ប្រទេសកំពុងបង្កើតច្បាប់សម្រាប់ការប្រើប្រាស់ AI ជាសព្វាវុធស្វយ័ត
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ប្រទេសជាង 50 បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការកំណត់គោលការណ៍ណែនាំដើម្បីធានាការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសព្វាវុធស្វយ័ត ស្របតាមច្បាប់អន្តរជាតិ នេះបើយោងតាមមន្ត្រីការពារជាតិកំពូលរបស់សហរដ្ឋអាមេរិក។ នៅពេលដែល AI កាន់តែមានភាពលេចធ្លោនៅក្នុងការអភិវឌ្ឍសព្វាវុធ និងកម្មវិធីយោធាផ្សេងទៀត ភាគីពាក់ព័ន្ធក៏កំពុងបង្កើតច្បាប់ដើម្បីគ្រប់គ្រងការប្រើប្រាស់របស់វាផងដែរ។
លោក Michael C. Horowitz អនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍកងកម្លាំង និងសមត្ថភាពដែលកំពុងរីកចម្រើន បានផ្តល់បច្ចុប្បន្នភាពព័ត៌មានស្តីពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ AI របស់ក្រសួងការពារជាតិ (DOD) ក្នុងអំឡុងពេលកិច្ចពិភាក្សានិម្មិត ក្នុងខែមករា ឆ្នាំ 2024 ដែលរៀបចំដោយមជ្ឈមណ្ឌល Wadhwani សម្រាប់ AI និងបច្ចេកវិទ្យាទំនើប នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។
កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយនូវសេចក្តីថ្លែងការណ៍នយោបាយស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងស្វ័យភាពក្នុងវិស័យយោធាប្រកបដោយទំនួលខុសត្រូវ ដែលមានគោលបំណងបង្កើតបទដ្ឋាននៃការប្រើប្រាស់។ លោក Horowitz បានថ្លែងថាប្រទេសចំនួនហាសិបមួយប្រទេសបានយល់ព្រមលើសេចក្តីប្រកាសនេះគិតត្រឹមខែមករា ឆ្នាំ 2024 ហើយប្រទេសទាំងនោះនឹងចាប់ផ្តើមកិច្ចប្រជុំក្នុងពេលឆាប់ៗនេះដើម្បីបង្កើតកិច្ចព្រមព្រៀងជាឯកច្ឆន្ទជុំវិញការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមទាំងឧត្តមានុវត្តន៍ និងការអនុញ្ញាតឱ្យប្រទេសដៃគូអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ លោក Horowitz បានលើកឡើងថា ប្រទេសរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន (PRC) មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះទេ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា មានការទទួលស្គាល់យថាប្រភេទនៃបទដ្ឋានដែលយើងកំពុងព្យាយាមផ្សព្វផ្សាយគឺជារឿងដែលប្រទេសទាំងអស់គួរមានឆន្ទៈក្នុងការគាំទ្រ»។ «យើងគិតថានេះជាអភិបាលកិច្ចល្អ ដូច្នេះប្រទេសនានាអាចអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធយោធាដែលប្រើ AI ដោយសុវត្ថិភាព ដែលជាផលប្រយោជន៍របស់មនុស្សគ្រប់រូប»។
កាលពីខែមករា ឆ្នាំ 2023 DOD បានធ្វើបច្ចុប្បន្នភាពសេចក្ដីបង្គាប់របស់ខ្លួនទាក់ទងនឹងការប្រើប្រាស់ AI នៅក្នុងប្រព័ន្ធសព្វាវុធ ដែលអំពាវនាវឱ្យមានការសាកល្បង និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៃប្រព័ន្ធសព្វាវុធថ្មីទាំងអស់។
លោក Horowitz បានលើកឡើងថា៖ «ប្រព័ន្ធសព្វាវុធដែលមិនមានសុវត្ថិភាព មិនអាចព្យាករ និងមិនដំណើរការ។ ប្រព័ន្ធសព្វាវុធនោះគឺគ្មានប្រយោជន៍ទេ»។ «នៅពេលនិយាយអំពីការអភិវឌ្ឍ និងដាក់ពង្រាយសមត្ថភាពដែលកងកម្លាំងរួមត្រូវការដើម្បីរារាំងសង្គ្រាម ហើយជាការចាំបាច់ដើម្បីយកជ័យជម្នះប្រសិនបើជម្លោះកើតឡើង យើងត្រូវមានទំនុកចិត្តលើប្រព័ន្ធរបស់យើង»។
លោក Horowitz បានឱ្យដឹងទៀតថា សេចក្ដីបង្គាប់របស់ DOD ក៏អំពាវនាវឱ្យមានប្រព័ន្ធអនុញ្ញាតឱ្យមេបញ្ជាការ និងប្រតិបត្តិករដែលជាមនុស្សគ្រប់គ្រងលើការប្រើប្រាស់កងកម្លាំង ជាពិសេសក្នុងករណីអាវុធនុយក្លេអ៊ែរ គឺប្រកាន់ខ្ជាប់ទៅនឹងការពិនិត្យឡើងវិញនូវឥរិយាបថនុយក្លេអ៊ែរររបស់ក្រសួង។
លោកបានបន្ថែមថា៖ «យើងគិតថាការសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺមានសារៈសំខាន់ណាស់ដែលយើងគិតថាការចូលរួមរបស់មនុស្សគួរតែចំណុចសំខាន់បំផុត»។ «យើងរំពឹងថាប្រទេសផ្សេងទៀតនឹងចែករំលែកការប្តេជ្ញាចិត្តនោះ ហើយយើងនឹងសង្ឃឹមថាពួកគេនឹងធ្វើឱ្យការប្តេជ្ញាចិត្តនោះយ៉ាងច្បាស់លាស់»។
DOD កំពុងធ្វើការជាមួយប្រទេសជាដៃគូ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមចម្លងបន្តរបស់ខ្លួន ដែលជាដំណើរការទូទាំងភ្នាក់ងារ ដើម្បីពន្លឿនការផ្តល់សមត្ថភាពប្រកបដោយនវានុវត្តន៍ដល់ក្រុមអ្នកប្រយុទ្ធ។ អង្គភាពនវានុវត្តន៍ក្នុងវិស័យការពារជាតិ (DIU) ដឹកនាំគំនិតផ្តួចផ្តើមនេះ បានប្រកាសនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ដោយផ្តោតដំបូងលើការប្រឆាំងនឹងយោធារបស់បក្សកុម្មុយនិស្តចិនដោយការបំពាក់ប្រព័ន្ធមិនមានមនុស្សបើក ដែលអាចនឹងដាក់ពង្រាយក្នុងចំនួនច្រើន និងដាក់ឱ្យប្រើប្រាស់បានក្នុងស្ថានភាពដែលមានហានិភ័យក្នុងអំឡុងពេលជម្លោះដោយសារការចំណាយលើប្រព័ន្ធទាំងនេះមានតម្លៃទាប។ DIU និងដៃគូអន្តរជាតិក៏កំពុងវិភាគលើការប្រើប្រាស់ប្រព័ន្ធបែបនេះនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោក Horowitz ក៏បានបន្តទៀតថា៖ «យើងធ្លាប់បានគិតថាតើអ្នកគួរមានភាពជាក់លាក់ក្នុងប្រតិបត្តិការ ឬគួរមានកម្លាំងលើសលប់។ តែវាលែងសំខាន់ទៀតហើយ»។ «អ្វីដែលយើងត្រូវការក្នុងករណីជាច្រើនគឺការក្លាយទៅជាកម្លាំងលើសលប់ដែលមានភាពច្បាស់លាស់»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។