កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនចោទប្រកាន់ PRC ពីការធ្វើនាវាចរណ៍ប្រកបដោយគ្រោះថ្នាក់
ទីភ្នាក់ងារសារព័ត៌មានបារាំង
កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនចោទប្រកាន់ PRC ថាបានធ្វើនាវាចរណ៍ប្រកបដោយគ្រោះថ្នាក់នៅដើមខែកុម្ភៈ ឆ្នាំ 2024 នៅតំបន់ថ្មប៉ប្រះទឹក នៅក្បែរឆ្នេរសមុទ្រហ្វ៊ីលីពីន។
នាវាហ្វ៊ីលីពីន BRP Teresa Magbanua កំពុងល្បាតជុំវិញតំបន់ Scarborough Shoal ដោយផ្តល់សម្ភារៈផ្គត់ផ្គង់ដល់នាវិកនាវានេសាទ និងធានាសុវត្ថិភាពរបស់ពួកគេ។ ដែនកោះដ៏សម្បូរទៅដោយធនធានជលផល គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសហ្វ៊ីលីពីន។ វាជាចំណុចប្រទាញប្រទង់រវាងប្រទេសទាំងពីរចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិន (PRC) បានដណ្តើមយកដែនកោះពីប្រទេសហ្វ៊ីលីពីនក្នុងឆ្នាំ 2012។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានដាក់ពង្រាយទូកល្បាត ដែលទីក្រុងម៉ានីលនិយាយថា យាយីដល់នាវាហ្វ៊ីលីពីន និងរារាំងអ្នកនេសាទហ្វ៊ីលីពីនមិនឱ្យទៅដល់តំបន់ទឹករាក់ដ៏សម្បូរត្រី។
ឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនបាននិយាយថា ក្នុងអំឡុងពេលល្បាតនៅខែកុម្ភៈ កងឆ្មាំឆ្នេរសមុទ្រចិនបានធ្វើនាវាចរណ៍ប្រកបដោយ «គ្រោះថ្នាក់និងការបិទផ្លូវ» នាវា BRP Teresa Magbanua ចំនួនបួនដង ដោយនាវាចិនបានធ្វើចលនាកាត់មុខនាវាហ្វ៊ីលីពីនពីរដង។ នាវាហ្វ៊ីលីពីនក៏ត្រូវបានបើកតាមដោយនាវាឆ្មាំឆ្នេរសមុទ្រចិនចំនួនបួន «ច្រើនជាង 40 ដង»។ កងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនក៏បានរាយការណ៍អំពីវត្តមាននាវាកងជីវពលដែនទឹកនៅក្នុងតំបន់នោះផងដែរ។ កងនាវាជីវពលមានជនស៊ីវិលដែលមានប្រដាប់អាវុធដោយ PRC ដើម្បីបម្រើជាកម្លាំងយោធាជំនួយ ខណៈពេលដែលរក្សាការងារធម្មតារបស់ពួកគេ។
វីដេអូដែលចេញផ្សាយដោយកងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនបង្ហាញពី នាវាឆ្មាំឆ្នេរសមុទ្រចិនចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីផ្នែកខាងឆ្វេងរបស់នាវា BRP Teresa Magbanua មុនពេលធ្វើចលនាកាត់មុខនាវា។
Scarborough Shoal ស្ថិតនៅចម្ងាយ 240 គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Luzon របស់ប្រទេសហ្វ៊ីលីពីន និងជិត 900 គីឡូម៉ែត្រពីកោះ Hainan ដែលជាខេត្តដែលនៅជិតបំផុតរបស់ប្រទេសចិន។
ឧប្បត្តិហេតុនេះបានកើតឡើងពីរខែបន្ទាប់ពីការប្រឈមមុខស្រដៀងគ្នានៅជិត Second Thomas Shoal ក្នុងប្រជុំកោះ Spratly ដែលនាវាចិនបានបើកបុកទង្គិច និងបាញ់កាណុងបាញ់ទឹកទៅលើទូកហ្វ៊ីលីពីន។
ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ហើយមិនអើពើនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលសម្រេចថាការទាមទារនេះមិនមានមូលដ្ឋានផ្លូវច្បាប់។ ចិនដាក់ពង្រាយនាវាដើម្បីល្បាតច្រកសមុទ្រដ៏សំខាន់ និងបានសាងសង់កោះសិប្បនិម្មិត និងបំពាក់ធនធានយោធាក្នុងការប៉ុនប៉ងដើម្បីពង្រឹងការទាមទាររបស់ខ្លួន។
មន្ត្រីហ្វ៊ីលីពីន និងមន្ត្រី PRC បានព្រមព្រៀងគ្នាក្នុងខែមករា ឆ្នាំ 2024 ថាត្រូវមានការសន្ទនាកាន់តែជិតស្និតដើម្បីដោះស្រាយ «ភាពអាសន្នតាមសមុទ្រ» នៅក្នុងច្រកសមុទ្រ នៅពេលដែលភាពតានតឹងកើនឡើង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។