កងទ័ពអាកាសអឺរ៉ុបចូលរួមសមយុទ្ធវិស័យការពារជាតិឥណ្ឌូប៉ាស៊ីហ្វិក ដែលជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងតំបន់
Gusty Da Costa
កងទ័ពអាកាសនៃប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ត្រូវធ្វើដំណើរឆ្ពោះទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ 2024 នេះ ដើម្បីចូលរួមក្នុងសមយុទ្ធវិស័យការពារជាតិ និងពង្រឹងទំនាក់ទំនង ព្រមទំាងអន្តរប្រតិបត្តិជាមួយនឹងយោធាក្នុងតំបន់។ ការដាក់ពង្រាយកងកម្លាំងនេះក៏ជាការបង្ហាញដល់ប្រទេសមួយចំនួនដូចជាសាធារណរដ្ឋប្រជាមានិតចិន (PRC) ជាដើម អំពីការប្តេជ្ញាចិត្តរបស់អឺរ៉ុបចំពោះតំបន់ និងការគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងបទដ្ឋានអន្តរជាតិផ្សេងទៀត។
ផែនការនោះអំពាវនាវឱ្យធនធានយោធាអឺរ៉ុបចូលរួមក្នុងសមយុទ្ធពេញមួយពាក់កណ្តាលឆ្នាំ 2024 រួមទាំងយន្តហោះអាល្លឺម៉ង់ចំនួនប្រាំបីគ្រឿង និងយន្តហោះ Eurofighter របស់អេស្ប៉ាញចំនួនបួនគ្រឿង យន្តហោះចម្បាំង Tornado របស់អាល្លឺម៉ង់ចំនួន 12 គ្រឿង យន្តហោះចម្បាំង Rafale របស់បារាំងចំនួនប្រាំមួយគ្រឿង យន្តហោះដឹកជញ្ជូន Airbus A400M Atlas របស់អាល្លឺម៉ង់ និងបារាំង-អេស្ប៉ាញចំនួនបួនគ្រឿង និងយន្តហោះ Airbus A330 MRTT ជាច្រើនគ្រឿងទៀតសម្រាប់ការចាក់ប្រេង និងដឹកជញ្ជូនផងដែរ។
កងទ័ពមួយចំនួននឹងចូលរួមនៅក្នុងសមយុទ្ធ Rim of the Pacific (RIMPAC) រៀងរាល់ពីរឆ្នាំម្តងរបស់កងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដែលជាសមយុទ្ធដែនសមុទ្រអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក។ ទស្សនាវដ្ដី Defence News បានរាយការណ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ 2023 ថាវានឹងអនុវត្តតាមការបញ្ឈប់នៅប្រទេសជប៉ុនអស់រយៈពេលជាច្រើនថ្ងៃនៃប្រតិបត្តិការជាមួយនឹងអាកាសយានិកក្នុងមូលដ្ឋាន។ ធនធានរបស់កងទ័ពអាកាសអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយនាវាកងទ័ពជើងទឹកអាល្លឺម៉ង់នៅរដ្ឋហាវ៉ៃ ដើម្បីចូលរួមសមយុទ្ធ RIMPAC ផងដែរ។
ក្រោយពីបានចូលរួមក្នុងសមយុទ្ធ Pitch Black នៅប្រទេសអូស្ត្រាលី ដែលចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដានេះមក ធនធានដែនអាកាសរបស់អឺរ៉ុបត្រូវបានគេរំពឹងថានឹងហោះទៅប្រទេសឥណ្ឌូណេស៊ី ឬម៉ាឡេស៊ី មុនពេលបញ្ចប់ការដាក់ពង្រាយរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌានៅឯសមយុទ្ធពហុជាតិ Tarang Shakti។
កងទ័ពអាកាសអាល្លឺម៉ង់បានចូលរួមនៅក្នុងសមយុទ្ធ Pitch Black កាលពីឆ្នាំ 2022 ប៉ុន្តែត្រូវបានគេរំពឹងថា នឹងកើនឡើងកងទ័ពជំនួយគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ 2024 នេះ។ សូម្បីតែជាមួយនឹងសង្គ្រាមដោយមិនញញើតរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលផ្តោតលើការព្រួយបារម្ភសន្តិសុខរបស់អឺរ៉ុប ការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបង្ហាញអំពីការបន្តការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប (EU) នៅក្នុងតំបន់នេះក៏ដោយ បើយោងតាមអគ្គសេនាធិការកងទ័ពអាកាសអាល្លឺម៉ង់ ឧត្តមសេនីយ៍ឯក លោក Ingo Gerhartz។
លោក Gerhartz បានថ្លែងប្រាប់កាសែត The Guardian ក្នុងខែមីនា ឆ្នាំ 2023 ថា៖ «ជាពិសេសឥឡូវនេះ បើសម្លឹងមើលសង្រ្គាមនៅអ៊ុយក្រែន អ្នកមិនអាចបែងចែកអឺរ៉ុបចេញពីអាស៊ីបានទេ ហើយអ្នកមិនអាចបែងចែកសេណារីយ៉ូដែលយើងកំពុងសម្លឹងមើលទៅប្រទេសរុស្ស៊ីជាមួយនឹងសេណារីយ៉ូទីនេះនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានដែរ»។
ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ គឺជាដៃគូនៅក្នុងប្រព័ន្ធប្រយុទ្ធតាមដែនអាកាសនាពេលអនាគត (FCAS) បែបត្រីភាគី ដែលគិតគូរអំពីវិធីសាស្រ្ត «ប្រព័ន្ធនៃប្រព័ន្ធ» ដែលរួមបញ្ចូលការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ និងធនធានដែនអាកាសគ្មានមនុស្សបើក ដោយមានបណ្តាញតភ្ជាប់នៅគ្រប់ដែនប្រយុទ្ធទាំងអស់។ យោងតាមក្រុមហ៊ុនអវកាសអ៊ឺរ៉ុប Airbus, FCAS ក៏ជាឧបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍ និងធ្វើឱ្យភាពជាដៃគូ និងការសន្ទនារបស់អឺរ៉ុបកាន់តែស៊ីជម្រៅជាមួយនឹងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការដោះស្រាយបញ្ហាប្រឈម និងឱកាសសន្តិសុខក្នុងតំបន់ផងដែរ។
ដោយស្របតាមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ EU គម្រោងនេះអនុញ្ញាតឱ្យដៃគូអឺរ៉ុបអាចបង្ហាញអំណាច និងទប់ស្កាត់ការឈ្លានពាន ខណៈពេលដែលការពារផលប្រយោជន៍ និងគុណតម្លៃរួម ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍ សន្តិសុខដែនសមុទ្រ និងសិទ្ធិមនុស្សជាដើម។
លោក Aleksius Jemadu ដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យ Pelita Harapan របស់ប្រទេសឥណ្ឌូណេស៊ីបានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែក៏មានបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀតដែរ ប្រសិនបើយើងក្រឡេកមើលពីទស្សនៈនៃបច្ចេកវិទ្យាកងទ័ពអាកាស ប្រទេសទាំងបីនេះពិតជាមានសារៈសំខាន់ណាស់»។ «បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់មានគុណសម្បត្តិជាក់លាក់នៅក្នុងវិស័យបច្ចេកវិទ្យាអវកាសនេះ។ ពួកគេចង់ឱ្យប្រទេសក្នុងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងប្រទេសឥណ្ឌូណេស៊ី ដឹងអំពីសមត្ថភាពទាំងនេះ និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីអត្ថប្រយោជន៍ចំពោះភាគីទាំងពីរ»។
នេះបើយោងតាមលោក Jemadu បានប្រសាសន៍ថា ទំនាក់ទំនងការពារជាតិកាន់តែរឹងមាំជាមួយបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកក៏ផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបផងដែរ។ ទំនិញអឺរ៉ុបត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកក្នុងតំបន់ ដោយហេតុនេះបានជាលើកទឹកចិត្តឱ្យប្រទេសទាំងនោះសហការជាមួយនឹងដៃគូឥណ្ឌូប៉ាស៊ីហ្វិកក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខក្នុងតំបន់។
លោកបានមានប្រសាសន៍ទៀតថា៖ «ប្រសិនបើអ្នកក្រឡេកមើលទស្សនវិស័យនៃអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] លើឥណ្ឌូប៉ាស៊ីហ្វិក ទស្សនវិស័យនោះផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការបើកចំហ រួមបញ្ចូលគ្នា និងប្រើប្រាស់ធនធានពីប្រទេសផ្សេងៗ មិនមែនតែប្រទេសចិននោះទេ ព្រោះប្រសិនបើធនធានត្រូវបានផ្តាច់មុខដោយមហាអំណាចតែមួយ វានឹងនាំទៅរកការត្រួតត្រា និងអនុត្តរភាព»។
លោក Gusty Da Costa គឺជាការីនិពន្ធរបស់ទស្សនាវដ្ដី FORUM ដែលរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។