យន្តហោះប្រភេទ B-52 របស់កងទ័ពអាកាសអាមេរិកដើរតួនាទីក្នុងការកសាងភាពជាដៃគូសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

កងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាមេរិក
កងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាមេរិក (PACAF) បានធ្វើប្រតិបត្តិការជាង 30 ដងក្នុងអំឡុងពេលនៃការដាក់ពង្រាយកងកម្លាំងទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះទៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អាកាសយានិកជាង 215 នាក់មកពីតំបន់ទទួលខុសត្រូវរបស់កងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាមេរិក (PACAF) និងយន្តហោះប្រភេទ B-52H Stratofortress ចំនួនបួនគ្រឿងចេញពីមូលដ្ឋានទ័ពអាកាស Barksdale រដ្ឋ Louisiana បានធ្វើសមាហរណកម្មត្រីភាគីជាលើកដំបូងជាមួយកងកម្លាំងជប៉ុន និងសាធារណរដ្ឋកូរ៉េ (ROK)។
ប្រភពវីដេអូ៖ អនុសេនីយ៍ត្រី JONATHAN VILLEGAS/កងទ័ពអាកាសអាមេរិក
បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សមយុទ្ធធោយោតាមដែនអាកាសនេះពង្រឹងអន្តរប្រតិបត្តិការជាបន្តបន្ទាប់នៃកងកម្លាំងរួមរបស់យើង និងបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងត្រីភាគីជាមួយសម្ព័ន្ធមិត្តជប៉ុន និងសាធារណរដ្ឋកូរ៉េរបស់យើង»។
យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 របស់កងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំងប្រភេទ F-16 ចំនួនបីគ្រឿង បានហោះហើរជាមួយនឹងយន្តហោះចម្បាំងប្រភេទ F-15K ចំនួនបីគ្រឿងមកពីកងទ័ពអាកាស សាធារណរដ្ឋកូរ៉េ (ROK) និងយន្តហោះចម្បាំងប្រភេទ F-2 ចំនួនបួនគ្រឿងមកពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) ក្នុងអំឡុងពេលសមយុទ្ធ ដែលធ្វើឡើងនៅក្បែរឧបទ្វីបកូរ៉េខាងត្បូង ជាកន្លែងដែលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង និងជប៉ុនត្រួតលើគ្នា នេះបើយោងតាមសម្តីកងទ័ពអាកាសរបស់ ROK។
យន្តហោះ Stratofortress ដែលជាយន្តហោះផ្ទុកមីសុីលគ្រូសដ៏សំខាន់សម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិក អាចផ្ទុកអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ឬអាវុធយុទ្ធភ័ណ្ឌធម្មតាដែលបញ្ជាចំគោលដៅបានច្បាស់។
សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែសីហា ឆ្នាំ 2023 នៅឯជំរុំ Camp David រដ្ឋ Maryland ដែលជាកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសអំពីផែនការសម្រាប់ «សមយុទ្ធត្រីភាគីពហុដែន» ប្រចាំឆ្នាំ។
ជាប្រវត្តិសាស្ត្រ កងទ័ពអាកាសអាមេរិកបានធ្វើសមយុទ្ធទ្វេភាគីប្រចាំឆ្នាំជាមួយនឹងជប៉ុន និង ROK។ នៅពាក់កណ្តាលខែតុលាឆ្នាំ 2023 កងកម្លាំង JASDF និងកងទ័ព PACAF បានធ្វើសមយុទ្ធដោយប្រើយន្តហោះប្រភេទ B-52 របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង និងយន្តហោះចម្បាំងមកពីប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា យន្តហោះ B-52 របស់សហរដ្ឋអាមេរិក បានធ្វើការហោះហើរនៅឯពិព័រណ៍អវកាស និងការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល កាលពីឆ្នាំ 2023 ហើយវាគឺជាយន្តហោះប្រភេទនេះដំបូងគេបង្អស់ ដែលបានចុះចតនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ការបង្ហាញកម្លាំងដែនអាកាសបានប្រារព្ធខួបលើកទី 70 នៃសម្ព័ន្ធភាពរវាង ROK និងសហរដ្ឋអាមេរិក។ យន្តហោះរបស់ PACAF ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នេះរួមមានយន្តហោះប្រភេទ F-22 Raptor និងយន្តហោះចម្បាំងប្រភេទ F-16 Fighting Falcon។
បន្ថែមពីលើការបង្កើតភាពជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការដាក់ពង្រាយកងកម្លាំងទម្លាក់គ្រាប់បែកក្នុងខែតុលា និងខែវិច្ឆិកា បានបង្ហាញពីសមត្ថភាពរបស់ PACAF ក្នុងការទប់ស្កាត់ បដិសេធ និងគ្របដណ្តប់លើការឈ្លានពាន ឬការប៉ុនប៉ង ដើម្បីបង្កឥទ្ធិពល ពីសំណាក់បច្ចាមិត្ត។ សកម្មភាពទាំងនេះបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាស និងកងទ័ពជើងទឹក ដោយសង្កត់ធ្ងន់លើសង្គ្រាមដែនសមុទ្រ។
កងអនុសេនាធំទម្លាក់គ្រាប់បែកសម្រាប់បេសកកម្មលើកទី 96 របស់កងទ័ពអាកាសអាមេរិក ដែលរួមមានកងកម្លាំងនេះ បានប្រតិបត្តិការចេញពីមូលដ្ឋានទ័ពអាកាស Andersen កោះហ្គាម ក្នុងអំឡុងពេលនៃការដាក់ពង្រាយនេះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។