តំបន់អូសេអានីទស្សនៈសាកលភាពជាដៃគូ

បេសកកម្មរបស់កងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែកអាមេរិកបង្ហាញពីសមត្ថភាពយោធាដែលអាចជឿទុកចិត្តបានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូប៉ាស៊ីហ្វិក

ទីបញ្ជាការយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក

បេសកកម្មរបស់កងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែក (BTF) បង្ហាញពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពលើកងកម្លាំងទម្លាក់គ្រាប់បែករបស់ខ្លួនលើគ្រប់បេសកកម្មដែលបានចាត់តាំងទាំងអស់ នៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅគ្រប់ពេលវេលា ហើយជារឿយៗមានធ្វើសមាហ័រណ និងការហ្វឹកហ្វឺនជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅទូទាំងតំបន់។

នៅឆ្នាំ 2023 បេសកកម្ម BTF បានបង្ហាញឱ្យឃើញជាប្រចាំនិងយ៉ាងជាក់ស្តែងថា សម្ព័ន្ធមិត្ត និងដៃគូរួមគ្នាមានភាពរឹងមាំ និងមានប្រសិទ្ធភាពជាងមុនក្នុងការទប់ស្កាត់ការគំរាមកំហែង និងការការពារតម្លៃ និងផលប្រយោជន៍រួម។

កាលពីខែកុម្ភៈ យន្តហោះទម្លាក់គ្រាប់ B-1B Lancers របស់កងទ័ពអាកាសអាមេរិក ដែលជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់រយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធធម្មតាដែលកំណត់គោលដៅបានច្បាស់ និងមិនកំណត់គោលដៅបានច្រើនធំបំផុតនៅក្នុងសារពើភ័ណ្ឌរបស់កងទ័ពអាកាស បានចុះចតនៅមូលដ្ឋានទ័ពអាកាស Andersen កោះ Guam ដើម្បីបំពេញបេសកកម្ម BTF។ បេសកកម្មនេះបង្ហាញពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយយ៉ាងឆាប់រហ័ស គ្រប់ទីកន្លែង គ្រប់ពេលវេលា និងដើម្បីផ្តល់នូវជម្រើសនៃការវាយប្រហារជាសកលដ៏ជាក់លាក់សម្រាប់មេបញ្ជាការប្រយុទ្ធ។

យន្តហោះទម្លាក់គ្រាប់បែកធុន B-52H Stratofortress របស់កងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធត្រៀមលក្ខណៈ ដើម្បីធានាបាននូវសមត្ថភាពប្រយុទ្ធនៅឆ្នាំ 2020។
ប្រភពវីដេអូ៖ ពលឯក លោក BAYLEE YASSU/កងទ័ពអាកាសអាមេរិក

លោកវរសេនីយ៍ទោ Jeffrey Carter មេបញ្ជាការផ្នែកប្រតិបត្តិការនៃកងអនុសេនាធំបេសកកម្មទម្លាក់គ្រាប់បែកទី 34 បានលើកឡើងថា៖ «បេសកកម្មរបស់យើងនៅទីនេះដើរតួយ៉ាងសំខាន់ក្នុងការធានាឱ្យតំបន់ថាមវន្តនៅទីនេះមិនមានការបង្ខិតបង្ខំ និងអាចចូលដំណើរការបានសម្រាប់មនុស្សគ្រប់គ្នា»។

ក្នុងខែមីនា យន្តហោះទម្លាក់គ្រាប់បែកបានធ្វើសមយុទ្ធដែនអាកាសរួមបញ្ចូលគ្នាជាមួយយន្តហោះចម្បាំងបំបាំងខ្លួនពីរាដ៉ា F-35A Lightning II របស់កងទ័ពអាកាសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងយន្តហោះចម្បាំង F-16 Fighting Falcon របស់សហរដ្ឋអាមេរិកនៅលើឧបទ្វីបកូរ៉េ។

ជាមួយគ្នានោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំ និងបន្តពង្រឹងអន្តរប្រតិបត្តិការ បង្កើនសមត្ថភាពដាក់ពង្រាយនៃកងកម្លាំងឆ្លើយតបដែលអាចបត់បែនបាន និងបង្កើនសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រក្នុងសម័យសង្គ្រាមឱ្យរឹងមាំ។

យន្តហោះ B-1B Lancers បានបញ្ចប់ការដាក់ពង្រាយយន្តហោះទាំងនេះតាមរយៈការចូលរួមនៅក្នុងសមយុទ្ធ Cope India 2023 ជាមួយនឹងកងទ័ពអាកាសឥណ្ឌា។ សមយុទ្ធទ័ពអាកាសអាមេរិកប៉ាស៊ីហ្វិក (PACAF) ដ៏យូរអង្វែងនេះបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងសហរដ្ឋអាមេរិក និងកសាងបន្ថែមលើសមត្ថភាពដែលមានស្រាប់ យុទ្ធសាស្ត្រអាកាសយានិក និងការងារកងកម្លាំង។ ការធ្វើឡើងម្តងទៀតនេះបានកត់សម្គាល់ឱ្យឃើញពីការចូលរួមរបស់យន្ដយោះ B-1B Lancer ជាលើកដំបូងនៅក្នុងសមយុទ្ធជាមួយប្រទេសឥណ្ឌា។

ភាពជាដៃគូរវាងកងកម្លាំងឥណ្ឌា និងសហរដ្ឋអាមេរិកនៅតែបន្តរីកចម្រើនតាមរយៈការចែករំលែកព័ត៌មាន មន្ត្រីទំនាក់ទំនង កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យការពារជាតិ និងសមយុទ្ធកាន់តែជឿនលឿនដូចជាសមយុទ្ធ Cope India ជាដើម។ លោកវរសេនីយ៍ទោ Jared Tomlin មេបញ្ជាការរងនៃក្រុមប្រតិបត្តិការទី 28 ដែលបានដឹកនាំកងអនុសេនាធំទម្លាក់គ្រាប់បែកទី 34 នៅក្នុងប្រទេសឥណ្ឌាបានលើកឡើងថា៖ «ឱកាសដូចជាសមយុទ្ធ Cope India ជាដើម ជាការបង្កើនការយល់ដឹងទៅវិញទៅមករបស់យើង ដែលអនុញ្ញាតឱ្យមានការសន្ទនាបើកចំហ និងការផ្លាស់ប្តូរគំនិតដែលនឹងផ្តល់ផ្លែផ្កាឆ្ពោះទៅមុខបន្តទៀត»។

ការបង្កើនសមត្ថភាពប្រយុទ្ធ និងការធ្វើឱ្យប្រសើរឡើងនូវភាពឆបគ្នានៃអ្នកចម្បាំងរវាងកងទ័ពអាកាសឥណ្ឌា និងសហរដ្ឋអាមេរិក ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់។

មិនយូរប៉ុន្មាន យន្តហោះទម្លាក់គ្រាប់បែក B-1B បានចាកចេញពីកោះ Guam ក្នុងខែមេសា ហើយអាកាសយានិកជាង 210 នាក់ និងយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចំនួនបួនបានមកដល់ ដើម្បីបន្តគាំទ្រការហ្វឹកហ្វឺន PACAF ជាមួយសម្ព័ន្ធមិត្ត និងដៃគូ និងកងកម្លាំងរួម។

ប្រតិបត្តិការ BTF គាំទ្របេសកកម្មបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ដោយផ្តល់ឱកាសឱ្យអាកាសយានិកថ្នឹកជាមួយប្រតិបត្តិការនៅក្នុងបរិយាកាសរួម និងសម្ព័ន្ធភាព។ BTF ក៏ជួយឱ្យយន្តហោះទម្លាក់គ្រាប់បែកផ្តោតលើវិសាលគមពេញលេញនៃប្រតិបត្តិការយោធា រួមទាំងបេសកកម្មប្រយុទ្ធ និងជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយផងដែរ។

នាវា USNS Charles Drew ពីខាងឆ្វេង, នាវា USS Comstock, នាវាចម្បាំង USS Shiloh, នាវា USS New Orleans, នាវា USS Chicago, នាវា USS America, នាវាផ្ទុកយន្តហោះចម្បាំង USS, Ronald Reagan, នាវា USNS John Ericsson, នាវាចម្បាំង USS Antietam, នាវា USS Germantown និងនាវា USNS Sacagawea របស់កងទ័ពជើងទឹកអាមេរិកធ្វើដំណើរនៅក្នុងសមុទ្រហ្វ៊ីលីពីនខណៈដែលយន្តហោះ E/A-18G Growlers និងយន្តហោះចម្បាំង FA-18E Super Hornet ចេញពីកងឯកភាពទ័ពអាកាសលេខ 5 នៃអង្គភាព Carrier Air និងយន្តហោះ P-8 Poseidon ចេញពីទីបញ្ជាការដ្ឋាននៃកងកម្លាំងលេខ 72 និងយន្តហោះ F-22 Raptor និងយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិក ហោះគាំទ្រពីលើក្នុងសមយុទ្ធ Valiant Shield ឆ្នាំ 2020។
ប្រភពរូបភាព៖ លោកចក្របាលរងទោ JASON TARLETON/កងទ័ពជើងទឹកអាមេរិក
យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់កងទ័ពអាកាសអាមេរិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងអនុសេនាធំយន្តហោះបេសកកម្មទម្លាក់គ្រាប់បែកទី 34 ហោះហើរពីលើឧបករណ៍បាញ់មុីស៊ីល MIM-104 Patriot នៅអាកាសយានដ្ឋានអន្តរជាតិ Palau ដើម្បីគាំទ្រដល់សមយុទ្ធ Valiant Shield កាលពីខែមិថុនា ឆ្នាំ 2022។
ប្រភពរូបភាព៖ លោកពលទោជាន់ខ្ពស់ JOSE MIGUEL T. TAMONDONG/កងទ័ពអាកាសអាមេរិក
យន្តហោះទម្លាក់គ្រាប់បែកធុន B-1B Lancers របស់កងទ័ពអាកាសអាមេរិក បានចតទុកនៅអាកាសយានដ្ឋានក្នុងទីក្រុង Bengaluru ប្រទេសឥណ្ឌា ក្នុងខែកុម្ភៈ ឆ្នាំ 2023។ យន្តហោះទម្លាក់គ្រាប់បែកធុន B-1B បានគាំទ្រ Aero India 23។
ប្រភពរូបភាព៖ ពលបាលឯក RICHARD EBENSBERGER/កងទ័ពអាកាសអាមេរិក
យន្តហោះមកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ចូលរួមក្នុងការហោះហើរចន្លោះអប្បបរមានៅឯមូលដ្ឋានទ័ពអាកាស Andersen កោះ Guam ក្នុងខែកក្កដា ឆ្នាំ 2023។ ការបង្កើតយន្តហោះទាំង 23 គ្រឿងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង យន្តហោះដឹកជញ្ជូន និងនាវាដឹកយន្តហោះ។
ប្រភពរូបភាព៖ ពលបាលបច្ចេកទេស MICHAEL COSSABOOM/កងទ័ពអាកាសអាមេរិក
យន្តហោះទម្លាក់គ្រាប់បែកបំបាំងខ្លួនពីរាដ៉ា B-2 Spirit របស់កងទ័ពអាកាសអាមេរិកបើកទៅមុខយឺតៗនៅឯមូលដ្ឋានកងទ័ពអាកាសអូស្ត្រាលី Amberley ក្នុងរដ្ឋ Queensland។
ប្រភពរូបភាព៖ ក្រសួងការពារជាតិអូស្ត្រាលី

    លោកវរសេនីយ៍ទោ Vanessa Wilcox មេបញ្ជាការកងអនុសេនាធំទម្លាក់គ្រាប់បែកទី 96 នៅមូលដ្ឋានទ័ពអាកាស Barksdale រដ្ឋ Louisiana បានលើកឡើងថា៖ «កងកម្លាំងទម្លាក់គ្រាប់បែក និងជាពិសេសយន្តហោះ B-52 នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនត្រឹមតែអនុញ្ញាតឱ្យកងកម្លាំងយានិករបស់យើងពង្រឹងជំនាញបច្ចេកទេស និងប្រព័ន្ធអាវុធដ៏ល្អអស្ចារ្យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ញើសារដ៏សំខាន់មួយផងដែរ»។ «ចំណុចនេះបង្ហាញពីការបន្តការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ ដើម្បីធានាបាននូវសេរីភាពនៃការធ្វើចលនានាពេលនេះ និងនៅពេលអនាគត ក៏ដូចជាធានាឱ្យបាននូវស្ថិរភាពនៅក្នុងតំបន់»។

    ឧទាហរណ៍អំពីការហ្វឹកហ្វឺននេះបានកើតឡើងកាលពីដើមខែមេសា នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងរបស់កងទ័ពអាកាសអាមេរិកនេះ រួមជាមួយនឹងយន្តហោះ​ដឹក​ប្រេង KC-135 ពីរគ្រឿង និងយន្តហោះចម្បាំង F-35 ចំនួនបួនគ្រឿង រួមបញ្ចូលជាមួយយន្តហោះចម្បាំង F-15 របស់ជប៉ុនចំនួនបួននៅលើសមុទ្រជប៉ុន ដែលជាឧទាហរណ៍ស្ដីពីសមត្ថភាពរបស់សម្ព័ន្ធភាពក្នុងការឆ្លើយតបយ៉ាងរហ័ស និងច្បាស់លាស់ចំពោះការគំរាមកំហែងប្រឆាំងនឹងប្រទេសជប៉ុន។

    មិនយូរប៉ុន្មានក្រោយមក យន្តហោះ F-35A របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងយន្តហោះ F-16 Fighting Falcons របស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H ពីរគ្រឿង នៅពេលដែលយន្តហោះទាំងនោះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ សម្រាប់ប្រតិបត្តិការហោះហើររួមបញ្ចូលគ្នា។ ការហ្វឹកហ្វឺននេះបានអនុញ្ញាតឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកពង្រឹងបន្ថែមទៀតនូវអន្តរប្រតិបត្តិការ ដោយបង្ហាញពីសមត្ថភាពការពារជាតិរួមបញ្ចូលគ្នា និងផ្តល់នូវការទប់ស្កាត់បន្ថែមទៀតសម្រាប់ឧបទ្វីបកូរ៉េ។

    យន្តហោះទម្លាក់គ្រាប់បែកនេះក៏បានគាំទ្របេសកកម្មយុទ្ធសាស្ត្រ ដោយបានហោះហើរជាង 412 ម៉ោងនៅពេលដាក់ពង្រាយនៅឥណ្ឌូប៉ាស៊ីហ្វិក និងបំពេញការវាយប្រហារ 29 ប្រភេទផងដែរ ខណៈពេលដែលរួមបញ្ចូលជាមួយដៃគូសម្ព័ន្ធមិត្តចំនួនបួន និងយន្តហោះនៃកងកម្លាំងរួមចំនួន 30 ដែលមាន 10 ប្រភេទ។ ការធ្វើសមាហរណកម្មរបស់កងទ័ពអាកាស និងកងទ័ពជើងទឹកអាមេរិក គឺផ្តោតយ៉ាងខ្លាំងលើការពង្រឹងការរួមបញ្ចូលយន្តហោះទម្លាក់គ្រាប់បែកជាមួយនឹងសង្គ្រាមដែនសមុទ្រ។

    នៅក្នុងខែមិថុនា និងខែកក្កដា ទាហានអាកាសអាមេរិកចំនួន 200 នាក់ និងយន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortresses ចំនួនបួនបានមកដល់កោះ Guam ដើម្បីបន្តការរួមបញ្ចូលសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រនៅក្នុងបរិយាកាសរួម និងចម្រុះ។ លោកវរសេនីយ៍ទោ Ryan Loucks មេបញ្ជាការកងអនុសេនាធំទម្លាក់គ្រាប់បែក BTF ទី 23 បានលើកឡើងថា៖ «ការហ្វឹកហ្វឺន និងប្រតិបត្តិការនៅក្នុងកម្រិតតំបន់អាទិភាព អនុញ្ញាតឱ្យយើងបង្ហាញពីការត្រៀមខ្លួន ឆន្ទៈ និងការប្តេជ្ញាចិត្តជាបន្តរបស់យើងចំពោះសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។

    យន្តហោះទម្លាក់គ្រាប់បែកធុន B-52H Stratofortress របស់កងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធត្រៀមលក្ខណៈ ដើម្បីធានាបាននូវសមត្ថភាពប្រយុទ្ធនៅឆ្នាំ 2020។
    ប្រភពវីដេអូ៖ ពលឯក លោក BAYLEE YASSU/កងទ័ពអាកាសអាមេរិក
    យន្តហោះមកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក រួមទាំងយន្តហោះទម្លាក់គ្រាប់បែក យន្តហោះដឹកជញ្ជូន យន្តហោះចម្បាំង និងនាវាដឹកយន្តហោះ ធ្វើការហោះហើរចន្លោះអប្បបរមានៅឯមូលដ្ឋានទ័ពអាកាស Anderson កោះ Guam ក្នុងខែកក្កដា ឆ្នាំ 2023។
    ប្រភពវីដេអូ៖ MICHAEL COSSABOOM ពលបាលបច្ចេកទេស JAMES CASON ពលបាលទោ TAYLOR CRUL ពលបាលទោ CHRISTIAN SULLIVAN/កងទ័ពអាកាសអាមេរិក

    បន្ទាប់មក យន្តហោះ B-1B Lancers យន្តហោះ B-2 Spirits និងយន្តហោះ B-52H Stratofortresses របស់កងទ័ពអាកាសអាមេរិក ដែលរួមបញ្ចូលនៅក្នុងបេសកកម្មរួមគ្នាមួយនៅឯមូលដ្ឋានរួមគឺ Elmendorf-Richardson, Alaska ដែលជាកន្លែងដែលយន្តហោះបានអនុវត្តបេសកកម្មហ្វឹកហ្វឺនជាកញ្ចប់នៃកម្លាំង ដើម្បីពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ និងការប្រមូលផ្តុំយន្តហោះទម្លាក់គ្រាប់បែក។ ក្រុមការងារប្រតិបត្តិការនៃវេទិកាយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទាំងបី ផ្តល់ឱ្យមេបញ្ជាការកម្រិតតំបន់នូវជម្រើសបន្ថែម និងមានភាពបត់បែនបន្ថែមទៀតចំពោះការប្រើប្រាស់កម្លាំងតាមដែនអាកាសនៅក្នុងសេណារីយ៉ូប្រយុទ្ធ។

    នាយឧត្តមសេនីយ Ken Wilsbach មេបញ្ជាការ PACAF បានលើកឡើងថា៖ «ការពង្រឹងសមត្ថភាពនោះនៅក្នុងកងកម្លាំងទម្លាក់គ្រាប់បែករបស់យើង គឺមានសារៈសំខាន់ណាស់ក្នុងការធានាថា យើងអាចផ្តល់នូវការរារាំងដ៏គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព និងដើម្បីឆ្លើយតបទៅនឹងវិបត្តិណាមួយនៅទូទាំងពិភពលោក»។

    កាលពីខែតុលា យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសអាមេរិក យន្តហោះ F-2 របស់ JASDF និងយន្តហោះ F-15K របស់កងទ័ពអាកាសកូរ៉េខាងត្បូងបានធ្វើការហោះហើរការពារយន្តហោះ B-52H Stratofortress របស់សហរដ្ឋអាមេរិកបែបត្រីភាគី ដែលកំពុងប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក។ សមយុទ្ធនេះបានពង្រឹងអន្តរប្រតិបត្តិការ និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងត្រីភាគី។

    យន្តហោះចម្បាំងប្រភេទ F-2 របស់កងកម្លាំងស្វ័យការពារអាកាសរបស់ប្រទេសជប៉ុន យន្តហោះចម្បាំងប្រភេទ F-15Ks របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងយន្តហោះចម្បាំងប្រភេទ F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានអមដំណើរយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52H Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកក្នុងខែតុលាឆ្នាំ 2023។
    ប្រភពរូបភាព៖ ពលទោជាន់ខ្ពស់ KARRLA PARRA/កងទ័ពអាកាសអាមេរិក

    នៅខែដដែលនោះ យន្តហោះ B-52H Stratofortress ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានចុះចតនៅលើឧបទ្វីបកូរ៉េ ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍អាកាសចរណ៍ និងការពារអន្តរជាតិទីក្រុងសេអ៊ូល (ADEX) ឆ្នាំ 2023 និងការរំលឹកខួបលើកទី 70 នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ រយៈចម្ងាយឆ្ងាយ ដ៏ល្បីល្បាញ បានសម្ដែងក្បួនហោះហើរក្នុងអំឡុងពេលពិព័រណ៍នេះ បង្ហាញពី ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព និងសន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង និងតំបន់ ការលើកកម្ពស់ស្តង់ដារ និងអន្តរប្រតិបត្តិការនៃបរិក្ខារ និងការបង្ហាញសមត្ថភាពដ៏សំខាន់ចំពោះជោគជ័យផ្នែកយោធា។

    ក្នុងអំឡុងពេលសម្ដែងក្បួនហោះហើរយន្តហោះ B-52H ដែលជាយន្តហោះដំបូងគេដែលចុះចតនៅលើឧបទ្វីបក្នុងរយៈពេល 30 ឆ្នាំបានហោះហើរជាមួយ F-35A របស់កងទ័ពអាកាសកូរ៉េខាងត្បូង ដូចជាពាក្យពេចន៍ដែលលោក Wilcox បានពិពណ៌នាថាជា «ឱកាសដ៏អស្ចារ្យ»។

    លោកឧត្តមសេនីយ៍ឯក Scott Pleus មេបញ្ជាការកងទ័ពអាកាសទី 7 និងជាមេបញ្ជាការរងនៃកងកម្លាំងអាមេរិក កូរ៉េបានថ្លែងថា៖ សម្ព័ន្ធភាពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក «បានបង្ហាញពីភាពរឹងមាំដូចដែកថែបក្នុងការប្រឈមមុខនឹងបញ្ហាជាច្រើនទសវត្សរ៍មកហើយ។ វាស្ថិតក្នុងចំណោមសម្ព័ន្ធភាពទ្វេភាគីដែលអាចធ្វើអន្តរប្រតិបត្តិការ មានសមត្ថភាព និងថាមវន្តបំផុតនៅក្នុងពិភពលោក»។ «យើងមានកិត្តិយសក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះភាពជាដៃគូនេះ ដែលជាផ្នែកមួយនៃការបន្តសន្យារបស់យើងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ»។

    បុគ្គលិកសាធារណៈរដ្ឋកូរ៉េ និងបុគ្គលិកអាមេរិកឈរនៅមុខយន្តហោះ B-52H Stratofortress របស់កងទ័ពអាកាសអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង នៅពាក់កណ្តាលខែតុលា ឆ្នាំ 2023។ យន្តហោះ B-52 ត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍អាកាសចរណ៍ និងការពារជាតិអន្តរជាតិទីក្រុងសេអ៊ូល និងការរំលឹកខួបលើកទី 70 នៃសម្ព័ន្ធភាពរបស់ប្រទេស។
    ប្រភពរូបភាព៖ ពលឯក NICOLE LEDBETTER/កងទ័ពអាកាសអាមេរិក

    នៅ​ក្នុង​ពិព័រណ៍ ADEX ផងដែរ សមាជិកកងកម្លាំងប្រដាប់អាវុធអាមេរិកប្រហែល 200 នាក់បានបង្ហាញពីធនធានដែលមានសមត្ថភាព និងមានលទ្ធភាពបង្កគ្រោះថ្នាក់ ផ្សេងទៀតនៅក្នុងការបង្ហាញនៅលើដី ហោះនៅលើអាកាស និងការបង្ហាញពីលើអាកាស រួមទាំងយន្តហោះ F-22 Raptor យន្តហោះ F-35B Lightning II និងយន្តហោះដឹកជញ្ជូន យុទ្ធសាស្ត្រ និងយន្តហោះស៊ើបការណ៍សម្ងាត់ និងយន្តហោះឈ្លបយកការណ៍ផងដែរ។ វត្តមានរបស់ពួកគេបានពង្រឹងទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ និងសហរដ្ឋអាមេរិកដោយការបើកការសន្ទនាទល់មុខជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដែលជំរុញឱ្យមានអន្តរប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមក។

    ពេញមួយឆ្នាំ 2023 និងលើសពីនេះ បេសកកម្ម BTF បង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានចូលរួម រៀបចំជំហរ និងត្រៀមខ្លួនជាមួយនឹងកងកម្លាំងដែលអាចទុកចិត្តបាន ដើម្បីធានា រារាំង និងការពារទឹកដីអធិបតេយ្យភាពប្រឆាំងនឹងការឈ្លានពាននៅក្នុងបរិយាកាសសន្តិសុខដែលកាន់តែជឿនលឿន។


    ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

    ឆ្លើយ​តប

    អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

    អត្ថបទ​ដែល​ទាក់ទង

    Back to top button