អ្នកជំនាញ៖ ការបោសសម្អាតយោធារបស់ CCP នឹងកើនឡើង
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ខណៈដែលឆ្នាំ 2023 ឈានចូលដល់ទីបញ្ចប់នោះ ការបោសសម្អាតមន្ត្រីការពារជាតិនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) កាន់តែកើនខ្លាំងឡើង ជាពិសេសក្នុងចំណោមអ្នកដែលមានទំនាក់ទំនងជាមួយអង្គភាពក្រុមដែលសម្រាំងឱ្យកាន់ផ្នែកមីស៊ីល។ ទីភ្នាក់ងារព័ត៌មាន Xinhua ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍អំពីការបណ្តេញឧត្តមសេនីយ៍ចំនួនប្រាំបួនរូប ចេញពីសភាប្រជាជនជាតិ ដែលត្រូវបានគេចាត់ទុកថាជា «សភាអាយ៉ង» សម្រាប់បក្សកុម្មុយនិស្តចិន (CCP)។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីចុងខែធ្នូថា ឧត្តមសេនីយទាំងប្រាំរូបនោះគឺជាអតីត ឬបច្ចុប្បន្នជាមេបញ្ជាការនៅក្នុងកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជន (PLA) ដែលគ្រប់គ្រងលើមីស៊ីលយុទ្ធសាស្ត្រ និងនុយក្លេអ៊ែរ។ ពីរថ្ងៃមុននេះ ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា នាយកប្រតិបត្តិបីនាក់នៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដែលផលិតប្រព័ន្ធមីស៊ីលត្រូវបានដកចេញពីស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ CCP ។
អគ្គលេខាធិការ CCP លោក Xi Jinping បាននឹងកំពុងចំណាយយ៉ាងច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំង PLA និងការដាក់ពង្រាយកងកម្លាំងនៅសមុទ្រចិនខាងត្បូង និងលើសពីតំបន់នេះផងដែរ។ អ្នកសង្កេតការណ៍លើកឡើងថា យុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានអះអាងដោយលោក Xi ដែលជាវិធីមួយសម្រាប់ឱ្យលោកធ្វើការដកចេញនូវអ្នកដែលលោកចាត់ទុកថាជាការគំរាមកំហែងដល់ការដឹកនាំរបស់លោក នេះបើតាមការរាយការណ៍របស់សំឡេងសហរដ្ឋអាមេរិក (VOA)។ សារព័ត៌មាន Reuters បានរាយការណ៍ថា ការបណ្តេញចេញបែបនេះគឺជា «ជំហានដែលជាទូទៅនឹងបន្តទៅរកការដាក់ទណ្ឌកម្មបន្ថែមទៀត» ដូចជាការកាត់ទោសព្រហ្មទណ្ឌជាដើម។
លោក Joel Wuthnow អ្នកជំនាញយោធាចិននៅសកលវិទ្យាល័យការពារជាតិអាមេរិកបានប្រាប់សារព័ត៌មាន Bloomberg News ថា៖ «ការដកចេញនេះបង្ហាញជាថ្មីម្តងទៀតថា លោក Xi មិនទទួលបានជោគជ័យក្នុងការលុបបំបាត់អំពើពុករលួយនៅក្នុង PLA នោះឡើយ»។
នាយកប្រតិបត្តិដែលត្រូវបានដកចេញពីសន្និសិទប្រឹក្សានយោបាយប្រជាជនចិនបានធ្វើការនៅក្រុមហ៊ុនម៉ៅការផ្នែកអវកាស និងការពារជាតិ។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកទាំងបីស្ថិតនៅក្នុងមុខតំណែងរបស់ពួកគេក្នុងអាណត្តិរបស់លោក Li Shangfu ដែលត្រូវបានដកចេញភ្លាមៗពីឋានៈជារដ្ឋមន្ត្រីការពារជាតិរបស់ PRC នៅក្នុងខែតុលា ឆ្នាំ 2023 ហើយពីមុនធ្លាប់ជាប្រធានផ្នែកបរិក្ខាររបស់ PLA។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា អំពើពុករលួយនៅក្នុង PLA បានបណ្តាលឱ្យមីស៊ីលត្រូវបានចាក់ដោយទឹកជាជាងប្រេងឥន្ធនៈ និងស៊ីឡូមីស៊ីលគ្មានប្រសិទ្ធភាព នេះបើតាមការរាយការណ៍របស់ Bloomberg ដោយដកស្រង់ប្រភពស៊ើបការណ៍។ អ្នកជំនាញលើកឡើងថា ការបោសសម្អាតនេះអាចប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ PLA។ សារព័ត៌មាន Bloomberg បានកត់សម្គាល់ថា CCP បានបណ្តេញ «ឥស្សរជនយោធាជាន់ខ្ពស់ 15 រូបក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ» រួមទាំង៖
- លោក Li ដែលបានបាត់ខ្លួនពីក្រសែភ្នែកសាធារណជនជាច្រើនខែមុនពេលលោកត្រូវបានបណ្តេញចេញពីតំណែង ហើយត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយទាក់ទងនឹងការទិញ និងការអភិវឌ្ឍសម្ភារៈយោធា។ លោក Dong Jun ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីចុងខែធ្នូ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។
- មេដឹកនាំពីររូបដែលត្រូវបានជ្រើសរើសដោយលោក Xi សម្រាប់កងកម្លាំងរ៉ុក្កែតត្រូវបានជំនួសដោយបុគ្គលដែលមិនមានឯកទេសផ្នែករ៉ុក្កែតនៅក្នុងខែសីហា។ លោក Lin Ying-yu អ្នកជំនាញផ្នែកយោធាចិននៅសកលវិទ្យាល័យ Tamkang នៅតៃវ៉ាន់បានប្រាប់ VOA ថា លោក Xi ឱ្យតម្លៃលើ «ភាពស្មោះត្រង់ទាំងស្រុង» របស់យោធាជាជាងសមត្ថភាពប្រយុទ្ធ។
លោក Alfred Wu សាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ក្នុងប្រទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន Reuters ថា៖ «មនុស្សកាន់តែច្រើននឹងត្រូវបានបណ្តេញចេញពីមុខតំណែង»។
ជាការពិតដែល លោក Lin បានលើកឡើងថាយុទ្ធនាការរបស់លោក Xi ដើម្បីពង្រឹងការក្ដោបក្ដាប់របស់លោកលើ PLA នឹងពិបាកក្នុងការបញ្ឈប់។ លោកបានប្រាប់ VOA ថា៖ «លោកចង់សម្រេចបាននូវរជ្ជកាលដ៏គួរឱ្យភ័យខ្លាច ដូចអ្វីដែល Stalin បានធ្វើមុនសង្គ្រាមលោកលើកទីពីរកើតឡើង»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។