ហ្វ៊ីលីពីនកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម

Maria T. Reyes
ហ្វ៊ីលីពីនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់អង្គការភេរវកម្មនៅក្នុងប្រទេស និងដោះស្រាយបញ្ហាការលាងលុយកខ្វក់ ជាពិសេសនៅពេលដែលត្រូវបានប្រើ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរីកសាយអាវុធខុសច្បាប់។ ទីក្រុងម៉ានីលកំពុងធ្វើការជាមួយនឹងអង្គការអន្តរជាតិ និងដៃគូនានាដូចជាអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងទីភ្នាក់ងារក្នុងស្រុក និងបង្កើនការហ្វឹកហ្វឺន និងកិច្ចសហការ។
រដ្ឋាភិបាលហ្វ៊ីលីពីនកំពុងព្យាយាមកាត់បន្ថយការគំរាមកំហែង ដែលបង្កឡើងដោយអង្គការភេរវករដូចជាក្រុម Abu Sayyaf Group ក្រុម Bangsamoro Islamic Freedom Fighters (BIFF) កងទ័ពប្រជាជនថ្មីរបស់បក្សកុម្មុយនិស្តហ្វ៊ីលីពីន និងក្រុមរដ្ឋអ៊ិស្លាម។ ទោះបីជាការវាយប្រហារពីភេរវករបានថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ក្រុមទាំងនោះនៅតែបន្តការប៉ះទង្គិចជាមួយនឹងកងកម្លាំងរដ្ឋាភិបាលដែរ។ ជាឧទាហរណ៍ នៅដើមខែធ្នូ ឆ្នាំ 2023 ទាហានហ្វ៊ីលីពីនបានប្រយុទ្ធជាមួយនឹងក្រុម Bangsamoro Islamic Freedom Fighters (BIFF) និងក្រុមរដ្ឋអ៊ិស្លាមនៅក្នុងខេត្ត Maguindanao del Sur ភាគខាងត្បូង ដោយបានធ្វើឱ្យជនសកម្មប្រយុទ្ធចំនួន 11 នាក់ដែលសង្ស័យបានស្លាប់។
ប្រភពវីដេអូ៖ MICHAEL O’HAGAN/កងទ័ពអាកាសអាមេរិក
កាលពីខែកក្កដា ឆ្នាំ 2023 ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. បានចេញបញ្ជាឱ្យអនុម័តយុទ្ធសាស្រ្តជាតិ ដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយរហូតដល់ឆ្នាំ 2027។ ផែនការនេះបង្ហាញអំពីគោលបំណង និងអាទិភាពសម្រាប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើនគំនិតផ្តួចផ្តើមបែបនេះ និងដោះស្រាយបញ្ហាប្រឈមដែលបានកំណត់ដោយការវាយតម្លៃអន្តរជាតិ។
កាលពីខែកញ្ញា ឆ្នាំ 2023 កម្មវិធីជំនួយលើការហ្វឹកហ្វឺនផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មអន្តរជាតិនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបើកវគ្គហ្វឹកហ្វឺនរយៈពេលប្រាំថ្ងៃនៅទីក្រុងម៉ានីលស្តីពីការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងការស៊ើបអង្កេតទៅលើការសម្អាតប្រាក់។ មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នប៉ូលិសជាតិហ្វ៊ីលីពីនបានចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ ដែលធ្វើឡើងដោយសហការជាមួយនឹងការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
មួយខែក្រោយមក លោក Marcos បានចេញអនុស្សរណៈមួយ ដឹកនាំទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីបង្កើតផែនការ និងកម្មវិធីនានា ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិ។ ក្នុងចំណោមអាទិភាពនានា គឺការដកប្រទេសហ្វ៊ីលីពីនចេញពី «បញ្ជីប្រផេះ» នៃក្រុមការងារហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលខ្លួនត្រូវបានចុះបញ្ជីតាំងពីឆ្នាំ 2021 បន្ទាប់ពីបរាជ័យក្នុងការដោះស្រាយចន្លោះប្រហោងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អនុស្សរណៈនោះបានចែងថា៖ «ប្រទេសហ្វ៊ីលីពីននឹងមិនត្រូវបានប្រើប្រាស់ជាកន្លែងសម្អាតប្រាក់ សម្រាប់ការរកប្រាក់ចំណូលពីសកម្មភាពខុសច្បាប់ណាមួយឡើយ» ដោយបានបញ្ជាក់អំពី «ការរីកសាយនៃអាវុធប្រល័យលោក ភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម»។ អនុស្សរណៈនោះបានផ្តល់ភារកិច្ចដល់ក្រុមប្រឹក្សាប្រឆាំងនឹងការសម្អាតប្រាក់ (AMLC) ដែលជាទីភ្នាក់ងាររដ្ឋាភិបាលបានចាប់ផ្តើមដំណើរការនៅឆ្នាំ 2001 ជាមួយនឹងការដឹកនាំក្រុមការងារថ្នាក់ជាតិ ដើម្បីវាយតម្លៃហានិភ័យ និងបង្កើតវិធានការទប់ស្កាត់ និងកាត់បន្ថយ។
ក្រុមប្រឹក្សាប្រឆាំងនឹងការសម្អាតប្រាក់ (AMLC) បានរៀបចំកិច្ចប្រជុំកំពូលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ 2023 នៅចុងខែវិច្ឆិកានេះ។ ព្រឹត្តិការណ៍អនឡាញ ដែលត្រូវបានរៀបចំឡើងដោយសហការជាមួយនឹងទីភ្នាក់ងារដៃគូអូស្ត្រាលី និងសហរដ្ឋអាមេរិក បានខិតខំជំរុញកិច្ចសហការ និងពង្រឹងការអនុលោមតាមច្បាប់។
«ការប្រមូលផ្តុំគ្នានៃភាគីពាក់ព័ន្ធនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការគំរាមកំហែងផ្នែកហិរញ្ញវត្ថុ ការលើកកម្ពស់ឧត្តមភាពវិជ្ជាជីវៈ និងការរួបរួមគ្នា» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMLC បានបញ្ជាក់ឱ្យដឹង។
Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។