តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូ

លោក Marcos Jr. នៃប្រទេសហ្វ៊ីលីពីន ធ្វើការលើកកម្ពស់ទំនាក់ទំនងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. បានថ្លែងនៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ 2023 ថា កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក និងដៃគូ ជាពិសេសសហរដ្ឋអាមេរិក គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលហ្វ៊ីលីពីនប្រឈមមុខនឹងការលុកលុយ «កាន់តែខិតចូល» មកដល់ឆ្នេរសមុទ្ររបស់ខ្លួននោះ។

លោក Marcos បានថ្លែងនៅឯមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye ក្នុងទីក្រុង Honolulu រដ្ឋ Hawaii ថា ស្ថានភាពគឺ «កាន់តែអាក្រក់ទៅៗ»។ វឌ្ឍនភាពលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន (PRC) មានភាពយឺតយ៉ាវ ដូច្នេះទីក្រុងម៉ានីលកំពុងបង្កើតពិធីសាររបស់ខ្លួន ខណៈពេលដែលកំពុងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីជាមួយរដ្ឋដូចជាម៉ាឡេស៊ី និងវៀតណាមដែលមានជម្លោះដែនសមុទ្រផងដែរ។

PRC ទាមទារតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង រួមទាំងទឹកដីនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វ៊ីលីពីន (EEZ) ផងដែរ ទោះបីជាតុលាការអន្តរជាតិបានកំណត់ក្នុងឆ្នាំ 2016 ថាការអះអាងនេះមិនត្រឹមត្រូវក៏ដោយក្ដី។ ទីក្រុងប៉េកាំងបានព្រងើយកន្តើយនឹងសេចក្តីសម្រេចនេះ ដោយបន្តយាយីក្រុមអ្នកនេសាទហ្វ៊ីលីពីន និងបុគ្គលិកយោធានៅក្នុងតំបន់នោះ។ ដោយមិនលើក PRC យកមកនិយាយនោះ លោក Marcos បានថ្លែងថា៖ «យុទ្ធសាស្ត្របង្ខិតបង្ខំ និងសមយុទ្ធដ៏គ្រោះថ្នាក់» ដោយឆ្មាំឆ្នេរសមុទ្របរទេស និងកងជីវពលដែនសមុទ្រកំពុង «ធ្វើឱ្យជីវិតប្រជាជនរបស់យើងប្រឈមនឹងគ្រោះថ្នាក់»។

លោក​បាន​បន្ត​ថា​៖ «​ភាព​តានតឹង​កំពុង​កើន​ឡើង​» ដោយ​បន្ថែម​ថា ហ្វ៊ីលីពីន​ត្រូវ​តែ​បង្កើន​ភាព​ជា​ដៃគូ និង​ធនធាន​របស់​ខ្លួន​ដើម្បី​បំពេញ​គោលបំណង​រួម។ «ហ្វ៊ីលីពីននឹងមិនផ្តល់ទឹកដីរបស់ពួកយើងសូម្បីតែមួយអ៊ីញការ៉េទៅមហាអំណាចបរទេសណាមួយឡើយ»។

លោកបានលើកឡើងថា សម្ព័ន្ធភាពដែលមិនអាចបំបាក់បានរបស់ទីក្រុងម៉ានីលជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសន្ធិសញ្ញាការពារជាតិរបស់ខ្លួនអស់រយៈពេលជាង 72 ឆ្នាំមកហើយ នៅតែជាភាពជាដៃគូជាមូលដ្ឋានរបស់ហ្វ៊ីលីពីនផងដែរ។ លោក Marcos បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបន្តបង្កើនការសម្របសម្រួល និងសមត្ថភាព «ក្នុងការប្រឈមមុខនឹងការកើនឡើងបញ្ហាប្រឈម និងការវិវត្តនៃបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកចំពោះសន្តិសុខរបស់យើង»។

ទីក្រុង Honolulu គឺជាទីតាំងចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់លោក Marcos ទៅកាន់សហរដ្ឋអាមេរិក ហើយកើតឡើងបន្ទាប់​ពី​ការ​ចូល​រួម​របស់​របស់លោកនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco រដ្ឋ California។ កាសែត The Manila Times បានរាយការណ៍ថាលោក Marcos បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃសេដ្ឋកិច្ចក្នុងតំបន់ចំនួន 21 ថា៖ «យើងត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហារចនាសម្ព័ន្ធ និងគោលនយោបាយ ជាមួយនឹងទិដ្ឋភាពនៃការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងកំណើនយ៉ាងឆាប់រហ័សក្នុងលក្ខណៈនិរន្តរភាព ដែលបង្កើតការងារ ទាក់ទាញប្រជាជនឱ្យចូលទៅក្នុងសេដ្ឋកិច្ចចរន្ត និងកាត់បន្ថយភាពក្រីក្រ និងវិសមភាព» ។

នៅទីក្រុង Honolulu លោក Marcos បានគូសបញ្ជាក់ពីកតិកាសញ្ញាដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកនៅក្រៅកិច្ចប្រជុំកំពូល ដែលនឹងជួយធានាការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ «តម្លៃសមរម្យ អាចទុកចិត្តបាន និងនិរន្តរភាព» សម្រាប់ប្រទេសហ្វ៊ីលីពីន។ កាសែត Honolulu Star-Advertiser បានរាយការណ៍កាលពីពាក់កណ្តាលខែវិច្ឆិកាថា ទីក្រុងម៉ានីលមានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន 75% នៅឆ្នាំ 2030 ហើយថាមពលនុយក្លេអ៊ែរនឹងជួយឱ្យឈានដល់គោលដៅនោះ។

លោក Marcos បានជួបប្រជុំនៅ Hawaii ជាមួយមេដឹកនាំយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំង នាយឧត្ដមនាវី John Aquilino មេបញ្ជាការ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក។ ពួកគេបានពិភាក្សាអំពីសកម្មភាពអះអាងរបស់ PRC ជុំវិញតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងនៅក្នុងតំបន់ EEZ របស់ហ្វ៊ីលីពីន។ មួយថ្ងៃបន្ទាប់ពីសុន្ទរកថារបស់លោក Marcos យោធាហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកបានប្រកាសអំពីការល្បាតផ្លូវអាកាស និងជើងទឹករួមគ្នា ដែលគ្រោងនឹងចាប់ផ្តើមចេញពីកោះ Mavulis ដែលជាកោះភាគខាងជើងបំផុតរបស់ប្រទេសហ្វ៊ីលីពីន ដែលមានចម្ងាយប្រហែល 100 គីឡូម៉ែត្រពីកោះតៃវ៉ាន់។

សម្ព័ន្ធមិត្តនៅក្នុងខែមេសា ឆ្នាំ 2023 បានធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោក Marcos បានលើកឡើងអំពី «បញ្ហាប្រឈម និងឱកាសសំខាន់ៗ» រួមទាំងអាវុធនុយក្លេអ៊ែរ បច្ចេកវិទ្យាយោធាក្នុងលំហអាកាស និងការប្រែប្រួលអាកាសធាតុ និងតម្រូវការក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន និងគម្រោងអភិវឌ្ឍន៍អន្តរជាតិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក។ លោក Marcos បានលើកឡើងថា នវានុវត្តន៍តាមអ៊ីនធឺណិត និងនវានុវត្តន៍ផ្សេងទៀតដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សដូចជាបញ្ញាសិប្បនិម្មិតជាដើមនាំមកនូវអត្ថប្រយោជន៍ និងហានិភ័យ ដោយសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចផ្តល់នូវដំណោះស្រាយ ប្រសិនបើអនុវត្តបានត្រឹមត្រូវ។

លោក Marcos បានលើកឡើងថា៖ «ហ្វ៊ីលីពីននឹងបន្តជាប្រទេសជិតខាង និងជាដៃគូដែលមានការ ចូលរួម និងទំនួលខុសត្រូវ» ដោយលោក Marcos បានបន្តទៀតថា៖ «ខ្លួនតែងតែស្វែងរកមធ្យោបាយសហការដោយមានគោលដៅចុងក្រោយនៃលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពោលគឺសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button