ប្រទេសកាណាដា និងហ្វ៊ីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យការពារជាតិ
សារព័ត៌មាន REUTERS
ប្រទេសកាណាដា និងហ្វ៊ីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងខែមករា ឆ្នាំ 2024 ដែលជាទង្វើមួយដែលប្រមុខការពារជាតិរបស់ទីក្រុងម៉ានីលបានបញ្ជាក់ថាអាចនាំឱ្យមានកិច្ចព្រមព្រៀងកងទ័ពទ្វេភាគី។
រដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន លោក Gilberto Teodoro បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំរីករាយដែលបានឮថា មានចេតនាដ៏មុតមាំចំពោះភាគីទាំងពីរ ក្នុងការបង្កើន និងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបង្កើតនូវព្រឹត្តិការណ៍សំខាន់ថ្មីនៅក្នុងទំនាក់ទំនងលើវិស័យការពារជាតិរបស់យើង ដើម្បីឈានដល់កម្រិតកំពូល ដែលប្រហែលជារួមជាមួយនឹងកិច្ចព្រមព្រៀងស្ដីពីកងកម្លាំងបំពេញទស្សនកិច្ច»។
ទីក្រុងម៉ានីលមានកិច្ចព្រមព្រៀងបែបនេះជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យមានការប្ដូរវេនកងទាហានអាមេរិកទៅកាន់ និងមកពីហ្វ៊ីលីពីនសម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធ។
ក្រសួងការពារជាតិហ្វ៊ីលីពីនបានថ្លែងថា អនុស្សរណៈនេះនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកាណាដាលើការអប់រំ និងការបណ្តុះបណ្តាលផ្នែកយោធា ការចែករំលែកព័ត៌មាន ប្រតិបត្តិការរក្សាសន្តិភាព និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។
លោក Teodoro បានលើកឡើងថា៖ «ធនធានដ៏រឹងមាំបំផុត ដែលយើងមានគឺការជឿទុកចិត្តគ្នាទៅវិញទៅមក និងទំនុកចិត្តដែលយើងមានចំពោះគ្នាទៅវិញទៅមក… ហើយដោយសារតែយើងកំពុងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដោយស្មោះត្រង់ បើកចំហ និងផ្អែកលើច្បាប់ ការជឿទុកចិត្តបែបនេះនឹងមានភាពពង្រឹង ហើយអាចយកឈ្នះលើបម្រែបម្រួលផ្នែកនយោបាយ និងស្ថិតនៅបានយូរអង្វែង»។
ប្រទេសកាណាដាបានគាំទ្រហ្វ៊ីលីពីនក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងសមុទ្រចិនខាងត្បូង ដោយគាំទ្រសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិឆ្នាំ 2016 ដែលថា ការទាមទារផ្លូវទឹកជាយុទ្ធសាស្ត្រដ៏ធំធេងរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។ PRC បានព្រងើយកន្តើយចំពោះការសម្រេចចិត្តនោះ ហើយឆ្មាំឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្ររបស់ខ្លួនបានយាយីក្រុមអ្នកនេសាទ និងនាវាហ្វ៊ីលីពីនដែលបំពេញបេសកកម្មផ្គត់ផ្គង់សម្ភារៈយោធាឡើងវិញ។
នៅខែតុលា ឆ្នាំ 2023 ទីក្រុងអូតាវ៉ា និងទីក្រុងម៉ានីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីឱ្យប្រទេសហ្វ៊ីលីពីនប្រើប្រាស់ប្រព័ន្ធស៊ើបរកនាវាងងឹតរបស់ប្រទេសកាណាដា ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ ដោយនាវាដែលបានបិទឧបករណ៍បញ្ជូនទីតាំងរបស់ពួកគេ ដើម្បីគេចខ្លួនមិនឱ្យមានការរកឃើញ។
ប្រព័ន្ធនេះក៏នឹងពង្រឹងការយល់ដឹងអំពីដែនសមុទ្ររបស់ប្រទេសហ្វ៊ីលីពីនលើដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដែលជាកន្លែងដែលមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយ PRC ផងដែរ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។