កូរ៉េខាងត្បូង ពង្រឹងសមត្ថភាពផ្កាយរណបការពារ ដើម្បីធ្វើការរារាំងចំពោះកូរ៉េខាងជើង
លោក Felix Kim
កូរ៉េខាងត្បូងកំពុងពង្រឹងសមត្ថភាពទំនាក់ទំនងយោធារបស់ខ្លួន និងតាមដានសកម្មភាពមិនសមរម្យរបស់របបកូរ៉េខាងជើង ជាមួយនឹងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ផ្កាយរណបទំនាក់ទំនងស៊ីវិលកម្រិតទាប (LEO) សម្រាប់គោលបំណងយោធា និងការបាញ់បង្ហោះផ្កាយរណបឃ្លាំមើលក្នុងស្រុកដំបូងគេរបស់ទីក្រុងសេអ៊ូល។
អ្នកជំនាញបានលើកឡើងថា សមត្ថភាពថ្មី ដែលរួមបញ្ចូលជំនួយពីសហរដ្ឋអាមេរិក សន្យាពង្រឹងវិស័យការពារជាតិរបស់ប្រទេស និងការរារាំងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក៏ដូចជាបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយដៃគូក្នុងតំបន់។
រ៉ុក្កែត SpaceX Falcon 9 ផលិតដោយសហរដ្ឋអាមេរិក បានបញ្ជូនផ្កាយរណបឃ្លាំមើលយោធា ទៅកាន់គន្លងតារាវិថី ពីមូលដ្ឋានទ័ពអវកាស Vandenberg រដ្ឋ California នៅដើមខែធ្នូ ឆ្នាំ 2023។
ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា សាធារណរដ្ឋកូរ៉េ (ROK) ជាប្រវត្តិសាស្ត្រ បានពឹងផ្អែកលើធនធានពាណិជ្ជកម្ម និងយោធារបស់សហរដ្ឋអាមេរិក សម្រាប់រូបភាពដីដែលមានកម្រិតច្បាស់ខ្ពស់របស់ប្រទេសកូរ៉េខាងជើងនោះ ប៉ុន្តែកូរ៉េខាងត្បូងចង់បង្កើតបណ្តាញផ្កាយរណបយោធាផ្ទាល់ខ្លួន ដើម្បីប្រមូលព័ត៌មានសម្ងាត់ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
ក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍកម្មវិធីសព្វាវុធរបស់ខ្លួន រួមទាំងការបាញ់មីស៊ីលបាលីស្ទីក ដែលបំពាននឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ របបឯកោនេះក៏បានគំរាមបន្តការសាកល្បងអាវុធនុយក្លេអ៊ែឡើងវិញដែរ ដែលជាអំពើរំលោភលើការហាមប្រាមរបស់អង្គការសហប្រជាជាតិ។
Yonhap បានរាយការណ៍ថា ផ្កាយរណបឃ្លាំមើលបែបថ្មីរបស់កូរ៉េខាងត្បូង ប្រើប្រាស់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូអុបទិក និងអ៊ីនហ្វ្រារ៉េដ។ ផ្កាយរណបចំនួនបួន ដែលនឹងត្រូវបាញ់បង្ហោះនៅត្រឹមឆ្នាំ 2025 ដោយនឹងប្រើប្រាស់រ៉ាដាក្នុងទីលំហសំយោគដែលមានសមត្ថភាពជ្រាបចូលទៅក្នុងក្លោដ។
លោកបណ្ឌិត Bruce Bennett អ្នកជំនាញនៅ Rand Corp. ទទួលបន្ទុកបញ្ហាយោធាអាស៊ីឦសានបានប្រាប់ទស្សនាវដ្តី FORUM ថា៖ «យោធាកូរ៉េខាងត្បូងអាចទាញផ្កាយរណបរបស់អាមេរិកបានតាមករណីជាច្រើន។ ប៉ុន្តែខ្ញុំគិតថា ពួកគេបានសម្រេចចិត្តថា ពួកគេចង់បានការពឹងផ្អែកលើខ្លួនឯង»។
ទន្ទឹមនឹងនេះ រដ្ឋបាលកម្មវិធីលទ្ធកម្មក្នុងវិស័យការពារជាតិរបស់ទីក្រុងសេអ៊ូល នឹងសហការជាមួយក្រុមហ៊ុន Hanwha Systems ដែលជាក្រុមហ៊ុនវិស័យការពារជាតិកូរ៉េខាងត្បូង ដើម្បីប្រើប្រាស់បណ្តាញផ្កាយរណប LEO ស៊ីវិល «ដើម្បីធ្វើប្រតិបត្តិការរួមបញ្ចូលគ្នាជាមួយវេទិកាប្រយុទ្ធផ្សេងៗនៅក្នុងតំបន់ប្រតិបត្តិការដែលត្រូវបានពង្រីក»។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើង កាលពីចុងខែវិច្ឆិកា ឆ្នាំ 2023 ថា បណ្តាញនេះនឹង «ផ្តល់នូវការប្រាស្រ័យទាក់ទងគ្មានការរំខាន តាមរយៈការដោះស្រាយនូវបញ្ហា ដូចជា ការផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់ភ្នំ ដែលអាចកើតឡើងនៅពេលដំណើរការប្រព័ន្ធទំនាក់ទំនងនៅលើផ្ទៃដី»។
ការកែលម្អផ្កាយរណបរបស់កូរ៉េខាងត្បូង កើតមានឡើងបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើងនៅចុងខែវិច្ឆិកា។ ខណៈពេលដែលទីក្រុងព្យុងយ៉ាងបានអះអាងថា ការបាញ់បង្ហោះគឺជាភាពជោគជ័យ អ្នកជំនាញបានចោទសួរពីទំហំនៃការគំរាមកំហែងដែលបង្កឡើងដោយផ្កាយរណបនេះ ដោយសារសមត្ថភាពត្រួតពិនិត្យរបស់ផ្កាយរណបនេះគឺមានកម្រិត។
លោក Bennett បានលើកឡើងថា៖ «ប្រសិនបើដំណើរការបានត្រឹមត្រូវ វានៅតែមើលឃើញតែតំបន់នៅក្នុងប្រទេសកូរ៉េខាងត្បូងតាមកាលកំណត់ប៉ុណ្ណោះ»។ «អ្នកនឹងមិនដើរតាមនរណាម្នាក់ដែលត្រៀមខ្លួនធ្វើសង្រ្គាមនោះទេ ប្រសិនបើអ្នកគ្រាន់តែឃើញតំបន់មួយក្នុងរយៈពេល 10 នាទីម្តង ឬពីរដងក្នុងមួយថ្ងៃនោះ។ ដូច្នេះ ប្រការនោះនឹងមិនផ្តល់ឱ្យកូរ៉េខាងជើងនូវការព្រមាន និងសមត្ថភាពឈ្លបយកការណ៍ដែលកូរ៉េខាងជើងចង់បាននោះទេ»។
ផ្កាយរណបឈ្លបយកការណ៍របស់ប្រទេសកូរ៉េខាងត្បូងដែលបានគ្រោងទុកនឹងដើរតួជាគ្រាប់ភ្នែកសម្រាប់ប្រព័ន្ធវាយប្រហារទុកមុនរបស់ខ្សែសង្វាក់ពិឃាតរបស់ខ្លួនដែលអនុញ្ញាតឱ្យមានការកំណត់អត្តសញ្ញាណជាមុន និងការព្រមានអំពីការវាយប្រហារនុយក្លេអ៊ែ ឬមីស៊ីលរបស់កូរ៉េខាងជើងដែលអាចកើតមានឡើង។
លោក Bennett បានលើកឡើងទៀតថា បណ្តាញដែលមានកម្មសិទ្ធិដែលបានពង្រីកផ្កាយរណបសម្រាប់ការពារជាតិ មានសារៈសំខាន់សម្រាប់តួនាទីរបស់កូរ៉េខាងត្បូងក្នុងនាមជាដៃគូការពារជាតិក្នុងតំបន់។
លោកបានលើកឡើងថា៖ «កិច្ចព្រមព្រៀងកាលពីដើមឆ្នាំនេះដោយមេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដើម្បីចែករំលែកព័ត៌មានស្តីពីការព្រមានអំពីមីស៊ីល បង្ហាញពីឱកាសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ»។ «កាលណាមានផ្កាយរណប និងរ៉ាដាកាន់តែច្រើន ដែលធ្វើការតាមដានការគំរាមកំហែងជាក់លាក់ពីមុំផ្សេងៗគ្នា ទិន្នន័យស៊ើបការណ៍នឹងកាន់តែទាន់ពេលវេលា និងកាន់តែត្រឹមត្រូវ»។
លោក Felix Kim គឺជាអ្នកធ្វើសេចក្តីអធិប្បាយព័ត៌មានប្រចាំទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។