ភាពជាដៃគូលក្ខណៈពិសេសអាស៊ីឥសាន / NEA

ធនធានរ៉ែ ដ៏សំខាន់៖ ការ​ប្រកួតប្រជែង​ដើម្បីធនធាន

ដៃគូពហុភាគី មានគោលបំណង​ក្នុងការជម្នះ សង្វាក់​ការផ្គត់ផ្គង់​ដ៏ប្រថុយប្រថាន ដើម្បីពង្រឹង​ដល់ ស្តង់ដារ​សង្គម និង​បរិស្ថាន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការផ្តល់ថាមពលដល់ការផ្លាស់ប្តូរទៅរកថាមពលបៃតងជាសកល — ការផ្លាស់ប្ដូរមួយដែលប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដ៏អស្ថិរភាពពីការផ្លាស់ប្ដូរអាកាសធាតុទៅលើរដ្ឋាភិបាល យោធា និងពលរដ្ឋ — នឹងតម្រូវឱ្យផលិតកម្មរ៉ែដ៏សំខាន់របស់ពិភពលោកកើនឡើងយ៉ាងខ្លាំង។ ការបំពេញតម្រូវដែលកើនឡើងយ៉ាងខ្លាំង ខណៈពេលកាត់បន្ថយផលប៉ះពាល់លើផែនដី និងជីវិតរស់នៅទាំងឡាយ នឹងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទម្រង់ការអភិវឌ្ឍដែលមាននិរន្តរភាព។

ការបំផ្លាញបរិស្ថានជុំវិញការរុករករ៉ែនិងការចម្រាញ់រ៉ែ ត្រូវបានរាយការណ៍យ៉ាងច្រើន ជាពិសេសនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រប់គ្រងស្ទើរតែទាំងស្រុងលើការផ្គត់ផ្គង់រ៉ែដ៏សំខាន់របស់ពិភពលោក ត្រូវបានជំរុញដោយកត្តាសេដ្ឋកិច្ចនិងការគ្រប់គ្រងធនធានរ៉ែផងដែរ។ ការព្រួយបារម្ភអំពីការប្រព្រឹត្តមិនស្មើភាពគ្នាទៅលើជនជាតិដើមភាគតិច និងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញ PRCនិងគម្រោងផ្សេងទៀតនៅទូទាំងពិភពលោក។ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលប្រមូលផ្តុំនៅក្នុងតំបន់តូចមួយ មានន័យថាការផ្គត់ផ្គង់រ៉ែអាចមិនគួរទុកចិត្តបានជាទីបំផុត។ នៅក្នុងស្ថានភាពអាក្រក់បំផុត រ៉ែដ៏សំខាន់ៗអាចជា – និងត្រូវបាន – ប្រើប្រាស់ជាអាវុធប្រឆាំងនឹងប្រទេសដែលពឹងផ្អែកលើការនាំចូលរ៉ែនោះ។

ភាពជាដៃគូពហុភាគីដែលបង្កើតឡើងនៅទូទាំងពិភពលោកមានគោលបំណងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហាដល់បរិស្ថាននិងសង្គមដោយសារការផលិតរ៉ែដ៏សំខាន់។ ឧទាហរណ៍ កិច្ចសហប្រតិបត្តិការសន្តិសុខរ៉ែ (MSP) ដែលមាន សមាជិកដូចជា អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវែស កូរ៉េខាងត្បូង ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅឆ្នាំ 2022 ដើម្បីគាំទ្រការនាំចេញរ៉ែប្រកបដោយនិរន្តរភាព និងការរុរករ៉ែដោយសីលធម៌។

នៅខាងស្ដាំ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ជួយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅខែមីនា ឆ្នាំ 2022 នៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពលសាធារណៈដំបូងរបស់ប្រទេស។ រូបភាព AFP/GETTY Images

រ៉ែសម្រាប់ការផ្លាស់ប្ដូរ

រ៉ែដ៏សំខាន់គឺជាធនធានរ៉ែដែលរដ្ឋាភិបាល យោធា និងឧស្សាហកម្មកំណត់ថាមានសារៈសំខាន់ចំពោះបច្ចេកវិទ្យា សេដ្ឋកិច្ច ការការពារជាតិ និងសន្តិសុខ។ រ៉ែទាំងនោះជាធាតុផ្សំសំខាន់ៗនៅក្នុងស្មាតហ្វូន កុំព្យូទ័រ ខ្សែកាបអុបទិក និងឧបករណ៍វេជ្ជសាស្ត្រ និងការពារជាតិ បន្ថែមពីលើបច្ចេកវិជ្ជាបញ្ចេញឧស្ម័នទាប។ រ៉ែសំខាន់ៗរួមមានធាតុដែលធ្លាប់ស្គាល់ដូចជា គូប័ល (cobalt) លីចូម (lithium) និង ក្រាភីត (graphite) ដែលត្រូវបានប្រើប្រាស់ រាប់ចាប់ពីអាគុយរបស់រថយន្តអគ្គិសនីរហូតដល់លោហៈសម្រាប់ម៉ាស៊ីនយន្តហោះ។ រ៉ែកម្រ (REE) ដែលមិនល្បីឈ្មោះ ដូចជា lanthanum ដែលប្រើនៅក្នុងវ៉ែនតាសម្រាប់ពេលយប់ និងអាគុយរថយន្តប្រភេទហាយប្រ៊ីដ ឬ samarium ដែលប្រើនៅក្នុងបច្ចេកវិទ្យាឡាស៊ែរ និងអាវុធដែលកំណត់គោលដៅបានច្បាស់។ គំនិតផ្តួចផ្តើមរុករករ៉ែឆ្លាតវៃសម្រាប់អាកាសធាតុរបស់ធនាគាពិភពលោកប៉ាន់ស្មានថា ការផ្លាស់ប្តូរទូទាំងពិភពលោកឆ្ពោះទៅរកថាមពលបៃតងអាចបង្កើនតម្រូវការសម្រាប់រ៉ែមួយចំនួនជិត 500% ក្នុងរយៈពេលតិចជាងបីទសវត្សរ៍ខាងមុខ។

PRC គ្រប់គ្រងទីផ្សារចម្រាញ់រ៉ែសំខាន់ៗ ដោយការចម្រាញ់សារធាតុ គូប័ល លីចូម នីកែល និងសារធាតុ REE របស់ពិភពលោកច្រើនជាងប្រទេសដទៃទៀត សូម្បីតែក្នុងករណីដែលវាមិនមែនជាអ្នកផលិតរ៉ែមុនពេលចម្រាញ់ក៏ដោយ។ អ្នកវិភាគនិយាយថា PRC បានបង្កើតជម្រើសតម្លៃទាបបំផុត ដោយផ្តល់ឱ្យក្រុមហ៊ុនរបស់ខ្លួននូវដីធ្លី និងថាមពលដែលមានតម្លៃទាប បន្ថែមពីលើបទប្បញ្ញត្តិបរិស្ថានដែលធូររលុង។ លទ្ធផល៖ រ៉ែកម្រិតបច្ចេកវិទ្យាភាគច្រើនត្រូវបានចម្រាញ់នៅក្នុង PRC ដោយមិនគិតពីទីតាំងប្រភពដែលរ៉ែត្រូវបានជីកយក។

ប៉ុន្តែ ប្រទេសផ្សេងទៀតមានការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗច្រើនជាង។ ធនធានរ៉ែគូប័លដ៏ធំបំផុតរបស់ពិភពលោកគឺនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អូស្ត្រាលី និងឥណ្ឌូណេស៊ី។ អូស្ត្រាលី និងឥណ្ឌូណេស៊ីអះអាងថាមានធនធានរ៉ែនីកែលធំបំផុតហើយប្រេស៊ីលមានធនធានធំបន្ទាប់ទៀត។ តួកគីមានធនធានរ៉ែក្រាភីតច្រើនបំផុត ហើយធនធានរ៉ែធំបំផុតបន្ទាប់មកទៀតគឺស្ថិតនៅប្រទេសប្រេស៊ីលនិង PRC។ ប្រទេសស៊ីលីមានធនធានរ៉ែលីចូមធំបំផុតរបស់ពិភពលោក ហើយធនធានរ៉ែធំបំផុតទីពីរគឺស្ថិតនៅប្រទេសអូស្រ្តាលី និងធំបំផុតទីបីស្ថិតនៅក្នុង PRC។

PRC មានធនធានសារធាតុ REE ច្រើនជាងគេ ប៉ុន្តែប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតកំពុងបង្កើនសកម្មភាពរុករកនិងចម្រាញ់រ៉ែផងដែរ។ លក្ខណៈរឹងមាំ និងស្រាលរបស់លោហៈ សារធាតុ REE មានសារៈសំខាន់សម្រាប់មេដែកដែលមានអនុភាពខ្ពស់ ដែលផ្ដល់ថាមពលដល់ទួរប៊ីនខ្យល់ ម៉ូទ័ររបស់យានយន្តអគ្គិសនី ផ្កាយរណបទំនាក់ទំនង ប្រព័ន្ធបញ្ជាមីស៊ីលនិងបច្ចេកវិទ្យាជាច្រើនទៀត។ យោងតាមស្ថាប័នភូមិសាស្ត្រអាមេរិក សារធាតុជាច្រើនគឺ «សម្បូរ» នៅក្នុងសំបកផែនដី ទោះបីជាត្រូវបានចាត់ថ្នាក់ថាជារ៉ែកម្រក៏ដោយ។ ប៉ុន្តែ រ៉ែទាំងនោះកម្រត្រូវបានរកឃើញក្នុងទម្រង់ជាសារធាតុសុទ្ធ ហើយតម្រូវឱ្យមានការដំណើរចម្រាញ់យកចេញពីសារធាតុផ្សេងទៀត។ សារធាតុ REE ក៏មានជាប់ទាក់ទងទៅនឹងការបំផ្លិចបំផ្លាញបរិស្ថានដែលអាចបណ្តាលមកពីការជីករុករករ៉ែ និងការចម្រាញ់ដោយមិនប្រុងប្រយ័ត្នផងដែរ។

«មិន​អាច​ធ្វើឱ្យការខូចខាតត្រឡប់ថយក្រោយវិញ​បាន​ទេ»។

អណ្តូងរ៉ែ Bayan Obo របស់ PRC នៅក្នុងតំបន់ Inner Mongolia គឺជាអណ្តូងរ៉ែសារធាតុ REE ដ៏ធំបំផុតរបស់ពិភពលោក ហើយវាភ្ជាប់ទៅនឹងរោងចក្រចម្រាញ់ Baotou ដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុត។ នៅក្នុងសៀវភៅឆ្នាំ 2019 របស់ជំនួយការសាស្រ្តាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ Delaware សហរដ្ឋអាមេរិក Julie Klinger ដែលមានចំណងជើងថា៖ «Rare Earth Frontiers: From Terrestrial Subsoils to Lunar Landscapes» ពិពណ៌នាអំពីទម្រង់នៃជំងឺមហារីកដែលទាក់ទងនឹងការប៉ះពាល់នឹងវិទ្យុសកម្ម និងសារធាតុបំពុលផ្សេងទៀតពីការរុករក និងចម្រាញ់សារធាតុ REE នៅក្នុងតំបន់រុករករ៉ែដែលដាច់ស្រយាល ដែលធ្លាប់មានប្រជាជនម៉ុងហ្គោលីដែលរស់នៅដោយពនេចរ។ នាងក៏លើកឡើងពីលក្ខខណ្ឌចុះខ្សោយដែលបណ្តាលមកពីការរុករកសារធាតុ REE ផ្សេងទៀត និងជាតិពុលដែលទាក់ទងនឹងការចម្រាញ់ ដែលប្រមូលផ្តុំនៅលើដីត្រូវបានស្រូបយកដោយដំណាំ ឬចូលក្នុងចំណីរបស់សត្វចិញ្ចឹម និងប្រមូលផ្ដុំនៅក្នុងទឹកផឹក។ សាស្ត្រាចារ្យ Klinger សរសេរបន្តថា៖ «វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលជាញឹកញាប់ យើងអាចបែងចែកជនជាតិដើមពីជនចំណាកស្រុក ដោយដំបៅស្បែកដែលបណ្តាលមកពីការពុលសារធាតុអាសេនិច និងដោយឆ្អឹងខូចទ្រង់ទ្រាយនិងធ្មេញពុក ដែលជារោគសញ្ញានៃជំងឺពុលភ្លុយអររ៉ាំរ៉ៃ»។

ការរុករករ៉ែនេះផលិតធូលីដែលផ្ទុកដោយលោហៈធ្ងន់ និងសារធាតវិទ្យុសកម្មដែលកើតឡើងនៅក្នុងតំបន់ដែលមានរ៉ែកម្រ។ ការបំបែកសារធាតុធាតុពីថ្មពាក់ព័ន្ធនឹងសារធាតុពុលគីមីជាច្រើន។ តាមការប៉ាន់ស្មានមួយចំនួន ការចម្រាញ់សារធាតុ REE តិចជាង 1 តោន អាចបង្កើតសំណល់ពុលច្រើនជាង 1 800 តោន។ នៅក្នុង PRC សំណល់បន្ទាប់បន្សំរួមមានដីពុល និងប្រភពទឹកសំខាន់ៗដែលត្រូវបានគំរាមកំហែងដោយកាកសំណល់ ដូចជាបឹងសិប្បនិម្មិតដែលគ្មានស្រទាប់ការពារជម្រៀសនៅបាតបឹងនៅអណ្ដូងរ៉ែ Baotou ដែលពេញដោយ «សំណល់វិទ្យុសកម្ម» ប្រមាណជា 180 លានតោននៅភាគខាងជើងទន្លេ Yellow ប្រហែល 10 គីឡូម៉ែត្រ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់មនុស្សជាង 100 លាននាក់ ។

ទោះបីសាស្រ្តចារ្យ Klinger និយាយថា ភ័ស្តុតាងពីផ្កាយរណបបង្ហាញថា PRC បានផ្ដល់សំណង់ដល់ដីធ្លីមួយចំនួន ដែលត្រូវបានបំផ្លាញដោយការជីកយករ៉ែ និងការចម្រាញ់ជាច្រើនទសវត្សរ៍នៅទូទាំងប្រទេសចិន ក៏វាមានការស្រាវជ្រាវតិចតួចដើម្បីបង្ហាញពីការវិនិយោគលើបន្ទុកទៅលើសុខភាពសាធារណៈ។ សាស្ត្រាចារ្យ Klinger បាននិយាយថា សារធាតុគីមីជាច្រើនដែលត្រូវបានបញ្ចេញដោយការជីកយករ៉ែដោយមិនទទួលខុសត្រូវ អាចស្ថិតនៅក្នុងរាងកាយនិងបណ្តាលឱ្យមានពិការភាពសុខភាពច្រើនជំនាន់។ សាស្រ្តាចារ្យបានពន្យល់ប្រាប់ទស្សនាវដ្តី FORUM ថា៖ «ចំពោះការរុករករ៉ែ និងការប៉ះពាល់ទៅនឹងសំណល់ឧស្សាហកម្ម អ្នកមិន​អាចធ្វើការខូចខាតត្រឡប់ថយក្រោយ​បាន​ទេ បន្ទាប់មានការខូចខាងហើយ»។

លោកស្រី Sharon Burke ដែលជាអ្នកស្រាវជ្រាវសកលនៅកម្មវិធីផ្លាស់ប្តូរបរិស្ថាន និងសន្តិសុខនៅមជ្ឈមណ្ឌល Wilson ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងការផ្សាយតាមគេហទំព័រកាលពីខែកុម្ភៈ ឆ្នាំ 2023 ស្តីពីរ៉ែសំខាន់ៗថា ជាធម្មតា PRC បានអនុវត្តស្តង់ដារបរិស្ថានដ៏ធូររលុងចំពោះការជីករុករករ៉ែរបស់ខ្លួន ទាំងក្នុងនិងក្រៅប្រទេស។ លោកស្រីបន្តទៀតថា៖ «និយាយឱ្យស្មើភាពទៅ វិស័យរុករករ៉ែទាំងមូលមិនមានប្រវត្តិល្អទេ»។ «គឺថាមានប្រវត្តិមានបញ្ហាជាច្រើននៅគ្រប់ផ្នែកទាំងអស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកបានឃើញថាក្រុមហ៊ុនរុករករ៉ែជាច្រើនកំពុងព្យាយាមធ្វើការកែលម្អ និងកសាងអាជ្ញាបណ្ណសង្គមឱ្យកាន់តែប្រសើរឡើងដើម្បីដំណើរការ។ ហើយនោះរួមបញ្ចូលទាំងសកម្មភាពបរិស្ថានរបស់ពួកគេផងដែរ»។ ប៉ុន្តែ នាងបាននិយាយថា PRC មិនបាន៖ «ខិតខំព្យាយាមច្រើននោះទេ ដើម្បីកែលម្អនីតិរដ្ឋ និងបទប្បញ្ញត្តិគ្រប់គ្រងវិស័យរុករករ៉ែ»។

ការកេងប្រវ័ញ្ចនៅក្រៅប្រទេស

ការវិនិយោគរុករករ៉ែនៅក្រៅប្រទេសដ៏ធំរបស់ PRC ក៏ស្ថិតនៅក្រោមការត្រួតពិនិត្យផងដែរ។ ជាឧទាហរណ៍៖

ចន្លោះឆ្នាំ 2013 និង 2020 មជ្ឈមណ្ឌលអាជីវកម្ម និងធនធានសិទ្ធិមនុស្ស ដែលជា (NGO) ពិភពលោកបានកត់ត្រាពាក្យបណ្តឹងសិទ្ធិមនុស្សចំនួនជាង 230 នៅក្នុងឧស្សាហកម្មរុករករ៉ែ និងលោហធាតុដែលគ្រប់គ្រងដោយចិន។ ផ្នែកតាមអង្គការមិនមែនរដ្ឋាភិបាលនេះ ក្រុមហ៊ុនរុករករ៉ែនៅក្នុង PRC បានឆ្លើយតបទៅករណីបណ្ដឹងត្រឹមតែតិចជាងមួយភាគបួននៃករណីសរុបប៉ុណ្ណោះ។ លោក Golda S. Benjamin នាយកកម្មវិធីរបស់អង្គការនេះបាននិយាយនៅក្នុងរបាយការណ៍ថា៖ «ក្រុមហ៊ុនចិនហាក់ដូចជាស្ទាក់ស្ទើរក្នុងការទាក់ទងនឹងសង្គមស៊ីវិលដោយបើកចំហ និងមានតម្លាភាព»។

មជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា ពេលខ្លះ ការវិនិយោគរបស់ PRC នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបង្កើតប្រាក់ចំណេញតិចតួច សម្រាប់អ្នករុករករ៉ែក្នុងស្រុក ដែលនឹងមិនគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការខូចខាតបរិស្ថាន ដែលបណ្តាលមកពីការរុករករ៉ែទេ។ គណៈកម្មការបោសសម្អាតអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ីក៏បានព្រមានអ្នកវិនិយោគទុនចិនបានបង្កើតបរិយាកាសដែលមន្ត្រីអាចទទួលសំណូកដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិគ្រប់គ្រងបរិស្ថាន។ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងក្នុងប្រទេសផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌល CIPE បានរាយការណ៍ថា ការវិនិយោគពី PRC ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអំពើពុករលួយ ការនាំចូលពលករខុសច្បាប់ ធ្វើឱ្យខូចដល់បទប្បញ្ញត្តិ និងការគេចវេសពន្ធ។

វិស័យរុករករ៉ែនៅទ្វីបអាហ្រ្វិកត្រូវបានគ្រប់គ្រងយ៉ាងទូលំទូលាយដោយក្រុមហ៊ុនចិន ដែលបានរងការរិះគន់ចំពោះការប្រព្រឹត្តិចំពោះកម្មករមិនត្រឹមត្រូវ និងសកម្មភាពដែលមិនមានសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រធានាធិបតី Felix Tshisekedi បានរិះគន់កិច្ចព្រមព្រៀងដោះដូររ៉ែសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រទេសរបស់គាត់បានចុះហត្ថលេខាជាមួយ PRC ក្នុងឆ្នាំ 2008 ដោយនិយាយថា PRC ទទួលបានប្រាក់ចំណេញពីរ៉ែអាហ្រ្វិក ដោយមិនបញ្ចេញប្រាក់ដែលបានសន្យាចំនួន 6.2 ពាន់លានដុល្លារអាមេរិក។ លោក Tshisekedi បានថ្លែងនៅខែមករា ឆ្នាំ 2023 ថា៖ «ខ្ញុំនិយាយថា គ្មានអ្វីជាក់ស្ដែង គ្មានផលប៉ះពាល់វិជ្ជមានសម្រាប់ប្រជាជនរបស់យើងទេ»។

នៅទូទាំងទ្វីបអាមេរិកឡាទីន ការព្រួយបារម្ភអំពីការជីកយករ៉ែរបស់ចិន ថាមិនបានអើពើនឹងកាតព្វកិច្ចជាមូលដ្ឋានទៅដល់កម្មករ និងសហគមន៍ជុំវិញ។ នេះបើយោងតាមសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស ការរំលោភបំពានរួមមាន ការបដិសេធមិនចែករំលែកលទ្ធផលការសិក្សាអំពីបរិស្ថានចាំបាច់ ការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងការបណ្តេញគ្រួសារជនជាតិដើមភាគតិចចេញដោយខុសច្បាប់។

ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន លោក Jose Fernandez បានប្រាប់បណ្តាញសារព័ត៌មាន Politico កាលពីខែមករា ឆ្នាំ 2023 ថា ភាពជាដៃគូសម្រាប់សន្តិសុខរ៉ែបានកំណត់អត្តសញ្ញាណគម្រោងរុករករ៉ែ ការកែច្នៃ និងចម្រាញ់ចំនួន 16 ដើម្បីគាំទ្រ ដែលក្នុងនោះរួមមានគម្រោងនៅអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។ លោក​បន្ត​ថា គម្រោង​រុករករ៉ែ និង​ចម្រាញ់​ត្រូវ​តែ​គោរព​តាម​បទប្បញ្ញត្តិ​បរិស្ថាន​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ភាព​ជា​ដៃគូ។ លោក Fernandez បានបន្ថែមថា ការព្រួយបារម្ភអំពីការរុករករ៉ែដ៏សំខាន់ យល់ឃើញថាការគ្រប់គ្រងបរិស្ថានគឺពិតជាចាំបាច់ណាស់។ លោកបាននិយាយក្នុងសន្និសីទ Investing in African Mining Indaba ឆ្នាំ 2023 នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូងថា៖ «ពួកគេនឹងមិនធ្វើការវិនិយោគ​លើ​គម្រោង​ដែលបំផ្លាញព្រៃឈើដ៏មានតម្លៃ ដែលមិនប្តេជ្ញាចិត្តក្នុងការជួសជុលទីតាំងរុករករ៉ែ ឬដែលតម្រូវឱ្យបង់ប្រាក់ដល់មន្រ្តីរដ្ឋាភិបាលទេ»។ «ពួកគេមិនវិនិយោគទេ។ ម្ចាស់ភាគហ៊ុនរបស់ពួកគេនឹងមិនអនុញ្ញាតទេ អតិថិជនរបស់ពួកគេនឹងបដិសេធពួកគេ ហើយច្បាប់របស់យើងនឹងដាក់ទណ្ឌកម្មលើសកម្មភាពបែបនេះ»។

សាស្ត្រាចារ្យ Klinger និយាយថា ជាពិសេសនៅអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង មេដឹកនាំវិស័យបានទាមទារឱ្យមានការគោរពតាមបទប្បញ្ញត្តិ​បរិស្ថានជាដាច់ខាត។ សាស្ត្រាចារ្យបានព្រមានថា បទប្បញ្ញត្តិ​បរិស្ថានទាំងនោះចាំបាច់ត្រូវកែសម្រួលទៅតាមប្រភេទរ៉ែជាក់លាក់ដែលត្រូវបានរុករក រក្សាទុក និងចម្រាញ់។ សាស្ត្រាចារ្យក៏បន្តថា៖ «មានមធ្យោបាយសម្រាប់ភាពជាក់លាក់ និងទំនើបកម្មជាច្រើន នៅពេលដែលយើងធ្វើការដើម្បីបង្កើតឧស្សាហកម្មទាំងនេះឱ្យបានឆាប់រហ័សឱ្យអស់ពីលទ្ធភាព» ហើយបន្ថែមទៀតថា ការគាំទ្ររបស់រដ្ឋាភិបាលជាបន្តបន្ទាប់ អាចជួយធានាឱ្យក្រុមហ៊ុនរុករករ៉ែធ្វើសកម្មភាពប្រកបដោយនិរន្តរភាព។ «យើងទាមទារថារ៉ែនេះត្រូវតែស្អាត និងបៃតង ប៉ុន្តែម្យ៉ាងទៀតនិយាយថា អ្នកត្រូវតែរស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលប្រកួតប្រជែងយ៉ាងខ្លាំង»។

សាស្ត្រាចារ្យ Klinger ក៏ទទូចថា ឥឡូវនេះគឺជាពេលវេលាដើម្បីផ្តោតលើការកែច្នៃឡើងវិញនៅក្នុងការ​ប្រកួតប្រជែងដើម្បីធនធានរ៉ែដ៏សំខាន់ ទោះបីជាបច្ចុប្បន្នមានកាកសំណល់តិចតួច ដូចជា អាគុយរថយន្ដអគ្គិសនីដែលប្រើរួចក៏ដោយ។ លោកស្រីបានចោទសួរថា «ចុះប្រសិនបើ 20 ឬ 30 ឆ្នាំក្រោយមកយើងនៅតែមិនបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ»? «យើងចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធកែច្នៃឡើងវិញរបស់យើងស្របពេលជាមួយកន្លែងរុករករ៉ែ»។

ការពង្រីកឱកាសនៃការកែច្នៃឡើងវិញគឺស្ថិតក្នុងចំណោមគម្រោងដែល MSP បានយល់ព្រមគាំទ្រ នេះបើយោងតាម Fernandez ដែលបានសង្កត់ធ្ងន់ទៅលើកាកសំណល់អេឡិចត្រូនិក និងកាកសំណល់ផ្សេងទៀតដែលជាប្រភពសក្តានុពលនៃរ៉ែដែលត្រូវការ។ ឧទាហរណ៍ នៅឆ្នាំ 2040 10% នៃសារធាតុរ៉ែដែលប្រើក្នុងអាគុយរថយន្តអគ្គិសនី (EV) អាចត្រូវបានកែច្នៃឡើងវិញពីទង់ដែង លីចូម នីកែល និងគូប័ល។ លោកបានលើកឡើងថាដោយសាររថយន្តអគ្គិសនីត្រូវបានគេព្យាករថានឹងបង្កើតបានពាក់កណ្តាលនៃទីផ្សារពិភពលោកនៅពេលនោះបរិមាណអាចនឹងមានច្រើន។

ខ្សែសង្វាក់ផ្គត់ផ្គង់​ដ៏ប្រថុយប្រថាន

PRC គ្រប់គ្រងជាងពាក់កណ្តាលនៃការផលិតក្រាភីត និង REE នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែល មានមូលដ្ឋាននៅទីក្រុងប៉ារីស។ វាក៏ជាអ្នកនាំចូលវត្ថុធាតុដើមកំពូលពីប្រទេសផ្សេងទៀត ហើយបានវិនិយោគយ៉ាងសំខាន់ក្នុងប្រតិបត្តិការរុករករ៉ែពីបរទេស រួមមាន គូប័ល ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីកែល ពីឥណ្ឌូណេស៊ី និងលីចូម ពីប្រទេសផ្សេងៗដូចជា អាហ្សង់ទីន អូស្ត្រាលី និងស៊ីលី។ ជាលទ្ធផល ទីក្រុងប៉េកាំងគ្រប់គ្រងការកែច្នៃសារធាតុរ៉ែដូចជា នីកែល ទង់ដែង លីចូម និង គូប័ល ហើយខ្លួនក៏ផលិត ឬផ្គុំដំឡើង 75% នៃបន្ទះសូឡា និងអាគុយរថយន្តអគ្គិសនី (EV) របស់ពិភពលោកផងដែរ។ IEA បានថ្លែងនៅក្នុងទស្សនៈវិស័យថាមពលពិភពលោកឆ្នាំ 2022 របស់ខ្លួនថា៖ «ហានិភ័យនៃការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្លៃប្រែប្រួលកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាថាមពលស្អាតត្រូវបានផ្តោតយ៉ាងខ្លាំង»។ (សូមមើល «PRC គ្រប់គ្រងយ៉ាងច្រើនលើទីផ្សារកែច្នៃរ៉ែសំខាន់ៗ» ទំព័រទី 19។)​

បណ្តាប្រទេសដែលបានប្តេជ្ញាចិត្តក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុកំពុងឆ្លើយតបទៅនឹងភាពងាយរងគ្រោះដោយធានានូវខ្សែសង្វាក់ផ្គត់ផ្គង់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអូស្ត្រាលីដែលជាប្រទេសផ្តល់សារធាតុរ៉ែដ៏សំខាន់បំផុតមួយក្នុងពិភពលោកបានព្រមព្រៀងនៅដើមឆ្នាំ 2023 ដើម្បីពង្រីកការពាណិជ្ជកម្មរ៉ែរបស់ខ្លួនជាមួយប្រទេសឥណ្ឌាហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែសំខាន់ៗជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នានៅ ខែមីនា ឆ្នាំ 2023 ដើម្បីជំរុញការពាណិជ្ជកម្មរ៉ែការចែករំលែកព័ត៌មាន និងគាំទ្រវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការទាញយកធនធានធម្មជាតិ។​ MP Materials ដែលជាក្រុមហ៊ុនផលិត REE ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ក្រុមហ៊ុនផលិតម៉ាញ៉េទិចជប៉ុន ជាមួយនឹងសម្ភារសំខាន់ៗ ដែលនឹងត្រូវបានកែច្នៃនៅក្នុងប្រទេសហ្វ៊ីលីពីន និងវៀតណាម។

កម្មករម្នាក់ចូកកាកសំណល់ចេញពីក្រោមបំពង់បង្ហូរដែលដឹករ៉ែដែលត្រូវបានគាបទៅទំនប់មួយនៅឯជាយក្រុង Baotou ក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងប្រទេសចិន។ សារព័ត៌មាន Reuters

ការបង្ហាញពីភាពរឹងមាំចំពោះវីស័យរ៉ែ

យោងតាមលោក Klinger ការវិនិយោគរ៉ែរបស់ PRC ជាពិសេសនៅក្នុង REE ត្រឡប់ទៅរកការបង្កើតរបស់ខ្លួននៅឆ្នាំ 1949 ជាមួយនឹងគោលដៅនៃភាពគ្រប់គ្រាន់ខ្លួនឯង។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ទីក្រុងប៉េកាំងបានបង្កើតយុទ្ធសាស្ត្រជាតិច្បាស់លាស់មួយសម្រាប់រ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត នេះបើយោងតាមការកត់សម្គាល់ដោយអ្នកវិភាគ។ វារួមមានថ្លៃចំណាយពលកម្មទាប ការត្រៀមខ្លួនដើម្បីរក្សាផលប៉ះពាល់បរិស្ថាន និងទទួលបានការផ្តល់ជំនួយពីរដ្ឋ។ ក្នុងឆ្នាំ 2018 (DOD) សហរដ្ឋអាមេរិក បានរៀបរាប់ក្នុងសំណេរថា PRC មាន «យុទ្ធសាស្ត្រគ្រប់គ្រងទីផ្សាររ៉ែកម្រពិភពលោកដោយលក់វាក្នុងតម្លៃឧបត្ថម្ភធន ដែលបង្ខំឱ្យដៃគូប្រកួតប្រជែងចាកចេញ និងលើកទឹកចិត្តអ្នកចូលថ្មី»។

របាយការណ៍ក៏បានលើកឡើងពីជម្លោះក្នុងឆ្នាំ 2010 ដែលទីក្រុងប៉េកាំងបានរារាំងការនាំចេញ REE ទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានឃាត់ខ្លួនប្រធានក្រុមអ្នកនេសាទចិនម្នាក់ដែលទូករបស់គាត់បានបុកជាមួយនាវាឆ្មាំសមុទ្រជប៉ុនខណៈពេលដែលព្យាយាមនេសាទនៅក្បែរប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុនក្នុងសមុទ្រចិនខាងកើត។ យោងតាមរបាយការណ៍របស់ (DOD) បានឱ្យដឹងថា៖ «នៅពេលដែលចិនចង់បង្ហាញឥទ្ធិពលរបស់ខ្លួនដោយការដាក់កម្រិតលើការនាំចេញរ៉ែដ៏កម្រ គឺខ្លួនធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់»។

នាពេលថ្មីៗនេះ ចិនបានព្រមានម្ដងហើយម្ដងទៀតអំពីការបញ្ឈប់ការនាំចេញ REE ទៅកាន់សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ 2019 កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងប៉េកាំងបានរាយការណ៍ពីលទ្ធភាពនៃការប្រើប្រាស់ «កាតរ៉ែកម្រ» របស់ប្រទេសនេះ។ មួយឆ្នាំក្រោយមក PRC បានឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងការពារជាតិអាមេរិក-តៃវ៉ាន់ ជាមួយនឹងការព្រមានថា ខ្លួនអាចបញ្ឈប់ការផ្គត់ផ្គង់ REE ដល់ក្រុមហ៊ុនផលិតសម្ភារការពារជាតិ។ នៅក្នុងខែកក្កដា ឆ្នាំ 2023 PRC បានលើកឡើងថា ខ្លួននឹងដាក់កម្រិតលើការនាំចេញអន្តរជាតិលើលោហៈដ៏កម្រចំនួនពីរគឺ galium និង germanium ដែលប្រើក្នុងផលិតផលរួមទាំងបន្ទះឈីបកុំព្យូទ័រ និងបន្ទះសូឡាផងដែរ។ គេចាត់ទុកលោហៈទាំងពីរប្រភេទថាជាសារធាតុរ៉ែដ៏សំខាន់។

ឱកាសដើម្បីធ្វើវាបានត្រឹមត្រូវ

បណ្តាប្រទេសដែលមានឧស្សាហកម្មរុករករ៉ែដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះខួងយកប្រកបដោយក្រមសីលធម៌ ដូចជាប្រទេសអូស្ត្រាលី ត្រូវបានកំណត់ទីតាំងដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ជម្រើសសម្រាប់សមាសធាតុដែលនឹងបង្កើតអនាគតថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នេះបើតាមទីប្រឹក្សាសហរដ្ឋអាមេរិកសម្រាប់កិច្ចការសេដ្ឋកិច្ចលោក Michael Sullivan បានថ្លែងនៅឯសន្និសីទស្ដីពីសារធាតុរ៉ែដែលប្រើក្នុងអាគុយកាលពីខែមីនា ឆ្នាំ 2023 នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។ លោក Sullivan បានថ្លែងបន្តទៀតថា៖ «សហរដ្ឋអាមេរិកមិនអាចអភិវឌ្ឍ ផ្ដល់ធនធាន និងផលិតបច្ចេកវិទ្យាទាំងអស់ ដើម្បីបំពេញគោលដៅអាកាសធាតុសកលបានទេ។ សូម្បីតែកាណាដា អូស្ត្រាលី អឺរ៉ុប ជប៉ុន ចិន ឬប្រទេសណាមួយផ្សេងទៀតក៏មិនអាចធ្វើបានដែរ» នេះបើយោងតាមទស្សនាវដ្តី Mining Weekly។

ប្រទេសអូស្ត្រាលីផ្គត់ផ្គង់ប្រហែលជាពាក់កណ្តាលនៃលីចូមរបស់ពិភពលោក ហើយជាអ្នកផលិតគូប័លដ៏កំពូលមួយផងដែរ។ ប្រទេសនេះគឺជាប្រទេសផលិតរ៉ែដ៏កម្រ ទង់ដែង ក្រាភីត និងសារធាតុរ៉ែផ្សេងទៀតដែលមានសារៈសំខាន់ចំពោះថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសនេះក៏បានអនុម័តផងដែរនូវក្របខណ្ឌ «ឆ្ពោះទៅរកការជីកយករ៉ែប្រកបដោយនិរន្តរភាព» ដើម្បីជួយក្រុមហ៊ុនឱ្យបង្កើនទំនាក់ទំនងជាមួយជនជាតិដើមភាគតិច និងសហគមន៍ផ្សេងទៀត ក៏ដូចជាការគ្រប់គ្រង និងជំរុញដល់ការគ្រប់គ្រងបរិស្ថានផងដែរ។

ការការពារសម្រាប់សហគមន៍ជនជាតិដើមភាគតិចមួយចំនួនរួមមានតម្រូវការសម្រាប់ការយល់ព្រមក្នុងការជីកយករ៉ែ។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ផ្តល់អនុសាសន៍ឱ្យមានការចូលរួមក្នុងសហគមន៍ពេញមួយជីវិតនៃគម្រោងរុករករ៉ែ។ នៅរដ្ឋ Western Australia កិច្ចសន្យាអំពីធនធានត្រូវតែបង្ហាញជាសាធារណៈ ហើយរដ្ឋជាច្រើនតម្រូវឱ្យស្តារអណ្តូងរ៉ែដែលបិទជិតឡើងវិញរហូតដល់អណ្ដូងទាំងនោះ «មានសុវត្ថិភាព ស្ថិរភាព មិនបំពុល និងអនុញ្ញាតឱ្យមានការប្រើប្រាស់ដីថ្មីប្រកបដោយនិរន្តរភាព»។ អ្នកវិភាគបានលើកឡើងថា ស្តង់ដារបរិស្ថាន សង្គម និងរដ្ឋបាល (ESG) ការពារដល់ការវិនិយោគ ដោយសារអ្នកប្រើប្រាស់សកលត្រូវការតម្លាភាព និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ ​លោកស្រី Burke ដែល​ជា​សហការីនៃ​មជ្ឈមណ្ឌល Wilson បានថ្លែងថា ការបង្កើតនីតិរដ្ឋកាន់តែរឹងមាំ និងវិធីសាស្រ្តរុករករ៉ែដែលគោរពសិទ្ធិជនជាតិដើមភាគតិច ការព្រួយបារម្ភអំពីបរិស្ថាន និងអភិបាលកិច្ចដោយយុត្តិធម៌អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនដែលខិតខំប្រឹងប្រែងបែបនេះ។ លោកស្រីបានថ្លែងនៅក្នុងកម្មវិធី វិបខាស អំពី «របាយការណ៍​ស្តីពីសារធាតុរ៉ែសំខាន់ៗ» របស់មជ្ឈមណ្ឌលថា៖ «មានផលវិបាកនៅពេលដែលអ្នកមានកំហុស ហើយសហរដ្ឋអាមេរិកមានឱកាសដើម្បីធ្វើវាឱ្យត្រឹមត្រូវជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។ ហើយខ្ញុំគិតថានេះបង្ហាញពីអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ពួកយើងក្នុងការប្រកួតប្រជែងជាយុទ្ធសាស្រ្ត»។

លោក Fernandez នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានមាន​ប្រសាសន៍ថា ការគាំទ្រ MSP ដែលអាចរួមបញ្ចូលការធានា ឬការផ្តល់ហិរញ្ញប្បទានពីភ្នាក់ងារឥណទាននាំចេញរបស់សមាជិក ស្ថាប័នអភិវឌ្ឍន៍ និងវិស័យឯកជន នឹងតម្រូវឱ្យគម្រោងអនុវត្តគោលការណ៍ ESG។ លោកបានថ្លែងនៅក្នុងទីក្រុង Cape Town ថា៖ «តាមរយៈការងាររបស់យើងក្នុងការជីកយករ៉ែប្រកបដោយទំនួលខុសត្រូវ ដៃគូ MSP ស្វែងរកការចាកចេញពីការអភិវឌ្ឍដែលមិនស្ថិតស្ថេរឆ្ពោះទៅរកក្របខណ្ឌដែលផ្តល់អាទិភាពដល់តម្លាភាព សុខុមាលភាពសហគមន៍ និងការការពារបរិស្ថាន»។ លោកបានបន្តថា ដៃគូនៅក្នុង MSP កំពុងភ្នាល់លើជំនឿថាគោលការណ៍សីលធម៌នៅទូទាំងឧស្សាហកម្មរ៉ែសំខាន់ៗអាចបង្កើនទិន្ននផលសម្រាប់ប្រទេសជាតិ ប្រជាជន និងបរិស្ថាន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button