សហរដ្ឋអាមេរិកទទូចឱ្យមានការពិភាក្សាជាមួយនឹង PRC ស្តីពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ
សារព័ត៌មាន REUTERS
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានថ្លែងថា សហរដ្ឋអាមេរិកមិនរំពឹងថា កិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន (PRC) នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែខ្លួនចង់ឱ្យការពិភាក្សាចាប់ផ្តើមពីវិធានការកាត់បន្ថយហានិភ័យជាក់ស្តែង។
លោក Pranay Vaddi នាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយអាវុធ បានថ្លែងប្រាប់ស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថា ជាការសំខាន់ណាស់ក្នុងការមានកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធជាលើកដំបូងជាមួយ PRC នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ពីតម្រូវការដើម្បីចូលរួមជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ចិន ឬអ្នកមានឥទ្ធិពលលើជំហរនុយក្លេអ៊ែររបស់ប្រទេសនេះ។
«យើងដឹងថា យើងនឹងមិនឈានទៅដល់ការចរចារអំពីគ្រប់គ្រងសព្វាវុធផ្លូវការណាមួយក្នុងពេលឆាប់ៗនេះទេ។ យើងដឹងថាឃ្លាំងអាវុធរបស់ពួកគេនៅតែត្រូវបានបន្តសាងសង់ឡើង» នេះបើយោងតាមលោក Vaddi បានថ្លែងប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិកាលពីពាក់កណ្តាលខែមករា ឆ្នាំ 2024។ «នៅលើទិដ្ឋភាពនៃការគ្រប់គ្រងអាវុធ យើងពិតជាចង់ឃើញប្រទេសចិនឆ្លើយតបទៅនឹងគំនិតសំខាន់ៗមួយចំនួនរបស់យើងស្តីពីការកាត់បន្ថយហានិភ័យ ហើយយើងនៅតែរង់ចាំមើលថាតើពួកគេនឹងធ្វើឬយ៉ាងណា»។
កិច្ចចរចានៅខែវិច្ឆិកា គឺជាកិច្ចពិភាក្សាលើកដំបូងរវាងប្រទេសនានាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជិតប្រាំឆ្នាំ ហើយបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកអំពីការបង្កើតនុយក្លេអ៊ែររបស់កងទ័ពរំដោះប្រជាជន (PLA)។
ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់បណ្ដាប្រទេសទាំងនោះនៅក្នុងខែដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអគ្គលេខាបក្សកុម្មុយនិស្តចិន លោក Xi Jinping បានប្រកាសពីការបន្តកិច្ចសន្ទនារវាងយោធា និងយោធា។ សហរដ្ឋអាមេរិក និង PRC បានបើកកិច្ចចរចាយោធារយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះ ដែលជាការពិភាក្សាលើកដំបូងចាប់តាំងពីពាក់កណ្តាលឆ្នាំ 2022 មក។
លោក Vaddi បានមានប្រសាសន៍ថា៖ «ដោយសារវាទាក់ទងនឹងការគ្រប់គ្រងអាវុធ យើងចង់ឃើញវិធានការជាក់ស្តែងមួយចំនួនចាប់ផ្តើមពិភាក្សា» ថាតើកិច្ចពិភាក្សាទាំងនោះមានលក្ខណៈទ្វេភាគី ឬស្ថិតក្នុងបរិបទនៃសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ បារាំង, PRC, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
លោកបានបន្តថា៖ «ដើម្បីឱ្យយើងមានបណ្ដាញពិតប្រាកដមួយ ដែលផ្តោតលើបញ្ហាទាំងនេះ យើងចង់ប្រើបណ្ដាញទាំងនេះសម្រាប់គោលបំណងជាក់លាក់ ហើយករណីនោះគឺជាការដោះស្រាយបញ្ហាមួយចំនួនដែលយើងបានរកឃើញ»។
PRC មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង 500 គ្រាប់ ហើយទំនងជានឹងមានច្រើនជាង 1 000 គ្រាប់នៅត្រឹមឆ្នាំ 2030 នេះបើតាមសេចក្ដីរាយការណ៍កាលពីខែតុលា ឆ្នាំ 2023 របស់ក្រសួងការពារជាតិអាមេរិក។
សហរដ្ឋអាមេរិកមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានក្បាលគ្រាប់ប្រហែលចំនួន 3 700 ក្បាលគ្រាប់ ក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រជាង 1 400 ក្បាលគ្រាប់ ត្រូវបានដាក់ពង្រាយ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។