ការបង្កើនស៊ីឡូមីស៊ីលរបស់បក្សកុម្មុយនិស្តចិន (CCP) បង្កឱ្យមានការព្រួយបារម្ភក្នុងតំបន់
បុគ្គលិកទស្សនាវដ្តី FORUM
គណបក្សកុម្មុយនិស្តចិន (CCP) ដែលកំពុងគំរាមកំហែងដល់ការកសាងកម្លាំងយោធា ដោយបង្ហាញពីការបង្កើនយ៉ាងរហ័ស និងបែបលាក់បាំងនៃស៊ីឡូមីស៊ីល បានបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក អំពីចេតនារបស់ទីក្រុងប៉េកាំងសម្រាប់ឃ្លាំងអាវុធប្រល័យលោកដែលកំពុងកើនឡើង។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយអគ្គលេខាធិការ CCP លោក Xi Jinping ដែលកំពុងបន្តបោសសម្អាតមេដឹកនាំយោធា និងអ្នកវិទ្យាសាស្ត្រគ្រាប់រ៉ុក្កែត និងដោយសំណួរអំពីគុណភាព និងការគ្រប់គ្រងធនធាននុយក្លេអ៊ែ និងមីស៊ីលបាលីស្ទីករបស់រដ្ឋឯកបក្ស។
អ្នកសិក្សាស្រាវជ្រាវជាមួយគម្រោងព័ត៌មាននុយក្លេអ៊ែរបស់សហព័ន្ធនៃអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បានរាយការណ៍កាលពីពេលថ្មីៗនេះថា៖ «ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រីកយ៉ាងខ្លាំងនូវកម្មវិធីទំនើបកម្មនុយក្លេអ៊ែដែលកំពុងបន្តរបស់ខ្លួន ដោយដាក់ឱ្យប្រើប្រាស់នូវប្រភេទ និងអាវុធនុយក្លេអ៊ែកាន់តែច្រើនជាងពេលណាៗទាំងអស់»។
នោះរួមបញ្ចូលទាំងការបន្តការអភិវឌ្ឍ «ទីតាំងស៊ីឡូមីស៊ីលថ្មីចំនួនបីសម្រាប់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ដែលប្រើឥន្ធនៈរឹង» ហើយបានពង្រីកការសាងសង់ស៊ីឡូសម្រាប់មីស៊ីល DF-5 ICBM ដែលប្រើឥន្ធនៈរាវ។ អ្នកសិក្សាស្រាវជ្រាវប៉ាន់ប្រមាណថា ស្តុកអាវុធនុយក្លេអ៊ែរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) មានក្បាលគ្រាប់នុយក្លែអ៊ែចំនួន 500 គ្រាប់សម្រាប់ដឹកជញ្ជូនដោយយន្តហោះទម្លាក់គ្រាប់បែក និងមីស៊ីលបាលីស្ទីកតាមផ្លូវគោក និងសមុទ្រ។
យោងតាមរបាយការណ៍ប្រចាំខែមករា ឆ្នាំ 2024 ដែលបានចុះផ្សាយក្នុងព្រឹត្តិបត្ររបស់អ្នកវិទ្យាសាស្ត្រអាតូមិចបានឱ្យដឹងថា៖ «សរុបមក ការពង្រីកនុយក្លេអ៊ែរបស់ចិន គឺស្ថិតក្នុងចំណោមយុទ្ធនាការនៃការធ្វើទំនើបកម្មដ៏ធំ និងឆាប់រហ័សបំផុតនៃរដ្ឋដែលមានប្រដាប់អាវុធនុយក្លេអ៊ែទាំងប្រាំបួន»។ ជាពិសេស «ការសាងសង់ស៊ីឡូរាប់រយសម្រាប់មីស៊ីលដែលប្រើឥន្ធនៈរឹង … បានបង្កឱ្យមានការជជែកវែកញែកយ៉ាងសំខាន់អំពីគោលនយោបាយដែលមិនប្រើប្រាស់អាវុធនុយក្លែអ៊ែលើកដំបូងរបស់ចិនដែលមានរយៈពេលយូរមកហើយ»។
ភាពចលាចលក្នុងការបង្កើតយោធាចិនកំពុងធ្វើឱ្យភាពមិនច្បាស់លាស់កាន់តែអាក្រក់ទៅ។ កាលពីខែមករា ប្រធានទីភ្នាក់ងារចិន ដែលដឹកនាំការអភិវឌ្ឍ ការធ្វើតេស្តសាកល្បង និងការផលិតមីស៊ីល និងយានបាញ់បង្ហោះត្រូវបានបណ្តេញចេញពីការងារដោយគ្មានការពន្យល់ឡើយ។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Wang Xiaojun ដែលបានដឹកនាំបណ្ឌិត្យសភាផ្នែកបច្ចេកវិទ្យាយានបាញ់បង្ហោះរបស់ប្រទេសចិន គឺជាមន្ត្រីចុងក្រោយបង្អស់ក្នុងចំណោមមន្ត្រីឧស្សាហកម្មយោធា និងការពារជាតិជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវបានបោសសម្អាតដោយ CCP ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។
ការចោទប្រកាន់ពីបទអំពើពុករលួយបានញាំញីដល់មន្ត្រីកំពូលៗនៃកងទ័ពរំដោះប្រជាជន (PLA) ជាពិសេសកងកម្លាំងរ៉ុក្កែតសម្ងាត់របស់ខ្លួន ដែលមើលការខុសត្រូវលើមីស៊ីលយុទ្ធសាស្រ្ត និងនុយក្លែអ៊ែរបស់របបនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នាយឧត្តមសេនីយ៍ចំនួនប្រាំនាក់ក្នុងចំណោមប្រាំបួននាក់ដែលត្រូវបានដកចេញពីមុខតំណែងនៅចុងឆ្នាំ 2023 គឺជាមេបញ្ជាការអតីត ឬបច្ចុប្បន្ននៅក្នុងកងកម្លាំងរ៉ុក្កែត ខណៈដែលនាយកប្រតិបត្តិបីនាក់នៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដែលផលិតប្រព័ន្ធមីស៊ីលក៏ត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ CCP ផងដែរ។
ភាពច្របូកច្របល់កំពុងលុបបំបាត់សមត្ថភាពរបស់ PLA ដើម្បីធ្វើសង្គ្រាម ដោយរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកបង្ហាញថា ទីតាំងស៊ីឡូដ៏ធំនៅភាគខាងលិចប្រទេសចិនមានគម្របខុស ដែលធ្វើឱ្យការបាញ់មីស៊ីលមិនមានប្រសិទ្ធភាព ខណៈដែលមីស៊ីលផ្សេងទៀតត្រូវបានចាក់បំពេញដោយទឹកជំនួសឱ្យឥន្ធនៈទៅវិញ នេះបើយោងតាមសារព័ត៌មាន Bloomberg។
រឿងនេះកើតឡើងនៅពេលដែលតំបន់ប្រឈមមុខនឹង «ហានិភ័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលកំពុងកើនឡើងទៅជាជម្លោះ» ដែលអាចនឹងកើតឡើងដោយសារតែជម្លោះដែនដី និងដែនសមុទ្ររួមទាំងមានភាពប្រទាញប្រទង់ដូចជាច្រកសមុទ្រម៉ាឡាកា និងតៃវ៉ាន់ នេះបើយោងតាមរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong។ អ្នកវិភាគបានលើកឡើងថា ទីក្រុងប៉េកាំងអាចនឹងពង្រឹងសមត្ថភាពនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួន ដើម្បីរារាំងសហរដ្ឋអាមេរិក និងប្រជាជាតិដែលមានគំនិតដូចគ្នាពីការជ្រៀតជ្រែកក្នុងករណីដែល CCP ឈ្លានពានតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន និងគំរាមកំហែងដល់ការបញ្ចូលតៃវ៉ាន់។
លោកស្រី Wong បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកស្រីទៅកាន់សន្និសីទមហាសមុទ្រឥណ្ឌា នៅទីក្រុង Perth ក្នុងខែកុម្ភៈ ឆ្នាំ 2024 ថា៖ «បណ្តាប្រទេសនៃឥណ្ឌូប៉ាស៊ីហ្វិកប្រឈមមុខនឹងការបង្កើនសមត្ថភាពយោធាយ៉ាងឆាប់រហ័សរបស់ចិនដោយគ្មានតម្លាភាព និងការធានាឡើងវិញដែលតំបន់នេះស្វែងរកពីមហាអំណាច»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានរាយការណ៍កាលពីខែតុលា ឆ្នាំ 2023ថា PRC ទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែសម្រាប់ប្រតិបត្តិការច្រើនជាង 1 000 គ្រាប់ គិតត្រឹមឆ្នាំ 2030 ហើយថា ទីក្រុងប៉េកាំងប្រហែលជាកំពុងស្វែងរកការអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយអន្តរទ្វីបប្រដាប់ដោយអាវុធធម្មតា ដែលនឹងអនុញ្ញាតឱ្យ PRC គំរាមកំហែងការវាយប្រហារធម្មតាទៅនឹងគោលដៅនៅក្នុងទ្វីបអាមេរិក។
មន្ត្រីសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ជំហរនុយក្លេអ៊ែនោះគឺមិនស៊ីសង្វាក់គ្នាជាមួយនឹងការប្តេជ្ញាចិត្តដែលបានបញ្ជាក់ពីទីក្រុងប៉េកាំងចំពោះយុទ្ធសាស្ត្រ «ការទប់ស្កាត់អប្បបរមា»។
ឥឡូវនេះ ស្តុកក្បាលគ្រាប់នុយក្លេអ៊ែរបស់ PRC តាមពីក្រោយតែរុស្ស៊ី និងអាមេរិក ដែលមានឃ្លាំងស្តុកក្បាលគ្រាប់ប្រហែលចំនួន 4 500 គ្រាប់ និង 3 700 គ្រាប់រៀងៗខ្លួន នេះបើយោងតាម FAS។
បន្ទាប់ពីរយៈពេលប្រាំឆ្នាំនៃការបដិសេធសំណើរបស់សហរដ្ឋអាមេរិកមិនពិភាក្សាអំពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត ទីបំផុតទីក្រុងប៉េកាំងបានបន្តកិច្ចពិភាក្សាអំពីអាវុធនុយក្លេអ៊ែរជាមួយនឹងទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំ 2023 ទោះបីជាខ្លួនមិនបានយល់ព្រមចំពោះការចរចារស្ដីពីការគ្រប់គ្រងអាវុធជាផ្លូវការក៏ដោយ។
លោកស្រីបណ្ឌិត Rajeswari Pillai Rajagopalan នាយកមជ្ឈមណ្ឌលដើម្បីសន្តិសុខ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យានៅមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានសរសេររៀបរាប់សម្រាប់ទស្សនាវដ្តី The Diplomat នៅក្នុងខែមករា ឆ្នាំ 2024 ថា៖ «ការរំពឹងទុកគឺថា វាអាចនាំឱ្យទីក្រុងប៉េកាំងកោតសរសើរចំពោះអត្ថប្រយោជន៍នៃកិច្ចសន្ទនា និងតម្លាភាព ហើយសង្ឃឹមថា នឹងនាំឱ្យមានការផ្អាកក្នុងការពង្រីកអាវុធនុយក្លេអ៊ែរបស់ខ្លួន យ៉ាងហោចណាស់ក្នុងន័យពាក់ព័ន្ធដែរ»។ «ប្រសិនបើមិនបញ្ឈប់ទេ ការពង្រីកអាវុធនុយក្លេអ៊ែររបស់ចិនអាចនឹងឈានដល់ការប្រជែងសព្វាវុធកាន់តែខ្លាំងឡើងក្នុងន័យពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែ»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។