រដ្ឋមន្ត្រីការពារជាតិអាស៊ាន គាំទ្រមតិ ស្ថិរភាព និងសន្តិសុខក្នុងតំបន់

Gusty Da Costa
ការលើកកម្ពស់ស្ថិរភាពតាមរយៈការទូតការពារជាតិពហុភាគីក្នុងអំឡុងពេលភាពតានតឹងក្នុងតំបន់កើនឡើងគឺជាការផ្តោតអារម្មណ៍របស់មេដឹកនាំការពារជាតិអាស៊ីអាគ្នេយ៍ និងសមភាគីមកពីកន្លែងផ្សេងទៀតក្នុងឥណ្ឌូប៉ាស៊ីហ្វិកក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី 10 ឬ ADMM-Plus នៅក្នុង ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ 2023។
រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសចំនួនប្រាំបួនក្នុងចំណោមប្រទេសអាស៊ានទាំង 10 បានចូលរួម រួមជាមួយនឹងដៃគូសន្ទនាអាស៊ានទាំងប្រាំបី៖ អូស្ត្រាលី ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋប្រជាមានិតចិន (PRC) រុស្ស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ប្រទេសភូមាដែលជាសមាជិកអាស៊ាន ដែលផុងជាប់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ 2021 មិនមានវត្តមានតំណាងនោះទេ។
ឯកសារចំនួនដប់ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ រួមមាន៖ ឯកសារគោលគំនិតស្តីពីការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) តាមទស្សនៈវិស័យការពារជាតិ ការកែប្រែសេចក្តីព្រាងនៃនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់វេទិកាស៊ើបការណ៍ ASEAN Our Eyes និងមួយស្តីពីការប្រើប្រាស់ធនធានយោធា ដើម្បីគាំទ្រដល់សន្តិសុខស្បៀងក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោកបណ្ឌិត Ng Eng Hen និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានសង្កត់ធ្ងន់លើតម្លៃនៃវេទិកានេះ ស្របពេលមានភាពតានតឹងកើតឡើងនោះ។
លោក Eng បានថ្លែងថា អ្នកចូលរួម «មិនបានព្យាយាមចង់លាក់ទុកបញ្ហាដូចបោសដីចូលក្រោមកម្រាលព្រំ ធ្វើដូចជាមិនរឿងអ្វីកើតឡើងនោះទេ»។ ផ្ទុយទៅវិញ ពួកគេបានមកពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់សំខាន់ៗ និង «ធ្វើឱ្យមានវឌ្ឍនភាពក្នុងបញ្ហាលំបាកទាំងនេះ»។
លោក Prabowo បានលើកឡើងថាកិច្ចខិតខំប្រឹងប្រែងកំពុងតែបន្តដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងដើម្បីជៀសវាង «ការយល់ច្រឡំ» នៅក្នុងផ្លូវទឹកដ៏សំខាន់។ លោកបានថ្លែងថា៖ «វាអាចនឹងមានឧប្បត្តិហេតុដែលកើតឡើងប្រឆាំងនឹងឆន្ទៈរបស់យើង ដូច្នេះយើងមិនចង់បង្កើនភាពតានតឹងនោះទេ»។
លោក Prabowo ក៏បានកត់សម្គាល់ផងដែរអំពីជម្លោះនៅក្នុងប្រទេសភូមា។ លោកបានថ្លែងថា៖ «អាស៊ានប្រកាន់យកគោលការណ៍មិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ»។ «ប៉ុន្តែយើងនឹងប្រើឥទ្ធិពលរបស់យើង…ដើម្បីជំរុញការដោះស្រាយដោយសន្តិវិធី»។
លោក Prabowo បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅក្រៅកិច្ចប្រជុំ ADMM-Plus ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងរដ្ឋាភិបាលរបស់ពួកគេ។ លោក Prabowo បានលើកឡើងថា កិច្ចប្រជុំនេះគឺជាឱកាសដែលមិនអាចកាត់ថ្លៃបាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យការយល់ដឹងអំពីស្ថានភាពសន្តិសុខដ៏ខ្លាំងក្លារបស់អាស៊ីអាគ្នេយ៍កាន់តែស៊ីជម្រៅ។ លោកបានលើកឡើងទៀតថា ផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកគឺការបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការប្រឈមមុខបញ្ហាដែលកំពុងវិវត្តនេះ។
លោក Prabowo បានថ្លែងថា៖ «អនុញ្ញាតឱ្យយើងចាប់យកឱកាសនេះដើម្បីកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យកាន់តែរឹងមាំ និងធន់ជាងមុន ដែលជាកន្លែងមួយដែលមានសន្តិភាព វិបុលភាព និងសន្តិសុខ»។
តាមរយៈការតស៊ូមតិសម្រាប់ការអនុវត្ត AOIP តាមទស្សនៈវិស័យការពារជាតិ រដ្ឋមន្ត្រីបានប្រកាន់យកជំហរដ៏សំខាន់មួយក្នុងការគាំទ្រសន្តិសុខ ឯករាជ្យភាព និងវិបុលភាពរបស់អាស៊ាន លោក Nikolaus Loy អ្នកជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ UPN «អតីតយុទ្ធជន» នៅ Yogyakarta ប្រទេសឥណ្ឌូណេស៊ី បានប្រាប់មកទស្សនាវដ្តី FORUM។
លោកបានមានប្រសាសន៍ថា «ជំហរឯករាជ្យនេះសង្កត់ធ្ងន់ទៅលើសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបន្តតាមរយៈកិច្ចសហប្រតិបត្តិការបើកចំហ និងរួមបញ្ចូលនៅក្នុងតំបន់សមុទ្រ សេដ្ឋកិច្ច និងការអភិវឌ្ឍ»។
លោក Loy បានកត់សម្គាល់ថា ដោយសារការកសាងកម្លាំងយោធារបស់ PRC និង «កិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាមហាអំណាចសកល» ក៏ដូចជាការគំរាមកំហែងខុសប្លែកពីសព្វដង ដូចជាគ្រឿងញៀន និងការជួញដូរមនុស្ស គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិមានសារៈសំខាន់កាន់តែខ្លាំងឡើង។ «កត្តាទាំងនេះធ្វើឱ្យប្រទេសណាមួយក៏ដោយក៏មិនអាចរក្សាស្ថិរភាពក្នុងតំបន់ ដោយសារការចំណាយ និងហានិភ័យដ៏ច្រើនសន្ធឹកសន្ធាប់ដែលពាក់ព័ន្ធនោះ»។
លោក Prabowo បានលើកឡើងថា ADMM-Plus អាចនឹងត្រូវបានពង្រីកក្នុងពេលឆាប់ៗនេះ ជាមួយនឹងគោលការណ៍ណែនាំដែលបានអនុម័តនៅក្នុងខែវិច្ឆិកា ដើម្បីផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ទីម័រខាងកើត ដែលជាប្រទេសឯករាជ្យមួយចាប់តាំងពីឆ្នាំ 2002 ដែលត្រូវបានកំណត់ឱ្យក្លាយជាសមាជិកទី 11 របស់អាស៊ាន។ លោកបានបន្តថា សហភាពអឺរ៉ុប បារាំង និងចក្រភពអង់គ្លេសក៏មានចំណាប់អារម្មណ៍ក្នុងការបញ្ជូនតំណាងទៅកិច្ចប្រជុំ ADMM-Plus។
លោក Gusty Da Costa គឺជាសហការីនិពន្ធរបស់ទស្សនាវដ្ដី FORUM ដែលរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។