តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូអាស៊ីឥសាន / NEA

សមយុទ្ធ Yama Sakura ពង្រីកទៅសមយុទ្ធពហុភាគី មើលឃើញការចូលរួមដ៏ធំបំផុត។

Marc Jacob Prosser

សមយុទ្ធ Yama Sakura ឆ្នាំ 2023 ដែលជាសមយុទ្ធដ៏ធំបំផុត នៅតែជាសករាជថ្មីនៃកិច្ចសហប្រតិបត្តិការយោធាត្រីភាគី។ បុគ្គលិកជាង 6 000 នាក់មកពីកងកម្លាំងការពារអូស្ត្រាលី កងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងយោធាសហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា Yama Sakura 85 កាលពីខែធ្នូ។

ការដាក់បញ្ចូលយោធាអូស្ត្រាលី បង្ហាញពីសក្ដានុពលដែលកំពុងវិវត្តនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ 1982 សមយុទ្ធ Yama Sakura ត្រូវបានធ្វើឡើងទ្វេភាគីរវាងកងកម្លាំងស្វ័យការពារដីជប៉ុន (JGSDF) និងយោធាសហរដ្ឋអាមេរិក។

សមយុទ្ធ Yama Sakura ដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ 2023 ជាមួយនឹងពិធីបើកសម្ពោធនៅទូទាំងប្រទេសជប៉ុន បានគូសសម្គាល់នូវសមយុទ្ធប៉ុស្តិ៍បញ្ជាការលើកដំបូងរបស់កងទ័ពអូស្ត្រាលី កងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងប្រទេសនេះ។
ប្រភពវីដេអូ៖ ពលបាលទោ JANAE JENSEN/កងទ័ពអាកាសអាមេរិក

លោកឧត្តមសេនីយ៍ឯក Ryoji Takemoto មេបញ្ជាការនៃបញ្ជាការដ្ឋានមូលដ្ឋានរបស់ JGSDF បានលើកឡើងថា ការពង្រីករបស់សមយុទ្ធនេះ «បង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងបីទៅកាន់ពិភពលោក ដែលនឹងពង្រឹងសមត្ថភាពឆ្លើយតប និងការរារាំងនៅក្នុងតំបន់អាស៊ីបូព៌ា»។ លោក​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​សមយុទ្ធ និង​របៀប​ដែល​សមយុទ្ធនេះបង្កើន​សមត្ថភាព​ប្រតិបត្តិការ​ត្រីភាគី។

លោក Takemoto ក៏បានសង្កត់ធ្ងន់លើអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំង ដោយជំរុញឱ្យអ្នកចូលរួមឆ្លុះបញ្ចាំងពីសមយុទ្ធផ្សេងទៀតដូចជាសមយុទ្ធ Talisman Saber និង Orient Shield ដើម្បីបង្កើនសមត្ថភាព។ ការផ្តោតអារម្មណ៍របស់លោកទៅលើលំហូរការងារ ប្រព័ន្ធ ឧបករណ៍ និងការបញ្ជា និងការគ្រប់គ្រងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចុះសម្រុងគ្នាលើគោលលទ្ធិ និង ប្រតិបត្តិការយោធាផ្សេងៗគ្នា។

ប្រឈមមុខនឹងការគម្រាមកំហែងដូចជាសកម្មភាពដែនសមុទ្រដែលកាន់តែខ្លាំងឡើងរបស់បក្សកុម្មុយនិស្តចិន និងការបាញ់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង សមយុទ្ធ Yama Sakura បានលើកឡើងពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

លោកឧត្តមសេនីយ៍ទោ Nozomu Yoshitomi នៃកងកម្លាំង JGSDF ដែលបានចូលនិវត្តន៍ បានសង្កេតឃើញពីការវិវត្តនៃសមយុទ្ធនេះ ចាប់តាំងពីការចូលរួមដំបូងរបស់លោកនៅក្នុង Yama Sakura 9។

«កាលពីពេលនោះ ការលុកលុយបែបទ្រង់ទ្រាយធំដោយ [អតីត] កងទ័ពសូវៀត គឺជាសេណារីយ៉ូនៃសមយុទ្ធនេះ។ សម្រាប់នៅពេលនេះវិញ ហេតុផល​ដែលនៅពីក្រោយនៃសមយុទ្ធនេះគឺជាអាកប្បកិរិយាអះអាងរបស់ចិននៅក្នុងតំបន់។ លោក Yoshitomi សាស្ត្រាចារ្យនៅមហាវិទ្យាល័យគ្រប់គ្រងហានិភ័យនៃសាកលវិទ្យាល័យ Nihon បានថ្លែងប្រាប់ទៅកាន់ទស្សនាវដ្តី FORUM ថា ដែលនេះជាការគូសបញ្ជាក់ពីរបៀបដែលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំង [J]SDF និងយោធាអាមេរិកកំពុងមានសារៈសំខាន់កាន់តែខ្លាំងនៅក្នុងសមយុទ្ធ Yama Sakura និងពិភពពិត»។

រូបភាពនៃសមយុទ្ធនេះដែលជាសំណល់នៃសង្រ្គាមត្រជាក់ «បានផ្លាស់ប្តូរនាពេលថ្មីៗនេះ ដោយសារសមយុទ្ធនេះបានចាប់ផ្តើមអញ្ជើញអ្នកចូលរួមខាងក្រៅយ៉ាងម៉ឺងម៉ាត់ និងផ្តោតលើប្រតិបត្តិការពហុដែនលើសពីការកំណត់សង្គ្រាមទ្វេភាគីសុទ្ធសាធ» នេះបើយោងតាមលោក Hirohito Ogi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅអាស៊ី គំនិតផ្តួចផ្តើមប៉ាស៊ីហ្វិក និងវិទ្យាស្ថានភូគព្ភសាស្ត្រនៅ International House of Japan ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។ លោក Ogi បានថ្លែងប្រាប់ទៅកាន់ទស្សនាវដ្តី FORUM ថា៖ «ការផ្លាស់ប្តូរនេះបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលកងកម្លាំងសម្ព័ន្ធមិត្ត និងសមត្ថភាពនៅទូទាំងសមាសធាតុកម្លាំងផ្សេងៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៃធនធានដែលមានកម្រិតរបស់យើង»។

សមយុទ្ធ Yama Sakura 85 ក៏បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិរវាងអូស្ត្រាលី និងជប៉ុន ដែលបានពង្រឹងភាពជាដៃគូផ្នែកសន្តិសុខរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅក្នុងការទទួលស្គាល់នូវតម្រូវការសម្រាប់ការឆ្លើយតបរួមចំពោះបញ្ហាប្រឈមក្នុងតំបន់ផងដែរ។

លោកឧត្តមសេនីយ៍ទោ Scott Winter មេបញ្ជាការកងពលធំទី 1 នៃកងទ័ពអូស្ត្រាលីបានលើកឡើងថា៖ «បន្ទាប់ពីធ្វើ​ជាអ្នកសង្កេតការណ៍នៃសមយុទ្ធដ៏ល្អឥតខ្ចោះនេះអស់រយៈពេល 10 ឆ្នាំ យើងមានមោទនភាពណាស់ដែលត្រូវបានអញ្ជើញឱ្យចូលរួមយ៉ាងពេញលេញនៅក្នុងសមយុទ្ធនេះ»។

យោធាបានធ្វើសមយុទ្ធ Yama Sakura នៅទូទាំងប្រទេសជប៉ុន និងនៅឯមូលដ្ឋានទ័ពរួមរបស់សហរដ្ឋអាមេរិក Lewis-McChord ក្នុងរដ្ឋវ៉ាស៊ីនតោន។ សមយុទ្ធនេះផ្តោតលើសេណារីយ៉ូទ្រឹស្តី ការធ្វើតេស្ត និងការអភិវឌ្ឍយុទ្ធសាស្ត្រប្រតិបត្តិការផ្លូវអាកាស ផ្លូវគោក និងសមុទ្ររួមគ្នា។ ភាពស្មុគ្រស្មាញដែលបានពង្រឹង និងប្រតិបត្តិការពហុដែន និងដែនត្រូវបានណែនាំដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈវិវត្តនៃសង្គ្រាម។

សមយុទ្ធ Yama Sakura 85 គឺជាផ្នែកមួយនៃការហ្វឹកហាត់ជាបន្តបន្ទាប់ដែលនាំទៅដល់ការធ្វើសមយុទ្ធលើទីលានធំជាងមុន។ សមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកដែលប្រកបដោយសុវត្ថិភាព និងស្ថិរភាព ដោយបានផ្ញើសារយ៉ាងច្បាស់អំពីការរួបរួម និងការត្រៀមខ្លួនដល់សត្រូវដែលមានសក្តានុពល។

លោក Marc Jacob Prosser គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តី FORUM ដែលរាយការណ៍ចេញពីទីក្រុងតូក្យូ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button