ការធ្វើទំនើបកម្មកងទ័ពអាកាសឥណ្ឌូណេស៊ីពង្រឹងអធិបតេយ្យភាព ស្ថិរភាពក្នុងតំបន់
Gusty Da Costa
ការទិញយន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌូណេស៊ីពីបារាំង និងសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីជំហាននៃការធ្វើទំនើបកម្មដ៏ចម្បងរបស់ខ្លួន និងបានពង្រឹងអន្តរប្រតិបត្តិជាមួយនឹងប្រទេសដៃគូ។ អ្នកជំនាញបានលើកឡើងថា ភាពជឿនលឿនគាំទ្រដល់កិច្ចខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការការពារទឹកដីរបស់ខ្លួននៅចំពេលមានការបង្កើនកម្លាំងយោធាពីសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលកំពុងប្រព្រឹត្តសកម្មភាពខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
«ឥណ្ឌូណេស៊ីគឺជាប្រជុំកោះដ៏ធំមួយដែលមានដែនអាកាស និងដែនសមុទ្រដ៏ធំ។ ដើម្បីរក្សាអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ឥណ្ឌូណេស៊ីត្រូវការកងទ័ពអាកាសដ៏រឹងមាំ និងទំនើបមួយ» នេះបើតាម លោក Beni Sukadis អ្នកវិភាគនៅវិទ្យាស្ថាននៃវិស័យការពារជាតិ និងការសិក្សាយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM។
លោកបានមានប្រសាសន៍ទៀតថា ការទិញយន្តចម្បាំង F-16 C/D Block 52 ចំនួន 24 គ្រឿងពីសហរដ្ឋអាមេរិកក្នុងចន្លោះឆ្នាំ 2012 និង 2017 គឺជាគន្លឹះក្នុងការចាប់ផ្តើមធ្វើទំនើបកម្ម។ «F-16 គឺជាយន្តហោះចម្បាំងមានភាពជឿនលឿន ដែលមានគុណសម្បត្តិច្រើនយ៉ាង រួមទាំងមានសមត្ថភាពក្នុងការប្រយុទ្ធក្នុងរយៈចម្ងាយឆ្ងាយ និងមានភាពតប់បែនខ្ពស់ ក៏ដូចជាមានសមត្ថភាពខាងអេឡិចត្រូនិកដ៏មានឥទ្ធិពល»។
លោក Sukadis បានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ 2022 កងទ័ពអាកាសរបស់ឥណ្ឌូណេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ 8,1 ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ Rafale ដែលផលិតនៅបារាំងចំនួន 42 គ្រឿង។ លោកបានបន្ថែមទៀតថា៖ «ការចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ Rafale ក៏ផ្តល់ការហ្វឹកហ្វឺនដល់អ្នកបើកយន្តហោះ និងអ្នកបច្ចេកទេសនៃយន្តហោះ Rafale ដូច្នេះពួកគេអាចរក្សាបាននូវប្រតិបត្តិការយន្តហោះបានល្អបំផុត»។ «នេះមានន័យថា លទ្ធកម្មនេះរួមបញ្ចូលទាំងកញ្ចប់អភិវឌ្ឈន៍ធនធានមនុស្សនៅក្នុងការហ្វឹកហ្វឺនក្រុមអ្នកបើកយន្តហោះ និងតំហែទាំយន្តហោះ»។
កាលពីខែសីហា ឆ្នាំ 2023 កងទ័ពអាកាសឥណ្ឌូណេស៊ីបានប្រកាសទិញយន្តហោះប្រភេទ Boeing F-15EX ដែលមានម៉ាស៊ីនភ្លោះចំនួន 24 គ្រឿងពីសហរដ្ឋអាមេរិកនាពេលខាងមុខ។
អន្តរប្រតិបត្តិត្រូវបានពិចារណានៅក្នុងការទិញ នេះបើតាមការលើកឡើងរបស់លោក Sukadis។ លោក Sukadis បានលើកឡើងទៀតថា ម៉ូដែលផ្សេងគ្នានៃយន្តហោះចម្បាំងរវាង F-15 និង F-16 ត្រូវបានប្រើប្រាស់ដោយកងកម្លាំងដៃគូ រួមមានជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងសហរដ្ឋអាមេរិក ជាមួយគ្នានេះដែរ យន្តហោះចម្បាំង Dassault Rafale ក៏ត្រូវបានប្រើប្រាស់ដោយឥណ្ឌាផងដែរ ខណៈបង់ក្លាដែស និងម៉ាឡេស៊ីកំពុងពិចារណាទិញយន្តហោះនេះ។
ដោយមានតំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំបំផុតទីប្រាំមួយរបស់ពិភពលោក (EEZ) ដែលមានផ្ទៃដីជាង 6 លានគីឡូម៉ែត្រការ៉េ ប្រទេសឥណ្ឌូណេស៊ីផ្តល់អាទិភាពលើការត្រួតពិនិត្យតាមដានចំពោះការរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន។ ខ្លួនក៏កំពុងពង្រីកសមត្ថភាពឃ្លាំមើលរបស់កងទ័ពអាកាសជាមួយនឹងកិច្ចព្រមព្រៀងសម្រាប់ប្រព័ន្ធរ៉ាដាស្ទាក់ចាប់ដែលគ្រប់គ្រងលើដីចំនួន 13 ពីក្រុមហ៊ុនបារាំង Thales និងដ្រូនឃ្លាំមើល និងឈ្លប់យកការណ៍ចំនួន12 គ្រឿងពីឧស្សហកម្មអវកាសតួកគី។
ការបង្កើនយោធារបស់ទីក្រុងប៉េកាំង រួមទាំងនាវាផ្ទុកយន្តហោះថ្មីៗ កំពុងជួយជំរុញការធ្វើទំនើបកម្មលើវិស័យការពារជាតិរបស់ឥណ្ឌូណេស៊ី នេះបើយោងតាមលោក Nikolaus Loy អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ UPN «អតីតយុទ្ធជន» ក្នុងទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។ ទីក្រុងហ្សាការតាប្រឈមមុខនឹងការគំរាមកំហែងដល់បូរណភាពទឹកដីរបស់ខ្លួន និងធនធានធម្មជាតិនៅក្នុង EEZ របស់ខ្លួន រួមទាំងជលផល និងផូស៊ីលឥន្ធនៈផងដែរ។
លោក Loy បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ទៀតថា៖ «យើងដឹងថាទីក្រុងហ្សាការតានៅជិតសមុទ្រចិនខាងត្បូង ហើយវាពិតជាអាចទៅរួចដែលថា នឹងមានការពង្រីកការទាមទាររបស់ [ទីក្រុងប៉េកាំង] ទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី ហើយរឿងនោះបានចាប់ផ្តើមកើតឡើងរួចហើយ»។
លោក Alman Helvas Ali អ្នកវិភាគផ្នែកយោធាមកពីក្រុមហ៊ុនប្រឹក្សាផ្នែកហានិភ័យដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា Semar Sentinel បានថ្លែងប្រាប់ ទស្សនាវដ្តី FORUM ថា ដោយមានការគំរាមកំហែងស្រដៀងគ្នារបស់ PRC ដល់អធិបតេយ្យភាពនៃប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត ទំនើបកម្មនៃកងទ័ពអាកាសឥណ្ឌូណេស៊ីក៏បង្កើនតួនាទីរបស់ទីក្រុងហ្សាការតានៅក្នុងវិស័យសន្តិសុខក្នុងតំបន់ផងដែរ។
លោកបានបន្ថែមថា៖ «ទោះបីជាឥណ្ឌូណេស៊ីមិនជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងយោធា ទាំងទ្វេភាគី ឬពហុភាគីក៏ដោយ ក៏ឥណ្ឌូណេស៊ីត្រូវតែគិតគូរចំពោះការរួមចំណែករបស់ខ្លួនក្នុងការរក្សាស្ថិរភាពក្នុងតំបន់ដែរ»។
Gusty Da Costa គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។