលជាជំនួយការនាយកផ្នែកស៊ើបការណ៍សម្ងាត់របស់ FBI បានហៅសកម្មភាពរបស់លោក Xu ថា ជាទម្រង់នៃ «ចារកម្មផ្នែកសេដ្ឋកិច្ចដែលឧបត្ថម្ភដោយរដ្ឋ» របស់ CCP នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox Business News។ លោក Kohler បានបន្ថែមទៀថា៖ « នេះគួរតែជាការដាស់តឿនមួយសម្រាប់អ្នកដែលសង្ស័យថា មានគោលដៅពិតប្រាកដសម្រាប់ PRC។ ពួកគេកំពុងលួចបច្ចេកវិទ្យាអាមេរិកដើម្បីផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងយោធារបស់ពួកគេ»។
ដូចគ្នានេះដែរ ទីភ្នាក់ងារ MI5 បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងការធ្វើចារកម្មរបស់ចិនយ៉ាងខ្លាំង។ លោក McCallum បានថ្លែងប្រាប់សារព័ត៌មាន BBC ថា នៅឆ្នាំ 2022 ទីភ្នាក់ងារសន្តិសុខបានដំណើរការការស៊ើបអង្កេតទាក់ទងនឹង CCP ចំនួនប្រាំពីរដង ដូចដែលខ្លួនបានធ្វើក្នុងឆ្នាំ 2018 ហើយចំនួននៅតែបន្តកើនឡើង។
ការកើនឡើងនៃវិធានការទប់ទល់
ដោយសាររដ្ឋាភិបាលចិនទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការលួចការសម្ងាត់ពាណិជ្ជកម្ម និងបច្ចេកវិទ្យា សម្ព័ន្ធមិត្ត និងដៃគូត្រូវតែបន្តដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងលើបុគ្គល និងអង្គភាពដែលចូលរួមក្នុងសកម្មភាពខុសច្បាប់សម្ងាត់បែបនេះ។
សម្រាប់ផ្នែករបស់ខ្លួន សហរដ្ឋអាមេរិកកំពុងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់ CCP ដើម្បីលួចបច្ចេកវិទ្យាសឺម៉ីកុងឌុចទ័រ។ នៅខែតុលា ឆ្នាំ 2022 សហរដ្ឋអាមេរិកបានប្រកាសពីការត្រួតពិនិត្យការនាំចេញដែលតម្រូវឱ្យក្រុមហ៊ុនផលិតបន្ទះឈីបណាមួយ ដោយប្រើប្រាស់សុសវែរ ឬឧបករណ៍របស់សហរដ្ឋអាមេរិក ទទួលបានអាជ្ញាបណ្ណសិន មុនពេលនាំចេញបន្ទះឈីបទាំងនោះទៅកាន់ប្រទេសចិន។
វិធានការនេះក៏រារាំងពលរដ្ឋអាមេរិកាំង និងអ្នករស់នៅអចិន្ត្រៃយ៍មិនឱ្យធ្វើការនៅក្រុមហ៊ុនផលិតបន្ទះឈីបចិនមួយចំនួនផងដែរ។
ក្នុងចំណោមវិធានការថ្មីៗ «ការប្រើប្រាស់ច្បាប់ផលិតផលផ្ទាល់ពីបរទេសនឹងទប់ស្កាត់ក្រុមហ៊ុនគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក មិនឱ្យលក់បន្ទះឈីបកម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុន ឬស្ថាប័នរបស់ចិនដែលចូលរួមក្នុងសកម្មភាព AI និងការគណនាដែលមានប្រសិទ្ធភាពខ្ពស់ដោយគ្មានអាជ្ញាបណ្ណពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះប្រើប្រាស់បច្ចេកវិទ្យាអាមេរិកដើម្បីបង្កើតបន្ទះឈីប ដូចដែលស្ទើរតែគ្រប់ក្រុមហ៊ុនសឺម៉ីកុងឌុចទ័រ
ទូទាំងពិភពបានធ្វើ» នេះបើយោងតាមកាសែត The Washington Post។ កាសែត Post បានរាយការណ៍ទៀតថា វិធានការនេះនឹងធ្វើឱ្យក្រុមហ៊ុន និងអង្គភាពយោធារបស់ចិនកាន់តែលំបាកក្នុងការទទួលបានផលិតផលបច្ចេកវិទ្យាដែលផលិតដោយបរទេសផ្សេងទៀតដែលត្រូវបានផលិតដោយប្រើឧបករណ៍ និងការរចនារបស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តវិធានការកាន់តែតឹងរ៉ឹង ដើម្បីទប់ស្កាត់ចារកម្មតាមអ៊ីនធឺណិត ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញកុំព្យូទ័រសម្ងាត់។ វាក៏កំពុងចាប់ដៃគូជាមួយនឹងវិស័យឯកជន ដើម្បីកាត់បន្ថយសកម្មភាពព្យាបាទនៅក្នុងលំហអ៊ីនធឺណិត។
ជាងនេះទៅទៀត ការកសាងភាពជាដៃគូផ្នែកសន្តិសុខជាមួយសម្ព័ន្ធមិត្ត និងដៃគូបានក្លាយជាចំណុចអាទិភាពកាន់តែសំខាន់ឡើង សម្រាប់ការការពារបណ្តាញអ៊ីនធឺណិត និងការបញ្ឈប់ចារកម្មនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅខាងក្រៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឧទាហរណ៍ សមាជិកភាពជាដៃគូក្នុងប្លុក Quad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកបានសន្យាថា នឹងសហការ និងចែករំលែកព័ត៌មាននៅក្នុងដែនអ៊ីនធឺណិតជាមួយគ្នា។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ក៏កំពុងសហការគ្នាតាមវីធីថ្មីផងដែរ ដូចជាការធ្វើសមយុទ្ធយោធាដែលទាក់ទងនឹងអ៊ីនធឺណិត ដើម្បីជួយអភិវឌ្ឍបច្ចេកវិទ្យា និងសមត្ថភាពដើម្បីទប់ទល់នឹងការលួចតាមអ៊ីនធឺណិត និងការគំរាមកំហែងផ្សេងៗទៀត។
យោធា និងប្រទេសនានាទៀតបានដឹងថា ការគំរាមកំហែងតាមអ៊ីនធឺណិតទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគឺជាបញ្ហាប្រឈមដែលប្រទេសទាំងនោះប្រឈមមុខនាពេលបច្ចុប្បន្ននេះ ហើយគ្រោះថ្នាក់ទាំងនោះកាន់តែភាពស្មុគស្មាញ។ មន្ត្រីរូបនោះបានលើកឡើងទៀតថា ដើម្បីទប់ទល់ជាមួយនឹងពួកគេ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនកំពុងស្វែងរកវិធីល្អប្រសើរជាងមុនក្នុងការដាក់ទណ្ឌកម្មការទូត សេដ្ឋកិច្ច និងព័ត៌មានទៅលើបច្ចាមិត្តដែលចូលរួមក្នុងចារកម្មតាមអ៊ីនធឺណិតផ្នែកសេដ្ឋកិច្ច។ ការឆ្លើយតបក្នុងតំបន់ និងអន្តរជាតិដែលមានការសម្របសម្រួលអាចជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍ និងកាត់បន្ថយសហគ្រាសចារកម្មរបស់ CCP។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។