អាស៊ានបង្ហាញពីសាមគ្គីភាព នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងពន្យារពេលក្នុងការចាត់វិធានការលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង

បុគ្គលិករបស់ទស្សនាវដ្តី FORUM
សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងពង្រឹងភាពជាដៃគូដែលជួយដល់ការរក្សាស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ កិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ កើតមានឡើងនៅពេលដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) កាន់តែមានភាពឆេវឆាវ អះអាងថា ការចរចាជាច្រើនទសវត្សរ៍លើក្រមប្រតិបត្តិ (COC) សម្រាប់ផ្លូវទឹកដ៏សំខាន់គឺ «ដំណើរការទៅដោយរលូន»។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. បានជួបប្រជុំគ្នានៅទីក្រុងម៉ានីលនៅដើមខែមករាឆ្នាំ 2023 ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល និងការពារជាតិ រួមទាំងការអភិវឌ្ឍសមុទ្រចិនខាងត្បូង និងការពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងអស់នៃផ្លូវទឹក ដែលជាកន្លែងនេសាទរកប្រាក់កម្រៃបានសន្ធឹកសន្ធាប់ និងទុនបម្រុងប្រេងដ៏ធំ និងជាច្រកពាណិជ្ជកម្មដ៏ធំដែលមានតម្លៃប្រចាំឆ្នាំជាង 3 ទ្រីលានដុល្លារ បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ 2016 ដែលសម្រេចថាការទាមទាររបស់ PRC មិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។ PRC បានបង្កើនយុទ្ធសាស្ត្រអរិភាពរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វ៊ីលីពីនក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការបាញ់កាំភ្លើងបាញ់ទឹកទៅលើនាវាហ្វ៊ីលីពីន ការវាយកម្ទេចកប៉ាល់ និងការដំឡើងរបាំងដើម្បីការពារការនេសាទ។
ប្រភពវីដេអូ៖ VIRAL PRESS តាមរយៈសារព័ត៌មាន REUTERS
លោក Widodo បានលើកពីភាពតានតឹងលើដែនសមុទ្រយកមកពិភាក្សាជាថ្មីម្តងទៀតក្នុងអំឡុងកិច្ចពិភាក្សាពាណិជ្ជកម្ម និងការវិនិយោគក្នុងខែមករានៅទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន Benar News បានឱ្យដឹងថា លោក និងប្រធានាធិបតីវៀតណាម លោក Vo Van Thuong «បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើ» នៅសមុទ្រចិនខាងត្បូង។
មេដឹកនាំអាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅចុងឆ្នាំ 2023 ដែលបង្ហាញពីការព្រួយបារម្ភអំពី «ការអភិវឌ្ឍនៅសមុទ្រចិនខាងត្បូង ដែលអាចបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
មេដឹកនាំទាំងនោះបាន «សម្តែង ‘ការរួបរួម’ ក៏ដូចជា ‘សាមគ្គីភាព’ ជាមួយហ្វ៊ីលីពីន ចំពោះចំណុចដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានពណ៌នាថាជា ‘ដែនសមុទ្ររបស់យើង’ ហេតុដូច្នេះ នាំឱ្យមានការច្រានចោលរាល់ការលើកឡើងណាមួយដែលថាប្រទេសចិន ឬមហាអំណាចណាមួយគួរតែត្រួតត្រាលើអាងសមុទ្រចិនខាងត្បូងនោះ» នេះបើតាមកាសែត Asia Times បានរាយការណ៍។
អាស៊ានបានចូលមកកៀកទីក្រុងប៉េកាំងជាលើកដំបូងក្នុងឆ្នាំ 1996 អំពី COC សមុទ្រចិនខាងត្បូង ដើម្បីដោះស្រាយជម្លោះដែនដី។ ការចរចាជាផ្លូវការបានចាប់ផ្តើមនៅក្នុងឆ្នាំ 2002 ប៉ុន្តែអ្នកវិភាគលើកឡើងថា PRC បានអូសបន្លាយពេលវេលាចំពោះកិច្ចព្រមព្រៀងដែលអាចដាក់កម្រិតលើការប៉ុនប៉ងរបស់ខ្លួនក្នុងការទាមទារដែនសមុទ្រដ៏ធំនោះ។ កាលពីថ្ងៃទី 11 ខែមករាថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថា «ការពិគ្រោះយោបល់កំពុងដំណើរការដោយរលូន» ហើយថា PRC មានសង្ឃឹមសម្រាប់ «ការអនុម័ត COC ជាមុន»។
PRC បានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ 1996 ដែលអនុញ្ញាតឱ្យភាគីនានាទាមទារតំបន់ EEZ ដែលលាតសន្ធឹងចម្ងាយ 200 ម៉ាយពីឆ្នេរសមុទ្រនៃតំបន់ដែលបង្កើតដោយធម្មជាតិ ទឹកដីដែលអាចរស់នៅបាន។
ទោះជាយ៉ាងណាក៏ដោយ ការទាមទាររបស់ PRC ចំពោះសមុទ្រចិនខាងត្បូង លាតសន្ធឹងចម្ងាយ 800 ម៉ាយពីដែនគោករបស់ចិន ដោយប្រឆាំងនឹងអនុសញ្ញា UNCLOS និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលរក្សាបទប្បញ្ញត្តិរបស់ខ្លួន។ ដែនសមុទ្រដែលទីក្រុងប៉េកាំងព្យាយាមប្រើអធិបតេយ្យភាពពង្រីកទៅក្នុងតំបន់ EEZ របស់ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និងវៀតណាម។
នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ 2002 ដែលមិនជាប់ពាក់ព័ន្ធរវាងអាស៊ាន និង PRC — សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង — មេដឹកនាំបានប្តេជ្ញាប្រើប្រាស់ «គោលការណ៍ស្ដីពីច្បាប់អន្តរជាតិដែលមានការទទួលស្គាល់» ដើម្បីគ្រប់គ្រងទំនាក់ទំនងរដ្ឋ និងរដ្ឋ និងការដោះស្រាយវិវាទដែនដី «ដោយសន្តិវិធី ដោយមិនងាកមករកការគំរាមកំហែង ឬការប្រើកម្លាំង»។
ជាង 20 ឆ្នាំក្រោយមក សមុទ្រចិនខាងត្បូង «ស្ថិតក្រោមការគំរាមកំហែងជាបន្តបន្ទាប់ និងការប្រើប្រាស់កម្លាំងម្តងម្កាល» នេះបើតាម លោក Raymond Powell នាយកគម្រោងតម្លាភាពដែនសមុទ្រ SeaLight នៅសាកលវិទ្យាល័យ Stanford នៃរដ្ឋ California បានសរសេរសម្រាប់ទស្សនាវដ្តី The Diplomat។ «វាជាកន្លែងដែលជម្លោះជាច្រើនមិនត្រូវបានដោះស្រាយដោយសន្តិវិធី ប៉ុន្តែផ្ទុយទៅវិញគឺតាមរយៈការអនុវត្ត និងការគំរាមកំហែងប្រើអំពើហិង្សាដោយប្រទេសចិន»។
លោកបានលើកឡើងពីការប៉ុនប៉ងរបស់ឆ្មាំឆ្នេរសមុទ្រចិនក្នុងការអះអាងនូវយុត្តាធិការលើតំបន់ឧស្ម័នឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម បន្ថែមពីលើការបិទផ្លូវ និងសកម្មភាពឈ្លានពានផ្សេងទៀតនៅក្នុងដែនទឹកហ្វ៊ីលីពីន។
លោក Powell បានព្រមានថា PRC អាចកំពុងប្រើប្រាស់កិច្ចពិភាក្សា COC ដែលអូសបន្លាយពេលជាការបិទបាំងនយោបាយ ខណៈពេលដែលខ្លួនព្យាយាមគ្រប់គ្រងលើតំបន់ដ៏ធំដែលខ្លួនអះអាងនោះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។