ប្រទេសស្រីលង្កាហាមឃាត់នាវាស្រាវជ្រាវបរទេសរយៈពេលមួយឆ្នាំ
The Associated Press
ប្រទេសស្រីលង្កាបានប្រកាសផ្អាករយៈពេលមួយឆ្នាំលើនាវាស្រាវជ្រាវបរទេសដែលចូលដែនទឹករបស់ខ្លួន ចំពេលមានការព្រួយបារម្ភរបស់ឥណ្ឌាចំពោះនាវាចិនដែលកំពុងចូលចតក្នុងតំបន់នេះ។
អ្នកនាំពាក្យក្រសួងការបរទេសស្រីលង្កា លោក Niluka Kadurugamuwa បានលើកឡើងថា ការផ្អាកនេះត្រូវបានអនុវត្តចំពោះប្រទេសទាំងអស់ ហើយនឹងអនុញ្ញាតឱ្យក្រុមអ្នកស្រាវជ្រាវក្នុងមូលដ្ឋានកសាងសមត្ថភាពដើម្បីធ្វើការស្រាវជ្រាវរួមគ្នាជាមួយសមភាគីបរទេស។
នាវាចិនបានចូលចតនៅកំពង់ផែស្រីលង្កាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី។ ឧទាហរណ៍ នៅក្នុងខែតុលា ឆ្នាំ 2023 នាវាចិន Shi Yan 6 បានចូលចតនៅទីក្រុងកូឡុំបូអស់រយៈពេលជាច្រើនថ្ងៃ ខណៈដែលនៅឆ្នាំ 2022 នាវារបស់កងទ័ពជើងទឹកចិន Yuan Wang 5 បានចូលចតនៅកំពង់ផែ Hambantota ដែលគ្រប់គ្រងដោយចិននៅភាគខាងត្បូងស្រីលង្កា។
វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានរាយការណ៍ថា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានតវ៉ាចំពោះដំណើរទស្សនកិច្ចកំពង់ផែរបស់នាវា Yuan Wang 5 ដែលត្រូវចោទប្រកាន់ថាជានាវចារកម្ម ហើយស្រីលង្កាបានបញ្ជាឱ្យនាវានេះបិទឧបករណ៍ប្រមូលព័ត៌មានសម្ងាត់មុនពេលចូលចត។
ស្រីលង្កាស្ថិតនៅលើផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលជាផ្លូវដែលឥណ្ឌាចាត់ទុកថាជាតំបន់មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ស្រីលង្កាបានខ្ចីប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រួមទាំងគម្រោងក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ទីក្រុងប៉េកាំង។ ប៉ុន្តែ គម្រោងទាំងនេះបានបរាជ័យមិនអាចរកប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីសងបំណុលរបស់ខ្លួនវិញ ហើយនៅឆ្នាំ 2017 ប្រទេសស្រីលង្កាបានប្រគល់កំពង់ផែ Hambantota ទៅឱ្យ PRC ក្រោមកិច្ចសន្យាជួលរយៈពេល 99 ឆ្នាំ។ កិច្ចព្រមព្រៀងនេះបានបង្កើនការព្រួយបារម្ភថាវាអាចផ្ដល់ផ្លូវសម្រាប់មូលដ្ឋានយោធាចិននៅលើកោះនេះ។
ប្រទេសស្រីលង្កាបានប្រកាសក្ស័យធនក្នុងខែមេសា ឆ្នាំ 2022 ដោយមានបំណុលជាង 83 ពាន់លានដុល្លារ ដែលជាងពាក់កណ្តាលនៃបំណុលគឺជំពាក់បរទេស ដោយជំពាក់ PRC មានចំនួនប្រហែល 10% នៃប្រាក់កម្ចីនេះ។ ចាប់តាំងពីពេលនោះមក ទីក្រុងញូវដែលីបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈសំខាន់ៗដល់ស្រីលង្កា។
នាពេលថ្មីៗនេះប្រទេសឥណ្ឌា និង PRC បានព្រមព្រៀងគ្នាលើលក្ខខណ្ឌជាមួយស្រីលង្កាដោយឡែកពីគ្នាសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ដោយបានអនុញ្ញាតឱ្យមានវិភាជន៍ថវិកានៃការរំលស់លើកទីពីរនៃកញ្ចប់ថវិកាចំនួន 2,9 ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងគោលបំណងជួយកូឡុំបូចេញពីវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។