តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូលក្ខណៈពិសេស

រួមគ្នា កាន់តែរឹងមាំ

កងកម្លាំងប្រតិបត្តិការពិសេសកសាងសមត្ថភាពរបស់ដៃគូ ដើម្បីកម្លាំងសមូហភាព

បុគ្គលិករបស់ទស្សនាវដ្តី FORUM

លោកវរសេនីយ៍ឯក Ranulfo A. Sevilla មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីនប្រចាំនៅទីបញ្ជាការប្រតិបត្តិការពិសេស (SOCOM AFP) នៅក្នុងកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន (AFP) និងសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក Vincent Enriquez វរសេនីយ៍ទោអាមេរិកដឹកនាំកងវរសេនាតូចទី 3 នៅក្នុងក្រុមកងកម្លាំងពិសេសទី 1 (អាកាស) បានជជែកជាមួយទស្សនាវដ្តី FORUM ក្នុងអំឡុងសមយុទ្ធ Balikatan ប្រចាំឆ្នាំ 2023 នៅប្រទេសហ្វ៊ីលីពីនកាលពីខែមេសា។ លោក Sevilla ក៏បានបម្រើការជាប្រធានប្រតិបត្តិសម្រាប់សមយុទ្ធហ្វឹកហ្វឺនលើទីលាន (FTX) របស់កងកម្លាំងប្រតិបត្តិការពិសេសរបស់សមយុទ្ធ Balikatan ប្រចាំឆ្នាំ 2023 (SOF ឬ SOFOR) និងជាមេបញ្ជាការនៃកងកម្លាំងប្រតិបត្តិការពិសេសនៅក្នុងសមយុទ្ធនៃប៉ុស្តិ៍បញ្ជាការ Balikatan (CPX)។ លោក និងលោក Enriquez បានពិភាក្សាអំពីតួនាទីរបស់ AFP នៅ SOCOM និងបញ្ជាការប្រតិបត្តិកាពិសេសរបស់អាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកក្នុងការពង្រឹងភាពជាដៃគូររវាងហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក ដោយចាត់ទុកថា អន្តរកម្មទល់មុខគ្នាយូរអង្វែងជាមួយសម្ព័ន្ធមិត្ត និងដៃគូ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។

ទស្សនាវដ្តី FORUM៖ សូមប្រាប់យើងអំពីតួនាទីរបស់អ្នកនៅសមយុទ្ធ Balikatan ប្រចាំឆ្នាំ 2023។

លោកវរសេនីយឯក Sevilla៖ ខ្ញុំជាមេបញ្ជាការរងនៃ AFP នៅ SOCOM។ សម្រាប់សមយុទ្ធ Balikatan ខ្ញុំគឺជាប្រធានសមយុទ្ធសម្រាប់ព្រឹត្តិការណ៍ FTX ប្រចាំនៅ SOFOR។ នៅពេលដែលសមយុទ្ធ Balikatan ត្រូវបានរៀបចំផែនការឡើងទៅតាមគោលគំនិតកាលពីពីរឆ្នាំមុន យើងបានដឹងថា SOCOM ត្រូវតែបង្កើតអគ្គនាយកដ្ឋានសមយុទ្ធ ដើម្បីត្រួតពិនិត្យលើអ្នកចូលរួម SOCOM។ ដូច្នេះកាលពីឆ្នាំមុន [2022] យើងបានបង្កើតអគ្គនាយកដ្ឋានសមយុទ្ធនេះ ហើយឥឡូវនេះខ្ញុំជាប្រធានសមយុទ្ធ។ ក្រៅពីប្រធានសមយុទ្ធសម្រាប់ព្រឹត្តិការណ៍ SOFOR នៃ SOCOM ខ្ញុំក៏ជាមេបញ្ជាការរបស់ SOFOR សម្រាប់សមយុទ្ធនៅប៉ុស្តិ៍បញ្ជាការ [CPX] ដែរ ដូច្នេះខ្ញុំបានពាក់មួកពីរ សម្រាប់ព្រឹត្តិការណ៍ SOFOR ក្នុងនាមជាប្រធានសមយុទ្ធ និងក្នុងពេលជាមួយគ្នា ជាមេបញ្ជាការសម្រាប់ CPX របស់ SOFOR។ វានឹងមានការពិបាកជាខ្លាំងក្នុងការចូលរួម ដើម្បីរៀបចំផែនការសម្រាប់ CPX ព្រមទាំងសមយុទ្ធក្នុងកិច្ចពិភាក្សា។ ខ្ញុំក៏ត្រួតពិនិត្យព្រឹត្តិការណ៍ដែលសមភាគីរបស់ខ្ញុំនៅទីនេះនឹងធ្វើនៅក្នុងសេណារីយ៉ូជាក់ស្តែងផងដែរ។

លោកវរសេនីយ៍ទោ Enriquez៖ ខ្ញុំសូមស្វាគមន៍ចំពោះការត្រួតពិនិត្យ! ខ្ញុំស្ថិតនៅទីតាំងមូលដ្ឋានទ័ពរួម Joint Base Lewis-McChord [នៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក] ហើយខ្ញុំនៅទីនេះជាចំណុះនៃកងកម្លាំងប្រតិបត្តិការពិសេសមួយដែលមានអង្គភាពបានដាក់ពង្រាយទូទាំងខេត្ត Palawan ភាគខាងជើងកោះ ព្រមទាំងនៅបន្ទាយ Fort Magsaysay ដើម្បីជួយពង្រឹងអន្តរប្រតិបត្តិរបស់យើង សមត្ថភាពរបស់យើងក្នុងការធ្វើការ ជាមួយដៃគូយូរអង្វែងរបស់យើង — SOCOM នៃ AFP — ព្រមទាំងដើម្បីធានាថា កងកម្លាំងរបស់ខ្ញុំកំពុងហ្វឹកហ្វឺននៅលើទីលានឱ្យមានប្រសិទ្ធភាព។ យើងពិតជារីករាយណាស់ចំពោះឱកាសបែបនេះ។ វាយូរពេកហើយ ដែលយើងអាចធ្វើសមយុទ្ធក្នុងកម្រិតនេះ ហើយវាជារឿងសំខាន់ដែលយើងត្រូវបន្តវិនិយោគក្នុងភាពជាដៃគូ។ យើងកំពុងបង្ហាញដល់ពិភពលោកថាតើភាពជាដៃគូរបស់យើងមានភាពរឹងមាំប៉ុនណា ហើយយើងប្រយុទ្ធរួមគ្នាបានល្អប៉ុនណាដែរ។

ទាហានហ្វ៊ីលីពីននិងទាហានអាមេរិករៀបចំអាវុធក្នុង អំឡុងពេលសមយុទ្ធ Balikatan។ សារព័ត៌មាន REUTERS

ទស្សនាវដ្តី FORUM៖ តើអ្នកបានចូលរួមក្នុង សមយុទ្ធ Balikatan ពីមុនដែរឬទេ?

លោកវរសេនីយ៍ឯក Sevilla៖ ខ្ញុំបានចូលរួមក្នុងសមយុទ្ធ Balikatan នៅពេលដែលខ្ញុំ នៅជាអនុសេនីយ៍ឯក។ ខ្ញុំជាជំនួយការនាយអគ្គសេនា​ធិការទទួលបន្ទុកការអប់រំ និងការបណ្តុះបណ្តាល កងវរសេនាធំនៃកងកម្លាំងពិសេស G8 (Airborne) នៅក្នុងឆ្នាំ 2000 ហើយនោះជាការចូលរួមលើកដំបូងរបស់ខ្ញុំនៅសមយុទ្ធ Balikatan។ ក្រៅពីជាមន្ត្រីហ្វឹកហ្វឺនរបស់កងកម្លាំងពិសេស ខ្ញុំបានចូលរួមក្នុងកម្រិតយុទ្ធសាស្ត្រជាមួយ ODA 186 (អាល់ហ្វានៃភាពដាច់តែឯងរបស់ប្រតិបត្តិការ ឬអង្គភាពប្រតិបត្តិការរបស់កងកម្លាំងពិសេស)។ ខ្ញុំបានចូលរួមក្នុងការហ្វឹកហ្វឺនអំពីយុទ្ធសាស្ត្ររបស់អង្គភាពតូចៗ។ ក្នុងរយៈពេលប្រាំពីរឆ្នាំក្រោយមក ខ្ញុំបានចូលរួមសមយុទ្ធ Balikatan ម្តងទៀត ហើយពេលនោះ ខ្ញុំគឺជាក្រុមប្រតិបត្តិការពិសេសរួមរបស់កងកម្លាំង AFP (AFP JSOG)។ នៅពេលនោះ JSOG ស្ថិតនៅក្រោមកងកម្លាំង AFP ដោយផ្ទាល់មិន មែនស្ថិតនៅក្រោម SOCOM ទេ។ ខ្ញុំធ្លាប់ជាមន្ត្រីស៊ើបការណ៍ ហើយខ្ញុំក៏ទទួលបានភារកិច្ចឱ្យចូលរួមក្នុងសមយុទ្ធ Balikatan បានពីរដងដែរ។ ខ្ញុំបានឃើញការវិវត្តរបស់សមយុទ្ធ Balikatan ហើយខ្ញុំបាន ឃើញមានការផ្លាស់ប្តូរជាច្រើន។ ពីមុន សមយុទ្ធត្រូវបានផ្តោតសំខាន់លើយុទ្ធសាស្ត្ររបស់អង្គភាពតូចៗ និងការផ្លាស់ប្តូរលើការហ្វឹកហ្វឺននៃ TTP [យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធី]។ ឥឡូវនេះ ការផ្តោតសំខាន់ គឺការផ្លាស់ប្តូរទៅលើគំនិតប្រតិបត្តិការ និងពង្រីកទៅលើវិសាលាភាពធំជាងនេះ និងទស្សនៈវិស័យធំជាងនេះ។ ខ្ញុំពិតជារីករាយណាស់ដែលមានបេសកកម្មប្រភេទប្រតិបត្តិការពិសេសផ្សេងទៀតត្រូវបានណែនាំនៅក្នុងសមយុទ្ធនេះ ហើយឥឡូវនេះយើងកំពុងផ្តោតលើការការពារទឹកដី មិនត្រឹមតែដោះស្រាយការគំរាមកំហែងចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ការពារអធិបតេយ្យភាពរបស់យើង ទឹកដីរបស់យើងផងដែរ។ ដូច្នេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះរឿងនោះ។

លោកវរសេនីយ៍ទោ Enriquez៖ខ្ខ្ញុំបានចូលរួមក្នុងសមយុទ្ធជាច្រើននៅប្រទេសហ្វ៊ីលីពីន ប៉ុន្តែចម្លែកអារម្មណ៍ដែរ គឺថានេះជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំបានចូលរួមក្នុងសមយុទ្ធ Balikatan។ អ្វី​ដែល​សំខាន់​ចំពោះ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​គឺ​ថាវាមានទ្រង់ទ្រាយធំ​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះគឺជាឱកាសពិសេសមួយ ដែលយើងត្រូវទាញយកអត្ថប្រយោជន៍ពីការហ្វឹកហ្វឺននៅកម្រិតខ្ពស់ ដូចជាលោកវរសេនីយ៍ឯក Sevilla បានលើកឡើងមកហើយ ដោយមើលទៅលើកម្រិតប្រតិបត្តិការ ហើយអាចជាកម្រិតយុទ្ធសាស្ត្រថែមទៀត។ នៅក្នុងសមយុទ្ធមុនៗ ការហ្វឹកហ្វឺនបែបយុទ្ធសាស្រ្តមានអត្ថប្រយោជន៍សម្រាប់ការពង្រឹងទំនាក់ទំនង។ ប៉ុន្តែការហ្វឹកហ្វឺននោះមិនចាំបាច់ផ្តល់ឱកាសដើម្បីធានាថាយើងអាចធ្វើការជាមួយគ្នាក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដនោះទេ។ យើងត្រូវតែរក្សាការប្រយុទ្ធ និងទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីសម្របសម្រួលប្រតិបត្តិការជាច្រើន។ ក្នុងសមយុទ្ធមុនៗមានទ្រង់ទ្រាយតូចជាងនេះជាមួយនឹងអង្គភាពទូទាំងប្រទេស អ្នករាល់គ្នាអាចធ្វើប្រតិបត្តិការដោយឯករាជ្យ ហើយវានៅតែជាការហ្វឹកហ្វឺនដ៏ល្អ។ ប៉ុន្តែយើងមិនអាចសម្រេចបានលទ្ធផលរួមបញ្ចូលគ្នា រួមគ្នានោះទេ។ ឥឡូវនេះ វាគឺជាឱកាសពិសេសមួយ ដែលយើងមានដៃគូផ្សេងៗគ្នាជាច្រើននៅទីនេះ មកពីប្រទេសហ្វ៊ីលីពីន និងភាគីរបស់យើង ក៏ដូចជាដៃគូអន្តរជាតិ — ជាមួយ SOF អូស្ត្រាលី យើងអាចធ្វើការជាមួយគ្នាក្នុងទ្រង់ទ្រាយដ៏ធំមួយ។ នោះពិតជាមានភាពខុសប្លែកគ្នាខ្លាំងសម្រាប់ឆ្នាំនេះ។

ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំមានចល័តភាពខ្ពស់ប្រភេទ M142 របស់សហរដ្ឋអាមេរិកបាញ់មីស៊ីលក្នុងអំឡុងពេលសមយុទ្ធ Balikatan ប្រចាំឆ្នាំ 2023 នៅខេត្ត Zambales។ THE ASSOCIATED PRESS

ទស្សនាវដ្តី FORUM៖ តើមានចំណុចសំខាន់អ្វីអំពី សមយុទ្ធ Balikatan ប្រចាំឆ្នាំ 2023?

លោកវរសេនីយ៍ឯក Sevilla៖ យើង​មាន​ការ​ហ្វឹកហ្វឺនជាមួយ​អូស្ត្រាលី ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពួក​គេ​បាន​ចូល​រួម​នៅក្នុងសមយុទ្ធ Balikatan។ ខ្ញុំគិតថាវាមិនមែនគ្រាន់តែជាអន្តរប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះវាគឺជាការធ្វើសមាហរណកម្មប្រព័ន្ធកាន់តែច្រើនផងដែរ ហើយវាជារឿងល្អណាស់ ពីព្រោះយើងដឹងការពិតដែលថាប្រព័ន្ធរបស់យើងមានភាពខ្សោយឆ្ងាយពីប្រព័ន្ធដែលយកមកពីសហរដ្ឋអាមេរិក យើងត្រូវមានលទ្ធភាពធ្វើសមាហរណកម្មប្រព័ន្ធរបស់ពួកគេទៅក្នុងប្រព័ន្ធរបស់យើង ដូច្នេះយើងអាចធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ប្រសិនបើមានសត្រូវ។

លោកវរសេនីយ៍ទោ Enriquez៖ខ្ញុំគិតថា យើងមិនអាចមើលរំលងបរិបទនេះបានទេ។ មានការព្រួយបារម្ភដែលទាក់ទងនឹងអធិបតេយ្យភាពទឹកដីរបស់ហ្វ៊ីលីពីន។ យើងចង់ធានាថាភាពជាដៃគូរបស់យើងទប់ស្កាត់ការឈ្លានពានគ្រប់ប្រភេទដែលអាចគំរាមកំហែងដល់អធិបតេយ្យភាពនោះ។ វាមានសារៈសំខាន់ដែលយើងបង្ហាញថា យើងអាចធ្វើការជាមួយគ្នា ការពារខ្លួនយើង និងមានដៃគូដ៏មានសមត្ថភាពនៅក្នុងប្រទេសហ្វ៊ីលីពីន។ សាវតារជនជាតិដើមរបស់ខ្ញុំគឺជនជាតិហ្វ៊ីលីពីន ហើយវាពិតរំភើបណាស់ក្នុងការត្រឡប់មកវិញ និងធ្វើការជាមួយនឹងវប្បធម៌ ដៃគូ ក៏ដូចជាមិត្តភាពដែលយើងមានជាយូរណាស់មកហើយ។ នោះ​ជា​ក្ដីរំភើប​ចិត្ត​ពិត​ប្រាកដ​សម្រាប់​ខ្ញុំ។ ដូច្នេះហើយ ក្នុងអំឡុងអាជីពវិជ្ជាជីវៈរបស់ខ្ញុំ ដោយមើលឃើញពីការអភិវឌ្ឍនៃទំនាក់ទំនងជាមួយដៃគូ SOF និង AFP នៅ SOCOM និងមើលឃើញថាការពង្រីកទីស្នាក់ការកណ្តាល និងសមត្ថភាពរបស់ពួកគេបានរីកចម្រើនដល់កម្រិតណា។ អ្វីដែលបានចាប់ផ្តើមក្នុងនាមជាក្រុមដៃគូតូចមួយ ឥឡូវនេះ បានពង្រីកខ្លួនទៅជាផ្នែកមួយ និងជាបញ្ជាការដ្ឋានមន្ត្រីប្រយុទ្ធជាន់ខ្ពស់ ហើយទន្ទឹមនឹងនេះ ទំនាក់ទំនងរបស់យើងជាមួយក្រុមកងកម្លាំងពិសេសទី 1 នៅតែរឹងមាំ។ នៅក្នុងន័យមួយគឺថា យើងបានរីកចម្រើនជាមួយគ្នា។

លោកវរសេនីយ៍ឯក Sevilla៖អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចំពោះ​សមយុទ្ធ Balikatan នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​លើកឡើងនាព្រឹក​មិញនេះនៅ​ក្នុង​ពិធី​បើក​ដ៏​សាមញ្ញ​របស់​យើង​សម្រាប់​ព្រឹត្តិការណ៍ SOFOR។ ខ្ញុំបានលើកឡើងថា វាគឺនៅពាក់កណ្តាល ឆ្នាំ 2021 នៅពេលដែលអ្នករៀបចំផែនការរបស់សហរដ្ឋអាមេរិកបានមកដល់ការិយាល័យរបស់ខ្ញុំ ហើយខ្ញុំបានប្រាប់ពួកគេថា៖ «ហេតុអ្វីមិនបង្កើតសេណារីយ៉ូ ឬគំនិតហ្វឹកហ្វឺនផ្សេងៗគ្នាសម្រាប់សមយុទ្ធ Balikatan? យើងមិនគួរផ្តោតតែលើយុទ្ធសាស្រ្តសម្រាប់អង្គភាពតូចៗនោះទេ។ ប្រហែលជាយើងអាចបញ្ចូលសង្រ្គាមមិនធម្មតា (UW) នៅក្នុងសមយុទ្ធ ប៉ុន្តែធ្វើនៅក្នុងទ្រង់ទ្រាយមានកំណត់។ ជំនួសឱ្យការអនុវត្តតាមដំណាក់កាលទាំងប្រាំពីរនៃ UW យើងអាចរំលងដំណាក់កាលមួយចំនួនរបស់វាបាន ដោយសារតែយើងមានពេលវេលាកំណត់ក្នុងសមយុទ្ធ»។ វាជាការល្អដែលពួកគេបានទទួលយកគំនិតនេះ។ វាគឺជាសមុយុទ្ធ Balikatan កាលពីឆ្នាំមុន នៅពេលដែល UW ត្រូវបានដាក់បញ្ចូលទៅក្នុងការហ្វឹកហ្វឺន ហើយវាពិតជាទាន់ពេលវេលា ដោយសារតែពីរបីសប្តាហ៍មុនពេលចាប់ផ្តើមសមយុទ្ធ Balikatan វិបត្តិអ៊ុយក្រែនបានផ្ទុះឡើង។ សេណារីយ៉ូដែលខ្ញុំបានពិភាក្សាជាមួយអ្នករៀបចំផែនការអាមេរិកនៅក្នុងអំឡុងទស្សនកិច្ចរបស់ពួកគេមកកាន់ការិយាល័យរបស់ខ្ញុំគឺស្ទើរតែដូចគ្នានឹងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនក្នុងពេលនេះដែរ។ ឥឡូវនេះខ្ញុំរំភើបណាស់ ដោយសាររបៀបដែលយើងនឹងអនុវត្តវា និងហាត់សមវា ហើយបង្កើតគំនិតដែលនឹងជួយមិនត្រឹមតែទាហានរបស់យើងប៉ុណ្ណោះទេ ថែមទាំងសហគមន៍ហ្វ៊ីលីពីនឱ្យមានភាពធន់ និងរឹងមាំប្រសិនបើមានការឈ្លានពានណាមួយ។ ដូច្នេះហើយ សមយុទ្ធ Balikatan នឹងក្លាយជាករណីសាកល្បងមួយ ហើយប្រហែលជានៅឆ្នាំក្រោយ [2024] យើងនឹងចង់ឱ្យវាពង្រីកបន្ថែមទៀត ហើយមិនត្រឹមតែផ្តោតលើ UW ឯកតោភាគីប៉ុណ្ណោះទេ ប៉ុន្តែវាគួរតែជាប្រភេទ UW ចម្រុះរួមបញ្ចូលគ្នា។

លោកវរសេនីយ៍ទោ Enriquez៖ អូ ពិតណស់! ជាពិសេស វត្តមាន SOF នៅទីនេះនៅតែមានបន្ត។ វាតែងតែមានភាពដាច់តែឯងនៃប្រតិបត្តិការកងកម្លាំងពិសេសរបស់កងទ័ពនៅទីនេះ រួមជាមួយនឹងដៃគូ SOF ផ្សេងទៀតមួយអន្លើដោយជម្រើសបន្ទាន់ដើម្បីពង្រីកក្នុងរយៈពេលជាច្រើនខែខាងមុខទៅកាន់ទីស្នាក់ការកណ្តាលរបស់កងវរសេនាតូច។ វាបង្ហាញអំពីការវិនិយោគកាន់តែធំនៅក្នុងភាពជាដៃគូ។ នៅផ្នែកប្រតិបត្តិការពិសេស យើងមិនប្រើស្លាក «អ្នកទីមួយដែលឆ្លើយតប» ទេ ពីព្រោះ «យើងនៅទីនោះរួចហើយ»។ យើងត្រៀមខ្លួនរួចរាល់ជានិច្ចដើម្បីទប់ទល់នឹងការឈ្លានពានជាមួយដៃគូរបស់យើង។

ទាហានហ្វ៊ីលីពីន និងទាហានអាមេរិកចូលរួមក្នុងការហ្វឹកហ្វឺនអាវុធក្នុងអំឡុងពេលសមយុទ្ទ Balikatan ប្រចាំឆ្នាំ 2023។ រូបភាព GETTY

ទស្សនាវដ្តី FORUM៖ តើអ្នកលើកកម្ពស់សមយុទ្ធ Balikatan និងការហ្វឹកហ្វឺនទ្វេភាគីដទៃទៀតដោយរបៀបណា? ហើយតើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់ប្រធាន និងអ្នកចូលរួមធ្វើសមយុទ្ធនាពេលអនាគត?

លោកវរសេនីយ៍ឯក Sevilla៖ ខ្ញុំជាអ្នកគាំទ្រគោលនយោបាយគ្រប់គ្រង់ជាតិនៃប្រទេសរបស់យើង។ វាជាផ្នែកមួយនៃការងាររបស់ខ្ញុំនៅពេលដែលខ្ញុំនៅជាមួយនឹងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋាភិបាលហ្វ៊ីលីពីន។ តាមពិតទៅ ខ្ញុំជាអ្នកនិពន្ធមួយរូបនៃសៀវភៅណែនាំស្ដីអំពីការគ្រប់គ្រង់វិបត្តិថ្នាក់ជាតិ​ដែលភ្ជាប់មកជាមួយបទបញ្ជានីតិប្រតិបត្តិលេខ 82 ផ្នែក 2012 ដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី លោក Benigno Aquino។ ដោយបានថ្លែងដូច្នេះ ខ្ញុំតែងតែលើកទឹកចិត្តដល់វិស័យសន្តិសុខរបស់យើងឱ្យបង្កើតផែនការបម្រុងសម្រាប់ការគំរាមកំហែង និងវិបត្តិដែលជិតនឹងកើតមានឡើង ហើយផែនការ បម្រុងនោះត្រូវបានបញ្ជាក់តាមរយៈការហាត់សម និងសមយុទ្ធ។ មនុស្សដែលចូលរួមក្នុងការរៀបចំផែនការបម្រុងក៏ត្រូវបានរួមបញ្ចូលក្នុងការហាត់សម និងសមយុទ្ធផងដែរ។ នោះហើយជាមូលហេតុដែលខ្ញុំគាំទ្រនូវអ្វីដែលនឹងក្លាយជាការហ្វឹកហ្វឺនបន្ទាប់ដែលសហរដ្ឋអាមេរិក និងហ្វ៊ីលីពីននឹងយល់ព្រមនាពេលខាងមុខ ដើម្បីតាមដាននូវអ្វីដែលយើងបានចាប់ផ្តើមនៅពេលនេះ។ នោះហើយជាមូលហេតុដែលខ្ញុំបាននឹងកំពុងប្រាប់ពួកគេក្នុងអំឡុងពេលសន្និសីទ និងកិច្ចប្រជុំរបស់យើង៖ ដើម្បីចាប់យកឱកាសនេះក្នុងការរៀនសូត្រពីបទពិសោធន៍ និងព្យាយាមសង្កេតមើលនូវអ្វីដែលសមភាគីរបស់យើងកំពុងធ្វើ ដូច្នេះនៅពេលដែលពួកគេត្រឡប់ទៅអង្គភាពរបស់យើងវិញ ពួកគេក៏អាចចែករំលែកនូវបទពិសោធន៍ និងការសង្កេតនោះជាមួយពួកយើងផងដែរ។ ខ្ញុំប្រហែលជាចូលរួមនៅកម្រិតខ្ពស់ជាងនេះ ប៉ុន្តែខ្ញុំមិនអាចឃើញអ្វីដែលពួកគេកំពុងធ្វើនៅកម្រិតទាបនោះទេ។ ក្នុងនាមជាប្រធានសមយុទ្ធនៃ SOFOR បន្ទាប់ពីការហ្វឹកហ្វឺននេះ នឹងមានការវាយតម្លៃក្រោយការហ្វឹកហ្វឺន ហើយយើងនឹងប្រមូលយកអ្វីដែលយើងបានរៀន អ្វីដែលយើងបានសង្កេតមើលឃើញ និងបទពិសោធន៍ដែលយើងទទួលបាន ដើម្បីឱ្យចំណេះដឹង និងបទពិសោធន៍ទាំងនោះបានចែករំលែកទៅដល់កងពលពីរទៀតដែលមិនបានចូលរួមហ្វឹកហ្វឺននៅទីនេះ។ ខ្ញុំជំរុញឱ្យពួកគេចាប់យកឱកាសនេះដើម្បីសិក្សាអំពីប្រព័ន្ធដែលយើងមានមិនត្រឹមតែបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវិធីដែលដំណើរការទាំងនោះត្រូវបានអនុវត្តផងដែរ។

លោកវរសេនីយ៍ទោ Enriquez៖ ខ្ញុំប្រាប់ទាហានរបស់ខ្ញុំថា៖ «កសាងក្រុមរបស់អ្នក និងពង្រឹងគាំទ្រក្រុមរបស់អ្នក ព្រោះនៅពេលដែលអ្នកស្ថិតនៅទីតាំងនេះជាមួយដៃគូលើកក្រោយ អ្នកប្រហែលជាត្រូវប្រយុទ្ធ»។ ដូច្នេះ ចូរប្រើឱកាសនេះដើម្បីត្រៀមខ្លួន។ យើងនិយាយអំពីអន្តរប្រតិបត្តិការ ហើយយើងនិយាយអំពីការកសាងសមត្ថភាព។ ប៉ុន្តែ ខ្ញុំពិតជាផ្ដល់តម្លៃយ៉ាងខ្លាំងដល់ផ្នែកមនុស្ស និងទំនាក់ទំនង។ អ្នកណាដែលខ្ញុំទុកចិត្ត ហើយតើពួកគេទុកចិត្តខ្ញុំដែរឬទេ? នេះគឺជាឱកាសកសាងទំនាក់ទំនង ដោយសារតែអ្នកដឹងថា ប្រសិនបើវិបត្តិកើតឡើង អ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីកសាងទំនុកចិត្តទេ ហើយអ្នកនឹងត្រូវធ្វើការរួមគ្នាក្នុងស្មារតី Balikatan ឈរប្រកៀកស្មាគ្នា [Balikatan ជាពាក្យក្នុងភាសាតាហ្កាឡុក មានន័យថាឈរប្រកៀកស្មាគ្នា]។ យើងត្រូវតែធ្វើសកម្មភាពរួមគ្នាយ៉ាងម៉ឺងម៉ាត់ និងយ៉ាងឆាប់រហ័ស ពីព្រោះពេលវេលាគឺមានតម្លៃបំផុតក្នុងពេលមានវិបត្តិ។ ដូច្នេះ ពេលនេះយើងកំពុងតែហ្វឹកហាត់ ដើម្បីកសាងសមត្ថភាពនោះ។ យើងទប់ស្កាត់ការឈ្លានពាន តាមរយៈកសាងសមត្ថភាព និងការទុកចិត្តនៅពេលនេះ ព្រោះថាមិនមាននរណាម្នាក់នឹងចង់មករញ៉េរញ៉ៃជាមួយក្រុមរបស់យើងនោះទេ។ យើងចូលរួមសកម្មភាពនេះទាំងអស់គ្នា។

ទស្សនាវដ្តី FORUM៖ តើមានអ្វីមានផ្សេងទៀតដែលអ្នកចង់សង្កត់ធ្ងន់អំពីសមយុទ្ធ Balikatan ឬភាពជាដៃគូរវាងប្រទេសហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកដែរទេ?

លោកវរសេនីយ៍ឯក Sevilla៖ខ្ញុំគ្រាន់តែចង់បង្ហាញអំពីសេចក្ដីថ្លែងអំណរគុណដល់សមភាគីរបស់យើង។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នាម្តងទៀតជាមួយពួកគេនាពេលអនាគត និងនៅក្នុងសមយុទ្ធធំជាងនេះទៅទៀត។ យើងពិតជាអរគុណណាស់ ជាពិសេស ដោយសារ SOCOM [របស់កងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន] នៅតែជួបប្រទះការលំបាកជាច្រើន នៅពេលយើងទើបតែប្រារព្ធខួបទីប្រាំនៃការបង្កើតបញ្ជាការដ្ឋាននេះ។ យើងនៅតែត្រូវការការហ្វឹកហ្វឺនជាច្រើន និងការសិក្សាអំពីរបៀបដែលពួកគេប្រតិបត្តិ SOCOM នៅក្នុងសហរដ្ឋអាមេរិក។ យើងទន្ទឹមរង់ចាំធ្វើការរួមគ្នាជាមួយ SOCOM សហរដ្ឋអាមេរិកដោយផ្ទាល់ មិនត្រឹមតែជាមួយបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកប៉ុណ្ណោះទេ។

លោកវរសេនីយ៍ទោ Enriquez៖ខ្ញុំពិតមានសេចក្ដីថ្លែងអំណរគុណយ៉ាងខ្លាំងដល់សមមិត្តរបស់ SOCOM នៃកងកម្លាំង AFP សម្រាប់បដិសណ្ឋារកិច្ច និងភាពជាដៃគូ ភាតរភាព មិត្តភាព។ ទាហានរបស់ខ្ញុំទាំងអស់រីករាយជានិច្ច ដែលអាចធ្វើការនៅក្នុងប្រទេសហ្វ៊ីលីពីន។ ចាប់តាំងពីកម្រិតយុទ្ធសាស្ត្រ រហូតដល់ថ្នាក់ជាតិ យើងតែងតែមានអារម្មណ៍ថាយើងទទួលបានការស្វាគមន៍ជានិច្ច។ វា​ដូចជា​យើង​ជា​មិត្តភក្ដិ​និងគ្រួសារ​ដែល​បែកគ្នាជាយូរមកហើយ ហើយនេះគឺជាឱកាសក្នុងការហ្វឹកហាត់ទ្រង់ទ្រាយធំ។ ខ្ញុំសង្ឃឹមថាយើងនឹងបន្កកសាងក្រុមនេះ។ យើងមានកងកម្លាំងអូស្ត្រាលីនៅទីនេះ ដែលអាចចូលរួមជាមួយយើងផងដែរ។ ចូរបន្តធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលយើងអាចធ្វើបាន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button