សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ដកស្រង់មេរៀនសង្គ្រាមត្រជាក់ដើម្បីកសាងទំនុកចិត្ត

បុគ្គលិករបស់ទស្សនាវដ្តី FORUM
រំឮកដល់វិធានការកសាងទំនុកចិត្តក្នុងសម័យសង្គ្រាមត្រជាក់ (CBM) ដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 នៅពេលដែលមេដឹកនាំនៃសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន (PRC) បានព្រមព្រៀងគ្នាក្នុងការស្តារទំនាក់ទំនងរវាងយោធាទាំងសងខាងឡើងវិញ។
វិធានការ CBM ដំបូងដែលចេញជាផ្លូវការបានលេចឡើងនៅក្នុងឆ្នាំ 1963 ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដែលបានបង្កើតបណ្តាញទូរសព្ទទាន់ហេតុការណ៍ ដើម្បីធានាថាមេដឹកនាំប្រទេសអាចរក្សាទំនាក់ទំនងបាន។ បណ្តាញនេះត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិមីស៊ីលគុយបា នៅពេលដែលប្រទេសនានាឈានដល់ចំណុចកំពូលនៃជម្លោះនុយក្លេអ៊ែរ ដែលតំណភ្ជាប់ទំនាក់ទំនងនេះមានគោលបំណងទប់ស្កាត់ការចលាចលបែបនេះ។
យោងតាមសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រើប្រាស់បណ្តាញទូរសព្ទទាន់ហេតុការណ៍ក្នុងឆ្នាំ 1967 ដើម្បីបញ្ជូនព័ត៌មានអំពីចេតនានៅពីក្រោយចលនាកងនាវានៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលទីក្រុងមូស្គូអាចយល់ខុសថាជាទង្វើអរិភាព។ ប្រទេសទាំងពីរបានប្រើយន្តការនេះរហូតដល់ទសវត្សរ៍ឆ្នាំ 1980 ហើយយន្តការមួយនៅតែភ្ជាប់ទំនាក់ទំនងរវាងទីក្រុងមូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន។
មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden និងអគ្គលេខាបក្សកុម្មុយនិស្តចិន (CCP) លោក Xi Jinping បានព្រមព្រៀងបន្តទំនាក់ទំនងយោធាឡើងវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា លោករក្សាបាននូវសមត្ថភាពក្នុងការទំនាក់ទំនងជាមួយសមភាគីរុស្ស៊ី ទោះបីជាបន្ទាប់ពីសហរដ្ឋអាមេរិកបានបរិហារជាសាធារណៈចំពោះការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែនក៏ដោយ។
លោក Austin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំគិតថា យើងត្រូវតែមានសមត្ថភាពពិភាក្សាជាមួយមិត្តភក្តិ ហើយយើងក៏ត្រូវតែមានសមត្ថភាពពិភាក្សាជាមួយបច្ចាមិត្ដផងដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការបើកបណ្តាញទាំងនោះ»។ «ទោះបីជាស្ថានភាពជ្រួលច្របល់ទាំងអស់ដែលបានកើតឡើងចំពោះរុស្ស៊ី និងអ៊ុយក្រែន ក៏ខ្ញុំនៅមានលទ្ធភាពក្នុងការលើកទូរសព្ទហៅ និងនិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ ហើយខ្ញុំគិតថា នោះជាលទ្ធភាពដ៏សំខាន់មួយដែលយើងត្រូវរក្សា ដើម្បីគ្រប់គ្រងវិបត្តិនាពេលខាងមុខ។ … ការពិតដែលថាមេដឹកនាំបានយល់ព្រមគ្នាក្នុងការធ្វើឱ្យប្រាកដថាបណ្តាញទាំងនោះបើកចំហរ ខ្ញុំគិតថានេះជាអត្ថប្រយោជន៍ពិតប្រាកដមួយ»។
នៅពេលដែលការប្រាស្រ័យទាក់ទងឈានដល់ទីបញ្ចប់រវាងថ្នាក់ដឹកនាំយោធាអាមេរិក និងកងទ័ពរំដោះប្រជាជន (PLA) មន្ត្រីអាមេរិកព្រួយបារម្ភថា ឧប្បត្តិហេតុ ឬការយល់ច្រឡំដែលពាក់ព័ន្ធនឹងកងកម្លាំងរបស់ប្រទេសនីមួយៗអាចឈានដល់ជម្លោះ ជាពិសេសនៅក្នុង និងនៅខាងលើសមុទ្រចិនខាងកើត និងខាងត្បូង។ ថ្មីៗនេះ មន្ទីរបញ្ចកោណបានចងក្រងជាឯកសារអំពី ការកើនឡើងយ៉ាងខ្លាំងនៃអាកប្បកិរិយាក្នុងការធ្វើប្រតិបត្តិការបង្ខិតបង្ខំ និងប្រកបគ្រោះថ្នាក់ដោយ PLA នៅក្នុងដែនអាកាសជុំវិញជម្លោះនៅក្នុងដែនទឹក។ ទន្ទឹមនឹងនេះ នាវាឆ្មាំឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្ររបស់ចិន តែងតែរារាំង យាយី និងជ្រៀតជ្រែកជាមួយការនេសាទស្របច្បាប់ បេសកកម្មស្រាវជ្រាវ និងប្រតិបត្តិការយោធារបស់ប្រទេសដទៃ ភាគច្រើនគឺហ្វ៊ីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូធានាបាននូវវិបុលភាពវិស័យសេដ្ឋកិច្ច តាមរយៈផ្លូវធ្វើដំណើរដែនសមុទ្រប្រកបដោយសុវត្ថិភាព និងមានសន្ដិសុខ។
PRC បានបដិសេធក្នុងការបង្កើតបណ្តាញទូរសព្ទទាន់ហេតុការណ៍ទំនាក់ទំនងឡើងវិញនៅឆ្នាំ 2022 បន្ទាប់ពីគណៈប្រតិភូអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រង ដែលទីក្រុងប៉េកាំងបានទាមទារ និងគំរាមដាក់បញ្ចូលជារបស់ខ្លួនដោយកម្លាំងបាយ។ នៅដើមឆ្នាំ 2023 PRC ក៏បានបដិសេធសំណើររបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនក្នុងការជួបជាមួយ លោក Austin ផងដែរ។
កិច្ចព្រមព្រៀងខែវិច្ឆិកា ឆ្នាំ 2023 រវាងប្រធានាធិបតី លោក Biden និងលោក Xi បើកទ្វារឱ្យលោក Austin ជួបជាមួយសមភាគី PRC របស់លោកនៅពេលដែលបុគ្គលនោះមានត្រូវបានលើកឈ្មោះឡើង។ CCP មិនបានតែងតាំងរដ្ឋមន្ត្រីការពារជាតិចាប់តាំងពីការដកអតីតលោកឧត្តមសេនីយ៍ Li Shangfu ចេញពីមុខតំណែងកាលពីខែតុលានោះឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្វាគមន៍អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Xi Jinping នៅរដ្ឋ California កាលពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 មុនពេលកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ប្រភពវីដេអូ៖ សារព័ត៌មាន Reuters
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។