តំបន់អាស៊ីអគ្នេយ៍ / SEAវិវាទ/ភាពតានតឹងសកម្មភាពខុសច្បាប់អាស៊ីឥសាន / NEA

របាយការណ៍៖ នាវានេសាទរបស់ PRC អ្នករំលោភបំពានដ៏ខ្លាំងលើពលកម្មដោយបង្ខំ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាអ្នករំលោភបំពានដ៏ឈានមុនគេលើពលកម្មដោយបង្ខំនៅលើនាវានេសាទជាសកល។

របាយការណ៍ដែលមានចំណងជើងថា៖ «Dark webs៖ ការលាតត្រដាងឱ្យឃើញអ្នកដែលនៅពីក្រោយពលកម្មដោយបង្ខំលើកងនាវានេសាទពាណិជ្ជកម្ម» ដោយសម្ព័ន្ធតម្លាភាពហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានផ្តោតលើនាវាដែលប្រតិបត្តិការទាំងនៅលើដែនសមុទ្រអន្តរជាតិ ឬនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ប្រវែងចម្ងាយ 200 ម៉ាយល៍របស់ប្រទេសផ្សេងទៀត។ របាយការណ៍នាខែវិច្ឆិកា ឆ្នាំ 2023 បានរកឃើញថា មួយភាគបួននៃនាវានេសាទពាណិជ្ជកម្មត្រូវបានសង្ស័យថាបានរំលោភបំពានលើកម្មករ គឺបានធ្វើដំណើរនៅក្រោមទង់ PRC។

អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា អ្នកនេសាទចំនួន 128 000 នាក់នៅទូទាំងពិភពលោកត្រូវបានជាប់នៅក្នុងពលកម្មដោយបង្ខំនៅលើនាវា នេះបើយោងតាមរបាយការណ៍ឆ្នាំ 2022 ដែលមានចំណងជើងថា «ការប៉ាន់ស្មានជាសកលនៃទាសភាពសម័យទំនើប» ។ របាយការណ៍ដដែលនោះក៏បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ តួលេខនោះ «ទំនងជាវាយតម្លៃទាបពេកអំពីវិសាលភាពពេញលេញនៃបញ្ហានេះ។ ភាពនៅដាច់ពីគេនៃកន្លែងធ្វើការធ្វើឱ្យពិបាកក្នុងការទៅជួបអ្នកនេសាទដែលទទួលរងផលប៉ះពាល់ ខណៈពេលដែលភាពងាយរងគ្រោះខ្លាំង ដែលមានមកជាមួយនឹងការងារនៅសមុទ្រ ក៏ដូចជាហានិភ័យនៃផលវិបាក ដែលអាចនាំឱ្យអ្នកនេសាទមានការស្ទាក់ស្ទើរក្នុងការរាយការណ៍ និងពិភាក្សាអំពីការរំលោភបំពាន»។

នាវាដែលមានដោតទង់ PRC គឺជាជនល្មើសចម្បងនៃការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងធនធានវារីជាតិ Poseidon និងគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) គំរាមកំហែងដល់សន្តិសុខស្បៀងអាហារ ស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីដែនសមុទ្រសកល។

ការប្លន់យកផ្កាថ្ម លាសសមុទ្រ និងត្រីរបស់ PRC គឺជា «ការលួចក្នុងទ្រង់ទ្រាយធំ ពោលគឺជាសង្គ្រាមដែលមិនមានការរឹតត្បិតលើធនធានធម្មជាតិ» នេះបើយោងតាម លោក Kevin Edes អ្នកវិភាគសន្តិសុខដែនសមុទ្រនៃកម្មវិធី SeaLight ដែលជាគម្រោងរបស់មជ្ឈមណ្ឌល Gordian Knot នៃសាកលវិទ្យាល័យ Stanford សម្រាប់នវានុវត្តន៍សន្តិសុខជាតិបានសរសេរនៅលើគេហទំព័ររបស់កម្មវិធី SeaLight កាលពីខែវិច្ឆិកាឆ្នាំ 2023។ លោក Edes បានកត់សម្គាល់ឃើញថា នាយឧត្តមនាវី លោកស្រី Linda Fagan មេបញ្ជាការនៃឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកបានពិពណ៌នាអំពីការនេសាទ IUU របស់ PRC ថា៖ «ជាការលួចធនធានធម្មជាតិរបស់ប្រទេសមួយ»។

ការនេសាទ IUU ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកងនាវាដែនទឹកដ៏ឆ្ងាយ ដែលប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ ឬដែនទឹករបស់ប្រទេសផ្សេងៗទៀត រួមទាំងកងនាវារបស់ PRC ដែលជាកងនាវាធំជាងគេបំផុតរបស់ពិភពលោក។ នាវាដែលចូលរួមក្នុងការនេសាទ IUU ជ្រើសរើសកម្មករពីក្រុមប្រជាជនដែលងាយរងគ្រោះ និងជួបការលំបាក ដែលអាចនាំឱ្យមានការជួញដូរមនុស្ស និងអំពើហិង្សា ក៏ដូចជាការរំលោភបំពានលើពលកម្ម។

សម្ព័ន្ធតម្លាភាពហិរញ្ញវត្ថុបានកំណត់អត្តសញ្ញាណនាវាចំនួន 475 គ្រឿង ដែលត្រូវបានសង្ស័យថា បានប្រើប្រាស់ពលកម្មដោយបង្ខំចាប់តាំងពីឆ្នាំ 2010 ទោះបីជាព័ត៌មានអំពីទង់ជាតិត្រឹមត្រូវគឺមិនអាចរកបានពីចំនួនប្រហែលជាពាក់កណ្តាលនៃទូកទាំងនោះ ដោយសារតែខ្វះតម្លាភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិក៏ដោយ។

របាយការណ៍បានលើកឡើងទៀតថា ក្រុមហ៊ុនចំនួន 77 ដែលប្រតិបត្តិការទូកនេសាទពាណិជ្ជកម្មក្រោមទង់ជាតិរបស់ PRC បានប្រើប្រាស់ពលកម្មដោយបង្ខំ ដោយកំណត់អត្តសញ្ញាណក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុន ZheJiang Hairong Ocean Fisheries Co. និងក្រុមហ៊ុន Pingtan Marine Enterprises ជាជនល្មើសដ៏ចម្បង។ បើគិតរួមបញ្ចូលគ្នា ក្រុមហ៊ុនទាំងនេះ បានប្រតិបត្តិការនាវាចំនួន 17 គ្រឿង ដែលទទួលរងការចោទប្រកាន់ថា ពឹងផ្អែកលើកម្លាំងពលកម្មដោយបង្ខំ។

លោកស្រី Beth Lowell អនុប្រធានក្រុមអភិរក្សសហរដ្ឋអាមេរិកប្រចាំអង្គការ Oceana បានថ្លែងប្រាប់ The Associated Press ថា៖ «ជាថ្មីម្តងទៀត យើងកំពុងមើលឃើញការពិតដ៏គួរឱ្យសោកស្ដាយចំពោះអ្វីដែលកំពុងកើតឡើងនៅលើនាវានេសាទពាណិជ្ជកម្មមួយចំនួននៅដែនសមុទ្រ ហើយរឿងនេះគឺមិនអាចទទួលយកបានទាំងស្រុងតែម្ដង»។ «ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតមិនគួរជាថ្លៃចំណាយសម្រាប់អាហារពេលល្ងាចបែបអាហារសមុទ្រនោះទេ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button