កិច្ចព្រមព្រៀងលើសព្វាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ីធ្វើឱ្យតំបន់មានអស្ថិរភាព និងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងដោយមិនរីកសាយភាយនៃអាវុធប្រល័យលោក

បុគ្គលិករបស់ទស្សនាវដ្តី FORUM
សកម្មភាពរបស់កូរ៉េខាងជើង និងរុស្ស៊ីកំពុងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងចំពោះការមិនរីកសាយភាយនៃអាវុធប្រល័យលោកដល់ពហុជាតិនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី Sue Mi Terry អ្នកជំនាញកូរ៉េ និងជាអតីតអ្នកវិភាគនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល បានលើកឡើងនៅក្នុងឧបកថានៃស៊េរីនៃវិប Capital Cable នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង នឹងផ្តល់ជូនរបបផ្តាច់ការរបស់កូរ៉េខាងជើង នូវលទ្ធភាពទទួលបានការស៊ើបការណ៍សម្ងាត់ ការវិភាគ និងបច្ចេកវិទ្យាសម្ងាត់ ដើម្បីពន្លឿនកម្មវិធីបាលីស្ទិក និងអាវុធនុយក្លេអ៊ែដែលត្រូវបានហាមឃាត់របស់ខ្លួននោះ។
នៅក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅខែកញ្ញា ឆ្នាំ 2023 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសបញ្ជាក់ថា រុស្ស៊ីនឹងជួយកូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ បន្ទាប់ពីមានការប៉ុនប៉ងបរាជ័យចំនួនពីរលើកដោយរបបនេះកាលពីដើមឆ្នាំ។
ប្រភពវីដេអូ៖ សារព័ត៌មាន REUTERS
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ជំនួយផ្នែកបច្ចេកទេសរបស់ទីក្រុងមូស្គូបានអនុញ្ញាតឱ្យកូរ៉េខាងជើងបង្ហោះផ្កាយរណបដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថីពីរខែក្រោយមក។ ទង្វើរបស់រុស្ស៊ី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាសមាជិកអចិន្ត្រៃយ៍ ដែលហាមឃាត់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង រួមទាំងគ្រាប់រ៉ុក្កែតដែលបាញ់បង្ហោះផ្កាយរណបផងដែរ។
ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការរៀបចំជំនួបរវាងលោក Kim និងលោក Putin ដែលតាមរយៈជំនួបនោះ កូរ៉េខាងជើងនឹងទទួលបានជំនួយផ្នែកបច្ចេកវិទ្យាជាថ្នូរនឹងគ្រាប់បែកដែលរុស្ស៊ីប្រើប្រាស់ ដើម្បីធ្វើសង្គ្រាមដោយមិនមានការបង្កហេតុរបស់ខ្លួនលើអ៊ុយក្រែននោះ។
រូបភាពផ្កាយរណបពីចុងឆ្នាំ 2023 បង្ហាញអំពីការកើនឡើងនៃការដឹកជញ្ជូននៅកំពង់ផែ Najin នៅភាគឦសានប្រទេសកូរ៉េខាងជើង ដែលមន្ត្រីអាមេរិកលើកឡើងថា ទីក្រុងព្យុងយ៉ាងកំពុងប្រើប្រាស់ ដើម្បីដឹកជញ្ជូនកាំភ្លើងធំទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមគេហទំព័រ Beyond Parallel របស់ CSIS។ ការដោះដូរបែបនេះរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិស្តីពីការធ្វើពាណិជ្ជកម្មអាវុធជាមួយនឹងកូរ៉េខាងជើង។
ប្រទេសរុស្ស៊ី ដោយមានការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន (PRC) បានរារាំងវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ក្នុងការទប់ស្កាត់កម្មវិធីសព្វាវុធរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពី PRC និងរុស្ស៊ីបានគាំទ្រសេចក្ដីសម្រេចចិត្ដចំនួន 10 ចាប់តាំងពីឆ្នាំ 2006 មក ដែលដាក់ទណ្ឌកម្មកូរ៉េខាងជើងសម្រាប់ការផលិតអាវុធនុយក្លេអ៊ែ និងសកម្មភាពពាក់ព័ន្ធ។
ទណ្ឌកម្មថ្មីបំផុតដែលត្រូវបានអនុម័តក្នុងឆ្នាំ 2017 បានប្តេជ្ញាចិត្តចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការរឹតបន្តឹងអំពីការនាំចេញប្រេង ប្រសិនបើរបបលោក Kim បានបាញ់មីស៊ីលប៉ាលីស្ទីកអន្តរទ្វីប។ យ៉ាងណាក៏ដោយ បន្ទាប់ពីការបាញ់មីស៊ីលបែបនេះ PRC និងរុស្ស៊ីបានវេតូចំពោះសេចក្ដីសម្រេច ឆ្នាំ 2022 ដែលបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត។
លោក Robert King អតីតបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង បានថ្លែងប្រាប់នៅលើកម្មវិធី Capital Cable ក្នុងខែវិច្ឆិកា ឆ្នាំ 2023 ថា លោក Kim ទំនងជានឹងធ្វើសកម្មភាពដោយក្អេងក្អាងដោយសារតែទំនាក់ទំនងដែលកំពុងកើនឡើងរបស់លោកជាមួយនឹងរុស្ស៊ី និងបំណងប្រាថ្នារបស់លោកក្នុងការបង្វែរការយកចិត្តទុកដាក់ពីកង្វះអាហារ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅនៅក្នុងប្រទេសកូរ៉េខាងជើងនោះចេញ។
លោកបានបន្ថែមទៀតថា ទោះបីជា PRC និងរុស្ស៊ីមិនចង់ឱ្យប្រទេសកូរ៉េខាងជើងមានបញ្ហាប្រទូសរ៉ាយដែលនឹងទាញពួកគេឱ្យធ្លាក់ចូលទៅក្នុងជម្លោះក៏ដោយនោះ ក៏លោក Putin និងអគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនគាំទ្រការអំពាវនាវអន្តរជាតិឱ្យលុបបំបាត់នុយក្លេអ៊ែនៅឧបទ្វីបកូរ៉េនោះដែរ។
លោកស្រី Terry បានលើកឡើងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានបង្ហាញអំពី «ការមិនមានឆន្ទៈសោះតែម្ដង» ដើម្បីគ្រប់គ្រងការអភិវឌ្ឍសព្វាអាវុធដែលធ្វើឱ្យមានអស្ថិរភាព របស់ទីក្រុងព្យុងយ៉ាង។ លោកស្រីបានលើកឡើងថា «កូរ៉េខាងជើងនឹងបន្តធ្វើសកម្មភាពដោយនិទណ្ឌភាព» ដោយបានបន្ថែមទៀតថា សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនកំពុងផ្តោតលើការទប់ស្កាត់ការឈ្លានពានរបស់កូរ៉េខាងជើង។
ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន នៅតែបន្តអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ទល់នឹងការអភិវឌ្ឍនុយក្លេអ៊ែ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងចោរកម្មតាមអ៊ីនធឺណិត និងការផ្ទេរអាវុធខុសច្បាប់ ដែលអនុញ្ញាតឱ្យវាដំណើរការ។ ប្រជាជាតិនានាក៏បានបង្កើនភាពអាចមើលឃើញនៃភាពជាដៃគូត្រីភាគី និងពង្រឹងសមយុទ្ធយោធាផងដែរ។
ទីប្រឹក្សាសន្តិសុខរបស់ប្រទេសនានាបានជួបប្រជុំគ្នានៅប្រទេសកូរ៉េខាងត្បូងក្នុងខែធ្នូ ឆ្នាំ 2023 ហើយបានសន្យាថា នឹងជំរុញការឆ្លើយតបចំពោះការសាកល្បងមីស៊ីលខុសច្បាប់ និងសកម្មភាពអវកាសរបស់ទីក្រុងព្យុងយ៉ាងជាមួយនឹងការចែករំលែកព័ត៌មានពេលវេលាជាក់ស្តែងចាប់ពីខែនោះ។ នេះបើយោងតាម The Associated Press បានរាយការណ៍មក។ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដែលកាន់កាប់ដោយបរទេសរបស់ភ្នាក់ងារកូរ៉េខាងជើង ដែលគាំទ្រកម្មវិធីអាវុធប្រល័យលោកនោះផងដែរ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។