បេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក ជំរុញការឆ្លើយតបផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ សន្តិសុខ និងស្ថិរភាព
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ថ្មីៗនេះ បេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក 24-1 បានបញ្ចប់បេសកកម្មរយៈពេល 16 ថ្ងៃនៅប្រទេសប៉ាឡូ រួមទាំងការផ្តល់ការថែទាំផ្នែកវេជ្ជសាស្រ្ត និងធ្មេញ ក៏ដូចជាវិស្វកម្ម និងជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR)។
បេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកមានត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅនឹងរលកយក្សស៊ូណាមិក្នុងខែធ្នូ ឆ្នាំ 2004 ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ ហើយបានវិវត្តពីការយកចិត្តទុកដាក់ដោយផ្ទាល់ដល់ការពង្រឹងភាពជាដៃគូ។ វាគឺជាបេសកកម្មត្រៀមរៀបចំ HADR ពហុជាតិប្រចាំឆ្នាំដ៏ធំបំផុតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសហការជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូ ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងបង្កើនសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
បេសកកម្មរបស់ប្រទេសប៉ាឡូ រួមមានអាកាសយានិក ឆ្មាំឆ្នេរសមុទ្រ នាវិក និងទាហានមកពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
មេបញ្ជាការកងទ័ពជើងទឹក Brian Quin ដែលជាមេបញ្ជាការបេសកកម្ម បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ៖ «គោលដៅជាមូលដ្ឋាននៃបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិកកំពុងធ្វើការរួមគ្នាជាមួយដៃគូក្នុងស្រុកដើម្បីកសាងសមត្ថភាពផ្នែកវេជ្ជសាស្រ្ត និងសមត្ថភាពប្រទេសម្ចាស់ផ្ទះ»។ «យើងបានធ្វើដូច្នេះនៅទីនេះនៅប៉ាឡូ ហើយខ្ញុំមានមោទនភាពចំពោះការងារដែលប្រជាជនប៉ាឡូ និងក្រុមបេសកកម្មរបស់យើងសម្រេចបានក្នុងរយៈពេលដ៏ខ្លី»។
ចំណុចសំខាន់នៃបេសកកម្មគឺ USNS Mercy ដែលបានដកយុថ្កាចេញពីទីក្រុង Koror។ កប៉ាល់មន្ទីរពេទ្យមានបន្ទប់វះកាត់ចំនួន 12 បន្ទប់ គ្រែអ្នកជំងឺចំនួន 1 000 គ្រែ សេវាវិទ្យុសកម្ម គ្លីនិកធ្មេញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឱសថស្ថាន កន្លែងពិនិត្យផ្នែក ឧបករណ៍ស្គែន CT និងកន្លែងផលិតអុកស៊ីសែន។ កាសែត Island Times បានរាយការណ៍ថា វាគឺជា «ភាពអស្ចារ្យផ្នែកវេជ្ជសាស្ត្រអណ្តែតលើផ្ទៃទឹក [ដែល] បានប្រែក្លាយទៅជាជម្រកនៃក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡូរាប់មិនអស់»។
ក្នុងអំឡុងពេលបេសកកម្មដែលបានបញ្ចប់ក្នុងខែមករា ឆ្នាំ 2024 បុគ្គលិកនៃបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិកបានអនុវត្តនីតិវិធីព្យាបាលធ្មេញចំនួន 1 802 ករណី រួមទាំងការពិនិត្យ ការដក និងការព្យាបាលដោយភ្លុយអរ។ បានចែកចាយវ៉ែនតាដែលមានវេជ្ជបញ្ជាច្រើនជាង 1 419 គូ និងឬវ៉ែនតាការពារកម្ដៅចំនួន 1 442 គូ និងបានធ្វើការវះកាត់ចំនួន 80 ករណីនៅលើនាវា USNS Mercy និងនៅមន្ទីរពេទ្យជាតិ Belau ក្នុងទីក្រុង Koror។
«ទាំងនេះគឺជានីតិវិធី និងជំនួយផ្នែកវេជ្ជសាស្រ្ត ដែលនឹងត្រូវចំណាយអស់ថវិការាប់រយដុល្លារដល់រាប់រយពាន់ដុល្លារ — ជាពិសេសសម្រាប់ការវះកាត់។ សូមអរគុណយ៉ាងជ្រាលជ្រៅ» នេះបើតាមការិយាល័យរបស់ប្រធានាធិបតីប៉ាឡូ លោក Surangel Whipps Jr. បានបង្ហោះនៅលើបណ្ដាញសង្គម Facebook។
ការថែទាំវេជ្ជសាស្រ្តគឺគ្រាន់តែជាផ្នែកនៃដំណើរទស្សនកិច្ចលើកទីបួនរបស់ភាពជាដៃគូទៅកាន់ប្រទេសដែនកោះប៉ាស៊ីហ្វិកខាងជើង ដែលមានប្រជាជនប្រហែលចំនួន 20 000 នាក់ប៉ុណ្ណោះ។ មានវគ្គបណ្តុះបណ្តាលនៅមន្ទីរពេទ្យ Belau, ការថែទាំសត្វនៅជម្រកសត្វរដ្ឋ Koror និងសិក្ខាសាលា HADR។
ទន្ទឹមនឹងនោះ កងទ័ពជើងទឹកអាមេរិក Seabees បានសាងសង់ទ្រុងមាន់សហគមន៍ ដូច្នេះ អ្នកស្រុកនឹងមានស៊ុតស្រស់ៗ។ លើសពីនេះ ក្រុមឆ្មាំឆ្នេរសមុទ្រអាមេរិក រួមទាំងអ្នកបច្ចេកទេសវិទ្យាសាស្ត្រសមុទ្រចំនួនពីរនាក់ មានអ្នកឯកទេសអនុវត្តច្បាប់ដែនសមុទ្រ និងមន្ត្រីទំនាក់ទំនងមួយរូប បានទៅទស្សកិច្ចនៅរដ្ឋចំនួនបួនរបស់ប្រទេសប៉ាឡូសម្រាប់សិក្ខាសាលាស្ដីពីសុវត្ថិភាពជាមួយទាហានល្បាតរដ្ឋប៉ាឡូ អ្នកនេសាទ និងអ្នកជិះទូក។ អ្នកចូលរួមបានទទួលបញ្ជីត្រួតពិនិត្យសុវត្ថិភាព កញ្ចែ និងកញ្ចក់បង្ហាញសញ្ញា។
ក្រុមតន្ត្រីបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក រួមទាំងតន្ត្រីករមកពីកងកម្លាំងស្វ័យការពារជើងគោកជប៉ុន កងទ័ពជើងទឹកអូស្ត្រាលី និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការប្រគុំតន្ត្រីសហគមន៍ចំនួនប្រាំពីរ រួមទាំងការសម្ដែងក្នុងមួយថ្ងៃមុនថ្ងៃបុណ្យណូអែលផងដែរ។
បុគ្គលិកនៃបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិកបានគូរលើផ្ទៃនៃទីលានបាល់បោះខាងក្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកនៅប៉ាឡូមុនពេលការប្រកួតបីទល់នឹងបីជាមួយអ្នកស្រុក។
ចក្របាលទោជាន់ខ្ពស់ លោក Eric Zimmermann ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការពហុជាតិសម្រាប់បេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក 24-1 បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «បាល់បោះគឺជាកីឡាអន្តរជាតិ ដែលឆ្លងកាត់ឧបសគ្គផ្នែកវប្បធម៌ និងភាសា»។ ព្រឹត្តិការណ៍នេះ «បានបង្កើតឱកាសមួយ ដើម្បីកសាងទំនាក់ទំនងយូរអង្វែង និងមិត្តភាពរវាងនាវិករបស់យើង និងជនជាតិប៉ាឡូក្នុងតំបន់»។
ប្រទេសប៉ាឡូ គឺជាកន្លែងឈប់ថ្មីបំផុតក្នុងបេសកកម្ម ដែលស្ថិតនៅក្នុងដំណាក់កាលទី 19 របស់ខ្លួន។ បេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិក 24-1 ក៏បានទៅទស្សនកិ្ចនៅប្រជុំកោះ ម៉ាស៊ល មីក្រូណេស៊ី និងកោះសូឡូម៉ុងផងដែរ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។