តំបន់អូសេអានីទស្សនៈសាកលភាពជាដៃគូ

អូស្ត្រាលីកំពុងបង្កើតគម្រោងសន្តិសុខស្បៀងអាហារនៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក

Tom Abke

ប្រទេសអូស្ត្រាលីកំពុងដោះស្រាយទៅនឹងភាពអត់ឃ្លាន និងអសន្តិសុខស្បៀងអាហារពីប្រទេសកម្ពុជាទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ជាមួយនឹងគម្រោងកសិកម្មត្រួសត្រាយ និងការគ្រប់គ្រងជលផលប្រកបដោយនវានុវត្តន៍។ ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកង់បេរ៉ា គឺមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដែលជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ 1982 ដែលបានធ្វើជាដៃគូជាមួយនឹងស្ថាប័នក្នុងស្រុក និងបរទេសជាង 200 ស្ថាប័ន ដើម្បីគាំទ្រគម្រោងនៅអាហ្វ្រិកខាងកើត និងខាងត្បូង អាស៊ីខាងកើត ខាងត្បូង និងអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មានមនុស្សជាង 370 លាននាក់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដែលកំពុងតែខ្វះអាហារូបត្ថម្ភ ដែលស្មើនឹងពាក់កណ្តាលនៃអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរនៅទូទាំងពិភពលោក។

គម្រោង «ស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ» ដ៏ថ្មីបំផុតរបស់ ACIAR នៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (PNG) មានគោលបំណងធ្វើបដិវត្តន៍ការចិញ្ចឹមត្រីក្នុងទឹក។ ដោយផ្តោតលើត្រីទីឡាព្យ៉ាជាត្រីទឹកសាប ដែលជាប្រភពប្រូតេអ៊ីនមានជាតិខ្លាញ់ទាបដ៏ល្អ គំនិតផ្តួចផ្តើមក្នុងចំនួនទឹកប្រាក់ 1,7 លានដុល្លារព្យាយាមដោះស្រាយតម្រូវការអាហារូបត្ថម្ភសំខាន់ៗ ខណៈពេលដែលកំពុងលើកកម្ពស់ជីវភាពរស់នៅក្នុងតំបន់។ ដោយត្រូវបានដឹកនាំដោយសកលវិទ្យាល័យ New South Wales (UNSW) របស់ប្រទេសអូស្ត្រាលី និងការធ្វើជាដៃគូជាមួយនឹងអាជ្ញាធរជលផលជាតិរបស់ PNG, ការស្រាវជ្រាវនោះព្យាយាមធ្វើពាណិជ្ជកម្មការចិញ្ចឹមត្រីនៅជិតទីក្រុង និងតំបន់ទីប្រជុំជនផ្សេងទៀត ដោយផ្តល់នូវមាគ៌ាប្រកបដោយនិរន្តរភាពដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារ។

យោងតាម ACIAR គម្រោងនេះស្របតាមចក្ខុវិស័យក្នុងឆ្នាំ 2050 របស់ PNG និងផែនការអភិវឌ្ឍន៍រយៈពេលមធ្យមចាប់ពីឆ្នាំ 2023-2027 របស់ប្រទេស ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងវារីវប្បកម្មប្រកបដោយនិរន្តរភាព។

លោក Jesmond Sammut សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ UNSW បានមានប្រសាសន៍ថា លោកបានសង្កេតឃើញការផ្លាស់ប្តូរសង្គមដែលមានសភាពប្រែប្រួល ដោយមានលេចចេញឡើងនូវការចិញ្ចឹមត្រី ដូចដែលបានបង្ហាញតាមរយៈកំណើននៃឧស្សាហកម្មវារីវប្បកម្មរបស់ PNG ពីកសិដ្ឋានចិញ្ចឹមត្រីប្រហែល 11 000 កសិដ្ឋានកាលពីឆ្នាំ 2009 ដល់ជាង 70 000 កសិដ្ឋាននៅឆ្នាំ 2023 កន្លងមកនេះ។ លោក Sammut បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីខែកញ្ញា ឆ្នាំ 2023 ថា៖ «ការកើនឡើងនៃប្រូតេអ៊ីននៅក្នុងរបបអាហារគឺមានភាពច្បាស់លាស់ ប៉ុន្តែការកើនឡើងនូវការគោរពខ្លួនឯង និងមោទនភាពចំពោះកសិករក៏ត្រូវបានលើកស្ទួយផងដែរ»។

នៅប្រទេសទីម័រខាងកើត ដែលជាប្រទេសកោះមានប្រជាជនប្រហែល 1,5 លាននាក់ ដែលទទួលបានឯករាជ្យភាពកាលពីឆ្នាំ 2002 គម្រោងរបស់ ACIAR បានបង្ហាញឱ្យឃើញពីការណែនាំនូវប្រភេទដំណាំថ្មីៗចំនួន 19 ប្រភេទ។ ACIAR បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅខែធ្នូ ឆ្នាំ 2023 ថា ដោយមានការសម្របសម្រួលជាមួយនឹងសកលវិទ្យាល័យ Western Australia (UWA) កសិករខ្នាតតូចបានទទួលយកគំនិតផ្តួចផ្តើមនេះនៅទូទាំងប្រទេស។ ប្រភេទដំណាំថ្មីៗ រួមទាំងអង្ករក្រហម និងពោតកូនកាត់ គឺជាលទ្ធផលនៃការស្រាវជ្រាវលើវិស័យកសិកម្មរយៈពេលពីរទសវត្សរ៍រវាងប្រទេសអូស្ត្រាលី និងទីម័រខាងកើត។

ប្រភេទដំណាំថ្មីៗនេះត្រូវបានគេដាក់បង្ហាញនៅក្នុងសិក្ខាសាលាអន្តរជាតិនាពេលថ្មីៗនេះក្នុងរដ្ឋធានីទីម័រខាងកើត ទីក្រុងឌីលី ដែលមានការចូលរួមពីលោកប្រធានាធិបតី Dr. José Ramos-Horta។ បើយោងតាម ACIAR បានឱ្យដឹងថាកម្មវិធីនវានុវត្តន៍លើវិស័យកសិកម្មសម្រាប់សហគមន៍ដែលដឹកនាំដោយសលកវិទ្យាល័យ UWA ផ្តោតលើការកែលម្អផលិតភាពកសិកម្ម និងលទ្ធភាពចំណេញ ដោយហេតុនេះហើយ បានធ្វើឱ្យមានការលើកកម្ពស់ជីវភាពរស់នៅ នៅតាមតំបន់ជនបទ។

ជាមួយគ្នានេះដែរ នៅប្រទេសកម្ពុជា ការចូលរួមចំណែករបស់ ACIAR បានទទួលនូវការចាប់អារម្មណ៍ដោយប្រើការបើកផ្លូវឱ្យ​ត្រីផ្លាស់ទី Sleng កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាគម្រោងដំបូងគេបង្អស់ក្នុងប្រទេសអាស៊ីអាគ្នេយ៍ មានគោលបំណងធ្វើឱ្យធនធានជលផលរស់រានមានជីវិតឡើងវិញ និងលើកកម្ពស់វិបុលភាពនៅតាមជនបទ។ ដោយត្រូវបានផ្តល់មូលនិធិដោយ ACIAR និងក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ផ្លូវត្រីបម្លាស់ទីដែលអនុញ្ញាតឱ្យត្រីឆ្លងកាត់របាំងបានកម្ពស់ 1,4 ម៉ែត្រ ត្រូវបានរចនាឡើង ដើម្បីជំរុញការធ្វើបម្លាស់ទីរបស់ត្រី ដោយធានាបាននូវលទ្ធភាពទទួលបានប្រភពអាហារដែលសម្បូរទៅដោយប្រូតេអ៊ីនសម្រាប់អ្នកស្រុកជាង 20 000 នាក់មកពី 31 ភូមិ។

ទីភ្នាក់ងារដដែលនេះបានរាយការណ៍ទៀតថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលពាក់ព័ន្ធនឹងសាកលវិទ្យាល័យ Charles Sturt របស់អូស្ត្រាលី រដ្ឋបាលជលផលកម្ពុជា និងសហគមន៍មូលដ្ឋាន បង្ហាញអំពីវិធីសាស្រ្តរបស់ ACIAR ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធចម្រុះសម្រាប់លទ្ធផលប្រកបដោយនិរន្តរភាព។

ACIAR ដែលមានការិយាល័យប្រចាំតំបន់នៅរដ្ឋធានីវៀងចន្ទន៍ ឡាវ និងទីក្រុង Suva ប្រទេសហ្វ៊ីជី បានមានប្រសាសន៍ថា គម្រោងរបស់ខ្លួននៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក បង្ហាញអំពីចក្ខុវិស័យរបស់ខ្លួនចំពោះពិភពលោកដែលភាពក្រីក្រត្រូវបានកាត់បន្ថយ ហើយជីវភាពរស់នៅត្រូវបានកែលម្អតាមរយៈកសិកម្មដែលកាន់តែមានផលិតភាព និងនិរន្តរភាព។

Tom Abke គឺជាអ្នកឆ្លើយឆ្លងព័ត៌មាននៅទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button